កំពង់ចាមៈ មន្ត្រី​សុខាភិបាល​បញ្ជាក់​ថា វិធានការ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​សម្រាប់​អ្នកដំណើរ​ ៥៨ ​នាក់​ តាម​កប៉ាល់​ទេសចរណ៍ Viking Cruise Journey នៅ​ខេត្ត​កំពង់ចាម​ធ្វើ​តាម​វិធាន​របស់​អង្គការ​សុខភាព​ពិភពលោក​ (WHO) មិនមែន​ជា​ការឃុំឃាំង​ដូច​ភ្ញៀវទេសចរ​មួយគូ​ចោទប្រកាន់​នោះឡើយ​។

លោក​ គឹម សួរភិរុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ថ្លែង​ពី​ម្សិលមិញ​ថា គិត​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិលមិញ ភ្ញៀវទេសចរ និង​ក្រុម​បុគ្គលិក​កប៉ាល់​ទេសចរណ៍​ទាំង​ ៥៨ ​នាក់​ នៃ​កប៉ាល់ Viking Cruise Journey ដែល​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ក្នុង​សណ្ឋាគារ ១ ​នៅ​ខេត្តកំពង់ចាម​មាន​សុខភាព​ធម្មតា​។ លោក​ថា ​ពួកគេ​អាច​នៅ​ទីនោះ​រហូត​ដល់​ថ្ងៃទី​ ២៤ ខែមីនា ដែលជា​ខួប​ ១៤ ​ថ្ងៃ​ នៃ​ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​។

លោក​រៀបរាប់​ថា​៖ «​យើង​ឲ្យ​គាត់​សម្រាក​នៅ​សណ្ឋាគារ​យើង ដាក់​គាត់​មួយៗ​ដាច់ដោយឡែក​ពី​គ្នា ដើម្បី​តាមដាន​ខុសភាព​របស់គាត់​។ យើង​ផ្គត់ផ្គង់​បាយ ម្ហូប​គាត់​ ១ ​ថ្ងៃ​ ៣ ​ពេល ហើយ​ដាក់​ភេសជ្ជៈ​ឲ្យ​គាត់​ពិសា ហើយ​យើង​មាន​មន្ត្រី​ប្រចាំការ​ ២៤ ​ម៉ោង ដើម្បី​តាមដាន​សុខភាព​គាត់​ក្រែងលោ​មាន​ការ​អី​ប្រែប្រួល​។ ប៉ុន្តែ​មកដល់​ម៉ោង​នេះ​សុខភាព​គាត់​ល្អ​ធម្មតា​ទាំងអស់​ទាំង​ ៥៨ ​នោះ​មិនមាន​អ្វី​ប្រែប្រួល​ទេ​»​។

ជនជាតិ​អាមេរិចកាំង​ ១ ​គូ​ គឺ​លោក Ryan Knapp និង​ភរិយា​អ្នកស្រី Theresa Gordon-Knapp បាន​ប្រាប់​កាសែត​អាមេរិក USA-Today កាលពី​ថ្ងៃអាទិត្យ ដោយ​ចោទប្រកាន់​ថា​ពួកគេ​ត្រូវបាន​ឃុំឃាំង​មិនមែន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​នោះទេ​។

លោក Ryan Knapp ចាត់ទុក​សណ្ឋាគារ​លោក​ស្នាក់​ដែល​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​នោះ​ថា​ជា​ «​សណ្ឋាគារ​គេបោះបង់​ចោល​»​។ លោក​ថា​៖ «​យើង​មិនមែន​ត្រូវ​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ទេ យើង​ត្រូវបាន​គេ​ឃុំឃាំង​»​។

ប៉ុន្តែ​លោក​ គឹម សួរភិរុណ ពន្យល់ថា​៖ «[​បន្ទប់​សណ្ឋាគារ​] វា​មិន​ឥតខ្ចោះ​ដូច​ផ្កាយ​ ៥ ​ទេ​។ ប៉ុន្តែ​សមរម្យ​អាច​ស្នាក់​នៅបាន​។ ឯកឧត្តម​អភិបាលខេត្ត​បានរៀបចំ​គ្រែ​រៀបចំ​បន្ទប់ទឹក​ស្អាតបាត​ជូន​គាត់ ហើយ​យើង​ទទួល​សំណូមពរ បើ​ភ្ញៀវ​ខ្វះខាត​អី យើង​បំពេញ​ទៅតាម​សំណូមពរ​ឲ្យ​គាត់​។ ដូចជា​មិន​មាន​អី​ទេ គឺ​បាន​សមរម្យ​»​។

លោក​ថា​យោងតាម​និយាម​អង្គការ​សុខភាព​ពិភពលោក​អ្នក​ដែល​ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចេញមក​ខាងក្រៅ​ទេ​ក្នុង​រយៈពេល ១៤ ​ថ្ងៃ​។ ជាគោលការណ៍​គឺ​ពួកគេ​ត្រូវ​នៅ​ដាច់ដោយឡែក​។ ប៉ុន្តែ​មន្ត្រី​សុខាភិបាល​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​លើ​ពួកគាត់​យ៉ាងខ្លាំង​។

