
ការត្រួតពិនិត្យប្រកាសពន្ធលើរថយន្តកាលពីកន្លងមក។ រូបថត FN
ភ្នំពេញៈ មន្ត្រីពន្ធដារសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិនឹងចាប់ផ្តើមត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២០ នៅដើមខែក្រោយនៅតាមគោលដៅមួយចំនួនក្នុងរាជធានី-ខេត្តនៅទូទាំងប្រទេស បន្ទាប់ពីការប្រមូលពន្ធប្រចាំបានបិទបញ្ចប់កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំមុន។
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជូនដំណឹងនៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២១ ពីការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២០ ដែលក្រុមការងារចម្រុះរាជធានី-ខេត្តដឹកនាំដោយមន្ត្រីពន្ធដារសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិនឹងត្រួតពិនិត្យនៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗចាប់ពីថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២១ តទៅ។
សេចក្តីជូនដំណឹងបញ្ជាក់ថា «ក្នុងករណីម្ចាស់យានយន្តខកខានមិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២០ កន្លងទៅសូមមេត្តារួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់ជាធរមាននៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅតាមសាខាធនាគារមួយចំនួនទៀត»។
ជាមួយគ្នានេះអគ្គនាយកដ្ឋានពន្ធដារសង្ឃឹម និងជឿជាក់ថា ម្ចាស់យានយន្តទាំងអស់នឹងយកចិត្តទុកដាក់គោរពកាតព្វកិច្ចនេះគ្រប់ៗគ្នា និងចូលរួមអនុវត្តឱ្យបានទាន់ពេលស្របតាមបទប្បញ្ញត្តិនៃច្បាប់ដើម្បីចៀសវាងនូវក្រុមការងារចម្រុះ ឃាត់យានយន្តតាមដងផ្លូវតម្រូវឱ្យបង់ប្រាក់ពន្ធដែលនាំឱ្យខកខានពេលវេលា និងកកស្ទះចរាចរណ៍ដែលអាចកើតមាននូវបាតុភាពអសកម្មជាយថាហេតុ។
ការប្រមូលពន្ធប្រចាំឆ្នាំ ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅដោយមានការកើនឡើង បើធៀបនឹងឆ្នាំ ២០១៩ ទាំងចំនួនយានយន្ត និងប្រាក់ចំណូលពីការបង់ពន្ធផ្លូវ។ នេះបើតាមលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
លោក គង់ វិបុល បានឱ្យដឹងកាលពីម្សិលមិញថា ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២០ កន្លងទៅនេះបង្ហាញពីអត្រានៃអ្នកបង់ពន្ធច្រើនឡើងគួរឱ្យកត់សម្គាល់ធៀបនឹងឆ្នាំមុនៗដែលកត្តានេះឆ្លុះបញ្ចាំងពីភាពល្អប្រសើរឡើងជាលំដាប់នៃវប្បធម៌បង់ពន្ធរបស់ប្រជាពលរដ្ឋកម្ពុជាពី ១ ឆ្នាំទៅ ១ ឆ្នាំ។
លោកបានបន្តថា ជាក់ស្តែងគិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ ២០២០ (តាមទិន្នន័យក្នុងប្រព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ) សម្រេចបានរថយន្តចំនួន ៧៣៣ ៥៤៩ គ្រឿង (រថយន្តចុះបញ្ជីថ្មីក្នុងឆ្នាំនេះចំនួន ៧៦ ៩៩៤ គ្រឿង) បើធៀបនឹងឆ្នាំ ២០១៩ បានកើនឡើងចំនួន ៧២ ៦៧៥ គ្រឿង។
លោក គង់ វិបុល បានបញ្ជាក់ថា៖ «ក្នុងឆ្នាំ ២០២០ ចំណូលពីការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទទទួលបានប្រាក់ពន្ធសរុបចំនួន ៣៦៦ ៤២៤,៧ លានរៀល ដែលចំណូលនេះបានកើនឡើងចំនួន ៣៦ ០២៦,៣ លានរៀល ស្មើនឹង ១០៥,២% បើប្រៀបធៀបនឹងផែនការឆ្នាំ ២០២០ ស្មើនឹង ១៣៥,២%»។
លោក សែម រតនា ប្រធានការិយាល័យចរាចរណ៍រាជធានីភ្នំពេញបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា លោកមិនទាន់ទទួលបានការផ្តល់ព័ត៌មាន ឬបទបញ្ជាលើការបែងចែក ឬកំណត់គោលដៅក្នុងការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះនៅឡើយទេ។
លោកបានប្រាប់ថា៖ «នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនឹងធ្វើការបែងចែកតាមគោលដៅដោយមានការសហការជាមួយនឹងមន្ត្រីពន្ធដារក្នុងការធ្វើការងារនេះ។ ខ្ញុំនឹងប្រាប់ភ្លាម នៅពេលដែលខ្ញុំទទួលបានការណែនាំ ឬព័ត៌មានណាមួយពីថ្នាក់លើ»។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា មកទល់នឹងបច្ចុប្បន្ននេះកម្ពុជាមានយានយន្តចុះបញ្ជីសរុបទាំងអស់ចំនួនប្រមាណ ៥ ៦៨០ ០០០ គ្រឿង ក្នុងនោះរថយន្តមានប្រមាណ ៩៣៦ ០០០ គ្រឿង៕
វីដេអូ៖