បាត់ដំបងៈ នៅពេលបុរសនោះស្លាប់ គាត់មិនទាន់ឈានដល់អាយុ ៥០ ឆ្នាំទេ។ គាត់ជាមនុស្សរបស់កុលសម្ព័ន្ធដែលបានតាំងលំនៅនៅជិតស្ទឹងសង្កែក្នុងខេត្តបាត់ដំបង និងទំនងជាធ្វើស្រែចម្ការ និងចិញ្ចឹមសត្វ។ ប្រហែលជាពួកគេប្រមាញ់ជ្រូកព្រៃ និងអណ្តើក ហើយសត្វមួយក្នុងចំណោមសត្វទាំងនេះនឹងត្រូវបានឃើញនៅក្នុងផ្នូររបស់គាត់ដើម្បីអមដំណើរគាត់ទៅជាតិក្រោយ។ គាត់រួមជាមួយនឹងគ្រឿងកាលាភាជន៍រួមមាន ឆ្នាំង ចាន គ្រឿងអលង្ការ កងដៃកងជើងនឹងអាចមិនទាន់រលាយក្នុងលក្ខណៈហ្វូស៊ីលរាប់ពាន់ឆ្នាំទៀត បន្ទាប់ពីត្រូវបានរកឃើញដោយក្រុមអ្នកបុរាណវិទ្យានៅកម្ពុជា។
អ្នកបុរាណវិទ្យាម្នាក់ក្នុងចំណោមអ្នកបុរាណវិទ្យាទាំងនេះគឺ លោក ហេង សុផាឌី អគ្គនាយករងនៃនាយកដ្ឋានបេតិកភណ្ឌវប្បធម៌នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានខិតខំចំណាយពេលវេលាក្នុងជីវិតរបស់លោកក្នុងការស្វែងយល់អំពីអតីតកាលបុរាណរបស់ប្រទេសកម្ពុជា។ ដោយប្រើរយៈពេលអស់ជិត ១០ ឆ្នាំលោក និងក្រុមជនជាតិបារាំង‑កម្ពុជាបាននិងកំពុងជីកនៅក្នុងល្អាងស្ពានក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយបានរកឃើញដូចជា ផ្នូរបុរសនេះដែលផ្តល់ភ័ស្តុតាងនៃអរិយធម៌ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។
ខណៈពិតានល្អាងមានលក្ខណៈទូលំទូលាយបើកមាត់ខ្ពស់ ល្អាងស្ពានមានទំហំប្រមាណ ១២០០ ម៉ែត្រការ៉េ និងជាល្អាងធំបំផុតក្នុងចំណោមល្អាងចំនួន ១៣ លើភ្នំទាក់ត្រែង។
អ្វីៗទាំងអស់នេះពោរពេញទៅដោយដំណើរសាច់រឿង ប៉ុន្តែភ្នំនេះនៅមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះផ្សេងទៀតកប់នៅក្នុងដីនៅឡើយមានតែល្អាងស្ពានប៉ុណ្ណោះដែលត្រូវបានរុករក។ ការរុករកនេះបានបង្ហាញជាស្រទាប់ៗនៃប្រវត្តិសាស្ត្របុរាណដែលមានអាយុរហូតដល់ប្រហែល ៦៩ ០០០ ឆ្នាំមុនគ្រិស្តសករាជ។
ក្រុមនេះបានរកឃើញផ្នូរចំនួន ៦ និងសាកសពជាច្រើនរហូតមកទល់ពេលនេះក្នុងនោះបុរស ៥ នាក់ និងស្ត្រីម្នាក់។ អ្នកជំនាញជឿថាពួកគេត្រូវបានកប់ចន្លោះពីឆ្នាំ ១៣៦០ មុនគ្រិស្តសករាជ និង ឆ្នាំ ១៤០០ មុនគ្រិស្តសករាជ។
