The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ជួយ​ រចំ ផ្ញៀង ឲ្យ​មាន​សម្បទា​ឡើង​វិញ​មិន​ទាន់​មាន​ពន្លឺ

ការ​ជួយ​ រចំ ផ្ញៀង ឲ្យ​មាន​សម្បទា​ឡើង​វិញ​មិន​ទាន់​មាន​ពន្លឺ

Content image - Phnom Penh Post
នាង រចំ ផ្ញៀង ក្រោយ​ការ​វិល​ត្រឡប់​ពី​ព្រៃ ៩ ឆ្នាំ​នៅ​តែ​មិន​ទាន់​មាន​សម្បទា​គ្រប់គ្រាន់។ ហេង ជីវ័ន

ការ​ជួយ​ រចំ ផ្ញៀង ឲ្យ​មាន​សម្បទា​ឡើង​វិញ​មិន​ទាន់​មាន​ពន្លឺ

រតនគិរីៈ រចំ ផ្ញៀង ដែល​បាន​ចំណាយ​​ពេល​អស់​​ជិត​ ២ ​ទសវត្សរ៍​នៅក្នុង​ព្រៃ​នៃ​ខេត្ត​រតនគិរី​បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​អន្តរជាតិ​ចាប់​អារម្មណ៍​បន្ទាប់ពី​នាង​ត្រូវ​បាន​​​រកឃើញ​វិញ​ក្នុង​ឆ្នាំ​ ២០០៧​។ ប៉ុន្តែ​ជា​អកុសល​ការ​ចាប់​អារម្មណ៍​ទាំង​នោះ​​មិន​បាន​ជួយ​​នាង​ឲ្យ​មាន​សម្បទា​សមស្រប​ឡើង​វិញ​ទេ​។

វា​មាន​រយៈពេល​ ៩ ​ឆ្នាំ​ហើយ​ចាប់​តាំង​ពី​ «​​ស្រ្តី​មនុស្ស​​ព្រៃ​» ​បាន​លេច​​ចេញ​ពី​ព្រៃ​នៅ​​តំបន់​ដាច់​ស្រយាល​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​​ដោយ​​បាន​ធ្វើឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​ចាប់​អារម្មណ៍​ប៉ុន្តែ​បន្ទាប់ពី​ការ​ចូល​ក្នុង​សង្គម​វិញ​ជីវិត​សោកនាដកម្ម​របស់​នាង​​នៅ​តែ​បន្ត​មាន​ដដែល​។

វា​គឺ​ថ្ងៃ​ទី​ ១៣ ខែ​មករា ឆ្នាំ​ ២០០៧ នៅពេល​ដែល​ស្រ្តី​វ័យក្មេង​កខ្វក់​គ្មាន​សម្លៀក​បំពាក់ និង​ស្គម​កំព្រឹង​ត្រូវ​បាន​ប្រទះ​ឃើញ​​នៅ​ក្នុង​ព្រៃឈើ​ក្នុង​ខេត្ត​រតនគិរី។ ភ្លាមៗ​នោះ​​នាង​ត្រូវ​បាន​ដាក់​ឈ្មោះ​​ថា​ជា រចំ ផ្ញៀង ដែល​បាន​បាត់​ខ្លួន​កាលនៅ​ពី​ក្មេង​អស់​រយៈពេល​ជិត​ ២ ​ទសវត្សរ៍​ខណៈ​កំពុង​ទៅ​មើល​ក្របី​។

ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​បន្ទាប់ពី​ការ​​លេច​ចេញ​ពី​ព្រៃ​អ្នកកាសែត និង​ពេទ្យ​វិកលចរិត​​ និង​បុគ្គលិក​​អង្គការ​ផ្តល់​ជំនួយ​បាន​នាំ​គ្នា​ទៅ​ជួប​ស្រ្តី​អាថ៌កំបាំង​​នេះ​ដែល​និយាយ​ភាសា​ហាក់បី​ដូចជា​ស្តាប់​មិន​យល់​​ហើយ​ឥរិយាបថ​របស់​នាង​គឺ​ស្រដៀង​សត្វ​ស្វា​ជាង​មនុស្ស​។

ដោយ​មិន​អាច​ប្រាប់​អំពី​រឿង​ផ្ទាល់​ខ្លួន​របស់​នាង​មនុស្ស​ទូទៅ​បាន​និយាយ​ថា​នាង​បាន​រស់នៅ​ជាមួយ​សត្វ​ព្រៃ​ជា​ហេតុ​ធ្វើឲ្យ​នាង​ធ្វើ​ត្រាប់​តាម​សត្វ​ព្រៃ។

