ភ្នំពេញៈ ​គិត​ត្រឹម​ឆ្នាំ​ ២០១៩ ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​បសស​) ​បាន​ចុះបញ្ជី​សហគ្រាស​ជាង​ ១ ​ម៉ឺន​ស្ថាប័ន​ ដែល​​ទាក់ទង​នឹង​ការថែទាំ​សុខភាព​ដែលមាន​សមាជិក​ជាង​ ១ ​លាន​ ៧ ​សែន​នាក់ បាន​ប្រើប្រាស់​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព ប៉ុន្តែ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​កំពុង​ជំរុញ​បន្ថែមទៀត​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​សោធន​ឲ្យ​ទទួល​បាន​ជោគជ័យ​នៅក្នុង​ឆ្នាំ​ ២០២០ នេះ​។

លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​ថ្លែង​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២០ របស់ (​បសស​) នៅ​សណ្ឋាគារ​តារា​អ៊ែរផត​រាជធានី-ភ្នំពេញ​កាលពី​ម្សិលមិញ​ថា​នៅក្នុង​ឆ្នាំ​ ២០១៩ កន្លង​មក​នេះ (​បសស​) ​បាន​ចុះបញ្ជី​ ២ ១៦៣ សហគ្រាស​ ដោយ​មាន​សមាជិក​ចំនួន ៨០ ៧៨៥ នាក់​ ទាំង​ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព​។

លោក​បន្តថា ប៉ុន្តែ​បើ​គិតពី​ឆ្នាំ​ ២០០៨ ដល់​ឆ្នាំ ២០១៩ សហគ្រាស​ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្នែក​ថែទាំ​សុខភាព​មាន​ចំនួន ១១០៧៨ ដែល​មាន​សមាជិក​ចំនួន​​ជាង​ ១ ​លាន ៧ ​សែន​នាក់ ។

លោក អ៊ុក សមវិទ្យា បាន​អះអាង​ថា​៖ «​ដើម្បី​ពង្រីង​ការងារ​ខាងលើ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ (​បសស​) ​បាន​ផ្តោត​ជា​សំខាន់​ផងដែរ​ទៅលើ​ការរៀបចំ​គោលនយោបាយ​ និង​លិខិត​បទដ្ឋាន​គតិយុត្ត​តាមរយៈ​ក្រុមប្រឹក្សាភិបាល​នៃ​ (​បសស​) ដែល​បាន​ប្រជុំ​ពិនិត្យ​ពិភាក្សា​ និង​អនុម័ត និង​ការ​ចងក្រង​បណ្តុះបណ្តាល​ធនធាន​មនុស្ស ការអភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​យ៉ាងខ្ជាប់ខ្ជួន​»​។ ​

បើ​តាម​លោក អ៊ុក សមវិទ្យា (​បសស​) ​បាន​ចុះកិច្ចព្រមព្រៀង​ជាមួយ​មូលដ្ឋាន​សុខាភិបាល​ផ្នែក​ថែទាំ​សុខភាព​ចំនួន​ ១៣ ៣៩៣ និង​ផ្នែក​ហានិភ័យ​ការងារ​ចំនួន ២៣៣ ​មូលដ្ឋាន​ដើម្បី​ធ្វើការ​ផ្តល់​សេវា​ជូន​ដល់​សមាជិក​របស់​ (​បសស​) ដែល​​ភាគច្រើន​ជា​កម្មករ កម្មការិនី​នៅតាម​រោងចក្រ​ទូទាំង​ប្រទេស​។

លោក​អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា របប​សន្តិសុខ​សង្គម​ដែល​អនុវត្តតាម​ប្រព័ន្ធគ្រប់គ្រង​ធានារ៉ាប់រង​សង្គម​នៅ​កម្ពុជា បើ​ប្រៀបធៀប​នៅ​បណ្តា​ប្រទេស​អាស៊ាន​គឺ​នៅតែ​មាន​កម្រិត​ទាប​ជាង​បណ្តា​ប្រទេស​ផ្សេងៗ​នៅក្នុង​តំបន់​។ ​លោក​បន្តថា កត្តា​នេះ​ក៏​ជា​ឱកាស​មួយ​អាច​ទាក់ទាញ​ការវិនិយោគ​សម្រាប់​កម្ពុជា​ដែរ​។

