ភ្នំពេញៈ ការដ្ឋានសាងសង់អគារធ្លាក់ដែកស្លាប់ស្ត្រីម្នាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិកបានចាប់ផ្តើមឡើងវិញម្សិលមិញពីក្នុងគម្រោងអភិវឌ្ឍន៍ធំនៅរាជធានីភ្នំពេញបន្ទាប់ពីកើតហេតុប្រមាណជា ១ ខែ។
គ្រោះថ្នាក់កាលពីថ្ងៃ ទី២ ខែវិចិ្ឆកា ដែលបានសម្លាប់អ្នកស្រី ពុធ វណ្ណី ដែលកំពុងធ្វើដំណើរទៅទិញរបស់ត្រៀមសម្រាប់ រៀបមង្គលការកូនប្រុសបានធ្វើឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតនិងបង្គាប់ឲ្យផ្អាកជាបណ្តោះអាសន្នការដ្ឋានអគារមួយនៃសំណង់អគារទាំង ៤ របស់គម្រោង ដែលអ្នកឃ្លាំមើលសិទិ្ធមនុស្សបានរិះគន់ថា មិនបានធ្វើការផ្លាស់ប្តូរលើបទដ្ឋានសុវត្ថិភាពនៃការសាងសង់ក្នុង ប្រទេសកម្ពុជា ឡើយ។
លោក មឿន តុលា អ្នកសម្របសម្រួលកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានថ្លែងថា៖ «យើងមានបទប្បញ្ញតិ្តស្តីពីសុវត្ថិភាពនៅកន្លែងសាងសង់ ប៉ុន្តែតើបទប្បញ្ញតិ្តអាចមានប្រសិទ្ធភាពដោយរបៀបណាបើគ្មានការអនុវត្តនោះ?»។
«[ការត្រួតពិនិត្យ] ពុំកើតឡើងទេ..ហើយខ្ញុំមិនគិតថា នឹងផ្លាស់ប្តូរដែរ។ គ្មានគណនេយ្យភាពទេ»។
បន្ទាប់ពីហេតុការណ៍នោះ មនុស្ស ៧ នាក់ត្រូវបានចាប់ខ្លួន ហើយកម្មករ ៥ នាក់ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា ចំណែកឯមេការក្រុមហ៊ុនចំនួន ២ នាក់ត្រូវបានដោះលែង ដោយសារតែពួកគេមិនមានវត្តមាននៅការដ្ឋាននៅពេលកើតហេតុ។
គ្មានការពិន័យលើក្រុមហ៊ុន Oversea Cambodia Investment Corporation របស់លោកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុន Cana Sino Corporation ដែលជាក្រុមហ៊ុនម៉ៅការការដ្ឋាននេះទេ។
លោក កើត សារ៉េត អនុរដ្ឋលេខាធិការនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលកន្លងមកបានថ្លែងថា ឧប្បត្តិហេតុនេះបានបង្ហាញពីការធ្វេសប្រហែសដោយថ្នាក់គ្រប់គ្រងនោះ បានថ្លែងថា៖ «គ្មានច្បាប់ប្រាប់ឲ្យយើងពិន័យពួកគេទេ។ យើងបានបញ្ចប់ការស៊ើបអង្កេតលើករណីនេះហើយ។ យើងបានបង្គាប់ឲ្យពួកគេបង្កើតប្រព័ន្ធសុវត្ថិភាព ហើយធានាថា គ្រប់យ៉ាងដំណើរការផ្អែកលើបទដ្ឋាន។ អគារមួយដែលបានផ្អាកនោះគឺមានសភាពល្អទេ បន្ទាប់ពីឧប្បតិ្តហេតុនោះ»។
លោក ទូច សំណាង អ្នកគ្រប់គ្រងគម្រោងឲ្យក្រុមហ៊ុន OCIC បានឲ្យដឹងថា អនុសាសន៍សុវត្ថិភាពទាំងនេះ រួមបញ្ចូលទាំងការបន្លាស់ទីម៉ាស៊ីនឲ្យឆ្ងាយពីផ្លូវនិងបន្ថែមសំណាញ់ការពារសុវត្ថិភាព។
លោក សំណាង បានបដិសេធធ្វើអត្ថាធិប្បាយស្តីពីថាតើហេតុអ្វីអ្នកគ្រប់គ្រងមិននៅការដ្ឋាននៅពេលកើតហេតុ? ប៉ុន្តែបានបង្វែរកំហុសថា ចេញពីមេការរបស់លោក។
លោកថ្លែងថា៖ «គម្រោងនេះគឺជាផ្នែកមួយរបស់ OCIC ប៉ុន្តែ អ្នកម៉ៅការបន្តជាអ្នកទទួលខុសត្រូវលើការដ្ឋានសាងសង់នេះទាំងមូល»។
អ្នកតំណាងរបស់ក្រុមហ៊ុន Cana Sino បានបដិសេធធ្វើការអត្ថាធិប្បាយជុំវិញហេតុការណ៍និងការទទួលខុសត្រូវកាលពីម្សិលមិញ៕