ភ្នំពេញៈ ជំនួប​​ជា​ថ្មី​រវាង​តំណា​ង​ភាគី​កម្មករ ​និង​តំណា​ង​ភាគី​ក្រុម​ហ៊ុន​រោង​ចក្រ W&D Cambodia Co; Ltd ក្រោម​កិច្ច​សម្រប​សម្រួល​​ពី​ក្រសួង​ការងារ កាលពីរសៀល​ថ្ងៃអង្គារ ពុំ​ទទួល​បាន​​​ដំណោះស្រាយអ្វី​ឡើយ ដោយ​​​សារ​​តែ​ភាគី​ទាំងសង​ខាង​នៅ​តែ​ប្រកាន់​ជំហរ​រឹង ត្អឹង​រៀង​ៗ​ខ្លួន ខណៈ​ដែល​ការតវ៉ា​របស់​កម្មក​រ​រាប់​រយ​នាក់ បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត ៣ ខែ​មក​ហើយ។

ការ​ជួប​ចរចា​ជា​ថ្មី​ទៀត​នេះ ធ្វើ​ឡើង​ ១ ថ្ងៃ​​ បន្ទាប់​ពី​កម្មករ​ប្រមាណ​ ២០០​ នាក់​ បាន​ទៅ​ប្រមូលផ្តុំ​គ្នា​តវ៉ា​ នៅ​ខាង​មុខ​ភូមិ​គ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី ​ក្បែរ​វិមាន​ឯក​រាជ្យ ដើម្បី​សុំ​ឲ្យ​លោក​ ហ៊ុន សែន ជួយ​អន្តរា​​គម​ន៍​ ដោះ​ស្រាយ​វិវាទ​ដែល​បាន​អូស​បន្លាយ​ចាប់​តាំង​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​មុន​មក​នេះ។

លោក ហែម ហឿន អគ្គលេខា​​ធិការ​រង​គណៈ​កម្មកា​រ​​ដោះស្រា​យ​បញ្ហាកូដ​កម្ម បាតុ​កម្ម លើ​គ្រប់​មុខ​សញ្ញា​នៃ​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​​វិជ្ជា​ជីវៈដែ​ល​​ជា​អ្នក​សម្រប​សម្រួល​នៅ​ក្នុង​កិច្ច​ពិភាក្សា​រក​ដំណោះ​ស្រាយ​នោះ បានប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា ភាគី​កម្មករ​ នៅ​តែ​បន្តការ​ទាម​ទារ​ឲ្យ​ភាគី​ រោង​ចក្រទទួល​យក​ពួក​​គេ​ទាំងអស់​គ្នា​ចូល​បម្រើ​ការងារ​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ។

ប៉ុន្តែ​ភាគី​ក្រុម​ហ៊ុន​បាន​ព្យា​យា​ម​ទាញ​ហេតុ​ផល​ផ្លូវ​ច្បាប់ មក​សំអា​ង​ ដោយ​បន្ត​ចោទ​ប្រកាន់​ទៅ​លើ​កម្មករ​​ថា​ មិន​បាន​គោរ​ព​តាម​សេចក្ដី​បង្គាប់​បញ្ជា​រ​បស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល និងដី​កា​រក្សា​ការ​ពារ​ របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ។ មិន​តែ​ប៉ុណ្ណោះ ​​ក្រុម​ហ៊ុន​បាន​អះអាង​ថា នឹង​បន្ត​អនុវត្ត​តាម​គ្រប់​នីតិវិធី​តុលាការ។

លោក​ ហឿន បាន​បញ្ជាក់​ថា​៖ ​​«ដោយ​សារ​ភាព​រឹង​ត្អឹង​ខ្លាំង​ពេក​របស់​ភាគី​ទាំង​ ២​ ធ្វើ​ឲ្យ​​ជំនួប​ពិភាក្សា​រក​ដំណោះ​ស្រា​យ​​នេះបញ្ចប់​ទៅ​ដោយ​គ្មាន​លទ្ធ​ផល​អ្វី​ទាំង​អស់។ យើង​ពិត​ជា​មាន​ការ​សោក​ស្ដាយ​ខ្លាំង​ណា​ស់​។ ទោះជា​បែប​ណា ​យើង​នៅតែ​បន្ត​ជួយ​សម្របសម្រួល​ តាម​ដែល​អាច​ធ្វើ​ទៅ​បានដើម្បី​បញ្ច​​ប់​បញ្ហា​វិវាទ​រវាង​ភាគី​កម្ម​ករ និង​រោងចក្រ​នេះ»។

កញ្ញា​ សាំង ចាន់រី តំណាង​ភាគី​កម្មករ​ បាន​ប្រាប់ភ្នំ​ពេញប៉ុស្តិ៍ ក្រោយ​ជំនួប​ពិភា​ក្សា​ដំណោះ​ស្រាយជាមួយ​តំណាង​ភាគី​ក្រុម​ហ៊ុន​​នោះ​ថា ភាគី​រោងចក្រ​ បាន​បដិសេធ​ទទួល​យក​ពួក​នាង​ជាតំណាង​ ដែល​កំពុង​ជាប់​បណ្ដឹង​ក្នុង​តុលាការ​ ឲ្យ​ចូល​​ធ្វើការ​វិញ។

