ភ្នំពេញៈ គ.ជ.ប បានបញ្ចប់ការចុះឈ្មោះអ្នកបោះឆ្នោតសាកល្បងរយៈពេល ១៥ ថ្ងៃតាមប្រព័ន្ធកុំព្យូទ័រដោយបានលទ្ធផលតែជាង ៥០% ខុសពីការរំពឹងទុកព្រោះតែឧបសគ្គមួយចំនួនដូចជាគ្រោះធម្មជាតិ បច្ចេកទេសនៅខ្វះខាតរួមនឹងការផ្សព្វផ្សាយដែលមិនទាន់បានទូលំទូលាយនៅឡើយ។
ការសាកល្បងចុះឈ្មោះបោះឆ្នោតថ្មីតាមបែបទំនើបកម្មកុំព្យូទ័រមុននឹងឈានដល់ការចុះឈ្មោះឡើងវិញ និងការរៀបចំបញ្ជីឈ្មោះមួយដែលមានតម្លាភាព និងគុណភាពបានចាប់ផ្តើមតាំងពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ វិច្ឆិកាឆ្នាំ ២០១៥ និងធ្វើឡើងនៅមណ្ឌលចំនួន ២៥ ក្នុងភូមិគោលដៅចំនួន ៤១ និងឃុំសង្កាត់ចំនួន ២៥ ទូទាំងរាជធានី ខេត្ត។
សមាជិក និងជាអ្នកនាំពាក្យគណៈកម្មការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា បានឲ្យដឹងពីម្សិលមិញថាក្នុងដំណើរការសាកល្បងនេះ គ.ជ.ប បានសម្រេចចុះឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័របានចំនួន ១៧៥៥៦ នាក់ដែលស្មើនឹង ៥៣,៩៧% នៃតួលេខរំពឹងទុក ៣២៥២៨ នាក់។
លោកថា៖ «មូលហេតុនៃការបង្កឲ្យដំណើរការនេះមិនអាចទទួលបានលទ្ធផលតាមការគ្រោងទុកនោះគឺបណ្តាលមកពីកត្តាធម្មជាតិ ខ្យល់ខ្លាំង ភ្លៀងខ្លាំង ហើយភូមិសាស្ត្រខ្លះទល់នឹងព្រំដែនអ៊ីចឹងហើយប្រជាពលរដ្ឋ កម្មករ-ការិនីខ្លះទៅធ្វើការបាត់ៗមកវិញយប់មិនអាចចុះឈ្មោះបាន... ការផ្សព្វផ្សាយរបស់ គជប ក៏មិនទាន់បានទូលាយនៅឡើយទៀតចំណែកសេវាអ៊ីនធឺណិតក៏ខ្សោយ និងថ្មសាកកុំព្យូទ័រក៏មិនសូវមានគុណភាព»។
យ៉ាងនេះក្តីលោក ពុទ្ធា បានអះអាងថា គ.ជ.ប នឹងប្រមូលផ្តុំនូវបញ្ហាទាំងនោះជាបទពិសោធន៍ដើម្បីបញ្ចប់ការតាក់តែងបទបញ្ជានីតិវិធី និងកែសម្រួលការងារសម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោតផ្លូវការនៅថ្ងៃខាងមុខ។
លោកថា៖ «គ.ជ.ប សោកស្តាយខ្លះដែរព្រោះមិនអាចសម្រេចដូចការគ្រោងទុកតែទាំងនេះមិនចោទជាបញ្ហាទេដោយឡែកពាក់ព័ន្ធនឹងការផ្សព្វផ្សាយមិនបានទូលាយគឺជារឿងសំខាន់ដែលត្រូវពិនិត្យឡើងវិញ»។
លោក កុល បញ្ញា នាយកប្រតិបត្តិអង្គការ ខុមហ្វ្រែល ដែលបានឃ្លាំមើលដំណើរការនេះបានឲ្យដឹងតាមការអង្កេតថានីតិវិធីនៃការចុះឈ្មោះហាក់នៅមានភាពខ្វះចន្លោះនៅឡើយដែលនាំឲ្យកិច្ចការងារនេះមានភាពយឺតយ៉ាវ។
លោកបានបញ្ជាក់ថា៖ «បញ្ហាប្រទាំងប្រទើសគឺការផ្ទៀងផ្ទាត់ប្រជាពលរដ្ឋមិនអាចយល់ច្បាស់ប្រសិនបើគ្មានជំនួយពីមន្ត្រីផ្ទៀងផ្ទាត់ហើយការបំពេញឯកសារសរសេរដោយដៃនៅមានច្រើនដែលនាំឲ្យខាតពេលវេលា និងមានល្បឿនយឺត។ ចំណែកឯខាងអង្គការខុមហ្វ្រែលបានធ្វើការសាកល្បងដោយចុះឈ្មោះអ្នកបោះឆ្នោតម្នាក់ត្រូវចំណាយពេល ៥ នាទីតែយើងអាចធ្វើបានលឿនជាងនេះទៀត»។
ទោះជាយ៉ាងណាក៏ដោយលោក បញ្ញា នឹងពិនិត្យលើរបាយការណ៍សរុបរបស់ក្រុមការងាររបស់លោកដែលបានចុះតាមមណ្ឌលចុះឈ្មោះទាំងនោះដើម្បីរៀបចំជាអនុសាសន៍រួមចំណែកក្នុងការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលមានតម្លាភាព និងគុណភាពសម្រាប់ការបោះឆ្នោតជាបន្តបន្ទាប់នៅថ្ងៃខាងមុខ។
បើតាមលោក ហង្ស ពុទ្ធា ទោះបីជាដំណើរការចុះឈ្មោះសាកល្បងមិនទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុកក្តីតែដំណើរការសាកល្បងចុះឈ្មោះបោះឆ្នោតថ្មីតាមបែបទំនើបកម្មកុំព្យូទ័របានចំណាយថវិកាអស់ជាង ១ លានដុល្លារអាមេរិកតាមផែនការសម្រាប់ឧបករណ៍ប្រើប្រាស់ប្រាក់បៀវត្សរ៍បុគ្គលិកចូលរួមការងារជាដើម។
បើតាមគម្រោងរបស់ គ.ជ.ប នឹងដំណើរការចុះឈ្មោះអ្នកបោះឆ្នោតផ្លូវការរយៈពេល ៣ ខែចាប់ពីខែមីនាឆ្នាំ ២០១៦ ដើម្បីរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ ២០១៧ ប៉ុន្តែបើតាមការឲ្យដឹងរបស់លោក ហង្ស ពុទ្ធា កាលពីថ្ងៃម្សិលមិញសមាជិក គ.ជ.ប បានកំពុងពិចារណាទៅលើលទ្ធភាពក្នុងពន្យារពេលសម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោតផ្លូវការដោយគិតចាប់ផ្តើមពីខែឧសភាវិញ៕