ភ្នំពេញៈ អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​និយាយ​ថា ​កាល​បរិច្ឆេទ​ឲ្យ​ពលករ​ចំណាក​ស្រុក​ធ្វើ​ការ​នៅ​ថៃ​ទៅ​ចុះ​បញ្ជី​យក​ប័ណ្ណ​បណ្ដោះ​អាសន្ន​ដែល​បាន​អនុម័ត​ កាល​ពី​ថ្ងៃ​សៅរ៍ ​មិន​បាន​ធ្វើ​ឲ្យ​មាន​អ្នក​វិល​មក​កម្ពុជា​វិញ​ច្រើន​ទេ ប៉ុន្តែ​ក្រុម​អ្នក​សង្កេតការណ៍​នៅ​តែ​មិន​ប្រាកដ​ថា តើ​នឹង​មាន​ការ​បង្ក្រាប​លើ​អ្នក​មិន​ទាន់​មាន​ប័ណ្ណ​ឬ​យ៉ាង​ណា។

លោក Barry Jessen អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​អង្គការ​ Samaritan''s Purse ដែល​ធ្វើ​ការ​នៅ​​ព្រំដែន​ កម្ពុជា-ថៃ បាន​ថ្លែង​ថា ​ពលករ​កម្ពុជា​ភាគ​ច្រើន​ដែល​វិល​មក​កម្ពុជា​វិញ​សុទ្ធ​តែ​ថា​មក​ចូល​ឆ្នាំ​ខ្មែរ។

លោកJessen បន្ត​ថា៖ «គ្មាន​នរណា​ម្នាក់​ថា ត្រឡប់​មក​វិញ​ ដោយសារ​ការ​កំណត់​ឲ្យ​ចុះ​បញ្ជី​យក​ប័ណ្ណ​ការងារ​ស៊ីជម្ពូ​នោះ​ទេ​ ហើយ​រហូត​មក​ទល់​​ពេល​នេះ​ ដូច​ជា ​មិន​ឃើញ​មាន​ការ​បង្ក្រាប​ធំ​ដុំ​ទេ»។

ពលករ​ដែល​បាន​ចុះ​បញ្ជី​យក «ប័ណ្ណ​ស៊ីជម្ពូ» ដែល​ថៃ កំណត់​ត្រឹម​​ថ្ងៃ​ទី​ ៣១ ខែ​មីនា​នោះ​ ឥឡូវ​នេះ​ពួកគេ​មាន​ពេល​ដល់​ខែ​ មិថុនា ​ដើម្បី​ចុះ​បញ្ជី​យក​ប័ណ្ណ​នោះ​ ដើម្បី​ធ្វើ​ការ​​ស្រប​ច្បាប់។ ចំពោះ​អ្នក​​មិន​បាន​ធ្វើ​តាម​កំណត់ ពួកគេ​ត្រូវ​វិល​មក​កម្ពុជា​វិញ​ ហើយ​ពេល​​ត្រឡប់​ទៅ​វិញ​ត្រូវ​ធ្វើ​ឲ្យ​ស្រប​តាម​ផ្លូវ​ច្បាប់។

តាម​រយៈសារ​មួយ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក​ ហេង សួរ​ បាន​ថ្លែង​ថា​ ក្រុម​មន្ត្រី​កំពុង​ធ្វើ​ការ​លើ​រឿង​នេះ​ «ក្នុង​ស្មារតី​សហការ​យ៉ាង​ខ្លាំងក្លា» មួយ​ជាមួយ​ ថៃ ដើម្បី​ដំណើរ​ការ​ឯកសារ​ឲ្យ​ស្រប​ច្បាប់​​សម្រាប់​ពលករ​ដែល​កាន់​ប័ណ្ណ​ស៊ី​ជម្ពូ។

មិន​ទាន់​ច្បាស់​ទេ​ថា ​មាន​ពលករ​ប៉ុន្មាន​នាក់​​មិន​ធ្វើ​ឲ្យ​ទាន់​ថ្ងៃ​កំណត់​នោះ ប៉ុន្តែ​តាម​កាសែត​ បាងកក ប៉ុស្តិ៍ ​​ថា​ មាន​ប្រមាណ​ ៦ ​ម៉ឺន​នាក់។

ប៉ុន្តែ​ក្រុម​ការ​ពារ​ពលករ​ចំណាក​ស្រុក​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ បាងកក ​បារម្ភ​ថា ​ចំនួន​នេះ​អាច​មាន​ច្រើន​ម៉ឺន​នាក់​បន្ថែម​ទៀត​ ដោយ​សារ​ការ​ពន្យារ​ពេល​​ នៅ​ឯ​ច្រក​ចេញ​ចូល​តែ​មួយ។

លោក Adisorn Kerdmongkhol អ្នក​សម្រប​សម្រួល​ក្រុម​ការងារ​នោះ​បាន​អំពាវនាវ​ឱ្យ​ថៃ ពន្យារ​ពេល​ ៣ ​ខែ​ទៀត ​ដោយ​លោក​ថា ​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​​ជា​ច្រើន​​ចុះ​ឈ្មោះ​បាន​តែ​ ៣០០០ ​នាក់ ​ក្នុង​​មួយ​ថ្ងៃ​ ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​ពលករ​ជា​ច្រើន​ទៀត​ត្រូវ​រង់ចាំ​ ៣ ​ថ្ងៃ​ ឬ ​ច្រើន​ជាង​នេះ។

លោក ថ្លែង​ថា៖ «ការ​បង្ក្រាប​​ពលករ​ចំណាក​ស្រុក​ដែល​គ្មាន​ឯកសារ​នៅ​ដំណាក់​កាល​នេះ គឺ​គ្រាន់​តែ​ពង្រឹង​ភាព​មិន​ស្មោះ​ត្រង់​​របស់​ ថៃ ​ក្នុង​ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​ប៉ុណ្ណោះ»។

លោក Reuben Lim អ្នក​នាំ​ពាក្យ​អង្គការ​ International Organization for Migration នៅ​ថៃ ​បាន​និយាយ​ថា​ វា​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​ពេល​ណា​ទើប​ថៃ​អនុវត្ត​ការ​បង្រ្កាប​នៅ​ពេល​ហួស​ថ្ងៃ​កំណត់​នេះ។

លោក ឃុន ថារ៉ូ មន្ត្រី​កម្មវិធី​របស់​អង្គការ Solidarity Center បាន​ថ្លែង​ថា កង្វះ​ភាព​ច្បាស់​លាស់​លើ​ការ​អនុវត្ត​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កម្មករ។

លោកថា៖ «ការ​បារម្ភ​ធំ​​របស់​យើង​គឺ​ពលករ​នេសាទ​ដែល​ពួក​គេ​ត្រូវ​ចេញ​ទៅ​នេសាទ​នៅ​ក្នុង​សមុទ្រ​រយៈពេល​ពីមួយ​សប្តាហ៍​ទៅ​មួយ​ខែ»៕NS