មណ្ឌលគីរីៈ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) ​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​បើ​ទោះបី​បទល្មើស​បរបាញ់​សត្វព្រៃ​មាន​ការ​ថយ​ចុះ​តែ​សកម្មភាព​ដាក់​អន្ទាក់​នៅក្នុង​តំបន់​អភិរក្ស​បាន​កើនឡើង​ធ្វើឲ្យ​មាន​ការ​ព្រួយបារម្ភ​ និង​កំពុង​គំរាម​កំហែង​ដល់​សត្វ​ទោច​ថ្ពាល់​លឿង​ប្រមាណ​ ១០០០ ​ក្បាល​ដែល​កំពុង​រស់នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃកែវសីមា​ និង​ភ្នំព្រេច​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​។

លោក កែន សិរីរដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) ​ថ្លែង​កាលពី​ម្សិលមិញ​ថា​ទោច​ថ្ពាល់​លឿង​ជា​ប្រភេទ​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ​ដែល​ចូលចិត្ត​រស់នៅ​លើ​ដើមឈើ​ខ្ពស់ៗ​ចិញ្ចឹម​ជីវិត​ដោយ​ស៊ី​ស្លឹក​ឈើ​ និង​ផ្លែ​ឈើ​ជា​អាហារ​ និង​តែងតែ​បញ្ចេញ​សំឡេង​ឆ្លើយឆ្លង​គ្នា បង្កើត​ជា​ចម្រៀង​យ៉ាង​គ្រ​លួច​នា​ពេល​ព្រឹក​ព្រលឹម។

លោក សិរីរដ្ឋា អះអាង​ថា​៖ ​«បច្ចុប្បន្ន​នេះ​ចំនួន​សត្វទោច​ផ្ទាល់​លឿង​ពុំ​ត្រូវ​បាន​គេ​រកឃើញ​មាន​ការកើនឡើង​ថ្មី​នោះ​ទេ ខណៈ​បទល្មើស​សត្វព្រៃ​បាន​កើត​មាន​ជា​បន្តបន្ទាប់​ ហើយ​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ បទល្មើស​​បរបាញ់​មាន​ការថយ​ចុះ​ ប៉ុន្តែ​បទល្មើស​ដាក់​អន្ទាក់​ត្រូវ​បាន​គេ​រកឃើញ​មាន​ការកើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ។ ការលួច​ទន្ទ្រាន​ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ក៏​ត្រូវ​បាន​គេ​អង្កេត​ឃើញ​មាន​ការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ»​។

លោក សិរីរដ្ឋា បាន​អំពាវនាវ​ផង​ដែរ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​ការពារ​ និង​អភិរក្ស​ដោយ​បញ្ឈប់​រាល់​គ្រប់​សកម្មភាព​បរបាញ់​ ដាក់​អន្ទាក់ ​ជួញដូរ​ និង​បរិភោគ​សាច់​សត្វព្រៃ ​ទើប​សត្វ​ដ៏កម្រ​ទាំងអស់​នោះ​អាច​បន្ត​វត្តមាន​រស់នៅ​សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ​បាន​ដឹង​ និង​ទស្សនា​កម្សាន្ត​ ព្រោះ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​ និង​ ភ្នំព្រេច ខេត្ត​មណ្ឌលគិរី​គឺជា​ជម្រក​ចុងក្រោយ​តែ​មួយ​គត់​ដែល​សត្វ​ទោច​ថ្ពាល់​លឿង​ដ៏កម្រ​កំពុង​រស់នៅ។

លោក សិរីរដ្ឋា បាន​ថ្លែង​ថា​កាលពី​អំឡុង​ឆ្នាំ​ ១៩៩៥ សត្វទោច​ថ្ពាល់​លឿង​ដ៏កម្រ​នេះ​ត្រូវ​បាន​គេ​រកឃើញ​មាន​​​រស់នៅ​តាម​​តំបន់​ព្រៃភ្នំ​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ ​និង​ប្រទេស​វៀតណាម​ផង​ដែរ​ ប៉ុន្តែ​ពុំ​មាន​ចំនួន​ច្រើន​ដូច​នៅ​តំបន់​ភាគ​ឦសាន​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។ ​

នៅ​ពេល​នេះ WCS បាន​សហការ​ជាមួយ​សហគមន៍​អេកូទេសចរណ៍​ធម្មជាតិ​អណ្ដូង​ក្រឡឹង ​បង្កើត​គម្រោង​ទស្សនា​សត្វ​ទោច​ថ្ពាល់​លឿង​ និង​ប្រភេទ​សត្វ​កម្រ​មួយ​ចំនួន​ទៀត​ ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ​និង ភ្នំព្រេច។​ គម្រោង​នោះ​ឈ្មោះ​ថា​ជំរំ​ Jahoo Gibbon ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​អណ្តូង​ក្រឡឹង​ ឃុំ​សែនមនោរម្យ ស្រុក​អូររាំង​ ខេត្ត​មណ្ឌលគិរី។

លោក​អះអាង​ថា តាមរយៈ​គម្រោង​នេះ​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ពលរដ្ឋ​ក្នុង​សហគមន៍​មូលដ្ឋាន​ឲ្យ​បញ្ឈប់​ការបរបាញ់​ដាក់​អន្ទាក់​ និង​ការ​ជួញដូរ​សត្វព្រៃ​នឹង​ជំរុញ​ឲ្យ​ពលរដ្ឋ​ទូទៅ​បញ្ឈប់​ការបរិភោគ​សាច់​សត្វព្រៃ​ ហើយ​ងាក​មក​ចូល​រួម​ការពារ​ និង​អភិរក្ស​សត្វព្រៃ​ដើម្បី​ទាំងអស់​គ្នា​៕