ភ្នំពេញៈ អគ្គស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត បញ្ជាក់ ពី​ម្សិលមិញ​ថា លិខិត​ ១ ​ច្បាប់​ដែល​ផ្ដិត​មេដៃ​ដោយ​ក្រុម​នគរបាល​ក្នុង​កងអន្តរាគមន៍​ពិសេស​ចំនួន​ ៨៥ ​នាក់ ​ដែល​ជំទាស់​នឹង​ការតែងតាំង​មេបញ្ជាការ​ថ្មី​សម្រាប់​ពួកគេ​គឺ​ត្រូវបាន​ដោះស្រាយ​រួចហើយ​។

លោក ស ថេត ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ថា ដំណោះស្រាយ​នោះ​គឺ​ធ្វើ​យ៉ាង​ណា ដើម្បី​ឱ្យ​នគរបាល​ទាំង​ ៨៥ ​នាក់ ​សប្បាយចិត្ត​ឡើងវិញ ក្រោយពី​ពួកគេ​នាំគ្នា​ផ្ដិតមេដៃ​ដោយសារ​មិន​ពេញចិត្ត ចំពោះ​ការតែងតាំង​មន្ត្រី​ឈ្មោះ​ ឡុង ដារ៉ាវិឆ័យ ជា​មេបញ្ជាការ​ថ្មី​នៃ​កង​អន្តរាគមន៍​ពិសេស​ជំនួស​ឱ្យ​មេបញ្ជាការ​ចាស់​ឈ្មោះ​​ ព្រំ ចាន់ណា​។ ប៉ុន្តែ​លោក ស ថេត បញ្ជាក់​ថា លោក​​ ឡុង ដារ៉ាវិឆ័យ គឺ​គ្រាន់​តែ​ឱ្យ​ធ្វើជា​មេបញ្ជាការ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​។

លោក​ថា តាមពិត​អ្នក​ដែល​ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​កងអន្តរាគមន៍​ពិសេស​ពិតប្រាកដ​គឺជា​មន្ត្រី​ផ្សេង​ម្នាក់ ប៉ុន្តែ​លោក​បដិសេធ​ប្រាប់​អំពី​អត្តសញ្ញាណ​នៃ​មន្ត្រី​នោះ​។

លោក​បញ្ជាក់​ថា​៖ «​បងប្អូន​គាត់​មិន​សប្បាយចិត្ត យើង​ក៏បាន​ស្រាវជ្រាវ​ដែរ​។ យើង​គ្រាន់តែ​រៀបចំ​ឱ្យ​មាន​អ្នក​ទទួល​ខុសត្រូវ​បណ្ដោះអាសន្ន​ទេ ហើយ​បណ្ដោះអាសន្ន​គឺជា​មនុស្ស​តែ​ ១ ​ដូច​នឹង​មនុស្ស​ចាស់​ដដែល​។ ​វិធានការ​ដោះស្រាយ​យ៉ាងម៉េច​ដើម្បីឱ្យ​គាត់​សប្បាយចិត្ត​។ ​ផ្ដិតមេដៃ​ហ្នឹង​មានន័យថា គាត់​មិន​ពេញចិត្ត​។ តែងតាំង​អ្នកថ្មី​ប្រាប់​អត់​បានទេ​»​។

ឯកសារ​ ១ ​ច្បាប់​ចុះ​ថ្ងៃទី​ ២៧ ខែ មិថុនា ឆ្នាំ​ ២០២០ ដែល​ផ្ដិតមេដៃ​ដោយ​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ចំនួន​ ៨៥ ​នាក់ ហើយ​ដែល​ទើប​បែកធ្លាយ​ប៉ុន្មាន​ថ្ងៃនេះ​បញ្ជាក់ថា ពួកគេ​ខកចិត្ត​យ៉ាងខ្លាំង​បន្ទាប់ពី​ដឹង​ដំណឹង​ថា លោក​វរសេនីយ៍ត្រី​ ឡុង ដារ៉ាវិឆ័យ ជា​នាយរងការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា​ត្រូវ​តែងតាំង​ជា​មេបញ្ជាការ​ថ្មី​ជំនួស​ឱ្យ​លោក ព្រំ ចាន់ណា ជា​ស្នងការរង​ និង​ជា​មេបញ្ជាការ​កងអន្តរាគមន៍​ពិសេស​ចាស់​តាម​លិខិត​បង្គាប់​មួយ​ចុះ​ថ្ងៃទី​ ២៨ ខែមិថុនា ឆ្នាំ​ ២០២០​។

មន្ត្រី​នគរបាល​ទាំងនេះ​រៀបរាប់​ប្រាប់​លោក ស ថេត នៅក្នុង​លិខិត​នោះ​ថា លោក​ ព្រំ ចាន់ណា និង​លោក​​ ឡុង ដារ៉ាវិឆ័យ គឺជា​ឪពុក​កូនធម៌​នឹង​គ្នា ហើយ​ជា​មនុស្ស​មាន​អត្តចរិត​ប្រហាក់ប្រហែល​គ្នា​។ លោក​ ព្រំ ចាន់ណា ​គឺជា​មេបញ្ជាការ​មិនមាន​ព្រហ្មវិហារធម៌​ក្នុង​នាម​ជា​មេដឹកនាំ ចូលចិត្ត​ជេរប្រទេច​ដោយ​ពាក្យសម្ដី​អសុរោះ និង​កិបកេង​ប្រាក់​ឧបត្ថម្ភ​របស់​មន្ត្រី​ក្រោម​ឱវាទ​។ លោក​ ចាន់ណា ជា​មេដឹកនាំ​មិន​ខ្វល់ខ្វាយ​ពី​ទុក្ខលំបាក​មន្ត្រី​ក្រោម​ឱវាទ​ជា​បុគ្គល​លេងល្បែង បៀ​ និង​ចាក់​កន្ទុយលេខ​រាល់ថ្ងៃ​។

