ភ្នំពេញៈ នៅពេល សេង ចាន់នី ត្រូវបានចាប់ខ្លួននៅឆ្នាំ ២០១២ ក្នុងខេត្តកំពង់ធំបន្ទាប់ពីមានជម្លោះហិង្សាមួយនៅពិធីជប់លៀងអាវរបស់គាត់បានបាត់ដោយសារតែត្រូវបានដកចេញនៅពេលកំពុងវាយគ្នា។ ប៉ុន្តែ ពេលគាត់ទៅដល់អធិការដ្ឋាននគរបាលស្រុក អាជ្ញាធរបានសុំឲ្យ ចាន់នី ដោះខោថែមទៀត។ «ពួកគេបានប្រាប់ខ្ញុំឲ្យដោះខោហើយបន្ទាប់មកពួកគេថតរូបរបស់ខ្ញុំ»។
ចាន់នី ត្រូវបានឃាត់ខ្លួនដោយមានតែខោស្លីបអស់ពេល ៣ ថ្ងៃរហូតទាល់តែគាត់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តហើយថតរូបមួយចំនួនទៀតទើបគាត់ត្រូវបានផ្តល់ឲ្យនូវខោអាវថ្មី។
លោក ចាន់នី បានថ្លែងនាពេលថ្មីៗនេះថា៖ «ខ្ញុំនៅតែមានអារម្មណ៍ខ្មាសគេ»។
មិនមែនតែ ចាន់នី ម្នាក់ឯងទេ។ រូបភាពនៃជនសង្ស័យនានាជាទូទៅត្រូវបានថតដោយកាសែតក្នុងស្រុក ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយសង្គមរួមទាំងហ្វេសប៊ុកនគរបាលផងដែរ។
នៅក្នុងការចាប់ខ្លួនមួយរូបថតត្រូវបានថតកាលពីថ្ងៃទី ២៣ មីនានាឆ្នាំនេះនៅក្នុងខេត្តព្រះវិហារបុរសអ្នកនេសាទអាយុ ៣០ ឆ្នាំម្នាក់ជាមួយនឹងកែវភ្នែកក្រៀមក្រំ និងខកចិត្តត្រូវបានគេថតរូបដោយគ្មានអាវ និងដាក់ខ្នោះរួមជាមួយនឹងម៉ូតូម៉ាក Honda Dream ដែលគាត់បានលួច។ ពីរបីថ្ងៃមុននោះនៅឯខេត្តកំពង់ធំវិញអាជ្ញាធរមូលដ្ឋានបានចោទប្រកាន់មនុស្ស ៦ នាក់ពីបទឆបោក។ ក្នុងរូបថតនៃការចាប់ខ្លួននោះក្រុមជនសង្ស័យត្រូវបានឲ្យតម្រង់ជួរមុខជញ្ជាំងហើយត្រូវបានថតរូបដោយគ្មានខោអាវមានតែខោស្លីបលើកលែងតែជនសង្ស័យម្នាក់ជាស្រ្តីនៅមានពាក់អាវ។
ពេលខ្លះនគរបាលមិនចាំបាច់ឲ្យជនសង្ស័យដោះខោអាវទេដោយសារពួកគេទាំងនោះត្រូវបានចាប់មកទាំងខោខ្លី។
កាលពីព្រឹកមួយលោក លី ស្រ៊ាខេង ត្រូវបានចាប់ខ្លួនខណៈកំពុងមានជម្លោះដីធ្លី។ គាត់ត្រូវបានចាប់ខ្លួនទាំងជើងទទេគ្មានអាវមានតែខោខ្លីពណ៌ប្រផេះតែមួយប៉ុណ្ណោះ។ បុរសវ័យ ៦១ ឆ្នាំនេះបានរំឭកពីពេលដែលនគរបាលមិនពាក់ឯកសណ្ឋានមកដល់ផ្ទះគាត់នៅខណ្ឌទួលគោកដោយមិនមានដីកាចាប់ខ្លួនហើយបានចាប់ខ្លួនគាត់យកទៅភ្លាមៗ។
លោក ស៊្រាខេង បានថ្លែងក្នុងអំឡុងបទសម្ភាសមួយនៅក្រៅរាជធានីភ្នំពេញនាពេលថ្មីៗនេះថា៖ «ពេលគេចាប់ខ្លួនខ្ញុំ ខ្ញុំនៅផ្ទះជាមួយគ្រួសារខ្ញុំ។ ខ្ញុំស្លៀកតែខោខ្លី»។«ពួកគេបើកទ្វារឡានហើយរុញខ្ញុំចូលដោយមិនទុកពេលឲ្យខ្ញុំពាក់អាវទេដោយសារខ្លាចខ្ញុំរត់បើទោះជាខ្ញុំទាមទារពាក់អាវក៏ដោយ»។

