ភ្នំពេញៈ ក្រសួង​ការងារ​អះអាង​ថា ការចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ ២០២០ កំពុង​ស្ថិត​ក្នុង​បរិយាកាស​ល្អ ខណៈ​ភាគី​ទាំង​ ២ កំពុង​បង្ខិត​តួលេខ​រកគ្នា​ដែល​ម្ខាង​ដាក់​តួលេខ​ ១៩៧ ​ដុល្លារ និង​ម្ខាង​ដាក់​តួលេខ​ ១៨៤,៥ ​ដុល្លារ ស្របពេល​អង្គការ​ពលកម្ម​អន្តរជាតិ ILO ថា បើ​គណនា​ផ្នែក​បច្ចេកទេស​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​អាច​ឡើង​ចន្លោះ​ពី​ ៤ ទៅ​ជិត​ ៥ ​ភាគរយ​ នៃ​ប្រាក់​ឈ្នួល​ឆ្នាំមុន​។

ក្រោយ​បញ្ចប់​កិច្ចពិភាក្សា​លើក​ទី​ ៤ របស់​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​កាលពី​ចុង​សប្តាហ៍​មុន ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ភាគី​នីមួយៗ​បាន​បន្ត​ប្រជុំពិភាក្សា​យ៉ាង​ផុសផុល និង​បាន​បង្ហាញ​នូវ​គោលជំហរ​របស់ខ្លួន​។ ក្នុងនោះ​ភាគី​កម្មករនិយោជិត​បាន​បន្ថយ​ពី​តួលេខ​ ១៩៩ ​ដុល្លារ​មក​ត្រឹម​ ១៩៧ ដុល្លារ ខណៈ​ភាគី​និយោជក​បាន​ដំឡើង​តួលេខ​ពី​ ១៨៤ ​ដុល្លារ​ទៅ ១៨៤,៥ ដុល្លារ​។

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​ប្រាប់​ពី​ម្សិលមិញ​ថា ការប្រជុំ​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ​នឹង​ធ្វើឲ្យ​ភាគី​ទាំង​ ២ កាន់តែ​ខិត​ទៅ​ជិត​គ្នា​។ ព្រោះថា​ការគណនា​គឺ​យោង​ទៅ​តាម​លក្ខណៈ​វិនិច្ឆ័យ​ទាំង​ ៧ ដូច្នេះ​បាន​ជា​ភាគី​ទាំង​ ២ ត្រូវ​បន្ត​ចរចា​គ្នា​ថែម​ទៀត​។

លោក​ថា​៖ «​បរិយាកាស​ចរចា​គឺ​មាន​ភាពចាស់ទុំ និង​យោគយល់​គ្នាច្រើន​។ អរគុណ​អង្គការ ILO ដែល​ជួយ​បំប៉ន​សមត្ថភាព​ភាគី​ពាក់ព័ន្ធ ជាពិសេស​ភាគី​សហជីព​ឲ្យ​យល់​ពី​គោលការណ៍​សេដ្ឋកិច្ច និង​លក្ខណវិនិច្ឆ័យ​នៃ​ការកំណត់​ប្រាក់​ឈ្នួល​»​។

លោក ណាង សុធី អនុប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​តំណាង​អង្គការ​វិជ្ជាជីវៈ​របស់​និយោជក​ថ្លែង​ថា​៖ «​ការឡើង​ ១ ​ដុល្លារ​ ឬ​ឡើង​ ៥ ​កាក់​នេះ​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​ទេ ព្រោះ​ការងារ​កាត់ដេរ​ជា​រឿង​មួយ​គិត ជា​កាក់ ជា​សេន​។ អ៊ីចឹង​ហើយ​បាន​ជំហរ​និយោជក​យើង​តែងតែ​ប្រកាន់​ជំហរ​មួយ​ហ្មត់ចត់​ក្នុង​ការពិភាក្សា​។ ចុងបញ្ចប់​បើ​គ្មាន​ការឯកភាព​គ្នា​ទេ យើង​នឹង​ឈរលើ​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​មួយ​»​។