ខណៈ​សាច់​រឿង​របស់​នាង​ត្រូវ​​បាន​គេ​និយាយ​តៗ​គ្នា​​នៅក្នុង​ស្រុក​អូរយ៉ាដាវ​ នាង​មិន​ដែល​ត្រូវ​បាន​គេ​ឃើញ​នៅ​កន្លែង​សាធារណៈ​ទេ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។

អ្នក​ជិត​ខាង​នៅ​ក្នុង​ភូមិ​អូន​កាលពី​ខែ​មុន​បាន​អះអាង​ថា​នាង​បាន​ត្រឡប់​ទៅ​ព្រៃ​វិញ​ជា​យូរ​មក​ហើយ​ដោយសារ​មិន​អាច​រស់នៅ​​ក្រៅពី​ព្រៃ​បាន​។

Content image - Phnom Penh Post
ខ្ទម​ដែល រចំ ផ្ញៀង រស់នៅ​សព្វ​ថ្ងៃ និង​រូប​តូច​ពេល​ត្រូវ​បង្ខំ​ឲ្យ​ស្លៀក​សម្លៀកបំពាក់។ ហេង ជីវ័ន

ការ​ដាក់​មិន​ឲ្យ​គេ​ឃើញ

បើ​មើល​ពី​ចម្ងាយ​វា​គ្រាន់​តែ​ធំ​ជាង​ទ្រុង​សត្វ​បន្តិច​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅពេល​ទៅ​មើល​ជិត ឮ​សូរ​សំឡេង​​ហាក់បី​ដូចជា​គួរ​ឲ្យ​គ្រោះថ្នាក់​ពី​ប្រហោង​ផ្ទះ​ឈើ​តូច​នោះ។

នៅ​ពី​ក្រោយ​ទ្វារ​ដែល​ដាក់​គន្លឹះ «​ស្រ្តី​មនុស្ស​ព្រៃ» នេះ​អង្គុយ​កោង​ខ្នង​​ និង​ពត់​ខ្លួន​កោង​ចុះ​ឡើង​ហើយ​មាត់​របស់​នាង​និយាយ​ដូច​សត្វ​ដែល​ស្តាប់​មិន​យល់​។

ឥឡូវ​នេះ​នាង​ត្រូវ​បាន​គេ​ជឿ​ថា​មាន​អាយុ​ជាង​ ៣០ ​ឆ្នាំ​ហើយ​ប៉ុន្តែ​នៅ​តែ​មិន​ទាន់​អាច​​ចេះ​ប្រាស្រ័យ​ទាក់ទង​ជា​ភាសា​មនុស្ស​បាន​នៅ​ឡើយ​ទេ។ នាង​មិន​ព្រម​ស្លៀកពាក់​ខោអាវ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ ​ហើយ​​នាង​បាន​ហែក​ខោអាវ​ និង​បោះ​ចេញ​ពី​ទ្រុង។

បើ​តាម​គ្រួសារ​របស់​នាង​ នាង ផ្ញៀង ចាកចេញ​ពី​ទ្រុង​​តែ​នៅ​ពេល​ត្រូវ​ងូត​ទឹក​ បត់ជើង និង​ទទួល​ទាន​អាហារ​ហើយ​នាង​រស់នៅ​គ្មាន​អគ្គិសនី​គឺ​នៅក្នុង​ភាព​ងងឹត​ និង​ស្ងៀមស្ងាត់​។

ទ្រុង​របស់​នាង​ត្រូវ​បាន​​ធ្វើ​ឲ្យ​ដោយ​បុគ្គលិក​អង្គការ​ជំនួយ។

អ្នកស្រី រចំ សោរី អាយុ​ ៥៦ ​ឆ្នាំ​ដែល​ជា​​​ម្តាយ​របស់ ផ្ញៀង បាន​និយាយ​ថា ផ្ញៀង មាន​សភាព​ទន់​ខ្សោយ​ និង​​ភ្នែក​ឡើង​បាយ​ដែល​គ្រួសារ​មិន​អាច​មាន​លទ្ធភាព​ព្យាបាល​ហើយ​អ្នកស្រី​មិន​ដឹង​ថា​​មាន​វិធី​អ្វី​ផ្សេង​​ដើម្បី​មើលថែ​កូនស្រី​របស់​អ្នកស្រី​ទេ​ដែល​ឥឡូវ​នេះ​អ្នកស្រី​មាន​ការ​ពិបាក​ចិត្ត​ពេល​ឃើញ​កូន​មាន​សភាព​បែប​នេះ​។

