ភ្នំពេញៈ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងកាលពីម្សិលមិញថា ពួក គេមានការរីករាយដែលបានចុះឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង ៨០ ភាគរយ ក្នុងចំណោមអ្នកមានសិទិ្ធបោះឆ្នោតប្រមាណ ៩,៦ លាននាក់ ក្នុងរយៈកាលបីខែកន្លងមក។
ដំណើរការនៃការចុះឈ្មោះបោះឆ្នោតរយៈពេលបីខែ បានបញ្ចប់នៅពាក់កណ្តាលយប់នៃយប់មិញ ដោយពន្យារពេលលើសពីពេលវេលាផុតកំណត់ ដែលកំណត់ត្រឹមម៉ោង ៥:៣០ នាទីល្ងាច ដើម្បីឲ្យចំនួនអ្នកចុះឈ្មោះឈានដល់ ៧,៩ លាននាក់ ដែលមានន័យថា ប្រជាពលរដ្ឋ១,៧លាននាក់ត្រូវបានប៉ាន់ប្រមាណដោយ គ.ជ.ប នឹងមិនអាចចូលរួមការបោះឆ្នោតនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ខែមិថុនាបានទេ។ តួលេខនេះ គឺទាបជាង ៩,៦ លាននាក់ ដែលបានចុះឈ្មោះនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ (ដែលនៅទីបំផុតចំនួនអ្នកទៅបោះឆ្នោត គឺមានតែ ៦,៦លាននាក់) និង ចំនួន ៩,២ លាននាក់បានចុះឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ ២០១២ (តែចំនួនទៅបោះឆ្នោតគឺមានតែ៦លាននាក់)។
ទោះយ៉ាងណាក្តី ការបោះឆ្នោតទាំងពីរនោះ បានទទួលរងការចោទប្រកាន់ថា មានឈ្មោះស្ទួន និងការក្លែងបន្លំសន្លឹកឆ្នោត ហើយសមាជិក គ.ជ.ប លោក ឯម សុផាត បានប្រាប់អ្នកយកព័ត៌មាននៅសន្និសីទកាសែតមួយនៅការិយាល័យ គ.ជ.ប នៅក្នុងក្រសួងមហាផ្ទៃកាលពីល្ងាចម្សិលមិញថា លោកមានសេចក្តីរីករាយ ចំពោះលទ្ធផលចុងក្រោយ ដែលសម្រេចបាននេះ។
លោក សុផាត ថ្លែងថា៖ «ជាទូទៅ ការចុះឈ្មោះបោះឆ្នោត ដើម្បីបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី បានដំណើរការទៅដោយរលូន សុវត្ថិភាព និងទទួលបានលទ្ធផលល្អ»។ មានបញ្ហាខ្លះៗ ប៉ុន្តែបញ្ហាទាំងនោះត្រូវបានកែតម្រូវហើយ។
លោកបន្តថា៖«ទីមួយ មានការអនុវត្តការចុះឈ្មោះ ដែលមានកំហុសមួយចំនួន ដែលតម្រូវឲ្យមានការកែតម្រូវ នៅនាយកដ្ឋានទិន្នន័យអ្នកបោះឆ្នោតនៅ គ.ជ.ប.»។
«អ៊ីនធឺណិតមានលក្ខណៈយឺត ដែលជាបញ្ហាមួយ សម្រាប់ក្រុមអ្នកចុះឈ្មោះក្នុងការផ្ញើទិន្នន័យ»។ ការលំបាកមួយទៀតគឺថា ការចុះឈ្មោះរយៈពេលបីខែនេះ គឺធ្វើឡើងក្នុងអំឡុងរដូវភ្លៀងខ្លាំង និងមានទឹកជំនន់។
លោក សុផាត ថ្លែងថា អ្នកបោះឆ្នោតប្រមាណ១,៧ លាននាក់ ដែលមិនបានចុះឈ្មោះ អាចដោយសារជាពលករចំណាកស្រុកនៅក្នុងប្រទេស ថៃ (ដែលមានប្រមាណ ១,១ លាននាក់) ព្រមទាំងកំហុសនៃចំនួនប៉ាន់ប្រមាណដើមរបស់ គ.ជ.ប។
លោក សុផាត បន្តថា៖ «ទីមួយ ប្រជាជនជាច្រើនមានអាសយដ្ឋានពីរឬបី»។ លោកពន្យល់ថា នៅពេលមន្ត្រីមូលដ្ឋានរាយការណ៍ចំនួនប៉ាន់ប្រមាណអ្នកបោះឆ្នោតមក គ.ជ.ប មនុស្សម្នាក់ដដែលអាចរាប់ពីរដង។
«ទីពីរពលករចំណាកស្រុក ទាំងនៅក្នុងនិងក្រៅ»។ «ទីបី ប្រជាជនខ្លះមិនអាចចុះឈ្មោះបាន ដោយសារពួកគេជាប់ពន្ធនាគារ ...»។ «ស្ថិតិ ៩,៦លាននាក់គឺបានមកពីចុងឆ្នាំ២០១៥។ ដូច្នេះអត្រាអ្នកស្លាប់គឺមានប្រហែល ១ភាគរយ»។
លោកស្រី ម៉េង សុភារី ដែលជាមេធាវីម្នាក់ សម្រាប់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានដាក់ឲ្យទទួលបន្ទុកបញ្ហាចុះឈ្មោះបោះឆ្នោតសម្រាប់គណបក្សបានសូមឲ្យក្រុមប្រឹក្សាភិបាល គ.ជ.ប ពិចារណាពន្យារពេលការចុះឈ្មោះរយៈពេលបួនថ្ងៃទៀត។ «ការពន្យារពេលការចុះឈ្មោះ អាចមានផលប៉ះពាល់ខ្លះប៉ុន្តែផលប៉ះពាល់ទាំងនោះមិនធ្ងន់ធ្ងរចំពោះថវិកានិងកាលវិភាគរបស់ គ.ជ.ប.ទេ»។
លោក គល់ បញ្ញា នាយកនៃអង្គការឃ្លាំមើលការបោះឆ្នោត ខុម ហ្វ្រែល បានថ្លែងថា លោកជឿថា បញ្ហាធំពីរដែលនាំឲ្យមានចំនួនអ្នកចុះឈ្មោះតិចជាងចំនួនរំពឹងទុកគឺ«ការចំណាកស្រុក ទៅក្រៅប្រទេស។ យើងសង្កេតឃើញថា មានពលករចំណាកស្រុកជាច្រើន ទៅធ្វើការនៅបរទេសដោយមិនត្រឡប់មកចុះឈ្មោះ។ ទីពីរ ប្រជាជនប្រហែលមួយលាននាក់ មិនមានអត្តសញ្ញាណប័ណ្ណកម្ពុជា»។
ទោះបីជាយ៉ាងណាក្តី លោក ហ្សង ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងថា គជប នឹងមិនមានការពន្យារពេលចុះឈ្មោះលើសពីយប់មិញទេ៕ PS