
ជីដូនម្នាក់កំពុងទទួលបន្ទុកមើលថែចៅៗរបស់គាត់។ រូបថត សហការី
ភ្នំពេញៈ អង្គការទស្សនៈពិភពលោកនៅកម្ពុជាបានរកឃើញថា ការធ្វើចំណាកស្រុកឆ្លងប្រទេស មុនពេលមានការរីករាលដាលនៃជំងឺកូវីដ ១៩ និងការជំរុញឱ្យមានការធ្វើចំណាកស្រុកក្នុងប្រទេស ក៏មានកម្រិតកាន់តែខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានកំណើននៃវិស័យកាត់ដេរ និងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំងក្លានៅក្នុងរាជធានីភ្នំពេញ បានធ្វើឱ្យកុមារតូចៗត្រូវបានទុកឱ្យនៅជាមួយជីដូនជាអ្នកមើលថែ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោកនៅកម្ពុជា ពីម្សិលមិញបានលើកឡើងថា ការវិវឌ្ឍទាំង ២ នេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតគ្រួសារនៅតាមជនបទរាប់រយរាប់ពាន់គ្រួសារនៅក្នុងប្រទេសកម្ពុជា។
អង្គការនេះបញ្ជាក់ថា៖ «ចំនួនកុមារកាន់តែច្រើនឡើងៗមានឪពុកម្តាយម្នាក់ ឬទាំង ២ នាក់ បានចាកចេញពីភូមិកំណើតរបស់ពួកគេ ដើម្បីស្វែងរកឱកាសថ្មី សម្រាប់គ្រួសារដោយទុកកូនៗឱ្យសមាជិកគ្រួសារមើលថែ ដែលភាគច្រើនជាជីដូនខាងម្ដាយ»។
យោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកបញ្ហានេះមានកាន់តែច្រើនឡើង ហើយជីដូនបានទទួលយកតួនាទីចម្បងជាអ្នកផ្ដល់ការថែទាំក្នុងគ្រួសារ ដែលស្ទើរតែ ២ ភាគ ៣ ឬ ៦៤% នៃគ្រួសារនៅក្នុងប្រទេស។
តាមការស្ទង់មតិមួយដែលធ្វើឡើងដោយអង្គការទស្សនៈពិភពលោកក្នុងឆ្នាំ ២០២០ មានជីដូនចូលរួមតែ ៦៧% ដែលបានដឹងអំពីការអនុវត្តដែលល្អបំផុតទាំង ៥ ក្នុងការផ្តល់ចំណីអាហារល្អដល់ទារក និងកុមារ និង ៤៧% បានអនុវត្តវិធីដែលអាចបង្កគ្រោះថ្នាក់ចំនួន ៤ ឬច្រើនជាងនេះដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ម្ដាយ និងកុមារ។
លើសពីនេះ ជីដូនចំនួន ៣០ ភាគរយ ដែលបានផ្ដល់បទសម្ភាសឱ្យអង្គការទស្សនៈពិភពលោកបាននិយាយថា ពួកគាត់មានអារម្មណ៍ធុញថប់ និងអស់កម្លាំង និង ៤៧ ភាគរយ មានអារម្មណ៍មិនសប្បាយចិត្ត ឬធ្លាក់ទឹកចិត្តយ៉ាងតិចម្ដង។
អង្គការដដែលនេះសង្កត់ធ្ងន់ថា៖ «ជីដូនត្រូវបានគេចាត់ទុកដូចជា ព្រះរស់ និងមានឥទ្ធិពលច្រើនទៅលើអ្នកថែទាំដទៃ»។
លោកស្រី ឌី ឃឿន អាយុ ៥២ ឆ្នាំ រស់នៅក្នុងស្រុកសំរោងខេត្តកំពង់ស្ពឺជាអ្នកនៅមើលថែចៅចំនួន ៤ នាក់ ក្នុងនោះមានអាយុ ៣ ខែ ១៨ ខែ ៩ ឆ្នាំ និងអាយុ ១០ ឆ្នាំ ដែលចៅៗទាំងនេះជាកូនរបស់កូនស្រីទាំង ២ របស់គាត់ ដែលកំពុងធ្វើការនៅតាមរោងចក្រ។
លោកស្រីថ្លែងថា៖ «ខ្ញុំក្រោកពីម៉ោង ៥ ព្រឹកហើយចម្អិនម្ហូបឱ្យចៅ និងកូនរបស់ខ្ញុំ។ ខ្ញុំមើលថែពួកគាត់។ ការងារបន្ទាប់របស់ខ្ញុំ គឺរៀបចំអុស និងធ្វើស្រែ។ ខ្ញុំក៏ជួយបោកសម្លៀកបំពាក់ឲ្យសមាជិកទាំងអស់ក្នុងគ្រួសារផងដែរ»។