អ្នកស្រី​បាន​ថ្លែង​បន្ត​ថា​៖ «​យើង​បាន​ផ្តល់​ខោអាវ​ឲ្យ​នាង​ប៉ុន្តែ​នាង​បាន​​ហែក​វា​ចោល​គ្រប់​ពេល នាង​ហាក់បី​ដូចជា​មិនមែន​ជា​មនុស្ស​ទេ​ឥឡូវ​នេះ​។ នាង​បោក​ចាន និង​ស្លាបព្រា។ នាង​ដូច​ក្មេង​»។

បើ​តាម​អ្នកស្រី សោរី បាន​ឲ្យ​ដឹង​ថា​ឥរិយាបថ​របស់ ផ្ញៀង កាន់តែ​អាក្រក់​ទៅៗ​ចាប់​តាំងពី​ឆ្នាំ​ ២០១០ នៅ​ពេល​ដែល​នាង​ព្យាយាម​គេច​ខ្លួន​ហើយ​ត្រូវ​បាន​រកឃើញ​វិញ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​នៅ​ក្នុង​បង្គន់​ជម្រៅ​ ១០ ​ម៉ែត្រ​។

អ្នកស្រី សោរី ភ័យ​ខ្លាច​ថា​នាង​នឹង​រត់​គេច​ចូល​ទៅ​ក្នុង​ព្រៃ​ម្តង​ទៀត​ប្រសិន​បើ​គ្រួសារ​​ឲ្យ​នាង​ដើរ​ដោយ​សេរី​។

អ្នកស្រី​បន្ត​ថា​៖ «​យើង​ចាក់​សោ​នាង​ប៉ុន្តែ​យើង​មិន​ចង​នាង​ទេ​។ ប្រសិន​បើ​យើង​មិន​ចាក់​សោ​នាង​នឹង​ដើរ​ទៅ​ទីផ្សារ​ទាំង​ខ្លួន​អាក្រាត​។ យើង​បារម្ភ​អំពី​បញ្ហា​នេះ​ប៉ុន្តែ​យើង​ដឹង​ថា​នាង​មិន​ដែល​​ធ្វើ​ឲ្យ​នរណា​ម្នាក់​រងរបួស​ទេ​​»។

គ្រួសារ​ទទួល​ស្គាល់​ថា ផ្ញៀង ត្រូវ​ការ​ការ​ឧបត្ថម្ភ​គាំទ្រ​ខ្លាំង​ជាង​មុន​ដើម្បី​ឲ្យ​​នាង​អាច​ជាសេះ​ស្បើយ​ ឬ​ចូល​ក្នុង​សង្គម​ចុះ​។ ពួកគេ​និយាយ​ថា​ពួកគេ​មិន​អាច​មាន​លទ្ធភាព​សូម្បីតែ​ការ​​​ផ្តល់​នូវ​អាហារ​ឲ្យ​នាង​គ្រប់​គ្រាន់​។

«​យើង​មិន​ដែល​នាំ​យក​នាង​ទៅ​ពេទ្យ​ទេ​ដោយសារ​យើង​មិន​មាន​ប្រាក់​។ យើង​គ្រាន់តែ​ផ្តល់​អាហារ​ដល់​នាង​ ២ ​ដង​ក្នុង​មួយ​ថ្ងៃ​...យើង​មិន​មាន​លុយ​ទិញ​សាច់​ឲ្យ​នាង​ទេ»។

អ្នកនាង រចំ ចាន់ធី អាយុ​ ២៧ ឆ្នាំ​ជា​ប្អូនស្រី​របស់ ផ្ញៀង និង​ជា​អ្នក​មើល​ថែ​នាង​បាន​ថ្លែង​ថា​អ្នកនាង​បាន​បង្ខំ​ឲ្យ​បងស្រី​ស្លៀក​ខោអាវ​​ដើម្បី​ការពារ​កុំ​ឲ្យ​គេ​ឃើញ​ភាព​អៀនខ្មាស​នៅពេល​អ្នកនាង​រៀបចំ​កក់​សក់​​ឲ្យ​បងស្រី​។

ខណៈ​ ផ្ញៀង ចាកចេញ​ពី​ទ្រុង​របស់​នាង ចានមី​របស់​នាង​មិន​ឃើញ​​បាន​ញ៉ាំ​ប៉ុន្តែ​មាន​ស្នាម​ទឹក​មាត់​រាយប៉ាយ​ជាច្រើន​។