លោក សុផាឌី បានថ្លែងថា៖ «ពួកគេបានប្រើល្អាងនេះជាកន្លែងកប់សាកសព»។ «ប្រជាជនសម័យនោះរស់នៅតំបន់ដីទំនាបជិតទន្លេ។ ពួកគេធ្វើកសិកម្ម និងចិញ្ចឹមសត្វ»។
លោក សុផាឌី បានថ្លែងថាសាកសពទាំង ៦ ត្រូវបានបញ្ចុះជាមួយអ្វីដែលគេជឿថាជាអំណោយ ដូចជា ជ្រូកព្រៃ ចានឆ្នាំង និងគ្រឿងអលង្ការ ដែលមានន័យថា ជារបស់សម្រាប់ជាតិក្រោយ»។ វាត្រូវបានគិតថាសត្វដែលកប់ជាមួយពួកគេតំណាងឲ្យ «សត្វការពារ» មនុស្សនោះ ឬអាចសម្រាប់ជាម្ហូបអាហារសម្រាប់ជាតិក្រោយ។
ក្រុមនេះបានរកឃើញរបស់គួរឲ្យចាប់អារម្មណ៍ជាច្រើនដទៃៗទៀតអំពីមនុស្សបុរាណ ហើយរបស់មួយចំនួនក្នុងចំណោមរបស់ទាំងនោះចោទជាសំណួរច្រើនជាងចម្លើយ។ អ្វីដែលគួរឲ្យកត់សម្គាល់គឺថាសាកសពទាំងអស់ត្រូវបានកប់ដោយជើងបែរទៅទិសខាងជើង និងក្បាលទៅទិសខាងត្បូង លើកលែងតែស្ត្រីត្រូវកប់ក្នុងទិសដៅបញ្ច្រាស ហើយពួកគេមួយចំនួនត្រូវបានកាត់ធ្មេញ ដែលជាប្រពៃណីមួយដែលត្រូវបានរកឃើញដូចគ្នាផងដែរនៅក្នុងប្រទេសវៀតណាម និងឡាវនៅក្នុងសម័យបុរេប្រវត្តិសាស្ត្រ ហើយនៅតែអនុវត្តសព្វថ្ងៃនេះដោយជនជាតិភាគតិចចារ៉ាយនៅក្នុងប្រទេសកម្ពុជា។ លោកបន្តថានេះអាចបង្ហាញថាប្រពៃណីចារ៉ាយមានតាំងពីសម័យនោះ។
ការជីកនេះក៏បានរកឃើញវត្ថុជាក់ស្តែងច្រើនជាងនេះទៀតអំពីវិសាលភាពនៃភាពរីកចម្រើនរបស់មនុស្ស និងអន្តរសកម្មនៅសម័យនោះ។
លោក សុផាឌី បានថ្លែងថា៖ «យើងដឹងថា ពួកគេមានជំនាញក្នុងការបរបាញ់សត្វ ពួកគេមានជំនាញក្នុងការធ្វើឧបករណ៍ពីថ្ម ហើយពួកគេប្រហែលជាមានពាណិជ្ជកម្មមួយចំនួនផងដែរ ពួកគេបានភ្ជាប់ទំនាក់ទំនងជាមួយក្រុមមនុស្សដទៃៗទៀត»។ លោកបានពន្យល់ថាគ្រឿងកងដៃកងជើងត្រូវបានរកឃើញថាផលិតមកពីសម្បកខ្ចងខ្ចៅសមុទ្រ ដែលនាំចូលមកពីតំបន់ឆ្ងាយ។
របស់ទាំងអស់នេះគឺដូចគ្នានឹងរបស់ដែលត្រូវបានរកឃើញនៅសំរោងសែន ដែលជាកន្លែងជីកសំខាន់មួយទៀតក្នុងខេត្តកំពង់ឆ្នាំងព្រមទាំងកន្លែងមួយចំនួនទៀតដែលរកឃើញនៅក្នុងប្រទេសថៃ និងវៀតណាមផងដែរ។
