The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការឆ្វៀល​មិន​​ចុះបញ្ជី​ដីធ្លី​បង្ក​ឲ្យ​មាន​ជម្លោះ

ការឆ្វៀល​មិន​​ចុះបញ្ជី​ដីធ្លី​បង្ក​ឲ្យ​មាន​ជម្លោះ

ដីទំនេរ​នៅ​ខាង​ឆ្វេង​​ដៃ​​​ គឺ​តំបន់​បឹងកក់​ក្នុង​រាជធានី​ភ្នំពេញ​ដែល​កើត​មាន​ជម្លោះ​ដ៏រ៉ាំរ៉ៃ​។
ដីទំនេរ​នៅ​ខាង​ឆ្វេង​​ដៃ​​​ គឺ​តំបន់​បឹងកក់​ក្នុង​រាជធានី​ភ្នំពេញ​ដែល​កើត​មាន​ជម្លោះ​ដ៏រ៉ាំរ៉ៃ​។ ម៉ៃ វីរៈ

ការឆ្វៀល​មិន​​ចុះបញ្ជី​ដីធ្លី​បង្ក​ឲ្យ​មាន​ជម្លោះ

ភ្នំពេញៈ ការសិក្សា​ស្រាវជ្រាវ​​មួយ​ បាន​បង្ហាញ​ថា ការវិវត្ត​ដ៏យឺតយ៉ាវ​ នៃ​​​ការ​ចុះបញ្ជី​ដីធ្លី​ភាគច្រើន ​បណ្តាល​មកពី​មាន​ការឆ្វៀល​​ចេញ​​​ដ៏សម្បើម​​ ពី​ដំណើរការ​​ផ្តល់​ប័ណ្ណកម្ម​សិទ្ធិ​នៅក្នុង​​ទីប្រជុំជន ខណៈ​ដែល​អចលនទ្រព្យ​​ មាន​តម្លៃ​​​ខ្ពស់ និង​​ទំនង​ជា​បង្ក​ឲ្យ​មាន​ជម្លោះ​កើតឡើង​ដែល​ករណី​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ជា​​អវិជ្ជមាន​ដល់​ការរស់នៅ​របស់​សហគមន៍​ក្រីក្រ​ និង​កង្វល់​​ពី​ការបណ្តេញ​ចេញ​។

របាយការណ៍​សិក្សា​ស្រាវជ្រាវ​ដែល​ផ្តួចផ្តើម​ឡើង​ដោយ​អង្គការ​​ទស្សនៈ​ពិភពលោក និង​អង្គការ NGO Forum ស្តីពី «ការវៀល​សហគមន៍​ក្រីក្រ​នៅ​ទីក្រុង​ចេញ​​ពី​​​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​​ប្រព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​» ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បាន​លើក​ឡើង​ថា កម្មវិធី​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ បាន​ចាប់ផ្តើម​​​​តាំងពី​ឆ្នាំ​ ២០០៣ មក ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​​លើក​កម្ពស់​សុវត្ថិភាព​ដីធ្លី​កាត់បន្ថយ និង​ចៀសវាង​ជម្លោះ​ដីធ្លី ប៉ុន្តែ​សហគមន៍​​ក្រីក្រ​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​គេ​ឆ្វៀល​ចេញ​​ពី​ការចុះបញ្ជី​​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ នោះ បើ​ទោះបី​ជា​ពួកគាត់​មាន​ភ័ស្តុតាង​បញ្ជាក់ពី​ការកាន់កាប់​​ដីធ្លី​ក៏ដោយ​។

មាន​មតិ​ជាច្រើន​​បាន​លើក​ឡើង​ថា ការវិវត្តដ៏​យឺតយ៉ាវ​​នៃ​ការចុះបញ្ជី​ដីធ្លី​នេះ ភាគច្រើន​បណ្តាល​មកពី​មាន​ការវៀល​ចេញ​ដ៏សម្បើម​ពី​ដំណើរការ​ផ្តល់​​ប័ណ្ណកម្មសិទ្ធិ​នៅក្នុង​ទីប្រជុំជន ដែល​​​ពោរពេញ​ដោយ​​អចលនទ្រព្យ​​មាន​តម្លៃ​ខ្ពស់ និង​ទំនង​​ជា​បង្ក​ឲ្យ​មាន​ជម្លោះ​កើតឡើង។

ការសិក្សា​​នេះ បញ្ជាក់​ថា «បញ្ហា​ទាំងនេះ​មាន​​លក្ខណៈ​ធ្ងន់ធ្ងរ​​ចំពោះ​សហគមន៍​ក្រីក្រ​​នៅក្នុង​ទីប្រជុំជន ដែល​មាន​ករណី​ជាច្រើន​ដែល​បង្ក​ឲ្យ​មាន​ការបណ្តេញចេញ​ដោយ​បង្ខំ ត្រូវ​បាន​កត់ត្រា»។

