The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការចូល​សួរសុខទុក្ខ​អ្នក​ជាប់ឃុំ​ពី​សំណាក់​សាច់ញាតិ​ត្រូវបាន​ផ្អាក ដោយសារ​ការរាលដាល​នៃ​ជំងឺ​កូវីដ




ការចូល​សួរសុខទុក្ខ​អ្នក​ជាប់ឃុំ​ពី​សំណាក់​សាច់ញាតិ​ត្រូវបាន​ផ្អាក ដោយសារ​ការរាលដាល​នៃ​ជំងឺ​កូវីដ

Content image - Phnom Penh Post
អ្នកទោសត្រូវបានដឹកតាមរថយន្តនាពេលកន្លងមក។ ហ៊ាន រង្សី

ការចូល​សួរសុខទុក្ខ​អ្នក​ជាប់ឃុំ​ពី​សំណាក់​សាច់ញាតិ​ត្រូវបាន​ផ្អាក ដោយសារ​ការរាលដាល​នៃ​ជំងឺ​កូវីដ

ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​សម្រេច​ផ្អាក​ការចូល​សួរសុខទុក្ខ​របស់​គ្រួសារ ឬ​សាច់ញាតិ​អ្នកជាប់ឃុំ​ជា​បណ្តោះអាសន្ន​នៅ​ទូទាំង​ប្រទេស ខណៈ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​លើក​ពេល​សវនាការ​ទាំងអស់​រយៈពេល​ ២ ​សប្តាហ៍​ដូចគ្នា ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍​។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​លោក​ នុត សវនា ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ កាន់តែ​ធ្ងន់ធ្ងរ​ទើប​អាជ្ញាធរ​មាន​សមត្ថកិច្ច​សម្រេច​ផ្អាក​ចូល​សួរសុខទុក្ខ​ជា​បណ្តោះអាសន្ន​ក្នុងដំណាក់កាល​ទី​១ រយៈពេល​ ២ ​សប្តាហ៍​។

លោក​ថា​៖ «​ដំណាក់កាល​ដំបូង​យើង​ផ្អាក​ ២ ​សប្តាហ៍​សិន ជាគោលការណ៍​រួម​ចាប់ពី​ថ្ងៃទី​ ២៣ កុម្ភៈ​។ បើ​កូវីដ​នៅ​បន្ត​រីករាលដាល​ក្នុង​ ១ ​ថ្ងៃ​ ៣០ ​ទៅ​ ៤០ ​នាក់ យើង​នឹង​ពិនិត្យមើល​តាម​ស្ថានភាព​ជាក់ស្តែង​បន្តទៀត​។ ឥឡូវនេះ​យើង​កំពុង​តាមដាន​សភាពការណ៍ និង​ពង្រឹង​តាម​គោលដៅ​ទាំងអស់​»​។

លោក​បន្តថា ក្នុង​កាលៈទេសៈ​នេះ​មិន​ត្រឹមតែ​ផ្អាក​ការសួរសុខទុក្ខ​ប៉ុណ្ណោះ​ទេ​ខាង​មន្ត្រី​មាន​សមត្ថកិច្ច​ក៏បាន​ពង្រឹង​បន្ថែម​សុវត្ថិភាព​ក្នុង​ពន្ធាគារ និង​រឹតបន្តឹង​ការសុំច្បាប់​របស់​មន្ត្រី​ពន្ធនាគារ​ផងដែរ​។

លោក​ថ្លែងថា​៖ «​កន្លងមក​យើង​ធ្វើជា​ប្រចាំ​ហើយ គ្រាន់តែ​យើង​ណែនាំ​ពង្រឹង​។ លើក​នេះ​ពង្រឹង​ជាង​លើក​ណាៗ​ទាំងអស់​ដោយសារ​វីរុស​ប្រភេទ​ថ្មី​។ សូម្បី​តាម​ខេត្ត​សុំច្បាប់​ទៅ​ភ្នំពេញ ឬ​ទៅ​កន្លែង​ផ្សេង ដែល​មិនចាំបាច់​យើង​មិន​អនុញ្ញាត​ទេ​។ បើ​គាត់​ដើរហើរ​ទៅ​ឆ្ងាយ​ហើយ​ពេល​ត្រឡប់​ចូល​ធ្វើការ​វិញ បើ​មាន​ផ្ទុក​កូវីដមែន​ឆ្លង​គេ​ឆ្លង​ឯង​ហើយ​។ អ៊ីចឹង​ហើយ យើង​ប្រយ័ត្ន​ទាំងអស់គ្នា​»​។

ទោះយ៉ាងណា​ក្នុង​ករណី​ចាំបាច់​ខាង​មន្ត្រី​ពន្ធនាគារ​នឹង​អនុញាត​ឱ្យ​សាច់ញាតិ​ចូល​សួរសុខទុក្ខ ប៉ុន្តែ​លុះត្រា​តែមាន​ហេតុផល​សមរម្យ​។ នេះ​ជាការ​បញ្ជាក់​របស់​លោក​ នុត សវនា​។

