ព្រះវិហារៈ ក្រសួង​បរិស្ថាន​សហការ​ជាមួយ​ក្រសួង​កសិកម្ម អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា​ (WCS) ​និង​អង្គការ​ផ្សេងទៀត​ពី​ថ្ងៃ​ពុធ​បាន​ធ្វើ​ជំរឿន​សត្វ​ត្មាត​ប្រចាំ​ឆ្នាំ​នៅ​ ៤ ​កន្លែង​ក្នុង​ថ្ងៃ​តែ​ ១ ដោយ​រកឃើញ​ថា ចំនួន​សត្វ​ត្មាត​មាន​ការថយ​ចុះ​បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​សត្វ​ត្មាត​នៅ​ឆ្នាំ ២០២០ ​មាន​ ១១៩ ក្បាល គឺ​មាន​ការថយចុះ​ ១៨ ​ក្បាល បើ​ប្រៀបធៀប​នឹង​ជំរឿន​ក្នុង​ឆ្នាំ ២០១៩ ដែល​មាន​សត្វ​ត្មាត​ទាំង​ ៣ ប្រភេទ​ ១៣៧ ​ក្បាល​។ ក្នុងចំណោម​ត្មាត​ទាំង​ ១១៩ ​ក្បាល​នោះ ត្មាតភ្លើង​មាន​ ១១ ​ក្បាល ត្មាតផេះ​មាន​ ៧១ ​ក្បាល និង​ត្មាត​ត្នោត​មាន​ ៣៧ ​ក្បាល​។

សត្វត្មាត​ទាំង​ ១១៩ ​ក្បាល​នោះ​ មាន​នៅ​ដែនជម្រក​សត្វព្រៃ​ឆែប​សរុប​ចំនួន ៣៤ ​ក្បាល​គឺ​ត្មាតភ្លើង​ ៣ ​ក្បាល ត្មាតផេះ​ ២២ ​ក្បាល និង​ត្មាត​ត្នោត ៩ ​ក្បាល​។ សត្វត្មាត​នៅ​ដែន​ជម្រក​សត្វព្រៃ​សៀមប៉ាង​មាន​ ៨១ ​ក្បាល​គឺ​ត្មាតភ្លើង ៤ ​ក្បាល ត្មាតផេះ ៤៩ ​ក្បាល និង​ត្មាត​ត្នោត ២៨ ក្បាល​។ នៅ​ដែនជម្រក​សត្វព្រៃ​ស្រែពក​មាន​ត្មាតភ្លើង​ ៤ ​ក្បាល ហើយ​នៅ​ដែនជម្រក​សត្វព្រៃ​ស្រែ​អង្ក្រង​មិនមាន​វត្តមាន​ត្មាត​ទេ​។

លោក ភក្ត្រា ដែល​បាន​ចូលរួម​បើក​ពិធី​ធ្វើ​ជំរឿន​ត្មាត​កាលពី​ថ្ងៃ​ពុធ​នៅ​សហគមន៍​ដង​ផ្លិត​ឲ្យ​ដឹងថា​ការធ្វើ​ជំរឿន​សត្វ​ត្មាត​បាន​ធ្វើ​ឡើង​នៅ​ ៤ ​ទីតាំង​ផ្សេង​គ្នា​រួមមាន​នៅ​ដែនជម្រក​សត្វព្រៃ​សៀមប៉ាង​ក្នុង​ខេត្ត​ស្ទឹងត្រែង​នៅ​អាហារដ្ឋាន​ត្មាត​ចំណុច​វាល​បឹង​ទាល់​ស្ថិត​នៅ​សហគមន៍​ព្រៃ​អណ្តូង​ដង​ផ្លិត​ក្នុង​ដែនជម្រក​សត្វព្រៃ​ឆែប​ក្នុង​ខេត្តព្រះវិហារ​នៅ​ដែន​ជម្រក សត្វព្រៃ​ស្រែពក ខេត្ត​មណ្ឌលគិរី និង​នៅ​ស្រែ​អង្ក្រង​ក្នុង​តំបន់​សេ​សាន​នៅ​ស្ទឹងត្រែង​។

លោក​បញ្ជាក់ថា សត្វ​ត្មាត​ ៣៤ ​ក្បាល ​បាន​ចុះមក​ស៊ី​សត្វគោ​ងាប់​ដែល​ជា​ចំណី​រៀបចំ​បន្ថែម​ដោយ WCS ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​គម្រោង​ព្រៃឡង់​បៃតង (Greening Prey Lang)​។ ចំនួន​នេះ​មិនទាន់​រាប់បញ្ចូល​ពី​លទ្ធផល​ជំរឿន​នៅ​តំបន់​ផ្សេងទៀត​នៅឡើយ​ទេ​។ ជំរឿន​កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៩ ​នៅ​ទីតាំង​ដដែល​នេះ​មាន​សត្វ​ត្មាត​ចំនួន ៤៤ ​ក្បាល​។