លោក​ សោម អូន អនុប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​តំណាង​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករនិយោជិត​ថ្លែង​ថា​៖ «​អ្វីៗ​ទាំងអស់​យើង​បាន​គិត​អស់ហើយ​ការប្រៀបធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​បញ្ហា​ផ្សេងៗ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​បងប្អូន​កម្មករ​យើង​ហ្នឹង​មាន​ជីវភាព​ប្រសើរ​ថែម​ទៀត​ដែរ​។ បើសិន​ជា​កម្មករ​យើង​មាន​ប្រាក់ខែ​គួរសម​ទៅ គាត់​ក៏​មាន​ទឹកចិត្ត​ធ្វើការ​ល្អ​ដែរ​ដែល​អាច​ពាក់ព័ន្ធ​នឹង​ការផលិត និង​បញ្ហា​ផ្សេងៗ​។ ម្យ៉ាងទៀត​បើ​មាន​ប្រាក់ខែ​ស្មើ​នឹង​ប្រទេស​ដទៃ ក៏​នឹង​ធ្វើឲ្យ​កម្មករ​របស់​យើង លែង​ធ្វើ​ចំណាកស្រុក​ដែរ​»​។

លោក​បន្ថែម​ថា​៖ «​យ៉ាងណា យើង​នឹង​ទាមទារ​ឲ្យ​មាន​ការដំឡើង​នេះ​ឲ្យ​អស់ពី​លទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​កុំ​ឲ្យ​កម្មករ​យើង​បន្តធ្វើ​ចំណាកស្រុក​»​។

ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ឆ្នាំនេះ​ ១៨២ ​ដុល្លារ​ក្នុង ១ ​ខែ​។ តាម​អង្គការ ILO ប្រទេស​ប្រកួតប្រជែង​ដ៏សំខាន់​របស់​ប្រទេស​កម្ពុជា​ខាង​ការផលិត​ស្បែកជើង​នៅ​អាស៊ីអាគ្នេយ៍​គឺ​មាន​ប្រទេស​វៀតណាម និង​ឥណ្ឌូនេស៊ី​។ នៅ​វៀតណាម​ពី​ ១៨០ និង ​១៧១ ​ដុល្លារ​នៅ​តាម​តំបន់​។ ប្រទេស​ឥណ្ឌូនេស៊ី​មាន​ចំនួន​ពី​ ១៩៣ ​ដុល្លារ និង ២៧១ ​ដុល្លារ​។

លោក​ ទុន សុភ័ណ អ្នក​សម្របសម្រួល​នៃ​អង្គការ ILO ប្រចាំ​កម្ពុជា និយាយ​ថា​ការកំណត់​ពី​តួលេខ​របស់​ភាគី​ទាំង​ ២ គឺ​សំអាង​ទៅ​លើ​ហេតុផល​រៀងៗ​ខ្លួន​។ ប៉ុន្តែ​បើ​យោង​តាម​ការ​គណនា​ផ្នែក​បច្ចេកទេស​ដែល​អង្គការ ILO បាន​ចូលរួម​កន្លងមក ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​ខាងមុខ​នេះ​អាច​ឡើង​ចន្លោះ​ពី​ ៤ ទៅ ជិត​ ៥ ភាគរយ​នៃ​ប្រាក់​ឈ្នួល​ឆ្នាំមុន​។

លោក​ថា​៖ «​យើង​នៅតែ​ប្រើ​រូបមន្ត​ដដែល​តើ​តាំងពី​ឆ្នាំ​ ២០១៤ ដែល​ភាគី​ទាំងអស់​ហ្នឹង​សុទ្ធតែ​បាន​យល់ដឹង​អស់​ហើយ​សម្រាប់​រូបមន្ត​នេះ​។ អ៊ីចឹង​វា​នៅលើ​ថា​គាត់​ចង់​ប្រើ​តួលេខ​ហ្នឹង​ប៉ុន្មាន​? អាហ្នឹង​នៅលើ​ភាគី​និយោជក និង​កម្មករនិយោជិត​យើង​ដែល​ចង់​ដាក់​ឡើង​ប៉ុន្មាន​ភាគរយ​»៕