ទោះជា​យ៉ាងណា លោក អ៊ិត សំហេង នៅតែ​ចង់ឃើញ​វិស័យ​គ្រប់គ្រង​ធានារ៉ាប់រង​សង្គម​នៅ​កម្ពុជា​មាន​ភាព​រីកចម្រើន​បន្ថែម​ទៀត ជាពិសេស​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​គឺ​ធ្វើយ៉ាងណា​ដំណើរការ​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​សោធន​ដែល​ទើបតែ​ប្រកាស​ឲ្យ​ប្រើ​ក្នុងពេល​ថ្មីៗ​នេះ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ។

លោក​បញ្ជាក់ថា​៖ «​ជំរុញ​ការដាក់​ឱ្យ​ដំណើរការ​ផ្នែក​ប្រាក់សោធន​ដោយ​ត្រូវ​ដាក់ឱ្យ​ដំណើរការ​របប​ប្រាក់​សោធន​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​។ ជំរុញ​ដល់​និយោជក ម្ចាស់​សហគ្រាស ធ្វើការ​ចុះ​បញ្ជិកា និង​បង់​ភាគទាន​ផ្តល់​នូវ​តាវកាលិក​ជូន​ដល់​សមាជិក​ឱ្យទាន់​ពេលវេលា និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ធ្វើការ​ផ្សព្វផ្សាយ​គោលការណ៍​អនុវត្ត​ថ្មីៗ​ដល់​និយោជក និង​កម្មករនិយោជិត​ឱ្យបាន​ទូលំទូលាយ និង​គ្រប់​រូបភាព​»​។

យោងតាម​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​ដែល​បាន​ប្រកាស​ឱ្យ​ប្រើ​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៩​ (​បសស​) ​ត្រូវ​គ្របដណ្តប់​ ៤ ​ផ្នែក​រួមមាន ផ្នែក​ប្រាក់​សោធន ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​និកម្មភាព​ការងារ សម្រាប់​បុគ្គល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ និង​បុគ្គល​​ដែល​ស្ថិតក្រោម​ច្បាប់​ស្តីពី​ការងារ​រួមទាំង​បុគ្គលិក​ផ្លូវអាកាស​នាវា​សមុទ្រ និង​អ្នកបម្រើ​ក្នុងផ្ទះ ព្រម​ទាំង​បុគ្គល​ស្វ័យនិយោជន៍​។

លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​លើកឡើងថា (​បសស​) ​ពិតជា​បាន​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​ដល់​កម្មករ កម្មការិនី​។ ប៉ុន្តែ​លោកស្រី​នៅ​តែ​ចង់ឃើញ​ (​បសស​) ​អនុវត្ត​សកម្មភាព​មួយចំនួន​​បន្ថែម​ទៀត ដែល​ទាក់ទង​នឹង​ការលំបាក​របស់​កម្មករ-កម្មការិនី​។

លោកស្រី​បញ្ជាក់ថា​៖ «​តាមពិត​ផ្អែកទៅលើ​ការងារ (​បសស​) យើង​ឃើញ​ថា គាត់​បាន​ធ្វើការងារ​របស់​គាត់​មួយចំនួន​ជូន​កម្មករ កម្មការិនី​របស់​យើង​មាន​ភាពល្អប្រសើរ​ដែរ​។ ប៉ុន្តែ​កន្លែង​ខ្លះ​នៅ​មាន​បញ្ហា​ដែល​កម្មករ​​បាន​ជួបប្រទះ ជាពិសេស​នោះ​គឺ​បញ្ហា​ទទួល​សេវា​នៅ​តាម​មន្ទីរពេទ្យ​ដែល​គាត់​នៅ​មាន​កម្រិត​នៅ​​ឡើយ​ដែល​យើង​ចង់​ឲ្យ​មាន​ការកែប្រែ​ឲ្យ​ប្រសើរ​ជាង​នេះ​»​។

យោងតាម​របាយការណ៍​ (​បសស​) ​ឆ្នាំ​ ២០១៩ របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​ទទួល​បាន​ភាគទាន​ចំនួន ១២៥,៩៧ ​ប៊ីលាន​រៀល​។ ចំណែក​ផ្នែក​ថែទាំ​សុខភាព​ទទួល​បាន​ភាគទាន​ចំនួន​ប្រមាណ​ ៤០៧,៤៨ ​ប៊ីលាន​រៀល៕

វីដេអូ៖