លោក​បន្តថា​៖ «​មិនមែន​ [​ការឃុំឃាំង​] ​ទេ​។​យើង​តាមដាន​សុខភាព​គាត់​រយៈពេល​ ១៤ ​ថ្ងៃ​ ហើយ​បើ​ ១៤ ​ថ្ងៃ​នេះ​គាត់​អត់​មាន​ឈឺ​អី ហើយ​យើង​ពិនិត្យឃើញ​ថា​គាត់​អត់​មាន​កូវីដ​ ១៩ ​គាត់​អាច​ត្រឡប់​ទៅផ្ទះ​បាន​។ មិនមែន​យើង​ឃុំ​ទេ ព្រោះ​យើង​ឲ្យ​គាត់​នៅក្នុង​បន្ទប់​មាន​ម៉ាស៊ីនត្រជាក់ មាន​គ្រែ មាន ពូក មាន​បន្ទប់ទឹក ហូបចុក​គ្រប់គ្រាន់​។ នេះ​គ្រាន់តែ​ជា​ការតាមដាន​សុខភាព ហើយ​អ្វី​ដែល​គាត់​បកស្រាយ​នោះ​មិន​ពិត​ទេ​»​។

លោកស្រី​ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​មិន​ឆ្លើយតប​នឹង​ការលើកឡើង​របស់​ភ្ញៀវទេសចរ​អាមេរិកាំង​ទាំង​ ២ ​រូបនេះ​ទេ ដោយ​លោកស្រី​ថា​ថ្នាក់ដឹកនាំ​គឺ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ច្បាស់​ហើយ​អំពី​ករណីនេះ​។

កាលពី​ថ្ងៃ​សៅរ៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់​មន្ត្រី​ទូត​បរទេសមួយ​ដែល​គំរាម​អភិបាលខេត្ត​កំពង់ចាម​ហើយ​ស្នើ​ឲ្យ​យក​ពលរដ្ឋ​របស់​ពួកគេ​ទៅ​ស្នាក់នៅ​សណ្ឋាគារ​ផ្កាយ​ ៥ នៅ​ភ្នំពេញ​។ ប៉ុន្តែ​លោក​សុំ​ការយោគយល់​ពី​មន្ត្រី​ទូត​រូប​នោះ​ដោយ​លោក​លើកឡើង​ថា លោក​គិតពី​ពលរដ្ឋ​កម្ពុជា​ ១៦ ​លាន​នាក់​។

លោក​ថា​ ករណី​នាវា​នៅ​ខេត្ត​កំពង់ចាម​មាន​អ្នកដំណើរ ៣ ​នាក់​ត្រូវបាន​រកឃើញ​មាន​ផ្ទុក​កូវីដ​ ១៩ ​ខុស​ពី​នាវា MS Westerdam ដែល​ចត​នៅ​​ព្រះសីហនុ ហើយ​អ្នកដំណើរ​ត្រូវបាន​នាំមក​ស្នាក់នៅ​ភ្នំពេញ​នោះ មិន​មាន​អ្នក​ផ្ទុក​កូវីដ​ ១៩ ​ទេ​។

លោក​ លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ថ្លែង​នៅលើ​ហ្វេសប៊ុក​ពី​សប្ដាហ៍​មុន​ថា ការធ្វើ​តេស្ត​ជំងឺ​កូវីដ​ ១៩ មិនមាន​ការគិតថ្លៃ​ទេ​ក្នុង​ករណី​គ្រូពេទ្យ​ពិនិត្យ​ឃើញ​អ្នក​ដែលមាន​រោគសញ្ញា​ចូល​ករណី​សង្ស័យ ដែល​តម្រូវឱ្យ​យក​សំណាក ឬ​តម្រូវ​ឱ្យ​សម្រាក​ពេទ្យ​។ បើ​ពួកគេ​ត្រូវបាន​រកឃើញ​ថា​មាន​វិជ្ជមាន​កូវីដ​ ១៩ ពួកគេ​នឹង​ទទួលបាន​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​។ ការអនុវត្ត​នេះ​សម្រាប់​ទាំង​ជនជាតិ​ខ្មែរ​ និង​ជនបរទេស​។

ការអនុវត្ត​បែបនេះ​ផ្ទុយ​ពី​ការអនុវត្ត​នៅ​វៀតណាម​។ សារព័ត៌មាន​វៀតណាម VN Express ចុះផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ដោយ​ដកស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc ថា ជនបរទេស​នៅ​ប្រទេស ​វៀតណាម​ ត្រូវតែ​ចេញថ្លៃ​ព្យាបាល​បើ​ពួកគេ​មាន​ជំងឺ​កូវីដ​ ១៩​។ ប៉ុន្តែ​ពួកគេ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​ការធ្វើ​តេស្ត​ និង​ការដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ទេ​។

បណ្ដាញ​ព័ត៌មាន AFP រាយការណ៍​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពី​ម្សិលមិញ​បាន​ដាក់​បញ្ជា​ឲ្យ​ជនបរទេស​ដែល​មក​ដល់​ប្រទេស​ ចិន​ ចាប់ពី​ថ្ងៃ​ចន្ទ​តទៅ​ត្រូវ​ចូល​ទៅ​នៅ​អគារ​សម្រាប់​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​ ១៤ ​ថ្ងៃ​ហើយ​ពួកគេ​ត្រូវ​បង់ថ្លៃ​សម្រាប់​ការ​ស្នាក់នៅ​ទីនោះ​៕