ភ្នំពេញៈ នៅក្នុង​រយៈពេល​ ៦ ​ខែ ​ដើម​ឆ្នាំ​ ២០១៩ ​នេះ​សមត្ថកិច្ច​បាន​ជួយសង្គ្រោះ​ជនរងគ្រោះ​ពី​ការរំលោភបំពាន​ផ្លូវភេទ​បាន​ចំនួន ២៦៣ ​នាក់​ គឺ​មាន​ការកើនឡើង​រហូត​ដល់​ជិត​ ១៥០ ភាគរយ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដែល​បញ្ហា​នេះ​បាន​ធ្វើឲ្យ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ និង​សង្គម​ស៊ីវិល​បាន​សម្តែង​ក្តីបារម្ភ​ ខណៈ​ដែល​ជនរងគ្រោះ​ក្នុង​អំពើ​រំលោភបំពាន​ផ្លូវភេទ​ទាំងនោះ​ភាគច្រើន​គឺជា​កុមារ​។ ​

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ.ជ.ប.ជ​) បាន​ថ្លែង​នៅ​​ក្នុង​សិក្ខាសាលា​ស្តីអំពី «​កិច្ចបង្ការ និង​ការឆ្លើយតប​នឹង​បទល្មើស​ផ្លូវភេទ​លើ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​» កាលពី​ម្សិលមិញ​ថា ក្នុង​វិស័យ​ទេសចរណ៍ កម្ពុជា​បាន​ទទួល​ភ្ញៀវទេសចរណ៍​ជាតិ និង​អន្តរជាតិ​រាប់លាន​នាក់​ក្នុង​ ១ ​ឆ្នាំៗ​ដែល​នៅ​ក្នុងនោះ​មាន​ជន​ឆ្លៀតឱកាស​មួយចំនួន​បាន​ប្រើប្រាស់​វិស័យនេះ​ក្នុង​ការកេងចំណេញ​ផ្លូវភេទ​លើ​កុមារ​ស្រប​ពេលដែល​កុមារ​កម្ពុជា​មួយចំនួន​ធំ​ខ្វះ​ភាពកក់ក្តៅ ខ្វះ​ការគ្រប់គ្រង និង​ការថែទាំ​ដែល​ធ្វើ​ឲ្យ​មាន​ការបណ្តែតបណ្តោយ​ក្នុង​ការស្វែងរក​ប្រាក់​ចំណូល​តាំងពី​វ័យ​កុមារ​។

បើទោះ​ជា​បែប​នេះ​លោកស្រី​លើក​ឡើង​ថា​តាម​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​រយៈពេល​ ៦ ខែ ​ក្នុង​ឆ្នាំ​នេះ​ការទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ដែល​ការបង្ក្រាប​បទល្មើស​មាន​ចំនួន ៧៨ ករណី ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨ មាន​ការកើនឡើង​ចំនួន​ ២៥ ​ភាគរយ​។

ប៉ុន្តែ​លោកស្រី​ ប៊ុន ​អេង ​ថ្លែង​ថា​ចំនួន​នៃ​ជនរងគ្រោះ​ក៏​មាន​ការកើនឡើង​គួរ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ផងដែរ​ដែល​ទាមទារ​ឲ្យ​មាន​ការចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា ខណៈ​ដែល​ជនរងគ្រោះ​ភាគច្រើន​គឺជា​កុមារ​។

លោកស្រី​បាន​បញ្ជាក់​ថា​នៅ​ដើម​ឆ្នាំ​ ២០១៩ ​នេះ​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៩៧ នាក់ ខណៈ​ដែល​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ បាន​ចាប់​ឃាត់ខ្លួន ៨៥ ​នាក់​។ លើស​ពី​នេះ​សមត្ថកិច្ច​បាន​ «​ឈានដល់​ការជួយ​សង្គ្រោះ​ជនរងគ្រោះ​បាន​ចំនួន ២៦៣ នាក់​បាន​ន័យ​ថា​ជនរងគ្រោះ​កើន​ខ្លាំង​មែនទែន ខណៈ​ឆ្នាំ​មុន​ជនរងគ្រោះ​មាន​ ១០៦ ​នាក់​។ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨ គឺ​កើន​រហូត​ដល់​ទៅ​ ១៤៨ ​ភាគរយ​»​។

