ភ្នំពេញៈ ក្រសួង​សាធារ​ណការ​ និង​ដឹកជញ្ជូន ​គ្រោង​បំពាក់​កាមេរ៉ា​ចាប់​ល្បឿន​យានយន្ត ​និង​កាមេរ៉ា​សុវត្ថិភាព​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​សំខាន់ៗ​ចំនួន ៤ និង​ផ្លូវ​មួយ​ចំនួន​ផ្សេង​ទៀត​ ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែលបង្ក​ឡើង​ពី​ការ​បើកបរ​យានយន្ត​លើស​ល្បឿន​​កំណត់។

លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ​បានថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា ​ក្រសួង​នឹង​បំពាក់​កាមេរ៉ា ​ចាប់​ល្បឿន​យានយន្ត​ នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ ៣​, ៤១, ៣១, ​និង​ ៣៣ ​ព្រមទាំង​ផ្លូវមួយ​ចំនួន​ផ្សេង​ទៀត ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ត្រួតពិនិត្យ​ និង​ផាក​ពិន័យ​ទៅ​លើម្ចាស់​យាន​យន្ត​ទាំងឡាយ​ណា ​ដែល​បើកបរ​លើស​ល្បឿន​កំណត់។

លោក​បានបញ្ជាក់​ថា​៖ «​កា​មេរ៉ា​​ចាប់​ល្បឿននេះ ​នឹង​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ ដែល​បង្ក​ឡើង​ពី​ការ​បើកបរ​លើស​ល្បឿន​កំណត់។ មន្ត្រី​យើង​នឹងចុះ​ផាក​ពិន័យ​ទៅដល់​ផ្ទះ​តែម្ដង ​ក្នុង​ករណី​រក​ឃើញថា​ម្ចាស់​យានយន្ត​ណាមួយ​បាន​បើកបរ​លើស​ល្បឿន​ដែល​បាន​កំណត់​ដោយ​ច្បាប់»។

ទោះជា​បែបណា​ក្ដី ​លោក​ទេសរដ្ឋមន្ត្រី​មិនបាន​បញ្ជាក់​អំពី​ចំនួន​ទីតាំង ​ដែលនឹង​ត្រូវបំពាក់​ កាមេរ៉ា​ចាប់​ល្បឿន ​នៅលើ​កំណាត់​ផ្លូវ​ទាំង​នោះទេ ​ខណៈ​បច្ចុប្បន្ន​ ការបង្ក្រាប​ចាប់​បទ​ល្មើស​បើកបរ​យានយន្ត​លើស​ល្បឿន​កំណត់​ត្រូវបាន​គេកត់​សម្គាល់​ឃើញ​ធ្វើ​ឡើង​ដោយ​ក្រុមមន្ត្រី​ជំនាញ​ចុះ​ចល័ត​នៅ​តាម​ដង​ផ្លូវ​មួយ​ចំនួន។

លោក​ គង់ រតនៈ ​នាយក​ស្ដីទី ​វិទ្យាស្ថាន​សុវត្ថិភាព​ផ្លូវ​គោក ​បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ពី​ម្សិល​មិញ​ថា ​ការបំពាក់​កាមេរ៉ា​សុវត្ថិ​​​​​ភាព ​និងកាមេរ៉ា​ចាប់​ល្បឿន​យានយន្ត ​គឺ​ជា​ផ្នែក​មួយ​នៃការ​កាត់​បន្ថយ​បទល្មើស​និង​គ្រោះ​​​ថ្នាក់​ចរាចរណ៍​នៅលើ​ដង​ផ្លូវ ​ប៉ុន្តែ​ការពង្រឹង​ការអនុវត្ត​ច្បាប់​ គឺជា​កត្តា​សំខាន់ ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព ​សន្តិសុខ ​និង​របៀប​រៀបរយ​សាធារណៈ។

លោក ​រតនៈ បានថ្លែងថា​៖ «បើ​តាម​ទិន្នន័យ​ដែល​វិទ្យាស្ថាន​យើង​ខ្ញុំ​ប្រមូលបាន ​​កាមេរ៉ា​សុវត្ថិ​ភាព ​ត្រូវបាន​បំពាក់​តាម​បង្គោល​ភ្លើង​ស្តុប​នានា​នៅតាម​ដង​ផ្លូវ ​និង​ទី​មណ្ឌល​សំខាន់ៗ​មួយ​ចំនួន ​សរុប​ជាង​ ១ ០០០ ​គ្រឿង។ ប៉ុន្តែ​ បទល្មើស​ចរា​ចរណ៍​ដូចជា​ មិន​គោរព​ភ្លើង​សញ្ញា ​ស្លាក​សញ្ញា ​និងគំនូស​សញ្ញា​ចរាចរណ៍នៅតែ​កើត​មាន ​ហើយ​ការ​ផាក​ពិន័យ​នៅ​តែ​មិន​ទាន់​មាន​ប្រសិទ្ធភាព»។

