
រថយន្តដឹកលើសទម្ងន់ ត្រូវអាជ្ញាធរធ្វើការឃាត់ និងពិន័យជាថវិកាក្នុងខែមេសានេះ។ រូបថត ក្រសួងសាធារណការ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូននៅក្នុងខែមេសានេះ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់បាន ១៦១ គ្រឿង និងពិន័យថវិកាបានចំនួន ២២២ ០០០ ០០០ រៀល ដែលថយចុះចំនួន ១២២ គ្រឿង ឬស្មើ ៤៣% បើធៀបនឹងខែមីនា ដែលមានរហូតចំនួន ២៨៣ គ្រឿង។
នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការត្រួតពិនិត្យរថយន្តដឹកជញ្ជូនលើសកំណត់ដែលបានផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងនេះ នៅថ្ងៃទី ២៩ ខែមេសានេះ ។
ក្រសួងសាធារណការបានបញ្ជាក់ថា ផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិព្រមទាំងបង្កនូវគ្រោះថ្នាក់
ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ម្ចាស់យានយន្តដឹកជញ្ជូនទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ កុំ ៣ ការពារ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងថា បើយោងតាមទិន្នន័យដែលបានផ្សព្វផ្សាយនេះ គឺមានថយចុះ ដោយសារកត្តាភូមិសាស្ត្រក្នុងប្រទេសកម្ពុជា ត្រូវបានបិទចរាចរណ៍បណ្តោះអាសន្នក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ ១៩ ដែលធ្វើឱ្យមិនមានរថយន្តធ្វើចរាចរណ៍ច្រើនដូចមុន៕