នៅកន្លែងដែលគាត់ត្រូវបានថតរូប និងចុះផ្សាយដោយកាសែតក្នុងស្រុករួមទាំងកាសែតភ្នំពេញប៉ុស្តិ៍លោក ស្រ៊ាងខេង ត្រូវបាននាំយកទៅសាលាដំបូងរាជធានីភ្នំពេញទាំងគ្មានសម្លៀកបំពាក់ផ្សេងនៅតែមិនមានស្បែកជើង និងអាវរួចបង្ហាញខ្លួននៅមុខចៅក្រម។ នៅពេលកូនស្រីគាត់ លី ស៊ាវមិញ យកខោអាវទៅឲ្យគាត់នាងក៏ត្រូវបានឃាត់ខ្លួនផងដែរ។
ល្ងាចនោះលោក ស្រ៊ាខេង ត្រូវបានយកទៅដាក់ពន្ធនាគារព្រៃសហើយនៅទីនោះគាត់ត្រូវបានឲ្យនូវខោអាវដែលត្រូវពាក់ដដែលៗរយៈពេល ២ សប្តាហ៍រហូតទាល់តែគាត់ និងក្រុមហ៊ុនដែលអះអាងថាមានកម្មសិទ្ធិលើដីដែលគាត់រស់នៅនោះឈានដល់ការព្រមព្រៀងគ្នា។ គាត់នៅតែភ័យខ្លាចនគរបាល។
នៅពេលសួរកាលពីថ្មីៗនេះអំពីរូបថតនៃការចាប់ខ្លួននៅខេត្ត កំពង់ធំ នាពេលកន្លងមកនេះ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបានថ្លែងថា នគរបាលទាំងអស់ទទួលបានការបណ្តុះបណ្តាលពីនីតិវិធីថតរូបជាមួយនឹងការណែនាំមិនឲ្យថតរូបជនសង្ស័យដែលគ្មានសម្លៀកបំពាក់។ «ប្រសិនបើពួកគេគ្មានសម្លៀកបំពាក់វាមិនល្អមើលទេ»។
ប៉ុន្តែនៅក្នុងបទសម្ភាសជាមួយអាជ្ញាធរដទៃពួកគេហាក់បីដូចជាមិនច្បាស់។
មន្រ្តីនគរបាលម្នាក់ក្នុងស្រុកកំពង់ធំជាកន្លែងដែលចាប់ខ្លួនជនសង្ស័យ ៦ នាក់ពីបទឆបោកបានថ្លែងថា៖ «មិនមានច្បាប់កំណត់ថាតើត្រូវដោះខោអាវថតរូបឬអត់នោះទេ។ យើងគ្រាន់តែធ្វើទៅតាមទម្លាប់»។
ប៉ុន្តែមន្រ្តីខ្លះអះអាងថាការដោះសម្លៀកបំពាក់ជនសង្ស័យគឺដើម្បីការពារសន្តិសុខ។
ប្រភពមន្ត្រីម្នាក់ដែលធ្វើការក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌបានថ្លែងថា៖ «វាជាបញ្ហាសន្តិសុខ។ ប្រសិនបើពួកគេដោះខោអាវពួកគេនឹងមិនងាយស្រួលលួចរត់ទេ»។
ដូចគ្នានេះដែរអាជ្ញាធរក្នុងខេត្តកំពង់ធំបានលើកឡើងថាជនសង្ស័យអាចប្រើសម្លៀកបំពាក់ក្នុងការបង្កើតមធ្យោបាយគេចខ្លួន ឬសម្លាប់ខ្លួន។ «យើងមិនដឹងថាតើយើងអាចធ្វើអ្វីផ្សេងក្រៅពីឃុំខ្លួនពួកគេដោយគ្មានសម្លៀកបំពាក់»។ «អ្វីដែលយើងអាចធ្វើបានគឺដុតធូបមូសឲ្យពួកគេ»។
ប៉ុន្តែអ្នកដទៃទៀតបានទទូចថាមានតែអ្នកដែលត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុគ្មានសម្លៀកបំពាក់ប៉ុណ្ណោះទើបអាចថតរូបដោយគ្មានសម្លៀកបំពាក់។
លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានគូសបញ្ជាក់ថាអំពើចោរប្លន់ ឬការបង្ក្រាបគ្រឿងញៀនជាករណីពិសេស៖ នៅពេលឧក្រិដ្ឋជនត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុពួកគេអាចស្លៀកពាក់សម្លៀកបំពាក់ដែលរហែកដោយសារការចាប់ខ្លួនឬអត់មានខោអាវ។
លោកបានបន្តថា៖ «វាមិនត្រឹមត្រូវទេដែលដោះខោអាវពួកគេចេញ»។
ទោះយ៉ាងណាក្តីការដោះខោអាវថតរូបនៅតែបន្តមាន និងកើតមាននៅកន្លែងជាច្រើន។ រូបថតឧក្រិដ្ឋជនមានលក្ខណៈខុសៗគ្នាដោយសារបច្ចេកវិទ្យានៃការថត និងមន្រ្តីចាប់ខ្លួន។ វាផ្ទុយទាំងស្រុងទៅនឹងរូបថតដែលធ្វើឡើងក្នុងសម័យខ្មែរក្រហមនៅគុកស‑២១ ដែលរូបមុខជនល្មើសត្រូវបានថតក្នុងលក្ខណៈស្តង់ដារ។ នេះបើតាមលោក Eric Haanstad ដែលជាអ្នកសិក្សាអំពីនគរបាលនៅអាស៊ីអាគ្នេយ៍។
លោកបានថ្លែងតាម Skype នាពេលថ្មីៗនេះពីសាកលវិទ្យាល័យ Notre Dame សហរដ្ឋអាមេរិកថា៖ «ទោះយ៉ាងណាក្តីរូបថតទាំងនោះអាចត្រូវបានប្រើច្រើនដង។ លោកបន្តថាអ្នកថតរូបបន្ទាប់មកត្រូវឲ្យផ្តោតទៅលើរឿងមួយគឺសួរព័ត៌មានអំពីការសារភាព»។
ការធ្វើឲ្យអាម៉ាស់ជាសាធារណៈគឺជាកត្តាជំរុញឲ្យមានការអនុវត្តបែបនេះហើយមិនមានការដាក់កំហិតទៅលើភាពមិនមានសម្លៀកបំពាក់ទេ។ កាលពីឆ្នាំ ២០១០ នគរបាលបានចាប់ខ្លួនយុវជន ៩ នាក់ពីបទវាយគ្នានៅរោងការក្នុងខេត្តបាត់ដំបង និងបានកោរក្បាលរបស់ពួកគេជាការដាក់ទោសទណ្ឌ។
លោក Haanstad បានថ្លែងថានៅតំបន់នេះជនសង្ស័យជាញឹកញាប់ត្រូវបានថតរូបជាមួយនឹងវត្ថុតាងនៃការប្រព្រឹត្តបទល្មើស៖ អាវុធ គ្រឿងញៀន ទូរស័ព្ទដែលលួចលុយដែលលួច និងម៉ូតូដែលលួច។
លោក Haanstad បន្តថាក្នុងវិធីនេះអាជ្ញាធរអាចចាត់ទុករូបថតជាភ័ស្តុតាង និងដាក់វាជាផ្នែកនៃរបាយការណ៍នគរបាល។ «ពួកគេមិនមែនជាអ្នកគ្មានទោសកំហុសទេនៅពេលការចាប់ខ្លួនត្រូវបានធ្វើបែបនេះ។ រូបថតត្រូវបានចាត់ទុកថាជាភ័ស្តុតាងនៃបទល្មើស»។
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិនៃអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) បានថ្លែងថាវាអាចទៅរួចដែលថាភាពអាម៉ាស់អាចដើរតួនាទីក្នុងការធ្វើឲ្យមានការសារភាព។
លោក សុធារ៉ា បានថ្លែងក្នុងពេលថ្មីៗនេះថា៖ «ខ្ញុំគិតថាវប្បធម៌កម្ពុជាគឺផ្សេង។ យើងមានភាពអៀនខ្មាស។ ខ្ញុំគិតថាការដោះខោនឹងធ្វើឲ្យអាម៉ាស់ណាស់សម្រាប់ជនសង្ស័យ»។ «វាអាចទៅរួចដែលការដោះខោអាវភ្លាមៗអាចធ្វើឲ្យមានការសារភាពទាំងបង្ខំមនុស្សគឺចង់បានខោអាវរបស់ខ្លួនវិញ»។