ការសិក្សា​​ដែល​​ផ្តោត​លើ​សហគមន៍​ក្រីក្រ​ចំនួន ១២ នៃ​ខណ្ឌ​ចំនួន ៦ ក្នុង​រាជធានី​ភ្នំពេញ ​ដែល​ត្រូវ​​បាន​វៀល​ចេញ បាន​​រកឃើញ​ថា មាន​​សហគមន៍​ក្រីក្រ​ចំនួន​ ១១ ​បាន​រស់នៅ​លើ​​ដី​សាធារណៈ​របស់​​រដ្ឋ ហើយ​សហគមន៍​ក្រីក្រ​ចំនួន​ ១០ ត្រូវ​បាន​គេ​ប្រាប់​ថា សហគមន៍​របស់​គាត់​ត្រូវ​​បាន​​​គេ​វៀល​ចេញ​ពី​ការ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ។

នាយកប្រតិបត្តិ​អង្គការ​ NGO Forum លោក តឹក វណ្ណារ៉ា បាន​ថ្លែង​​ថា ការវៀល​​សហគមន៍​ក្រីក្រ​ចេញពី​ការចុះបញ្ជី​ដីធ្លី​ជា​​លក្ខណៈ​ប្រព័ន្ធ ធ្វើឲ្យ​ប៉ះពាល់​ដល់​​​​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគាត់ ព្រមទាំង​ប្រឈម​នឹង​ការបណ្តេញចេញ​​ដោយ​បង្ខំ។

លោក​ថា៖ «កាលណា​គេ​វៀល​ចេញ​មាន​ន័យ​ថា រដ្ឋ​អត់​ទទួល​​ស្គាល់​ថា​អ្នក​​នឹង​មាន​​​កម្មសិទ្ធិ​ស្រប​ច្បាប់​​លើ​ដី​របស់​គាត់ ទោះបី​គាត់​រស់នៅ​មុន​ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១ ​​​បាន​អនុវត្ត​​ក៏ដោយ អ៊ីចឹង គាត់​​​មាន​​អារម្មណ៍​ថា គាត់​អត់​មាន​សុវត្ថិភាព​ដីធ្លី​ ហើយ​មិន​ដឹង​ពេល​ណា​គេ​បណ្តេញ​គាត់​ចេញ»។

ចំណែក លោក អ៊ី ស៊ីមន តំណាង​សហគមន៍​ទំនប់​ ២ ដែល​បាន​តស៊ូ​មតិ​ដើម្បី​សុំចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​តាំងពី​ឆ្នាំ​ ២០០៥ ​មក​នោះ​បាន​ស្នើឲ្យ​ក្រសួង​ដែនដី ពន្លឿន​ការចុះបញ្ជី​​ដីធ្លី​ ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់​ដើម្បី​ឲ្យ​ពួកគាត់​ស្ងប់ចិត្ត​ថា​​មិន​មាន​ការបណ្តេញចេញ និង​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​ស្រប​ច្បាប់។

ទោះយ៉ាងណា លោក សួន សូផា នាយក​កម្មវិធី​អនុវិស័យ​​រដ្ឋបាល​ដីធ្លី​នៃ​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ បាន​ថ្លែង​ថា ក្រសួង​មិន​អាច​ទទួល​យក​​​របាយការណ៍​នេះ​បាន​ទេ ព្រោះ​មិន​បាន​ឆ្លុះបញ្ចាំង​​ពី​ការពិត​ហើយ​​សហគមន៍​ដែល​រស់នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ ក្រសួង​មិន​អាច​​វៀលចេញ ហើយ​​ក៏​​មិន​អាច​ចុះបញ្ជី​ឲ្យ​បាន​​​ដែរ​។

លោក​បន្ត​ថា៖«វិធី​សាស្ត្រ​ស្រាវជ្រាវ​ធ្វើ​តែ​លើ​ពលរដ្ឋ​រស់នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​​ប៉ុណ្ណោះ​​ ហើយ​​ការសិក្សា​ក៏​មិន​មាន​ការចូលរួម​ពី​​មន្ត្រី​ដែល​ធ្វើការ​លើ​​រឿង​​​នេះ​​ដែរ​ ចំណែក​ទិដ្ឋភាព​ច្បាប់ ការកាន់កាប់​​របស់​សហគមន៍​មិន​គោរព​លក្ខខណ្ឌ​​ទាំង​ ៥ ​នៃ​ច្បាប់​ភូមិបាល​​ទេ»។

លោក​បាន​បន្ថែម​ថា កន្លងមក ក្រសួង​បាន​ខិតខំ​ចុះ​​ទៅ​ពិនិត្យ និង​វាស់វែង ដើម្បី​ធ្វើ​ចុះបញ្ជី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ទៅ​​តាម​នីតិវិធី​។ ចំណែក ការវៀល​ដី​គឺ​ធ្វើ​តែ​លើ​​ដី​ណា​ដែល​កំពុង​មាន​ទំនាស់​ប៉ុណ្ណោះ រួម​​មាន​សហគមន៍​​​ទំនប់​ ១ ទំនប់​ ២ និង​ភ្នំពេញ​ថ្មី ហើយ​ក្រសួង​កំពុង​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ និង​​ចុះបញ្ជី​ជូន​ពួកគាត់៕

អត្ថបទគួរចាប់អារម្មណ៍