ចំណែកលោកស្រី គឹម ស្រេង អាយុ ៥០ ឆ្នាំ ជាអ្នកមើលថែចៅចំនួន ៣ នាក់ ដែលមានអាយុ ៥ ឆ្នាំ ៤ ឆ្នាំ និង ២ ឆ្នាំនិយាយថា អ្នកស្រីបានមើលថែចៅទាំងអស់របស់លោកស្រីតាំងពីពេលដែលពួកគេមានអាយុ ៦ ខែមក។ រាល់ថ្ងៃអ្នកស្រីក្រោកពីម៉ោង ៥ ព្រឹកដើម្បីធ្វើម្ហូបសម្រាប់គ្រួសារ បញ្ចុកអាហារចៅ សម្អាតផ្ទះ លាងចាន បន្ទាប់មកបោកសម្លៀកបំពាក់ និងថែដំណាំ។
ស្ត្រីរូបនេះនិយាយទៀតថា៖ «ខ្ញុំក៏មានអារម្មណ៍ធុញថប់ នៅពេលខ្លះៗ អំឡុងពេលដែលកំពុងមើលថែចៅៗ ប៉ុន្តែប្រសិនបើខ្ញុំមិនមើលថែទាំចៅៗ កូនរបស់ខ្ញុំនឹងមិនអាចធ្វើការ និងរកចំណូលបាននោះទេ»។
ជាមួយគ្នានេះដែរ តាមការស្ទង់មតិរបស់អង្គការទស្សនៈពិភពលោកក៏បានរកឃើញថា ជីដូនចំនួន ៩៥% ជឿថា ការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខ សម្រាប់រយៈពេល ៦ ខែដំបូង គឺមានប្រយោជន៍សម្រាប់ទារក។ ទោះជាយ៉ាងណាមានជីដូនតែ ១៤ ភាគរយប៉ុណ្ណោះ ដែលបានឱ្យចៅបៅទឹកដោះម្ដាយសុទ្ធរយៈពេល ៦ ខែ។
អង្គការទស្សនៈពិភពលោកក្នុងការអនុវត្តកម្មវិធីអាហារូបត្ថម្ភបញ្ជាក់ថា ជីដូនមានឥទ្ធិពលវិជ្ជមានទៅលើស្ថានភាពសុខភាព និងអាហារូបត្ថម្ភរបស់កុមារ ជាមួយនឹងចំណេះដឹងត្រឹមត្រូវអំពីមាតា ទារកទើបនឹងកើត និងការថែទាំកុមារ។
មន្ត្រីជំនាញផ្នែកអាហារូបត្ថម្ភនៅអង្គការទស្សនៈពិភពលោកនៅកម្ពុជា លោកស្រី Grana PuSelvi ឱ្យដឹងថា ការបំបៅកូនដោយទឹកដោះម្ដាយតែ ១ មុខរយៈពេល ៦ ខែដំបូងរបស់ទារកអាចផ្តល់នូវសារធាតុចិញ្ចឹមសមស្របក្នុងបរិមាណត្រឹមត្រូវ និងការពារកុមារពីការឆ្លងជំងឺ។ កុមារដែលមិនទទួលបានការបំបៅដោយទឹកដោះម្ដាយតែ ១ មុខអាចខ្វះអាហារូបត្ថម្ភ និងទទួលរងជំងឺឆ្លងញឹកញាប់។
លោកស្រីថ្លែងថា៖ «យើងចង់ឃើញកុមារទាំងអស់ ជាពិសេសកុមារងាយរងគ្រោះបំផុតមានសុខភាពល្អ និងមានអាហារូបត្ថម្ភល្អ។ ដោយសារតែជីដូនមានតួនាទីសំខាន់ ជាពិសេសក្នុងការចិញ្ចឹមកុមារ យើងត្រូវផ្តល់ដំបូន្មានដែលជួយបង្កើនចំណេះដឹងរបស់ក្រុមជីដូន និងលើកកម្ពស់ឥរិយាបថ និងការអនុវត្តល្អៗទាក់ទងនឹងសុខភាពរបស់កុមារតូច»។
អង្គការទស្សនៈពិភពលោកផ្តល់អត្ថប្រយោជន៍ដល់កុមារជាង ១៨០០ នាក់ដែលស្ថិតក្រោមការមើលថែរបស់ជីដូនតាមរយៈក្រុមជីដូនជំនួប ៥០ ក្រុម ដែលមានសមាជិកជាង ៥០០ នាក់ នៅស្រុកសំរោងទង ស្រុកបសេដ្ឋ និងរាជធានីភ្នំពេញ។
អង្គការទស្សនៈពិភពលោក បានរៀបចំការប្រជុំជាប្រចាំខែដើម្បីលើកកម្ពស់ការយល់ដឹងអំពីវិធីសាស្រ្តថែទាំកុមារផ្សេងទៀតដែលល្អជាងមុន។ កម្មវិធីនេះក៏លើកទឹកចិត្តសមាជិកគ្រួសារដទៃទៀតឱ្យចែករំលែកទំនួលខុសត្រូវរបស់ជីដូន ដើម្បីសម្រាលតួនាទីរបស់គាត់តាមរយៈការប្រជុំរវាងសមាជិកក្នុងក្រុមគ្រួសារ៕