ល្អាងស្ពានដំបូងឡើយត្រូវបានរកឃើញថាជាតំបន់ប្រវត្តិសាស្ត្រក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ដោយប្តីប្រពន្ធជនជាតិបារាំងឈ្មោះ Roland និង Ccile Mourer ដែលបានរកឃើញឆ្អឹងមនុស្ស ប៉ុន្តែមិនឃើញកន្លែងកប់។ ដោយសារតែភាពតានតឹងខ្លាំងឡើងក្នុងប្រទេសកម្ពុជា ពួកគេបានបញ្ឈប់ការជីករុករកក្នុងឆ្នាំ ១៩៧១ នៅក្នុងការជីកជម្រៅ ១,៥ ម៉ែត្រ។ រហូតដល់ឆ្នាំ ២០០៩ ទើបការជីករុករកនេះបានដំណើរការឡើងវិញដោយមានការគាំទ្រពីសារមន្ទីរជាតិបារាំងនៃប្រវត្តិសាស្ត្រធម្មជាតិ។ ឥឡូវនេះវាបានក្លាយជាកន្លែងជីកដ៏ជ្រៅបំផុតនៅឧបទ្វីបអាស៊ីអាគ្នេយ៍ គឺជីករហូតដល់ជម្រៅ ១០ ម៉ែត្រ។
លោក Hubert Forestier ដែលជាអ្នកស្រាវជ្រាវជនជាតិបារាំងបានថ្លែងថា៖ «វាជាកន្លែងស្រស់ស្អាតមួយ»។ អ្នកមានការការពារអ្នកមានខ្យល់អាកាសល្អ និងស្រស់ថ្លានៅពេលវាមានព្រះអាទិត្យស្រឡះ វាល្អណាស់នៅទីនេះ»។ នេះជាការពន្យល់មួយដែលលោក Forestier បានបញ្ជាក់អំពីមូលហេតុដែលល្អាងនេះត្រូវបានឃើញសកម្មភាពមនុស្សដែលមានអាយុរហូតដល់រាប់ពាន់ឆ្នាំកន្លងទៅ។
លោកបានថ្លែងថាកាលពីមុនប្រជាជនសម័យនោះបានប្រើវាជាកន្លែងបញ្ចុះសព ហើយពួកគេរស់នៅទីនេះ។ ជាមួយនឹងភ័ស្តុតាងដែលមានតាំងពីឆ្នាំ ៩៥០០ មុនគ្រិស្តសករាជរហូតដល់ ៣៥០០ មុនគ្រឹះសករាជ។ ពួកនឹងបរបាញ់សត្វពស់ សត្វជ្រូកព្រៃ និងថែមទាំងឆ្អឹងសត្វរមាសត្រូវបានរកឃើញ។
ដោយចុះតាមរន្ទាដែកលោក Forestier បានចង្អុលទៅស្រទាប់នៅក្នុងដីដែលមានពណ៌ផ្សេងគ្នាដូចជា ពណ៌ទឹកក្រូច ខ្មៅ ប្រផេះ និងត្នោតដែលជាភ័ស្តុតាងនៃការប្រែប្រួលអាកាសធាតុ។
ក្រួសថ្មចំនួនបីដែលទំនងជាមកពីទន្លេប្រហែល ៥ គីឡូម៉ែត្រពីនោះបង្ហាញថា មនុស្សអាចឆ្លងកាត់ និងត្រូវបានរកឃើញចម្ងាយ ៥ ម៉ែត្រក្រោមដី ដែលជាជម្រៅមួយដែលប្រហែលជាមានអាយុប្រមាណ ៦៩០០០ ឆ្នាំមុនគ្រិស្តសករាជ។ នៅពេលចុះបន្ថែមទៀតនៅជម្រៅប្រហែល ៨ ម៉ែត្រលោក Forestier បានយកដៃចង្អុលអំពីផ្នែកដែលមានពណ៌ដូចធាតុ។
