
បុរសជនជាតិចិន ចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ ១៩ ដំបូងគេ។ រូបថត រដ្ឋបាលខេត្តព្រះសីហនុ
ភ្នំពេញៈ គិតត្រឹមថ្ងៃទី ២៧ ខែមករានេះ ជាគម្រប់ខួប ១ ឆ្នាំគត់ ដែលកកម្ពុជាបានរកឃើញមានការឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅខេត្តព្រះសីហនុ ពីថ្ងៃទី ២៧ ខែមករា ឆ្នាំមុន ដែលនាំចូលដោយជនជាតិចិន។
ប៉ុន្តែពេញ ១ ឆ្នាំមកនេះ កម្ពុជាមានអ្នកជំងឺកូវីដ ១៩ សរុប ៤៦០ នាក់ ដែលមន្ត្រីសុខាភិបាលថា ជាសញ្ញារីករាលដាលខ្លាំង ខណៈអ្នកព្យាបាលជាមាន ៤២៣ នាក់និង ៣៧ នាក់ទៀតកំពុងបន្តសម្រាកព្យាបាល។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានឱ្យដឹងនៅថ្ងៃទី ២៧ មករានេះថា ចំនួនទាំងនេះបង្ហាញយ៉ាងច្បាស់ថាវីរុសកូវីដ ១៩ មានការរាតត្បាតខ្លាំងនៅលើសកលលោកក៏ដូចប្រទេសនានាស្របពេលដែលកម្ពុជាក៏មានការរកឃើញនូវអ្នកផ្ទុកនូវវីរុសកូវីដ ១៩ នេះជាបន្តបន្ទាប់ផងដែរ។
លោកស្រីបានថ្លែងថា៖ «ការដែលយើងទាំងអស់គ្នាកំពុងខិតខំទប់ស្កាត់ការចម្លងវីរុសកូវ ១៩ នៅក្នុងប្រទេសកម្ពុជា របស់យើងនេះ គឺជាកិច្ចការសំខាន់ និងចាំបាច់ណាស់ ហើយខ្ញុំនៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នាបន្ដការយកចិត្តទុកដាក់ក្នុងការការពារខ្លួនឲ្យបានហ្មត់ចត់បំផុតកុំធ្វេសប្រហែសឲ្យសោះ»។
ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ដែលបានចូលមកក្នុងប្រទេសកម្ពុជា សុំបន្តអនុវត្តវិធានការធ្វើចត្តាឡីស័កឱ្យបាន ១៤ ថ្ងៃ ហើយកុំព្យាយាមរត់គេចពីការធ្វើចត្តាឡីស័ក។
លោកស្រីថ្លែងថា វាសំខាន់ណាស់ចំពោះការចូលរួមពីអ្នកដំណើរក្នុងការជួយឱ្យខ្លួនឯងមានសុខភាពល្អជួយទប់ស្កាត់កុំឱ្យមានការចម្លងពីបុគ្គលទៅក្រុមគ្រួសារ ក៏ដូចជាការទប់ស្កាត់កុំឱ្យមានការចម្លងចូលក្នុងសហគមន៍នៅកម្ពុជាផងដែរ។
គួររំឭកផងដែរថា ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញនិងការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានូវករណីវិជ្ជមានវីរុសកូវីដ ១៩ នៅលើបុរសជនជាតិចិនម្នាក់ឈ្មោះ ចា ជិនហួរ (Jia Jianhua) អាយុ ៦០ ឆ្នាំ ដែលបានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ ៤ នាក់ ក៏ប៉ុន្តែការវិភាគសំណាកទាំង ៤ នាក់នោះ មានវិជ្ជមានវីរុសកូវីដ ១៩ តែម្នាក់ប៉ុណ្ណោះ។
លោកស្រី ឱ វណ្ណឌីន បានប្រាប់ថា៖ «សូមបងប្អូនកុំភ្លេចការរស់នៅធម្មតាតាមបែបគន្លងថ្មីដោយអនុវត្តប្រកាន់ខ្ជាប់នូវវិធានការ ៣ ការពារ និង ៣ កុំ ឱ្យបានជាប់លាប់ជាទីបំផុត»។
យោងតាមសេក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ២៧ មករានេះ បានឱ្យដឹងថា នៅថ្ងៃទី ២៦ ខែមករា មានពលករខ្មែរចំនួន ១១ នាក់ បានព្យាបាលជាសះស្បើយពីជំងឺកូវីដ ១៩ ខណៈមិនមានរបាយការណ៍ពីអ្នកមានវិជ្ជមានវីរុសកូវីដ ១៩ ឆ្លងថ្មី។
ក្រសួងបានបញ្ជាក់ថា អ្នកជំងឺចំនួន ៧ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ និងអ្នកជំងឺ ៤ នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បន្ទាប់ពីពួកគាត់ទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ២ លើក៕