សត្វត្មាត​ចោមរោម​ស៊ី​សត្វ​គោ​ជា​ចំណី​ក្នុង​ពិធី​ធ្វើ​ជំរឿន​ត្មាត​។ ហេង ជីវ័ន

បើ​តាម​លោក ភក្ត្រា លទ្ធផល​ជំរឿន​សត្វ​ត្មាត​នៅ​ឆ្នាំមុន​បង្ហាញ​ថា កម្ពុជា​មាន​សត្វត្មាត​ទាំង ៣ ប្រភេទ​ចំនួន​ ១៣៧ ​ក្បាល​ ហើយ​តំបន់​ដែល​មាន​សត្វត្មាត​ច្រើន​ជាង​គេ គឺ​នៅ​ដែន​ជម្រក​សត្វព្រៃ​សៀមប៉ាង​ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ដែនជម្រក​សត្វព្រៃ​ឆែប​ក្នុង​ខេត្តព្រះវិហារ​។

លោក​ថ្លែង​ថា​៖ «​សត្វត្មាត​ជា​ប្រភេទ​សត្វ​កម្រ និង​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​ក្នុង​ការបាត់​ពូជ​នៅលើ​​សកលលោក ខណៈ​ចំនួន​សត្វ​ត្មាត​នៅតែ​បន្ត​មាន​ការធ្លាក់ចុះ​ជា​រៀងរាល់​ឆ្នាំ និង​ក្នុង​កម្រិត​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ ទោះបី​ជា​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​បរិស្ថាន​សហការ​ជាមួយ​អង្គការ​ដៃគូ​នានា ខិតខំ​ប្រឹងប្រែង​ការពារ និង​អភិរក្ស​ក៏ដោយ​»​។

លោក​បន្ត​ថា​ដោយសារ​តែ​សត្វត្មាត​ជា​សត្វ​កម្រ​ជិត​ផុត​ពូជ​អស់​ពីលើ​ពិភពលោក ហើយ​កម្ពុជា​ត្រូវ​បាន​គេ​ដឹងថា នៅ​មាន​សល់​សត្វ​ត្មាត​ច្រើន​ជាងគេ​នោះ ក្រសួង​បរិស្ថាន​បាន​សហការ​ជាមួយ​អង្គការ WCS បាន​អនុវត្ត​សកម្មភាព​អភិរក្ស​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​នានា​តាមរយៈ​ការផ្តល់​ចំណី​បន្ថែម និង​ការពារ​សម្បុក​ពង​កូន​។

លោក ភក្ត្រា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យចូល​រួម​អភិរក្ស និង​ការពារ​សត្វ​ត្មាត​ឱ្យបាន​គង់វង្ស​ដោយ​បញ្ឈប់​សកម្មភាព​បរបាញ់ ឬ​ការជួញដូរ​សត្វព្រៃ​។ លោក​ថា សត្វ​ត្មាត​ជា​សត្វស្លូត និង​ជា​អ្នក​ដែល​សម្អាត​បរិស្ថាន ដោយ​ស៊ី​គំរង់​សាកសព​សត្វ​ផ្សេងទៀត​ជា​អាហារ​។

លោក​ថា​៖ «(​ការអភិរក្ស​ត្មាត​) ​វា​ជា​ការថែរក្សា​មរតក​ធម្មជាតិ​ដ៏មាន​តម្លៃ​មហាសាល​សម្រាប់​កម្ពុជា និង​ពិភពលោក​ទាំងមូល​ជា​តម្លៃ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ និង​ការទាក់ទាញ​ភ្ញៀវទេសចរ​សម្រាប់​ទេសចរណ៍​ធម្មជាតិ បង្កើត​មុខរបរ​ផ្តល់​ចំណូល​ជូន​ប្រជាពលរដ្ឋ​»​។

លោក កែន សេរីរដ្ឋា នាយក​អង្គការ WCS ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា នៅក្នុង​តំបន់​ទី​ ១ ​នៅ​ខេត្ត​ព្រះវិហារ​គឺ​មាន​លទ្ធផល​វិជ្ជមាន​ដោយសារ​មាន​កំណើន​សត្វ​ត្មាត​គួរ​ឱ្យ​កត់សម្គាល់​។ «​នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​រយៈពេល​ព្រឹក​មិញ​ (១០ មិថុនា​) ​ដែល​យើង​បាន​អង្កេត​មើល​»​។

លោក​ថ្លែងថា ការកើនឡើង​នេះ​គឺ​ដោយសារ​ការចុះ​ល្បាត​រួមគ្នា​រវាង​សហគមន៍ និង​មន្ត្រី​ឧទ្យានុរក្ស និង​មាន​ការថែទាំ​បាន​ដិតដល់​ជាង​ពេល​កន្លង​មក​។ លោក សេរីរដ្ឋា ថ្លែង​ថា​៖ «​និយាយ​រួម​ទៅ វា​ជា​ឱកាស​មួយ​សំណាង​ដែរ ដែល​យើង​អាច​រកឃើញ​សម្បុក​របស់​ត្មាត ហើយ​យើង​ការពារ​បាន​ទាន់ពេល​...»៕

វីដេអូ៖