លោកបានថ្លែងថា៖ «នោះអាចគួរឲ្យចាប់អារម្មណ៍ប្រហែលវាជារបស់នោះ ប្រសិនបើវាជាធាតុនៃភ្នំភ្លើង...វាអាចមកពីការផ្ទុះភ្នំភ្លើងតូបា (Toba)»។ លោកសំដៅទៅការផ្ទុះភ្នំភ្លើងមួយនៅប្រទេសឥណ្ឌូនេស៊ីដែលគេជឿថា បានបណ្តាលឲ្យមានមហន្តរាយអាកាសធាតុកាលពីប្រមាណ ៧៤០០០ ឆ្នាំកន្លងទៅ។ នៅបាតនៃរូងដែលមានជម្រៅ ១០ ម៉ែតនេះខ្យល់មានតិចតួច និងក្តៅ ដូច្នេះក្រុមអ្នកជីកអាចនៅបាតនេះរយៈពេលតែប្រហែល ១ ម៉ោងប៉ុណ្ណោះក្នុងមួយលើកពីមុនពេលចេញមកលើវិញ។
លោក Forestier បានថ្លែងថា៖ «ប្រសិនបើអ្នកឡើងទម្ងន់ខ្លះនៅរដូវរងាក្នុងប្រទេសបារាំង នោះវាមិនអាក្រក់ទេ វានឹងធ្វើឲ្យអ្នកស្រកទម្ងន់វិញ។ វាពិបាកណាស់ក្នុងការធ្វើការងារ»។
នៅពេលងើបមកខាងក្រៅវិញលោក Forestier បានពិនិត្យជាមួយក្រុមលោក និងនិយាយថាគ្មានការរកឃើញអ្វីសំខាន់ទេថ្ងៃនេះ។ នេះទំនងជាពេលចុងក្រោយនៃឆ្នាំនេះដែលក្រុមនេះបានមកល្អាងនេះ។ រាល់ឆ្នាំក្រុមអ្នកស្រាវជ្រាវបានជីករុករករយៈពេល ២ ខែដោយចាប់ផ្តើមពីដើមខែកុម្ភៈ។ កាលពីខែវិច្ឆិកា ក្រុមអ្នកជំនាញបានវិភាគឆ្អឹងដែលទុកនៅក្រសួងវប្បធម៌ក្នុងរាជធានីភ្នំពេញ និងបានរក្សាទុកលទ្ធផលរកឃើញរបស់ពួកគេ។
លោក Forestier បានថ្លែងថា៖ «បុរាណវិទ្យាគឺជាការបំផ្លាញ និងការសាងសង់ឡើងវិញ»។ «ជាមួយនឹងស្រទាប់ដីនីមួយៗអ្នកបើកទំព័រថ្មីមួយ។ នៅពេលអ្នកបើកទំព័រថ្មី អ្នកភ្លេច អ្នកបំផ្លាញទំព័រមុន»។
ដើម្បីការពារមិនឲ្យព័ត៌មាននេះបាត់បង់ ក្រុមជីកនេះចាប់តាំងពីឆ្នាំ ២០០៩ បានកត់សម្គាល់យ៉ាងយកចិត្តទុកដាក់អំពីរាល់លទ្ធផលដែលរកឃើញ។ លោក Forestier សង្ឃឹមថានឹងបោះពុម្ពសៀវភៅមួយបន្ទាប់ពីបញ្ចប់ការជីករុករកចុងក្រោយនៅឆ្នាំ ២០២០ ដែលពេលនោះលោកសង្ឃឹមថាពួកគេនឹងឈានដល់ថ្មបាតដី។
លោក Forestier បានសួរថា៖ «ការងាររបស់យើងគឺត្រូវកត់ត្រាប្រវត្តិសាស្ត្រទាំងអស់មុនសម័យអង្គរ។ យើងដឹងច្រើនអំពីសម័យមុនអង្គរ ប៉ុន្តែ តើអ្វីបានកើតឡើងនៅសម័យបុរេប្រវត្តិ?»៕ PS