ការថតរូបជាសាធារណៈអាចធ្វើឲ្យប៉ះពាល់ផ្លូវចិត្តផងដែរ។ «វាជាការអាម៉ាស់មួយដែលដិតជាប់ជាមួយមនុស្ស»។
ភាពអាម៉ាស់នេះអាចប៉ះពាល់ដល់គ្រួសារដែលជាញឹកញាប់មិនទទួលបានការជូនដំណឹងភ្លាមៗអំពីការចាប់ខ្លួនសាច់ញាតិពួកគេ។ វាប្រាកដណាស់ដូចជាករណីរបស់លោក សៀង ឃុន ឪពុករបស់លោក សេង ចាន់នី ជាដើម។
លោក ឃុន បានដឹងរឿងចាប់ខ្លួនកូនគាត់ពីអ្នកជិតខាង។ «នគរបាលពិតជាធ្វើខុស។ អ្នកភូមិបានប្រាប់ខ្ញុំថាពួកគេឃើញកូនប្រុសរបស់ខ្ញុំក្នុងទូរទស្សន៍។ ខ្ញុំខកចិត្តខ្លាំងណាស់។ វាពិតជាមិនអាចនឹកស្មានដល់»។
ចំពោះករណីលោក លី ស៊្រាខេង វិញគាត់មានភាពអាម៉ាស់យ៉ាងខ្លាំងដូចសត្វធាតុ។ «បើទោះបីជាខ្ញុំជាចោរ ពួកគេគួរតែទុកពេលឲ្យខ្ញុំស្លៀកខោអាវ»។«តើខ្ញុំជាសត្វឬ?»។
ក្រុមអ្នកតស៊ូដើម្បីសិទ្ធិមនុស្សបានថ្លែងថារូបថតនៃការចាប់ខ្លួនមិនថាអាក្រាត ឬមិនអាក្រាតគឺបំពានសិទ្ធិបុគ្គលនៃជនសង្ស័យ៖ គឺសិទ្ធិចំពោះការសន្និដ្ឋានជាមុនថាគ្មានទោសកំហុស សិទ្ធិឯកជន និងសិទ្ធិទទួលបានសវនាការដោយយុត្តិធម៌។
ក្រោមក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ របស់កម្ពុជាការថតរូបនៅកន្លែងឯកជនដោយមិនមានអនុញ្ញាតគឺខុសច្បាប់លើកលែងតែ «សម្រាប់តែគោលបំណងអះអាងការពិត»។ រូបថតគឺជាផ្នែកសំខាន់នៃការសួរចម្លើយឧក្រិដ្ឋជនដែលប្រើដើម្បីកត់ត្រា និងកំណត់អត្តសញ្ញាណជនសង្ស័យ។ នេះបើតាមលោកស្រី Wan-Hea Lee តំណាងនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
លោកស្រី Lee បានថ្លែងតាមអ៊ីមែលមួយមកភ្នំពេញប៉ុស្តិ៍កាលពីពីរសប្តាហ៍មុនថារូបថតណាក៏ដោយដែលថតដោយមន្រ្តីនគរបាល ឬអ្នកកាសែតមុនពេលកាត់ថាមានទោសគឺជា «ក្តីបារម្ភមួយ» ដោយសារនេះជាការអនុវត្តច្បាប់ក្នុងតុលាការកម្ពុជា។
លោកស្រីបន្តថា៖ «នៅពេលជនសង្ស័យត្រូវបានបង្ខំឲ្យដោះខោអាវដោយផ្នែកវាប៉ះពាល់ដល់សិទ្ធិរបស់ពួកគេ»។
លោក អ៊ុក វ៉ាន់ដេត ប្រធានអង្គការស្ពានទៅរកយុត្តិធម៌អន្តរជាតិ (IBJ) បានថ្លែងដូចគ្នាផងដែរ។ «អ្នកអនុវត្តច្បាប់តែងតែគិត អូ! នេះគឺអាចអនុវត្តបានប៉ុន្តែតាមពិតវាជាការបំពានយ៉ាងខ្លាំងទៅលើសិទ្ធិរបស់ពលរដ្ឋ»។
លោក វ៉ាន់ដេត បន្តថាក្រោមក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ ២០០៩ ជនសង្ស័យមិនត្រូវបានឲ្យមានមេធាវីរហូតទាល់តែក្រោយ ២៤ ម៉ោងនៃការឃុំខ្លួនដោយនគរបាល។ ប្រសិនបើគ្មានវត្តមានរបស់មេធាវីការរំលោភបំពានគឺរឹតតែអាចកើតមានហើយជនសង្ស័យជាញឹកញាប់ភ័យខ្លាច និងអត់ដឹងអំពីសិទ្ធិរបស់ខ្លួន។
