រដ្ឋាភិបាល​ជប៉ុន ប្រើប្រាស់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) របស់​ខ្លួន​ផ្តួចផ្តើម​គម្រោង​ស្តារ​ហេដ្ឋា​រចនាសម្ព័ន្ធ​ធារាសាស្ត្រ​រយៈពេល​ ៣ ​ឆ្នាំ​នៅ​តំបន់​ខាងលិច​នៃ​បឹង​ទន្លេសាប​ក្នុង​ឆ្នាំ​ ២០១៩ កន្លងទៅ​។

គម្រោង​នេះ​ត្រូវបាន​អនុវត្ត​ដើម្បី​ជំនួស​ហេដ្ឋារចនាសម្ព័ន្ធ​ចាស់​ដែល​ត្រូវបាន​សាងសង់​ក្នុង​របប​ខ្មែរក្រហម (១៩៧៥-១៩៧៩) ដែល​ភាគច្រើន​នៃ​សំណង់​ទាំងនោះ​មិន​ដំណើរការ​គ្រប់គ្រាន់ ដោយសារ​តែ​បញ្ហា​ការរចនា សំណង់ និង​ភាពចាស់​ទ្រុឌទ្រោម ហើយ​បរិមាណ​ទឹក​ត្រូវបាន​ប៉ះពាល់​ដោយ​អាកាសធាតុ​។

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​ទាំងនេះ​គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការគ្រប់គ្រង​ការផ្គត់ផ្គង់​ទឹក​ឱ្យ​មាន​ស្ថិរភាព​ដល់​តំបន់​ជុំវិញ​បឹង​ទន្លេសាប ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ប្រភព​ដាំដុះ​ស្រូវ​ដ៏សំខាន់​សម្រាប់​សហគមន៍​កសិកម្ម​។ តំបន់​គោលដៅ​គឺ​ ៦ ​ស្រុក​នៅក្នុង​ខេត្ត​ទាំង​ ៣ ​នៅ​ប៉ែក​ខាងលិច​បឹង​ទន្លេសាប ហើយ​ការសាងសង់​ដំណាក់កាល​ទី​ ២ នៃ​គម្រោង​បាន​ចាប់ផ្តើម​នៅ​ខែកុម្ភៈ ឆ្នាំ​ ២០១៩ ហើយ​រាល់​ការបំពាក់​គ្រឿង​បរិក្ខារ​ទាំងអស់​បានបញ្ចប់​នៅ​ខែមិថុនា ឆ្នាំ​ ២០២០​។

ក្រៅពី​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​នឹង​នាំមុខ​ក្នុង​ការគ្រប់គ្រង​ធនធានទឹក​នៅក្នុង​តំបន់ ទ្រទ្រង់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ដ្រ ពង្រឹង​ប្រព័ន្ធ​ប្រតិបត្ដិការ និង​ថែទាំ​ប្រព័ន្ធធារាសាស្ត្រ ការអភិវឌ្ឍ​ធនធាន​មនុស្ស ការគ្រប់គ្រង​ទឹក​ដ៏ត្រឹមត្រូវ​ដោយ​ប្រជាកសិករ ហើយក៏​កំពុង​អនុវត្ត​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​ក្នុង​គោលបំណង​គ្រប់គ្រង​បង្កើត​ និង​ពង្រឹង​សមាគម​ការប្រើប្រាស់​ទឹក​ដោយ​ផ្តល់នូវ​ការណែនាំ​ពី​កសិកម្ម ដើម្បី​បង្កើន​ផលិតកម្ម​កសិកម្ម​ និង​រួមចំណែក​ដល់​ការកែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​នៅក្នុង​តំបន់​។

ប្រព័ន្ធធារាសាស្ត្រ​នៅ​ភូមិ​វត្ត​ជ្រៃ​ក្នុង​ខេត្ត​ពោធិ៍សាត់​ត្រូវបាន​ស្តារឡើងវិញ

លោក ព្រំ កន្ធែល នាយករង​នៃ​នាយកដ្ឋាន​ទទួលបន្ទុក​នៅក្នុង​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បានឱ្យដឹង​ថា គម្រោង​នេះ​នឹងមាន​រយៈពេល​ ៣ ​ឆ្នាំ​ដោយមាន​គោលដៅ​បង្រៀន​ពី​របៀប​ធ្វើស្រែ​នៅ​ឆ្នាំ​ទី​១ ​និង​ទី​២ ​ហើយ​វិធី​គ្រប់គ្រង​ប្រព័ន្ធធារាសាស្ត្រ​នៅ​ឆ្នាំ​ទី​៣​។

លទ្ធផល​ដែល​រំពឹង​នៅក្នុង​គម្រោងការ​នេះ​គឺ​ផ្តល់​ភាពងាយស្រួល​ក្នុង​ការបូមទឹក​ជាង​មុន​មាន​ភាពងាយស្រួល​ក្នុង​ការដឹកជញ្ជូន​ដោយ​បង្កើត​ផ្លូវ និង​រំពឹង​ទទួល​បាន​ទិន្នផល​ខ្ពស់ជាង​មុន​។

