សៀមរាបៈ មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​រំពឹង​ថា ការជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទ​អង្គរវត្ត​ដំណាក់កាល​ទី​ ២ ដែល​បាន​ចាប់ផ្តើម​ធ្វើការ​ជួសជុល​តាំងពី​ឆ្នាំ ២០១៦ ​មក​នោះ​អាច​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២២ ​មុន​ការគ្រោងទុក​។

លោក អន សុភាព ជា​ប្រធាន​គ្រប់គ្រង​គម្រោង​ជួសជុល​ស្ពាន​នេះ​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១០ ខែសីហា ថា ​តាម​គម្រោង​គឺ​ត្រូវ​បញ្ចប់​កាន់តែ​ឆាប់​កាន់តែ​ល្អ ប៉ុន្តែ​ដោយសារ​បញ្ហា​បច្ចេកទេស​ខ្លះ​ធ្វើឱ្យ​មាន​ការស្ទះ​យឺតយ៉ាវ​ក្នុង​ដំណើរ​ការងារ​នេះ​។

លោក​ថ្លែងថា៖ «​នៅក្នុង​ឆ្នាំនេះ យើង​រៀបចំ​កម្រាល​ស្ពាន ដូចនេះ​គម្រោង​នៃ​ការបញ្ចប់​ការជួសជុល​នេះ​គឺ​យ៉ាងយូរ​បំផុត​អាច​ក្នុង​ឆ្នាំ​ ២០២២ ​យើង​នឹង​បញ្ចប់​ទាំងស្រុង ដែល​គម្រោង​នេះ​បញ្ចប់​មុនពេល​កំណត់​ដែល​យើង​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​នឹង​ប្រទេស​ជប៉ុន គឺ​បញ្ចប់​នៅក្នុង​ខែ​ ៦ ឆ្នាំ​ ២០២៤ ​ឯណោះ​»​។

លោក​បញ្ជាក់ថា នៅក្នុង MoU រវាង​ជប៉ុន និង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើការ​ពន្យារពេល​ម្តង​រួចហើយ​ដោយសារ​មាន​បញ្ហា​បច្ចេកទេស​ដែល​ក្រុម​ការងារ​ត្រូវការ​ជជែក​គ្នា​ទើប​ធ្វើឱ្យ​មាន​ការយឺតយ៉ាវ​ក្នុង​ការជួសជុល​នេះ​រហូត​ស៊ីពេល​ប្រមាណ​ជា​ ២ ​ឆ្នាំ ប៉ុន្តែ​បន្ទាប់ពី​នេះ​ប្រសិនបើ​មិនមាន​ឧបសគ្គ​កើតឡើង​ទេនោះ​ការជួសជុល​ស្ពាន​នេះ​នឹង​ចប់​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ទៀត​។

លោក សុភាព ​ថ្លែង​ថា​៖ «​មកដល់​ពេល​នេះ​យើង​សម្រេច​ដង​ស្ពាន​បាន​ប្រមាណ​ជា​ ៦០ ​ភាគរយ​ទៅ​ ៧០ ​ភាគរយ​ដែលមាន​ប្រវែង​ជាង​ ៩០ ​ម៉ែត្រ ប៉ុន្តែ​សម្រាប់​កណ្តាល​ស្ពាន (​កំពង់ទឹក​) គឺ​យើង​មិនទាន់​បានធ្វើ​អ្វី​ទាំងអស់​»​។

ស្ពាន​ហាល​នេះ​ត្រូវបាន​ជួសជុល​ ២ ​ដង​ហើយ ដែល​លើក​ទី​ ១ ​ត្រូវបាន​ជួសជុល​ពី​ឆ្នាំ​ ១៩៩៦ ​ដល់​ឆ្នាំ​ ២០០៧ និង​លើក​ទី​ ២ ​នេះ​នៅ​ឆ្នាំ​ ២០១៦ ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​ ២០២០ ​នេះ​ ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​បច្ចេកទេស​ធ្វើឱ្យ​មាន​ការអូសបន្លាយ​រហូត​អាច​នឹង​ដល់​ឆ្នាំ​ ២០២២​។