អ្នកចូលរួម​សិក្ខាសាលា​រៀបចំ​ដោយ​ក្រសួងមហាផ្ទៃ​ពី​ម្សិលមិញ​។ រូបថត សហការី

លោកស្រី​បន្ត​៖ «​ប៉ុន្តែ​អ្វីដែល​យើង​ចាប់អារម្មណ៍​គឺ​អនីតិជន​ក្នុង​ចំណោម​ជនរងគ្រោះ​ទាំងនោះ​ដែល​មាន​អាយុ​ក្រោម​ ១៥ ឆ្នាំ​មាន​រហូត​ដល់​ទៅ ៧០ នាក់ និង​ចន្លោះ​ពី​ ១៥ ទៅ​ ១៨ ឆ្នាំ​មាន​ ៣១​ នាក់​។ អ៊ីចឹង​គ្រាន់តែ​ជនរងគ្រោះ​ជា​អនីតិជន​មាន​ដល់​ទៅ​ ១០១ ​នាក់​ដែល​ជា​តួលេខ​ខ្ពស់​ក្នុងការ​សង្គ្រោះ​ជនរងគ្រោះ​របស់​យើង​ក្នុង​ដំណាក់កាល​បង្ក្រាប​នេះ​»​។

បើ​តាម​លោកស្រី ជូ ប៊ុនអេង វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​មាន​ការរីកចម្រើន​ដោយ​ក្នុង​ឆ្នាំ ២០១៨ មាន​ភ្ញៀវទេសចរ​ប្រមាណ ៦ ​លាន​នាក់​ ហើយ​ចំនួន​នេះ​នឹង​កើនឡើង​រហូត​ដល់​ ១២ ​លាន​នាក់​ នៅ​ឆ្នាំ​ ២០៥០ ខាងមុខ​ដែល​ការកើនឡើង​នេះ​ក៏​នាំ​ឲ្យ​មាន​ការកើនឡើង​នូវ​ហានិភ័យ​នៃ​អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​ផងដែរ​។

បើ​តាម​ក្រសួង​មហាផ្ទៃ​មាន​ភ្ញៀវទេសចរ​ប្រមាណ​ ២៥ ​ម៉ឺន​នាក់ ​ក្នុង ​១ ​ឆ្នាំៗ​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​ក្នុង​គោលបំណង​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ទីសាធារណៈ និង​សហគមន៍​តាម​គ្រឹះស្ថាន​កម្សាន្ត​តាមរយៈ​អង្គការ​សង្គម​ស៊ីវិល និង​តាមរយៈ​ការកេងប្រវ័ញ្ច​ផ្លូវភេទ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។

លោក សំលៀង សីលា នាយក​ប្រតិបត្តិ​អង្គការ APLE ថ្លែង​ថា​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​បាន​ក្លាយជា​បញ្ហា​សកល និង​ជា​ទម្រង់​នៃ​ការកេងប្រវ័ញ្ច​មួយ​ដែល​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កុមារ​កម្ពុជា ស្រប​ពេល​មាន​របាយការណ៍​ជាច្រើន​បង្ហាញ​ថា ជនល្មើស​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​ស្វែងរក​សេវា​ផ្លូវភេទ​លើ​កុមារ​ស្រប​ពេល​ប្រព័ន្ធ​ការពារ​កុមារ​នៅ​មាន​កម្រិត​ទាប និង​ការ​មិន​បាន​ការពារ​កុមារ​ពី​អាណាព្យាបាល​។

លោក​បញ្ជាក់​ថា​៖ «​កំណើន​តម្រូវការ​សេវា​ផ្លូវភេទ​ទាំង​ក្មេងប្រុស​ក្មេងស្រី បាន​ធ្វើឲ្យ​កំណើន​ស្វែងរក​សេវា​ផ្លូវភេទ​ក្នុង​វិស័យ​ទេសចរណ៍​បាន​រងគ្រោះ​ក្នុង​អំពើ​បោក​បញ្ឆោត លួងលោម និង​ជួញដូរ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ផ្លូវភេទ​ទាំងនោះ​»​។

លោក​ សំលៀង សីលា ​ក៏​អះអាង​ដែរ​ថា ក្រៅពី​វិស័យ​ទេសចរណ៍​ការសិក្សា​ថ្មីៗ​នេះ​ក៏​បង្ហាញ​ដែរ​ថា ការដាក់បញ្ចូល​រូប​អាសអាភាស​កុមារ​កម្ពុជា​រាប់លាន​សន្លឹក​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​មាន​លក្ខណៈ​រីក​សុះសាយ​ហើយ​វា​បាន​ធ្វើឲ្យ​ការរំលោភបំពាន​លើ​កុមារ​មាន​ការកើនឡើង​ផងដែរ និង​រឹតតែ​សាហាវ ស្រប​ពេល​កំណើន​នៃ​ការប្រើប្រាស់​អ៊ីនធឺណិត​របស់​កុមារ​មាន​ចំនួន​ច្រើន​ដែល​ទាមទារ​ការទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា​៕