សហគមន៍​កសិករ​នៅ​ភូមិ​លាងពុង ខេត្ត​បាត់ដំបង និង​ភូមិ​វត្តជ្រៃ ខេត្ត​ពោធិ៍សាត់​ចាប់ផ្តើម​ទទួល​អត្ថប្រយោជន៍​ពី​គម្រោង​ដែល​ត្រូវបាន​ជួសជុល​ និង​កែលម្អ​ដោយមាន​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​។ ផ្ទៃដី​ស្រោចស្រព​នៅ​ភូមិ​លាងពុង ខេត្តបាត់ដំបង​មាន​ចំនួន ១ ៩៦៩ ហិកតា ហើយ​មាន​ប្រព័ន្ធ​ស្រោច​ទឹក​នៅ​ភូមិ​ចំនួន ៧ ក្នុង​ឃុំ​ចំនួន​ ៣ ។

លោក គ្រេន សាមាន ប្រធាន​សហគមន៍​កសិករ​បានឱ្យ​ដឹងថា មុនពេល​ការសាងសង់​ប្រព័ន្ធ​ស្រោចស្រព​បានបញ្ចប់ ទឹកទន្លេ​មិនអាច​រក្សាទុក​បាន​ទេ ហើយ​មាន​បញ្ហា​ខ្វះ​ទឹក​ដ៏ធ្ងន់ធ្ងរ​។ នៅពេល​អនាគត​វា​នឹង​អាចធ្វើឱ្យ​មាន​ការបង្ហូរ​ទឹក​នៅ​រដូវវស្សា​ដើម្បី​ការពារ​ទឹកជំនន់ និង​ចែកចាយ​ទឹក​ដែល​បាន​ផ្ទុក​ទៅ​តំបន់​ដែល​មាន​ការខ្វះ​ទឹក​នៅ​រដូវប្រាំង​បាន​។

ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​អំពិល​ស្ថិត​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់

ប្រហែល​កន្លះ​ឆ្នាំ​បន្ទាប់ពី​ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​ស្រោចស្រព ទិន្នផល​ដែល​ធ្លាប់មាន ២ ​តោន​ក្នុង​ ១ ​ហិកតា ​បាន​កើនឡើង​ពី ១,៥ ទៅ ២ ​ដង​។ លើសពីនេះ​ទៀត វា​ធ្លាប់ជា​ដំណាំ​មួយ​ដំណាក់កាល ប៉ុន្តែ​ឥឡូវនេះ​អាចធ្វើ​បាន​ដំណាំ​ ២ ​ដំណាក់កាល ហើយ​កសិករ​កំពុងមាន​បំណង​ដាំ​ដំណាំ ៣ ដំណាក់កាល​។

លោក​ សាមាន ​ថ្លែង​ថា​៖ «​ប្រព័ន្ធ​ធារាសាស្ត្រ​នេះ​គួរតែ​ត្រូវបាន​គ្រប់គ្រង​ដោយ​អ្នកភូមិ​។ យើង​ចង់​ចែករំលែក​គុណ​តម្លៃ និង​សហការគ្នា​ដើម្បី​ថែរក្សា​ប្រព័ន្ធ​នេះ​។ យើង​ក៏​បង្កើតជា​ក្រុម​នៅក្នុង​សមាជិក ដើម្បី​សម្អាត​ប្រព័ន្ធ​ធារាសាស្ត្រ​។ ខ្ញុំ​ចង់​អប់រំ និង​បំភ្លឺ​ប្រជាជន​ឱ្យ​ថែទាំ​។ នេះ​គឺជា​គំនិត​មួយ​ដែលមាន​បំណង​ចង់​ប្រើប្រាស់​ និង​គ្រប់គ្រង​ប្រព័ន្ធ​ទាំងនោះ​ដោយ​សមាគម​កសិករ​ផ្ទាល់​»​។

ផ្ទៃដី​ស្រោចស្រព​ទី​ ២ ​គឺ​ភូមិ​វត្ត​ជ្រៃ ខេត្តពោធិ៍សាត់​ដែល​មាន​ផ្ទៃដី​ចំនួន ១ ២២៧ ហិកតា​។ មេដឹកនាំ​របស់​ភូមិ​ទាំង​ ១០ ​នៅក្នុង​ឃុំ​ចំនួន​ ២ បាន​បង្កើត​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​។