បើតាម​លោក អន សុភាព ការជួសជុល​ស្ពាន​នេះ​គឺ​ដោយសារ​អាជ្ញាធរ​គិតដល់​សុវត្ថិភាព​របស់​ភ្ញៀវទេសចរ និង​ដើម្បី​លើកកម្ពស់​តម្លៃ​នៃ​ប្រាសាទ​អង្គរវត្ត​ខ្មែរ​។ ដូចនេះ​នៅពេល​ដែល​ស្ពាន​ហាល​នេះ​ត្រូវ​បានបញ្ចប់​ការជួសជុល និង​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​នោះ​តម្លៃ​នៃ​ប្រាសាទអង្គរ​នឹង​កាន់តែ​ល្បី​ខ្ទរខ្ទារ ហើយ​សុវត្ថិភាព​របស់​ភ្ញៀវ​ក៏ត្រូវ​បាន​ធានា​សម្រាប់​ការឆ្លងកាត់​ស្ពាន​នេះ​។

លោក ឡុង កុសល អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃ​ ១០ ខែសីហា​ដែរ​ថា នៅពេល​ដែល​ស្ពាន​ហាល​នេះ​ត្រូវ​បាន​ជួសជុល​រួចរាល់​ជា​ស្ថាពរ​ហើយ អាជ្ញាធរ​នឹង​ដោះចេញ​នូវ​ស្ពាន​បណ្តែត​ទឹក​ដែល​បាន​ដាក់ឱ្យ​ភ្ញៀវទេសចរ​ឆ្លងកាត់​ជំនួស​ស្ពាន​ហាល​នេះ​ចេញ​។

លោក​ថ្លែងថា​៖ «​ស្ពាន​បណ្តែត​ទឹក​នេះ​ដាក់​សម្រាប់​ប្រើប្រាស់​ក្នុង​អំឡុង​ពេលដែល​ស្ពាន​ហាល​ត្រូវបាន​បិទ​ធ្វើការ​ជួសជុល​តែប៉ុណ្ណោះ​។ ដូចនេះ​នៅពេល​ស្ពាន​ហាល​នេះ​បើក​ដំណើរការ​ឡើងវិញ យើង​នឹង​រុះ​ស្ពាន​បណ្តែត​ទឹក​ចេញ​»​។

បើតាម​របាយការណ៍​អាជ្ញាធរ​ជាតិ​អប្សរា ការជួសជុល​ស្ពាន​លើក​នេះ​គឺ​មាន​ការខុសប្លែក​ពី​ការជួសជុល​នៅ​សម័យ​បារាំង និង​ការជួសជុល​ក្នុង​ដំណាក់កាល​ទី​ ១ ដោយ​ក្រុម​អ្នកជំនាញ​ផ្នែក​អភិរក្ស​របស់​អាយស៊ីស៊ី-អង្គរ បាន​តម្រូវ​មិនឱ្យ​មាន​ការរុះរើ​ជញ្ជាំង​ស្ពានថ្ម​បាយក្រៀម​នេះឡើយ​ដោយ​ត្រូវ​រក្សា​ស្លាកស្នាម​នៃ​ការជួសជុល​នៅ​ក្រោយ​សម័យអង្គរ​ទុកជា​ប្រវត្តិសាស្ត្រ ថ្វីដ្បិតតែ​រចនាសម្ព័ន្ធ​សំណង់​ស្ពាន​នេះ​មាន​ការខូចខាត​ខ្លាំង​ក៏ដោយ​។

នេះ​ជា​ចំណុច​ពិសេស​មួយ​ដែល​លំបាក​បំផុត​សម្រាប់​ការជួសជុល ដែល​ទាមទារ​ឱ្យ​ក្រុម​អ្នកជំនាញ​រក​គ្រប់​វិធីសាស្ត្រ គ្រប់​បច្ចេកទេស​ដើម្បី​ទប់​ពង្រឹង​រចនាសម្ព័ន្ធ​សំណង់​ប្រកប​ដោយ​គុណភាព​ខ្ពស់ ហើយ​មិន​ប៉ះពាល់​ដល់​សំណង់​ស្ពាន​ចាស់ ដែល​ទ្រុឌទ្រោម​ខូចខាត​ដោយសារ​អាយុកាល​នៃ​វត្ថុ​ធាតុដើម ការ​ត្រាំ​ក្នុង​ទឹក​ជា​ប្រចាំ​៕