ផ្ញៀង ដែល​នៅ​តែ​មាន​​ភាព​ទន់ខ្សោយ​ជា​ញឹកញាប់​ហែក​សក់​របស់​នាង​ចេញ​បើ​ទោះបី​ជា​ប្អូនស្រី​បាន​ចង​ឲ្យ​ស្អាត​ក៏ដោយ​។ នាង​ដើរ​ចុះ​ឡើងៗ​នៅ​ក្នុង​ទីធ្លា​ក្នុង​ផ្ទះ​ដោយ​និយាយ​តិចៗ​ម្នាក់​ឯង​។

នៅពេល​ឲ្យ​ផ្លែប៉ោម​មួយ​ថង់​ទៅ​នាង​ នាង ផ្ញៀង បាន​ញ៉ាំ​វា​យ៉ាង​លឿន​នៅលើ​ជណ្តើរ​ផ្ទះ​ឈើ​តូច​របស់​នាង​។

គ្មាន​ការ​គាំទ្រ​ឧបត្ថម្ភ

អ្នកនាង ចាន់ធី បាន​ថ្លែង​ថា​អ្នក​នាង​ពិត​ជា​ចង់​​ឲ្យ​​នរណា​ម្នាក់​បង្រៀន​បងស្រី​នាង​ឲ្យ​ចេះ​និយាយ​។ ខណៈ​ផ្ញៀង​ឥឡូវ​នេះ​ហាក់បី​ដូចជា​យល់​ការ​និយាយ​ភាសា​ខ្មែរ​សាមញ្ញៗ ​នាង​មិន​ដែល​​និយាយ​​ភាសា​សាមញ្ញៗ​នេះ​ទេ​បើ​ទោះបី​នៅ​ពេល​នាង​ត្រូវការ​អ្វី​ញ៉ាំ​ ឬ​ទៅ​បន្ទប់​ទឹក​ក៏ដោយ​។

អ្នកនាង​ ចាន់ធី បាន​ថ្លែង​បន្ត​ថា​៖ «​គាត់​មិន​ដែល​និយាយ​មក​​កាន់​យើង​ហើយ​ខ្ញុំ​មិន​ដឹង​ថា​តើ​នរណា​អាច​បង្រៀន​នាង​ឲ្យ​ចេះ​និយាយ​។ ពិត​ណាស់​ពេល​ខ្លះ​យើង​ខឹង​ប៉ុន្តែ​នៅពេល​គាត់​មិន​ដែល​ប្រាប់​យើង​អ្វី​សោះ​»។ «​​គាត់​មិន​ប្រាប់​យើង​នៅពេល​យើង​ភ្លេច​ផ្តល់​អាហារ​ពេល​ព្រឹក​ដល់​នាង​ ឬ​អាហារ​ថ្ងៃ​ត្រង់​ពី​ព្រោះ​ពេល​ខ្លះ​យើង​រវល់។ ប្រសិន​បើ​យើង​មិន​ផ្តល់​អាហារ​គាត់​​នឹង​មិន​ញ៉ាំ​មួយ​ខែ​»។

ក្រៅពី​មេរៀន​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​អ្នកនាង ចាន់ ធី បាន​ថ្លែង​ថា​គ្រួសារ​​អ្នកនាង​ចង់​ឲ្យ​មាន​​ការ​បំពាក់​​អគ្គិសនី​ និង​​បង្គន់​នៅក្នុង​ផ្ទះ​ឈើ​តូច​របស់​បងស្រី​នាង​ប៉ុន្តែ​គ្រួសារ​មិន​អាច​មាន​លទ្ធភាព​។

អភិបាល​ស្រុក អូរយ៉ាដាវ លោក ម៉ា វិចិត្រ បាន​ថ្លែង​ថា​លោក​បាន​ផ្តល់​ការ​បរិច្ចាគ​ផ្ទាល់​ខ្លួន​​ទៅ​គ្រួសារ​ហើយ​នឹង​ផ្តល់​ឲ្យ​ពួកគេ​នូវ​​ប្រាក់​ច្រើន​ជាង​មុន​នា​ពេល​ឆាប់ៗ​នេះ​តំណាង​ឲ្យ​កាកបាទ​ក្រហម។

លោក​បាន​អះអាង​ថា​ការ​ឧបត្ថម្ភ​បែប​នេះ​នឹង​ជួយ​ឲ្យ​នាង​​ជាសះស្បើយ​ឡើង​វិញ​​បន្តិច​ម្តងៗ​។