បើតាមលោកមេធាវីការពារក្តីលោក ពឹង យុកកៀប បានឲ្យដឹងថានៅក្នុងការអនុវត្តជាក់ស្តែងជនសង្ស័យជាញឹកញាប់ត្រូវបានបង្ខំឲ្យផ្តិតមេដៃ «សារភាព» ដោយនគរបាលក្នុងអំឡុងពេលនេះ។ «នគរបាលប្រាប់ពួកគេថាបើឆ្លើយភ្លាមៗពួកគេអាចត្រឡប់ទៅផ្ទះវិញ»។
ដូចលោក Haanstad បានលើកឡើងរូបថតនៅពេលចាប់ខ្លួនអាចដើរតួក្នុងការបង្ខំនេះហើយជាញឹកញាប់ត្រូវបានដាក់ទៅតុលាការរួមទាំងការសារភាព។
លោក វ៉ាន់ដេត ថា៖ «ព្រះរាជអាជ្ញា និងចៅក្រមតែងទទួលយករបាយការណ៍នគរបាល»។
មន្ត្រីអាជ្ញាធរម្នាក់ៗដែលភ្នំពេញប៉ុស្តិ៍បានសម្ភាសកាលពីពីរសប្តាហ៍មុនបានលើកឡើងអំពីតួនាទីនៃអ្នកកាសែតពាក់ព័ន្ធនឹងការថតរូបបែបនេះ។ លោក អ៊ាវ ចំរើន ស្នងការខេត្តកណ្តាលបានហៅការថតបែបនេះថា «ប៉ះពាល់ខ្លាំង»។
លោកស្រី Wan-Hea Lee បានថ្លែងថានៅកម្ពុជាតាមច្បាប់សារព័ត៌មានសមាគមអ្នកកាសែតត្រូវគោរព «ក្រមសីលធម៌វិជ្ជាជីវៈ»ដែលរួមមានការគោរពសិទ្ធិឯកជន និងសិទ្ធិទទួលបានការកាត់ទោសដោយយុត្តិធម៌។ ប៉ុន្តែក្នុងករណីខ្លះមិនត្រូវបានគោរពទេ។ លោកស្រីបន្តថា៖ «ប្រព័ន្ធផ្សព្វផ្សាយជាញឹកញាប់ត្រូវបានអនុញ្ញាតឲ្យថតរូបជនសង្ស័យ»។
តាមដែលលោក Haanstad មើលឃើញនគរបាលជាញឹកញាប់ពឹងផ្អែកទៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រាស្រ័យទាក់ទងជាមួយសាធារណជនជាពិសេសនៅកម្រិតមូលដ្ឋាន។ លោកបន្តថា៖ «ធ្លាប់មានរបាយការណ៍នគរបាលតែងជាអត្ថបទ។ ប្រសិនបើមិនមានរូបថត ឬវីដេអូ ឬទូរទស្សន៍វាមិនមានភ័ស្តុតាងដែលថានគរបាលកំពុងធ្វើអ្វីនោះទេ»។
លោកស្រី Lee បានថ្លែងថាប៉ុន្តែនៅទីបំផុតការអនុវត្តច្បាប់ជាតិ និងអន្តរជាតិគឺតម្រូវឲ្យមានការបណ្តុះបណ្តាលត្រឹមត្រូវ និងការណែនាំឲ្យបានច្បាស់លាស់សម្រាប់អាជ្ញាធរនៅកម្រិតថ្នាក់មូលដ្ឋាន។
ចំពោះឥឡូវនេះហាក់ដូចជាមានការឯកភាពគ្នាតិចតួច ឬការទទួលខុសត្រូវតិចតួចចំពោះរូបថតដែលស្ទើរតែអាក្រាត។ ឧទាហរណ៍យកមន្រ្តីនៅស្រុកកំពង់ធំឲ្យទទួលខុសត្រូវចំពោះការដោះសម្លៀកបំពាក់ជនសង្ស័យទាំង ៦ នាក់ពីខែមុន។
«ខ្ញុំគិតថាបើសូម្បីពួកគេនៅជាជនសង្ស័យមិនគួរមានការថតរូបថតអាក្រាតសល់តែខោស្លីបនោះទេ»។ «ប៉ុន្តែវាត្រូវបានធ្វើរួចទៅហើយ»៕PS
Audrey Wilson