ប្រធាន​សមាគម​លោក មាស សុខ ថ្លែងថា​៖ «​នៅ​រដូវវស្សា ទឹកទន្លេ​ហៀរ ប៉ុន្តែ​នៅ​រដូវប្រាំង ទឹកទន្លេ​រីងស្ងួត​។ ប៉ុន្តែ​ក្រោយពេល​បានបញ្ចប់​ការសាងសង់​ប្រព័ន្ធ​ស្រោចស្រព​នេះ ទិន្នផល​ដែល​ធ្លាប់បាន ៣-៤ ​តោន​ ក្នុង​មួយ​ហិកតា វា​មានការ​កើន​រហូត​ដល់​ចំនួន ៤-៦ ​តោន​ហើយ​ឥឡូវនេះ​វា​អាច​ធ្វើការ​ដាំ​ស្រូវ ៣ ​ដំណាក់កាល​»​។

លោក គ្រេន សាមាន

សមាគម​កសិករ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការគ្រប់គ្រង​ទឹក និង​ថែទាំ​ប្រព័ន្ធ​។ ជាពិសេស​កង្វះខាត​ទឹក​នៅ​រដូវប្រាំង​គឺ​ធ្ងន់ធ្ងរ​ណាស់ ហើយ​ចាំបាច់​ត្រូវ​ពិភាក្សា​ដោយ​ប្រុងប្រយ័ត្ន​ថា តើ​ត្រូវ​ចែកចាយ​ទឹក​នៅ​ភូមិ​ណា​? និង​ត្រូវ​សម្របសម្រួល និង​កំណត់​បរិមាណ​នៃ​ការផ្គត់ផ្គង់​ទឹក​។

ពេលនេះ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ជា​អ្នកគ្រប់គ្រង​ប្រព័ន្ធ​ធារាសាស្ត្រ ប៉ុន្តែ​នៅពេល​គម្រោង​នេះ​ត្រូវ​បានបញ្ចប់​នៅ​ខែមីនា ឆ្នាំ​ ២០២១ ខាងមុខ សមាគម​កសិករ​ជា​អ្នកគ្រប់គ្រង​ប្រព័ន្ធធារាសាស្ត្រ​ដោយផ្ទាល់​វិញ​។

ក្នុងករណី​ជួសជុល​ទ្រព្យសម្បត្តិ​ខ្នាត​ធំ​ដូចជា​ម៉ាស៊ីនបូមទឹក​ជាដើម គេ​ត្រូវសុំ​ពិគ្រោះ​ជាមួយ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម តែ​ការងារ​ថែទាំ​ប្រចាំថ្ងៃ​គឺ​ត្រូវ​ទទួលបន្ទុក​ដោយ​សមាគម​ដែរ ទើបត្រូវ​ប្រមូល​ថ្លៃ​សមាជិក​ហើយ​គ្រប់គ្រង​ និង​ប្រើប្រាស់​វា​សម្រាប់​ប្រយោជន៍​រួម​។

លោក ហែ ប៊ុនធឿន នាយករង​នៃ​នាយកដ្ឋាន​ទទួលបន្ទុក​ការងារ​នេះ​នៅ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឱ្យ​ដឹងថា ប្រព័ន្ធ​ស្រោចស្រព​នៅ​ភូមិ​វត្ត​ជ្រៃ ត្រូវ​បាន​យក​គំរូ​តាម​ការរចនា​របស់​ជប៉ុន​។

ឧទ្យាន​កំពុង​ត្រូវបាន​រៀបចំ​ឡើង ហើយ​សកម្មភាព​កែលម្អ​កំពុង​ត្រូវបាន​អនុវត្ត​ដូចជា​ដំឡើង​កៅអីអង្គុយ​ និង​អំពូល​ភ្លើង​នៅតាម​ដងផ្លូវ​ជុំវិញ​ប្រព័ន្ធ​ស្រោចស្រព ព្រមទាំង​ដាំ​ផ្កា​។ តាមរយៈ​ការបង្កើត​ទេសភាព​ស្រស់ស្អាត​នៅ​ជុំវិញ​ប្រព័ន្ធធារាសាស្ត្រ គេ​នឹងធ្វើ​ការអភិវឌ្ឍ​តំបន់​នេះ​ទៅជា​គោលដៅ​ទេសចរណ៍​ក្នុង​ស្រុក​ផងដែរ​។

ទាំង​នៅ​ខេត្ត​បាត់ដំបង និង​ខេត្តពោធិ៍សាត់​មាន​ការរំពឹងទុក​ខ្ពស់​សម្រាប់​ប្រព័ន្ធធារាសាស្ត្រ​ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ជំនួយ​ប្រាក់កម្ចី​។

នៅពេល​អនាគត សមាគម​កសិករ​នឹង​ផ្តួចផ្តើម​គំនិត​ក្នុង​ការគ្រប់គ្រង​ និង​ប្រើប្រាស់​ជា​បន្ត ហើយ​សកម្មភាព​របស់​ពួកគេ​នោះ​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​កសិកម្ម​ប្រកប​ដោយ​ចីរភាព ព្រមទាំង​ការកាត់បន្ថយ​ភាពក្រីក្រ និង​កំណើនសេដ្ឋកិច្ច​៕