លោក​បន្តថា​៖ «អ្វី​ដែល​សំខាន់​គឺ​យើង​ត្រូវ​គោរព​ច្បាប់​និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យបាន​ល្អ​ទាំង​អស់​គ្នា​ ដោយ​ត្រូវ​ផ្លាស់​ប្ដូរ​ឥរិយាបថ​អាក្រក់ៗ​ចោល ​និងត្រូវ​ធ្វើការ​កែលម្អ​ទាំងអស់​គ្នា»។

គ្រោះ​ថ្នាក់​ចរាចរណ៍​ជាទូទៅ​ត្រូវបាន​គេ​កត់​សម្គាល់​ថា ​ភាគ​ច្រើន​បង្ក​ឡើង​ដោយ​កត្តា​មនុស្ស ​គឺអ្នក​បើកបរ​និង​អ្នកប្រើ​ប្រាស់​ផ្លូវ​សាធារណៈ​ផ្សេង​ទៀត​មិន​គោរព​ច្បាប់ ​(ស្លាក​សញ្ញា ​ភ្លើងសញ្ញា ​និង ​គំនូស​សញ្ញា) ​ចរាចរណ៍ ​ខណៈ​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ពី​កត្តា​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ​ដូចជា​សម្បក​កង់​រថយន្ត ​ឬ​ម៉ូតូមាន​ការ​សឹក​រេច​រឹល​ខូច​គុណ​ភាព​ ហ្រ្វាំង​មិនស៊ី ​ និង​ខូច​ប្រព័ន្ធ​បញ្ជា​គ្រឿង​ម៉ាស៊ីន ​និង​ការកែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ​ក៏មាន​ចំនួន​ច្រើន​ផង​ដែរ។ ដោយ​ឡែក​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ពីកត្តា​ផ្លូវមាន​តិចតួច។​

ករណីនេះ ​លោក​​ ស៊ុន ចាន់​ថុល ថ្លែងថា​៖ «គ្រោះ​ថា្នក់​ចរា​ចរណ៍​បានសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ ៦ នាក់​ ក្នុង​មួយថ្ងៃ ​និងបានបំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាង​ ៤០០ លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ។ ដូច្នេះ​សូម​បងប្អូន​គោរព​ច្បាប់​ចរាចរណ៍​ និងត្រូវធ្វើការត្រួត​ពិនិត្យ​យានយន្ត​របស់​យើង​ឲ្យ​បាន​សម​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ជា​ប្រចាំ »។

បើតាម​​លោក ចាន់ថុល ​ក្រុម​ហ៊ុន ​Michelin ROH Co., Ltd ​និង ​Wold Bridge International (Cambodia) Ltd ​បាន​ចូលរួម​គាំទ្រ​យុទ្ធនាការ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ជាតិ​កម្ពុជា ​តាមរយៈ​គម្រោង «​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក​របស់​ក្រុម​ហ៊ុន​ Michelin» ​ដែល​គម្រោងនេះ​មាន​រយៈពេល​ ២ ឆ្នាំ ​(២០១៩-២០២១) ​និង​ត្រូវបាន​ចុះ​កិច្ច​​ព្រមព្រៀង​លើ​អនុ​ស្សរណៈ​យោគ​យល់​រវាង​ក្រុមហ៊ុន​ទាំង ២​ និង​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ កាល​ពី​ថ្ងៃ​អង្គារ។

គម្រោង​នេះ​គឺជា​ផ្នែក​មួយ​នៃការ​ចូលរួម​លើក​កម្ពស់​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក ​និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ខណៈ​ក្រុម​ជំនាញ​ ​ចុះ​ត្រួត​ពិនិត្យ ​ស្ថានភាព​ផ្លូវ​មួយ​ចំនួន ​ដើម្បី​ជួសជុល​និង​កែលម្អ។​

​លោកបាន​សម្ដែង​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​គម្រោងនេះ​នឹង​ជួយ​ជំរុញ​ឲ្យ​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ជាតិ​កម្ពុជា ​ទទួលបាន​ជោគជ័យ​ខ្ពស់៕