
រថយន្តដឹកស្រូវទៅវៀតណាមកកស្ទះនៅច្រកតន់ហន់ខេត្តកំពត។ រូប សហការី
កំពតៈ ការកកស្ទះរថយន្តដឹកស្រូវរបស់អាជីវករខ្មែរ ទៅលក់នៅប្រទេសវៀតណាមរាប់រយឡានក្នុង ១ ថ្ងៃៗនៅច្រកទ្វារព្រំដែនតន់ហន់ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចត្រូវបានដោះស្រាយឱ្យមានភាពល្អប្រសើរជាងមុន បន្ទាប់ពីមានការសម្របសម្រួលពីអាជ្ញាធរកម្ពុជា និងវៀតណាម។
លោក ជាវ តាយ អភិបាលខេត្តកំពតថ្លែងកាលពីម្សិលមិញថា បញ្ហាកកស្ទះក្នុងការដឹកជញ្ជូនស្រូវឆ្លងដែនគឺមានភាពល្អប្រសើរជាងមុនហើយដោយសារតែមានការសម្របសម្រួលពីអាជ្ញាធរកម្ពុជា និងវៀតណាម។ លោកបញ្ជាក់ថា៖ «បញ្ហាដែលកកស្ទះ គឺដោយសារតែឆ្នាំនេះ ប្រជាកសិកររបស់យើងបានប្រមូលផលស្រូវបានច្រើន ហើយបានលក់ទៅទីផ្សារវៀតណាម»។
បើតាមលោក ជាវ តាយ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា លោកបានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការនាំស្រូវចេញទៅប្រទេសជិតខាង និងស្ថានភាពរួមនៅតាមខ្សែបន្ទាត់ព្រំដែន ដោយបានដាក់ចេញនូវដំណោះស្រាយចំពោះមុខ។ ក្នុងនោះ រដ្ឋបាលខេត្តនឹងបង្កើតក្រុមការងារដោះស្រាយការនាំចេញស្រូវ និងរៀបចំកិច្ចប្រជុំជាមួយភាគីវៀតណាមតាមរយៈ Video Conference ដើម្បីពិភាក្សារកដំណោះស្រាយនូវបញ្ហារាំងស្ទះ និងយន្តការសម្របសម្រួលការនាំចេញស្រូវ ដែលមិនទាន់មានភាពប្រទាក់ក្រឡាគ្នា ដើម្បីធ្វើការនាំចេញឱ្យមានភាពរលូន។
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១ ធ្នូថា បច្ចុប្បន្ន អាជ្ញាធរខេត្តកំពុងតែសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីធ្វើយ៉ាងណាឱ្យរថយន្តដឹកស្រូវទាំងនោះចូលទៅក្នុងប្រទេសវៀតណាមឱ្យបានលឿន។ សម្រាប់ឆ្នាំនេះ កសិករកម្ពុជាបានផលិតស្រូវបានច្រើន ហើយធ្វើការនាំចេញទៅលក់នៅប្រទេសវៀតណាម ហើយខាងភាគីវៀតណាមហាមការនាំចូលទៅកាន់ប្រទេសគេក្នុងចំនួនច្រើន ទើបធ្វើឱ្យមានការកកស្ទះបែបនេះ។ «នៅពេលឡានដឹកចូលត្រូវតែដូរតៃកុង ហើយតៃកុងខាងគេ (វៀតណាម) មានចំនួនតិច ដែលធ្វើឱ្យឡាននៅខាងយើង (កម្ពុជា) កកស្ទះរាប់រយឡានក្នុង ១ ថ្ងៃៗមិនអាចទៅណាកើត។ ភាគីវៀតណាមក៏បើកច្រកនេះមានពេលកំណត់ថែមទៀត (ពី ៦ ព្រឹកដល់ ៦ ល្ងាច) និងជាពិសេសទៀតនោះបើរថយន្តដឹកលើសទម្ងន់ក៏គេចាប់ ដែលធ្វើឱ្យមានការលំបាកក្នុងការដោះស្រាយ»។
