ភ្នំពេញៈ អនុគណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​១៩ នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​រាជធានីភ្នំពេញ​នឹង​ចាប់ផ្តើម​ដំណើរការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ទៅ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខណ្ឌ​ចំនួន​ ៣ ​បន្ថែម​ទៀត​ចាប់ពី​ថ្ងៃទី​ ២៥ ខែឧសភា ក្នុងនោះ​មាន​ខណ្ឌចំការមន ខណ្ឌ​ ៧ មករា និង​ខណ្ឌ​ច្បារអំពៅ​ដែល​មាន​ ២១ ​សង្កាត់​ និង​ ២០ ​ទីតាំង​។

ជាមួយ​គ្នា​នេះដែរ វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន​ ១ ​លានដូស​ដែល​រាជរដ្ឋាភិបាល​បាន​បញ្ជា​ទិញ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ដឹក​មកដល់​នៅ​ថ្ងៃទី​ ២៣ ខែឧសភា សម្រាប់​ធ្វើការ​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃអាទិត្យ​ពី​ការចាប់ផ្តើម​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ​ ១៩ ​នៅក្នុង​ខណ្ឌ​ចំនួន​ ៣ ​ដែល​ដំណើរការ​នៃ​ការចាក់​ដូស​ទី​ ១ ​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២៥ ខែ​ឧសភា ដល់​ថ្ងៃទី​ ៧ ខែ​មិថុនា និង​សម្រាប់​ដូស​ទី​ ២ ​គឺ​ចាប់ពី​ថ្ងៃទី​ ៨ ខែមិថុនា ដល់​ថ្ងៃទី​ ២១ ខែ មិថុនា ឆ្នាំ​ ២០២១ តាម​ការអញ្ជើញ​របស់​អាជ្ញាធរ​មូលដ្ឋាន​។

លោក ឃួង ស្រេង បាន​លើកឡើង​ថា៖ «​សម្រាប់​ប្រជាពលរដ្ឋ​ណា ដែលមាន​បញ្ហា​សុខភាព ដូចជា ក្តៅខ្លួន ក្អក កណ្តាស់ ផ្តាសាយ ពិបាក​ដកដង្ហើម ឬ​រោគ​សញ្ញា​ផ្សេងទៀត​ត្រូវ​ទៅយក​សំណាក​វិភាគ​រក​មេរោគ​កូវីដ​១៩ ជាមុនសិន ចៀសវាង​ប៉ះពាល់​ដល់​ក្រុមគ្រូពេទ្យ​ប្រជាពលរដ្ឋ​ដទៃ និង​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ក្នុង​មូលដ្ឋាន​នីមួយៗ​»​។

គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​រាជធានី​ភ្នំពេញ ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​បាន​ប្រព្រឹត្ត​ទៅក្នុង​ខណ្ឌ​ចំនួន​ ៨ ​រួចមកហើយ ដែល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដំបូង បាន​ចាប់ផ្តើម​ក្នុង​ខណ្ឌ​ចំនួន​ ៤ ដែលជា​តំបន់​ក្រហម​ដែលមាន​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ច្រើនជាងគេ​។ យោងតាម​របាយការណ៍​ក្រសួង​ការពារជាតិ គិត​ត្រឹម​ថ្ងៃទី​ ២២ ខែឧសភា មនុស្ស​ជាង ៧៦ ​ម៉ឺន​នាក់​បាន​ទទួល​ការចាក់​វ៉ាក់សាំង​។

ទន្ទឹមនឹង​នេះដែរ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានលើកឡើង​ឱ្យដឹង​ផងដែរ​ថា វ៉ាក់សាំង​ស៊ីណូវ៉ាក់​ (Sinovac) របស់​ក្រុមហ៊ុន​ចិន​ចំនួន ១ ​លានដូស​បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ថ្ងៃទី​ ២៣ ខែឧសភា នេះ​។

វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ស៊ីណូវ៉ាក់​ពេល​ដឹក​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ម្សិលមិញ​។ហេង ជីវ័ន

លោក​បាន​សរសេរ​លើ​បណ្តាញ​ហ្វេសប៊ុក​របស់លោក​ថា៖ «​នេះ​គឺជា​វ៉ាក់សាំង​លើក​ទី​៥ ​ហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ស៊ីណូវ៉ាក់​។ វ៉ាក់សាំង​កូវីដ​ ១៩ គឺជា​ផ្នែក​មួយ​ដ៏សំខាន់​បន្ថែមទៀត ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ១៩ និង​ជួយ​ការពារ​សុខភាព​របស់​មនុស្ស ពី​ការវាយប្រហារ​ដោយ​ជំងឺ​កូវីដ​ ១៩​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​លឿន តាម​ដែល​អាចធ្វើ​ទៅបាន​ជូន​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា កម្ពុជា​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃទី​ ១០ ​ខែ​កុម្ភៈ ហើយ​មកដល់​ពេល​នេះ​ប្រជាពលរដ្ឋ​ជាង ២ ​លាន​នាក់​ហើយ​បាន​ចាក់​វ៉ាក់សាំង​។