ពាក្យបណ្ដឹង​បន្តថា លោក​ ព្រំ ចាន់ណា ក៏បាន​យកប្រាក់​ជាប្រចាំ​ខែ​ចំពោះ​មន្ត្រីនគរបាល​ណា ដែល​មិន​បាន​មក​បម្រើការ​នៅ​អង្គភាព ហើយ​លោក​តែង​យក​រថយន្ត​ម៉ាក​ម៉ាស់​ស្ដា​ពាក់​ស្លាក​លេខ​នគរបាល​របស់​អង្គភាព​ទៅ​ជិះ​សម្រាប់​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ជិះ​ទៅលេង​ល្បែង​ស្ទើរ​រៀងរាល់ថ្ងៃ​។

មន្ត្រី​នគរបាល​ទាំងនោះ​ថា​៖ «​យើងខ្ញុំ​មិន​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​មេបញ្ជាការ​រូបនេះ​។ ប៉ុន្តែ​ដោយ​មិន​ចង់​មាន​បញ្ហា​ចំពោះ​ខ្លួន សុខចិត្ត​នាំគ្នា​ទ្រាំ​អត់ធ្មត់​បម្រើ​ការងារ​ទាំង​ឈឺចាប់​។ នៅពេល​ថ្មីៗ​នេះ​ឮ​ដំណឹង​ថា ថ្នាក់ដឹកនាំ​មាន​ការផ្លាស់ប្ដូរ​មេបញ្ជាការ​ចាស់​លោក​ ព្រំ ចាន់ណា​។ យើងខ្ញុំ​ពិតជា​មាន​សេចក្ដី​សោមនស្ស​រីករាយ​យ៉ាងខ្លាំង ព្រោះថា​នឹង​ទទួល​បាន​មេបញ្ជាការ​ថ្មី​ដែល មាន​ព្រហ្មវិហារធម៌ មាន​ភាព​ជា​អ្នកដឹកនាំ ស្រឡាញ់ និង​យល់​សុខទុក្ខ​មន្ត្រី​ក្រោម​ឱវាទ ប៉ុន្តែ​ការសង្ឃឹម​របស់​យើងខ្ញុំ​បែរ​ជា​មាន​ការខកចិត្ត​យ៉ាងខ្លាំង​»​។

ប៉ុន្តែ​លោក ស ថេត បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការចោទប្រកាន់​របស់​ក្រុមមន្ត្រី​នគរបាល​ទាំងនេះ​ទៅលើ​លោក​ ព្រំ ចាន់ណា និង​លោក ឡុង ដារ៉ាវិឆ័យ ហើយ​ក៏​មិន​បញ្ជាក់​អំពី​វិធានការ​ចំពោះ​មន្ត្រី​ទាំង​ ២ ​នេះដែរ​។

ចំណែក​លោក ឆាយ គឹមខឿន អគ្គស្នងការរង និង​ជា​មន្ត្រី​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​មិន​បានដឹង​រឿងនេះ​ទេ ដោយ​លោក​អះអាង​ថា ពាក្យបណ្ដឹង​នោះបាន​ដាក់​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ជំរុញ​ឱ្យ​ទៅ​សួរ​ស្នងការ​នេះ​វិញ​។

លោក ប៉ា ចាន់រឿន នាយកប្រតិបត្តិ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ កម្ពុជា​ជំរុញ​ឲ្យ​មាន​ក្រុម​ស៊ើបអង្កេត​ឯករាជ្យ ដើម្បី​ស្រាវជ្រាវ​អំពី​អ្វីដែល​ក្រុមមន្ត្រី​នៅ​កងអន្តរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​លើក​អំពី​ភាពមិនប្រក្រតី​ចំពោះ​ការតែងតាំង​មេបញ្ជាការ​ថ្មី​នេះ​។

លោក​ថ្លែងថា​៖ «​ការតែងតាំង ឬ​ការដំឡើង​ឋានន្តរស័ក្ដិ​ដល់​មន្ត្រី​សមត្ថកិច្ច គួរតែ​ធ្វើ​ឡើង​ដោយ​ហ្មត់ចត់​ទៅតាម​ក្បួនច្បាប់​ដែល​បាន​កំណត់​ដើម្បី​ជ្រើសរើស​បុគ្គល ដែល​មាន​ចំណេះ​ជំនាញ បទពិសោធ រួមទាំង​មាន​សីលធម៌​ខ្ពស់ ដើម្បី​ធានាបាន​នូវ​ការអនុវត្ត​ការដឹកនាំ​ការងារ​មាន​ប្រសិទ្ធភាព និង​មាន​សីលធម៌​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​អង្គភាព និង​សម្រាប់​សង្គមជាតិ​ទាំងមូល​»៕