បើតាមលោក ចាន់ រិទ្ធិ នៅពេលខាងមុខដ៏ខ្លី អាជ្ញាធរខេត្តកំពតនឹងបង្កើតគណៈកម្មការថ្មីមួយសម្រាប់ធ្វើការសម្របសម្រួល និងពិភាក្សាជាមួយភាគីវៀតណាម ដោយសុំគោលការណ៍ពីគ្នាទៅវិញទៅមកស្របតាមប្រមុខរដ្ឋាភិបាលនៃប្រទេសទំាង ២ ធ្លាប់បានចុះកិច្ចព្រមព្រៀងជាមួយគ្នាកាលពីកន្លងមក ដើម្បីធ្វើយ៉ាងណាឱ្យការដឹកស្រូវចេញតាមរយៈរថយន្តនេះឱ្យបានលឿន និងទាន់ពេលវេលា។
តំណាងអាជីវករម្នាក់ដែលដឹកស្រូវយកទៅលក់នៅប្រទេសវៀតណាមដោយស្នើសុំមិនបញ្ចេញឈ្មោះឱ្យដឹងថា មូលហេតុដែលធ្វើឱ្យមានការកកស្ទះរថយន្តរាប់រយគ្រឿង ដោយសារច្រកតន់ហន់ដែលមានលក្ខណៈតូចចង្អៀតនេះមានគេបង្កើតក្រុមហ៊ុនដែលតម្រូវឱ្យអាជីវករទាំងអស់បញ្ជូនស្រូវតាមរយៈក្រុមហ៊ុន ទាំងភាគីវៀតណាម និងកម្ពុជា។ នេះផ្ទុយទៅនឹងគោលការណ៍របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងភាគីវៀតណាមដែលបានឯកភាពគ្នាក្នុងការបើកចំហលើការដឹកទំនិញទៅវិញទៅមក។
លោកបន្តថា៖«បច្ចុប្បន្ននេះ កម្ពុជា និងវៀតណាមបង្កើតក្រុមហ៊ុន (ចេញ-ចូលទំនិញតាមរយៈក្រុមហ៊ុន) ដែលតម្រូវឱ្យមានការបង់ពន្ធប្រមាណ ៥ ម៉ឺនរៀលក្នុង ១ តោនដែលកាលពីមុនមិនមាននោះទេ ដែលធ្វើឱ្យមានបញ្ហាកកស្ទះរថយន្តដឹកទំនិញច្រើននៅតាមព្រំដែន»។
បើតាមអាជីវកររូបនេះកន្លងមកខាងអាជីវករក៏មានការតវ៉ាដែរ ប៉ុន្តែហាក់មិនមានប្រសិទ្ធភាពក្នុងការដោះស្រាយ។ ជាមួយគ្នានេះភាគីកម្ពុជាបានបញ្ជាក់ថា ការកកស្ទះនៃរថយន្តដឹកជញ្ជូនស្រូវនេះបណ្តាលមកពីភាគីវៀតណាមបិទច្រក។ សម្រាប់អាជីវករ គឺស្នើសុំកុំឱ្យមានក្រុមហ៊ុនទទួលទិញ ហើយនៅពេលទំនិញស្រូវត្រូវឆ្លងកាត់ក្រុមហ៊ុននេះ វាមិនមែនជាទីផ្សារសេរីនោះទេ។
អាជីវករក៏បានស្នើសុំបើកច្រកព្រែកចាកមួយទៀតដើម្បីដឹកស្រូវចេញផងដែរ។ លោកថ្លែងថា៖ «ក្នុង ១ ថ្ងៃៗនៅច្រកនេះមានការកកស្ទះរថយន្តដឹកស្រូវរាប់រយឡានដែលផ្ទុកស្រូវប្រមាណពី ៤ ទៅ ៥ តោន ព្រោះស្រូវទាំងនេះត្រូវបានដឹកមកពីបណ្តាខេត្តនៅទូទាំងប្រទេស និងម្យ៉ាងទៀត ថៅកែនីមួយៗអាចទទួលបានតែ ៥ ទៅ ១០ ឡានប៉ុណ្ណោះ ហើយលែងទទួលទៀតហើយ ដែលធ្វើឱ្យស្រូវមានការខូចគុណភាព និងតម្លៃចុះថោក»៕
វីដេអូ៖