កម្ពុជា​នឹង​ស្វះ​ស្វែងរក​វ៉ាក់សាំង​ឱ្យបាន​រហូតដល់​ទៅ​ជាង ២០ ​លានដូស ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ជាង​ ១០ ​លាន​នាក់ ដើម្បី​បង្កើត​ភាពស៊ាំ និង​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​បេសកកម្ម​ប្រយុទ្ធប្រឆាំង​ជំងឺ​​កូវីដ​ ១៩ និង​ធ្វើឱ្យ​ស្ថានភាព​សេដ្ឋកិច្ច​បាន​ប្រសើរ​ឡើងវិញ​នាពេល​ខាងមុខ​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ដែល​បាន​ទៅ​ទទួល​វ៉ាក់សាំង​ស៊ីណូវ៉ាក់​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​ថ្លែងឱ្យដឹងថា វ៉ាក់សាំង​ការពារ​វីរុស​កូវីដ​ ១៩ ​ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​ចំនួន​ ១,៥ ​លានដូស​ពី​ក្រុមហ៊ុន​ស៊ីណូវ៉ាក់​ក៏​កំពុងតែ​រៀបចំ​កិច្ចសន្យា​ផ្តល់ជូន​មក​ប្រទេស​កម្ពុជា​ ហើយ​សម្រាប់​ខែមិថុនា​ខាងមុខនេះ មាន​ក្រុមហ៊ុន​ចំនួន​ ២ ​ដែល​រាជរដ្ឋាភិបាល​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ និង​កំពុង​ធ្វើ​កិច្ចសន្យា​ជាមួយ​គឺ​ក្រុមហ៊ុន​ស៊ីណូវ៉ាក់​ និង​ក្រុមហ៊ុន​ស៊ីណូហ្វាម​។

លោកស្រី​បាន​បន្ថែមថា៖ «​យើង​ក៏​កំពុង​មាន​ការមមាញឹក​ក្នុង​ការធ្វើការ​ជាមួយ​នឹង​អង្គការ​ដៃគូ​ដោយ​យើង​សង្ឃឹមថា មជ្ឈមណ្ឌល​កូវ៉ាក់​នឹង​ផ្តល់​វ៉ាក់សាំង​មកឱ្យ​យើង​ដែលជា​ជំនួយ​ផងដែរ​។ ទន្ទឹមនឹង​នេះដែរ ក្រសួង​សុខាភិបាល​បានធ្វើ​លិខិត​ទៅ​ស្ថានទូត​អាមេរិក ហើយ​ខាង​ឯកអគ្គរដ្ឋទូត​ក៏បាន​ធ្វើការ​ឆ្លើយតប​ជា​ផ្លូវការ​មក​ក្រសួង​វិញ​ដែរ​ថា ស្ថានទូត​នឹង​ខិតខំ​ប្រឹងប្រែង​សម្របសម្រួល​ហើយ​យើង​សង្ឃឹមថា នឹងមាន​ការផ្តល់ជូន​ជា​បន្តបន្ទាប់ ប៉ុន្តែ​មិនទាន់​ដឹង​ពេលវេលា​ច្បាស់លាស់​នៅឡើយ​ទេ​»​។

គិត​មកដល់​ពេល​នេះ កម្ពុជា​មាន​វ៉ាក់សាំង​សរុប​ជាង​ ៦ ​លានដូស​ហើយ ក្នុងនោះ​មាន វ៉ាក់សាំង​ស៊ីណូហ្វាម​ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន​ ១,៧ ​លានដូស វ៉ាក់សាំង​ស៊ីណូវ៉ាក់​ដែល​រាជរដ្ឋាភិបាល​បាន​ទិញ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មាន​ចំនួន​ ៤ ​លានដូស និង​វ៉ាក់សាំង​កូវីសែល​របស់​​ក្រុមហ៊ុន AstraZeneca ចំនួន ៣២៤ ០០០ ដូស​។

នៅក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៦ ស្តីពី​អនាគត​របស់​អាស៊ី ដែល​ធ្វើឡើង​តាម​អនឡាញ​នៅ​ថ្ងៃទី ២០ ខែឧសភា លោក​យក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ពី​ការស្នើសុំ​វ៉ាក់សាំង​កូវីដ ​១៩ ចំនួន ៤ លានដូស​ពី​សហរដ្ឋអាមេរិក ខណៈ​ដែល​លោក​បារម្ភ​ពី​គម្លាត​នៃ​ការទទួលបាន​វ៉ាក់សាំង នឹងធ្វើ​ឲ្យ​មាន​វិសមភាព សម្រាប់​ការងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​។

លោកនាយក​រដ្ឋមន្ត្រី​បាន​លើកឡើងថា ការទទួល​បាន​វ៉ាក់សាំង​ដែល​អាច​ធានាបាន​នូវ​ភាពស៊ាំ​សហគមន៍ (Herd Immunity) នឹងត្រូវ​ចំណាយពេល​យូរ​ទៀត ស្រប​ពេល​ដែល​គម្លាត​នៃ​ការទទួល​បាន​វ៉ាក់សាំង​រវាង​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍន៍ នឹងធ្វើ​ឱ្យមាន​វិសមភាព​សម្រាប់​ការងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​៕