កញ្ញាចាន់រី​ ប​ញ្ជាក់​​​​ថា​៖ «ក្រុម​ហ៊ុន​ចោទ​ប្រកាន់​​ពួក​យើងខ្ញុំ​​ថា ជា​អ្នក​ញុះញង់​កម្ម​ករ​​ ឲ្យធ្វើ​កូដក​ម្ម ​ខណៈ​​ពួក​យើង​ខ្ញុំ​មិន​បាន​ធ្វើ​​សោះ​។ យើង​ទាំង​អស់​គ្នាជា​កម្មករ គ្មាន​នរណា​ម្នាក់​ជាតំណាង​នោះ​ទេ ​ការតវ៉ា​ទាម​ទារ​របស់​យើង​កន្លង​មក​គឺ ច​ង់​ឲ្យ​ក្រុម​ហ៊ុន​ទូទាត់​ប្រាក់​បំណា​ច់​​អតីត​ភាព​ការងារ ប៉ុន្តែ​ក្រោយ​ពីស្ដាប់​ការ​ពន្យល់​របស់​មន្ត្រី​ជំនាញ​របស់​ក្រសួង​ការ​ងារ ​និងក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដា​ល មក​ពួក​យើង​​ខ្ញុំ មិន​ចង់​ទាម​ទារ​វា​ទៀត​​​​​នោះទេ​ គឺ​​ពួក​ខ្ញុំ​សុំឲ្យ​តែ​ខាង​ក្រុម​ហ៊ុន ​ទទួល​យក​ពួកយើង​ចូល​ធ្វើការ​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ​និង​គ្មាន​​ភាព​រើសអើង​ប៉ុណ្ណោះ»។

បើ​តាម​ កញ្ញា ចាន់រី​ នៅ​ពេល​នេះ ក្រុម​កម្មករ​ប្រមាណ​ជាង ​១០០ ​នាក់​ ក្នុង​ចំណោម ​១ ១០៤ នាក់​ ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​រោង​ចក្រ​បញ្ឈប់​ពី​ការងារ​ កាល​ពី​ថ្ងៃទី ៤ ខែ​ មីនា ឆ្នាំ ២០១៩ នោះ​ កំពុង​បន្តការ​តវ៉ា នៅ​មុខរោង​ចក្រ ​ដើម្បី​ទាម​​ទារ​ឲ្យ​ភាគី​រោង​ចក្រទទួល​យក​ពួកគេ​ចូល​ធ្វើការ​វិញ។

ជុំវិញ​ករណី​នេះ លោក តាំងម៉េង មេធាវី​ការពារ​ក្រុម​ហ៊ុន​រោង​ចក្រ​ W&D Cambodia Co; Ltd បាន​ប្រាប់ភ្នំ​ពេញប៉ុស្តិ៍ថា ក្រុម​ហ៊ុន​បាន​ប្រឹង​ប្រែ​ង​​ព្យាយាម​ ពន្យល់​បក​ស្រាយ​ដល់​កម្មករ ​ដែល​កំពុង​ធ្វើការ​តវ៉ា​ទាំង​នោះ​ជាច្រើន​លើក​មក​ហើយ​ថា សូម​កុំ​តវ៉ា​ទាម​ទារ​អ្វី​ដែល​ប្រាស​ចាក​ពី​ផ្លូវ​ច្បាប់​។

​លោក​​បញ្ជាក់​ថា៖ «យើង​បាន​រំឭក​ និង​ពន្យល់​ដល់​ពួក​គា​ត់​ ឲ្យ​ធ្វើ​អ្វី​ទៅ​តាម​ច្បាប់ ការ​ទាមទារ​ទាំង​ឡាយ​ណា ដែល​ផ្ទុយ​នឹង​ច្បាប់ គឺ​​​វាមិន​បាន​ផល​អ្វីនោះ​ទេ ព្រោះ​ក្រុម​ហ៊ុន​យើង​ គោរ​ព និង​អនុវត្ត តាម​គោលការណ៍ណែ​នាំ និងនីតិ​វិធីច្បាប់​ទាំង​អស់​នៅ​កម្ពុជា»។

គួរប​ញ្ជាក់​ថា បញ្ហាវិ​វាទរ​វាង​ភាគី​កម្មករ​ និង​ ភាគី​ក្រុម​ហ៊ុន​រោងច​ក្រ W&D Cambodia Co; Ltd បាន​កើត​ឡើង​កាលពី​ថ្ងៃទី ២៤ ខែ​ ធ្នូ ឆ្នាំ ​២០១៨ បន្ទាប់​ពី​ភាគី​កម្មករ​ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម ​តវ៉ាទាមទារ​ឲ្យ​ភាគី​ក្រុមហ៊ុនរោង​ចក្រធ្វើ​ការ​ទូទា​ត់​ប្រាក់​បំណាច់​អតីត​ភាព​​ការ​ងារ និងប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ ជា​កញ្ចប់ ប៉ុន្តែ ភាគី​រោង​ចក្រ​បាន​បដិសេធ ដោយ​អះអាង​ថា ការ​ទាម​ទារ​នោះ ​ផ្ទុយ​​ពី​ខ្លឹម​សា​រ​ណែនាំ​នៃប្រកាស ​៤៤៣ ចុះ​ថ្ងៃ​ទី ​​២១ ខែ ​កញ្ញា ឆ្នាំ ​២០១៨ ស្ដីពី​ការ​ទូទាត់​​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ដែល​ចេញ​ដោយ​ក្រសួង​ការងារ និង​បណ្ដុះ​​បណ្ដាល​​វិជ្ជាជីវៈ ​ដែ​ល​តម្រូ​វ​​ឲ្យ ភាគី​ក្រុមហ៊ុន​ធ្វើ​ការ​ទូទាត់​ប្រាក់​រំឭក​អតីត​ភាព ក្នុង ១ ឆ្នាំ ២ ដង គឺ​ក្នុង​ខែ​មិថុនា និង​ខែធ្នូ នៃ​ឆ្នាំ​នីមួយៗ៕