ភ្នំពេញៈ ក្រុមអ្នកស្រាវជ្រាវ អ្នកវិភាគ មន្ត្រីរដ្ឋាភិបាល សិស្សនិស្សិត ប្រមាណជាង ២០០ នាក់ បានជួបគ្នាពីម្សិលមិញ ដើម្បីជជែកគ្នាជុំវិញសារឆ្លងឆ្លើយរវាងស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតចិនប្រចាំកម្ពុជា ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងវេទិកានោះថា សារឆ្លងឆ្លើយជាថ្មីរបស់ប្រទេសមហាអំណាចទាំង ២ នេះ គឺជាកត្តាដែលនាំឲ្យមជ្ឈដ្ឋានទូទៅបារម្ភជុំវិញស្ថានភាពបច្ចុប្បន្ន ដែលអាចធ្វើឲ្យកម្ពុជា ដើរជាន់ដានប្រវត្តិសាស្ត្រ។ លោកនិយាយថា សារឆ្លងឆ្លើយនេះ គឺត្រូវតែមានការពិភាក្សាគ្នាឲ្យបានគ្រប់ ជ្រុងជ្រោយដើម្បីជាការសិក្សា និងបង្ហាញដល់ភាគីពាក់ព័ន្ធ។
កាលពីពាក់បណ្តាលខែមេសា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ បានសរសេរសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយបានបង្ហាញទស្សនៈលើទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេស ចិន និងកម្ពុជា ថា មិនជួយបង្កើតឲ្យមានការងារ ឬជួយដល់ឧស្សាហកម្មកម្ពុជានោះទេ បើប្រៀបនឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-សហរដ្ឋអាមេរិក។ ភ្លាមៗនៃការបង្ហោះសារនេះ ស្ថានទូតចិនប្រចាំនៅរាជធានីភ្នំពេញក៏បានសរសេរសារនៅលើហ្វេសប៊ុករបស់ស្ថានទូតដូចគ្នាដោយបង្ហាញអំពីស្ថិតិនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ស្ពាន និងទំនប់វារីអគ្គិសនីនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់ស្ថានទូតអាមេរិក។
សារឆ្លងឆ្លើយបានក្លាយជាប្រធានបទក្តៅមួយក្នុងការលើកយកមកពិភាក្សាគ្នាជាហូរហែ ដោយភាគីនីមួយៗលើកឡើងទៅតាមទស្សនៈ និងការគាំទ្ររបស់ពួកគេរៀងៗខ្លួន។
ទោះយ៉ាងណា លោក សុខ ទូច បានអះអាងថា រដ្ឋាភិបាលកំពុងដើរក្នុងគោលនយោបាយមួយត្រូវ នឹងមិនជាន់ដានប្រវត្តិសាស្ត្រនោះទេ។
លោកបន្ថែមថា៖ «នាយករដ្ឋមន្ត្រី ដើរធ្វើម៉េច គឺចម្រុះពណ៌ អត់មានចិនជាធំ អាមេរិកជាធំ ប៉ុន្តែអ្នកណាផ្តល់ផលប្រយោជន៍ឲ្យកម្ពុជាច្រើន គឺកម្ពុជាទៅអ្នកហ្នឹង។ ចុះបើចិនគេឲ្យច្រើន មិនទៅខាងហ្នឹង បើអាមេរិកចិត្តសឿង ឲ្យច្រើនដែរទៅ។ ឧទាហរណ៍ៗ បើសិនជាអាមេរិកឲ្យលុយច្រើន ហ៊ុន សែន មិនទៅ អាហ្នឹងបាន ហ៊ុន សែន ផ្កាប់មុខជាមួយចិន។ (ប៉ុន្តែ) ឲ្យគេនៅ? នៅ?»។
ក្រៅពីអះអាងយ៉ាងដូច្នេះ លោកក៏បានប្រៀបធៀបកម្ពុជា ដូចជាកូនក្រមុំដែលប្រទេសទាំង ២ នេះកំពុងព្យាយាមចាប់យកតាមរយៈការផ្តល់ជាជំនួយ តែលោកអះអាងថា កម្ពុជានៅពេលនេះ គឺជាកូនក្រមុំមានអាយុ ៦០ ឆ្នាំហើយមានការគិតគូរវែងឆ្ងាយ មិនដូចជាអតីតកាលដែលកម្ពុជា ជាកូនក្រមុំវ័យក្មេង ងាយនឹងឲ្យប្រទេសមហាអំណាចអូសទាញបាននោះទេ។
លោក សុខ ទូច ចាត់ទុកសាររបស់ស្ថាទូតអាមេរិក ដែលលើកឡើងជុំវិញទំនាក់ទំនងពាណិជ្ជកម្មរបស់ចិននិងកម្ពុជា គឺជាចេតនាវាយប្រហាររដ្ឋាភិបាលចិន ដែលអាមេរិក យកកម្ពុជាជាឈ្នាន់ ខណៈលោកចាត់ទុកសាររបស់ចិន ដែលបានឆ្លើយតបជាមួយអាមេរិក គឺជាការការពារខ្លួន។
លោកស្រី Zeeberg Emily អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាពីម្សិលមិញ បានបដិសេធធ្វើអត្ថាធិប្បាយជុំវិញកិច្ចពិភាក្សាតុមូល និងការលើកឡើងទាំងឡាយក្នុងវេទិកានេះ។
លោក មាស នី អ្នកវិភាគនយោបាយ លើកឡើងថា វេទិកានេះ គឺគ្រាន់តែជាឈ្នាន់មួយសម្រាប់ការពាររដ្ឋាភិបាលតែប៉ុណ្ណោះ ស្របពេលដែលគេមើលឃើញយ៉ាងច្បាស់ថាកម្ពុជាកំពុងងាកទៅខាងចិនខ្លាំង ហើយអាចនឹងធ្វើឲ្យបាត់បង់ប្រយោជន៍ជាច្រើនពីសហរដ្ឋអាមេរិក។
បន្ថែមពីនេះ លោកថា៖ «បើកម្ពុជា ពិតជាធ្វើបានក្នុងអំឡុងពេលដែលគ្មានការជួយពីប្រទេសដទៃ ហើយអាចរស់ដោយខ្លួនឯង នោះគឺជាជោគជ័យដ៏ធំរបស់កម្ពុជា ក្នុងការទប់ទល់ពីឥទ្ធិពលបរទេស តែបើក្នុងករណីដែលកម្ពុជាបាត់បង់ការពឹងពាក់ពីប្រទេសមួយ ហើយរត់ទៅពឹងប្រទេសមួយទៀត នោះមិនបញ្ជាក់ថា កម្ពុជាដើរត្រូវនោះទេ»។
លោកបន្តថា៖ «ក្នុងស្ថានភាពបែបហ្នឹងកម្ពុជា ត្រូវតែឆ្លាតវៃ នៅក្នុងការបង្ហាញខ្លួនឯង (មិនត្រូវ) ចូលរួមក្នុង ការវាយប្រហារម្ខាង ហើយងាកទៅម្ខាងនោះទេ។ ព្រោះកាលណាបើធ្វើអ៊ីចឹងនោះ បានន័យថា អ្វីដែលជាការចោទប្រកាន់របស់ប្រទេសមហាអំណាចមួយនោះ គឺគេអាចមើលជំហររបស់យើងតាមហ្នឹងដែរ ហើយអ្វីដែលចោទប្រកាន់យើង គឺជារឿងពិត»៕