លោក​បញ្ជាក់ថា​៖ «​ដោយសារ ជា​ការងារ​ពាក់ព័ន្ធ​សន្តិសុខ អ៊ីចឹង​ប្រព័ន្ធ​ទូរស័ព្ទ​បិទ​ទាំងអស់​។ ប៉ុន្តែ​បើសិន​ជា​សាច់ញាតិ​មាន​ករណី​ចាំបាច់​សូម​ស្នើ​មក​នាយកដ្ឋាន​ពន្ធនាគារ​ដោយមាន​ហេតុផល​ច្បាស់លាស់​ និង​ចាំបាច់​ទើប​ឱ្យ​ជួប​បាន​»​។

ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល​លោក​ ចាត ស៊ីនាង ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា ​បច្ចុប្បន្ន​មន្ត្រី​ពន្ធនាគារ​ខេត្ត​បាន​រឹតបន្តឹង​សន្តិសុខ​នៅ​ជុំវិញ​ពន្ធនាគារ​ខេត្តកណ្តាល និង​មិន​អនុញ្ញាត​ឱ្យ​សាច់ញាតិ​ចូល​សួរសុខទុក្ខ​អ្នក​ជាប់ឃុំ​ឡើយ​រហូត​មាន​ការជូនដំណឹង​ពី​ថ្នាក់លើ​។

លោក​ថ្លែងថា​៖ «​នៅពេល​សាច់ញាតិ​គាត់​មក យើង​តម្រូវ​ឱ្យ​ផ្ញើ​អីវ៉ាន់ ហើយ​យើង​ទទួល​យកមក និង​បាញ់​អាល់កុល​សម្លាប់​មេរោគ ទើប​យើង​ចាត់​មន្ត្រី​យកទៅឱ្យ​អ្នកជាប់ឃុំ​។ បងប្អូន​យើង​ដូច​ភ្ញាក់រឭក ព្រឹក​មិញ​សាច់ញាតិ​មក​សួរសុខទុក្ខ​អ្នក​ជាប់ឃុំ​មិន​ដល់​​ ១០ ​នាក់​ផង​ទេ​»​។

លោក​បន្តថា​៖ «​រីឯ​អ្នកទោស​ដែល​ចូលមក​មាន​កម្តៅ​លើសពី​ ៣៧ ​អង្សា​យើង​ដាក់​គាត់​ឱ្យនៅ​បន្ទប់​ដាច់ដោយឡែក​។ យើង​ត្រូវ​ប្រយ័ត្ន​ខា្លច​ឆ្លង​។ មួយទៀត​យើង​ពង្រឹង​សតិអារម្មណ៍​គាត់​ដែរ កុំ​ឱ្យមាន​បញ្ហា​តក់ស្លុត ជ្រួលច្របល់ ហើយ​យើង​ណែនាំ​ឱ្យ​អ្នក​ជាប់ឃុំ​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ​ជាប្រចាំ និង​ការធ្វើ​អនាម័យ​ផ្សេងៗ​»​។

ទាក់ទង​ករណី​នេះដែរ សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏​បាន​ផ្អាក សវនាការ​ទាំងអស់​ដែល​បាន​គ្រោងទុក​នៅ​ចន្លោះ​ពីថ្ងៃ​ទី​ ២៤ កុម្ភៈ ដល់​ថ្ងៃទី​ ១២ មីនា ឆ្នាំ​ ២០២១ ទៅ​ពេល​ក្រោយ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍​។

សេចក្តី​ជូនដំណឹង​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ស្តីពី​ការលើក​ពេល​សវនាការ​ចុះ​ថ្ងៃទី​ ២៣ កុម្ភៈ ឱ្យដឹងថា ដោយសារ​ស្ថានភាព​នៃ​ការចម្លង​ជំងឺ​កូវីដ​១៩​ក្នុង​ «​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​» ​មាន​ការរីករាលដាល​ក្នុង​សហគមន៍​យ៉ាង​ឆាប់រហ័ស និង​ស្មុគស្មាញ​ជាង​ព្រឹត្តិការណ៍​សហគមន៍​មុនៗ សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ «​លើក​ពេល​សវនាការ​» ​ដែល​បាន​គ្រោងទុក​ចាប់ពី​ថ្ងៃទី​ ២៤ កុម្ភៈ ដល់ ថ្ងៃទី​ ១២ ​មីនា ឆ្នាំ​ ២០២១ ​ទៅ​ពេល​ក្រោយ​វិញ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីករាលដាល​បន្ថែម​ទៀត​។

ក្នុង​សេចក្តី​ជូនដំណឹង​បាន​គូសបញ្ជាក់​ថា សាលាដំបូង​នឹង​កំណត់​កម្មវិធី​សវនាការ​ឡើងវិញ​ក្រោយពី​ស្ថានការណ៍​ជំងឺ​កូវីដ​ ១៩​ ក្នុង​ព្រឹត្តិការណ៍​ ២០ កុម្ភៈ​ បាន​ធូរស្រាល​។ សាលាដំបូង​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ដែរ​ថា ចំពោះ​ការងាររដ្ឋបាល​ប្រចាំថ្ងៃ (​ទទួល​ពាក្យបណ្តឹង​) ​និង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​នៅ​ដំណើរការ​ជាធម្មតា​។

បើតាម​លោក​ នុត សវនា ​អ្នកជាប់ឃុំ​ក្នុង​ពន្ធគារ​នាពេល​បច្ចុប្បន្ន​មាន​ជាង​ ៣៩ ២០០ ​នាក់​។ រីឯ អ្នកជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​មាន​ជាង​ ២ ៦០០ ​នាក់​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