លោក​បន្ត​ថា​៖ «​នាង​ប្រសើរ​ឡើង​បន្តិច​ម្តងៗ​នាង​ចេះ​ញ៉ាំ និង​ចេះ​ស្លៀកពាក់​ដោយ​ខ្លួន​ឯង​ឥឡូវ​នេះ​មិន​ដូច​ពី​មុន​ទេ​»។ ប៉ុន្តែ​ មនុស្ស​ដទៃៗ​ទៀត​និយាយ​ថា​ការ​ឧបត្ថម្ភ​ជាច្រើន​បន្ថែម​ទៀត​​ត្រូវ​ការ​ឲ្យ​មាន​ដើម្បី​​រួមគ្នា​ដោះស្រាយ​បញ្ហា​ឫសគល់​របស់ ផ្ញៀង​។

លោក ស៊ាង លាភ (Seang Leap) អ្នក​សម្រប​សម្រួល​គម្រោង​នៃ​អង្គការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌ (TPO) ដែល​ជា​អង្គការ​ផ្តល់​ការ​ព្យាបាល​ដល់​អ្នក​មាន​បញ្ហា​ផ្លូវចិត្ត​ជាពិសេស​ចំពោះ​គ្រួសារ​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា ផ្ញៀង ត្រូវការ​ការ​គាំពារ​ផ្នែក​ចិត្តសាស្ត្រ​សមស្រប​។

លោក​បាន​ថ្លែង​ថា​ថវិកា​មាន​កម្រិត​ និង​បុគ្គលិក​មាន​កម្រិត​គឺ​មាន​ន័យ​ថា​អង្គការ TPO មិនមែន​តែងតែ​អាច​ផ្តល់​ការ​គាំទ្រ​ធំៗ​ទៅ​ករណី​ដូចជា នាង ផ្ញៀង ទេ​ប៉ុន្តែ​លោក​បាន​ព្រមាន​ថា​ការ​ចាក់សោ​នាង​ឲ្យ​​នៅ​ដាច់​ពី​គេ​ជា​ញឹកញាប់​អាច​ធ្វើ​ឲ្យ​ស្ថានភាព​របស់​នាង​កាន់តែ​អាក្រក់​ឡើង។

អង្គការ Psicólogos Sin Fronteras ដែល​ជា​​អង្គការ​សុខភាព​ផ្លូវចិត្ត​អេស្ប៉ាញ​ដែល​ផ្តល់​ការ​គាំទ្រ​ដល់ ផ្ញៀង កាលពី​មុន​មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​ទេ។

ទន្ទឹម​នេះ​ប្រសិន​បើ​មិន​មាន​ការ​ផ្តល់​ការ​​ជួយ​ឧបត្ថម្ភ​​ខ្លាំងក្លា​ដល់​នាង​នា​ពេល​ខាង​មុខ​នេះ​ទេ​ការ​និយាយ​ភាសា​មនុស្ស​របស់​នាង​នៅ​តែ​មិន​អាច​ទៅ​រួច​។ ម្តាយ​របស់​ ផ្ញៀង ​បាន​ថ្លែង​ថា​គាត់​បាត់បង់​ក្តី​សង្ឃឹម​ក្នុង​ការ​ជួយ​ឲ្យ​កូនស្រី​របស់​គាត់​​មាន​លក្ខណៈ​ដូច​មនុស្ស​ធម្មតា​វិញ​។

អ្នកស្រី​បាន​និយាយ​ថា​៖ «​នាង​ច្រៀង​ និង​សើច​ម្នាក់​ឯង​ប៉ុន្តែ​យើង​មិន​យល់​នាង។ យើង​មិន​ដឹង​ថា​តើ​នាង​ប្រើ​ភាសា​អ្វី​ទេ​»។«​យើង​មិន​ដឹង​ថា​តើ​នាង​​បាន​រស់នៅ​ជាមួយ​នរណា​ទេ​នៅក្នុង​ព្រៃ​។ យើង​មិន​ដឹង​​ទេ​ថា​តើ​នាង​នៅ​ជាមួយ​សត្វ​ដំរី​ សត្វ​ខ្លា ឬ​ក្របី ឬ​យ៉ាង​ណា​ទេ​ប៉ុន្តែ​ឥឡូវ​នេះ​នាង​មិន​ដឹង​អ្វី​សោះ​»៕ PS

អត្ថបទគួរចាប់អារម្មណ៍