ភ្នំពេញៈ អគ្គ​ស្នង​ការ​រង​នគរ​បាលជាតិនិង​ជាស្ន​ងកា​រ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ លោក ស ថេត ពុំ​ទាន់​បញ្ជាក់​ពី​ពេលវេលា​ច្បាស់​លាស់​ក្នុង​ការ​ធ្វើ​តេស្ដ​ទឹក​នោម​លើ​​មន្ត្រី​នគរ​បាល​នៅ​រាជ​ធានី​ភ្នំពេញ​ដើម្បី​រកសារ​ធាតុ​ញៀន នៅ​ឡើយ​ទេ ដោយ​លោក​គ្រាន់តែ​អ​អាង​ថា​ នឹង​ចាប់​ផ្ដើម​នៅ​ពេល​ឆាប់ៗ​នេះ ​បន្ទាប់​ពី​មាន​ឧបករណ៍​ធ្វើ​តេស្ដ​គ្រប់គ្រាន់។

លោក​ ស ថេត បាន​លើក​ឡើង​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​កាល​ពី​ម្សិល​មិញ​ថា​ លោក​បាន​បន្ត​ក្រើន​រំឭក​មន្ត្រី​នគរ​បាល​ទាំង​អស់​ ត្រូវមាន​ភាព​ស្អាត​ស្អំ​ និង​មិនត្រូវ​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ឡើយ​ ហើយ​ការពិនិត្យ​ទឹក​នោម​រកសារ​ធាតុ​ញៀន​នឹងធ្វើ​ឡើង​ឆាប់ៗនេះ ចាប់ពី​មន្ត្រី​នគរ​បាល​នៅ​ស្នងការដ្ឋាន​នគ​របាល​រាជ​ធានី​ភ្នំពេញ​រហូតដល់​បណ្ដា​ប៉ុស្ដិ៍​ដើម្បីបញ្ជាក់​ថា ម​ន្ត្រីនគរ​បាល​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​ទាំង​នោះ​ត្រូវ​តែ​ជា​ជន​គំរូ​សម្រាប់​ប្រជាពល​រដ្ឋ។

លោក​ស្នង​ការ​ក៏​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​បន្ថែម​ទៀត​ថា កន្លង​មក​គឺ​ពុំទាន់​មាន​ការ​ធ្វើ​តេស្ដ​ទឹកនោម​មន្ត្រី​នគរបាល​ឡើយ​ ដោយ​លោក​បាន​អះ​អាងថាគម្រោង​ធ្វើ​តេស្ដ​ទឹក​នោម​នេះប្រា​ក​ដជា​ធ្វើឱ្យ​បាន​នា​ពេល​ខាងមុខ។

លោក​បាន​បញ្ជាក់​ថា៖ «ការ​ងារ​ច្រើន​ កំណត់​អត់​ទាន់​បាន​ទេ ប៉ុន្តែ​ថា​ធ្វើ​ គឺ​ធ្វើ​ហើយ»។

នេះ​មិន​មែន​ជា​លើក​ទី​១ ​ទេ ដែល​លោក ស ​ថេត បាន​ប្រកាស​អំពី​បំណង​ចង់​ធ្វើ​តេស្ដ​ទឹក​នោម​មន្ត្រី​នគរ​បាល​។ ប៉ុន្តែកាលពី​ថ្ងៃទី​ ២៥​ ខែ មីនា​ កន្លង​ទៅ លោក​ក៏​ធ្លាប់​បាន​ប្រ​កាស​ដូច​គ្នា​នេះ​ម្ដង​ហើយ ​និង​បាន​អះ​អាង​ថា ប្រសិន​បើ​មន្ត្រី​នគរ​បាល​ណា​ដែល​រក​ឃើញ​មាន​ប្រើ​ប្រាស់​សារ​ធាតុញៀន​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​កងកម្លាំង​នគរបាល​ជាតិ។

កាល​នោះ ​លោក​​ ស ថេត​ បាន​បញ្ជាក់​ថា ការធ្វើ​តេស្ដ​ទឹក​នោម​នេះ មិន​មែន​ដោយ​សារ​មាន​ការ​សង្ស័យលើ​មន្ត្រី​នគរបាល​នោះ​ទេ ប៉ុន្តែ​គ្រាន់តែជា​វិធី​បង្កា​រដើម្បី​ឱ្យ​ពួកគេ​ចៀស​វាង​ប៉ុណ្ណោះ​ ព្រោះ​មុន​ចូល​ធ្វើជា​មន្ត្រីគឺ​តែង​ត្រូវ​បាន​គេ​ពិនិត្យ​រកសារ​ធាតុ​ញៀន​រួច​ហើយ។

ការ​លើកឡើ​ង​របស់​លោក ​ស ថេត ទាំង​នេះបាន​កើត​ឡើង​បន្ទាប់​ពី​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ចេញ​បញ្ជា​ឱ្យ​នគរបាល​ទាំង​អស់​ត្រូវ​បំពេញ​ភារកិច្ច​ស្រប​តាម​វិជ្ជា​ជីវៈ និង​ដាច់​ខាត​មិន​ត្រូវ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​ ដូច​ជា ​ការ​ជួញដូ​រ ចែក​ចាយ និង​លក់​ដូរ​គ្រឿង​ញៀន​ឡើយ ​ដោយ​លោក​បាន​អះ​អាង​ថា ​មាន​ករណី​គ្រឿង​ញៀន​ខ្លះ​ដែល​ពិបាក​បង្ក្រាប​គឺ​ដោយ​សារ​អាច​ជាប់​ពាក់​ព័ន្ធ​ជាមួយ​មន្ត្រី​នគរបាល។​

លោក ​សន ជ័យ ​នាយក​ប្រតិ​បត្តិ​អង្គការ​សម្ព័ន្ធ​គណ​នេយ្យភា​ព​សង្គម​កម្ពុ​ជា​បាន​ថ្លែង​ថា ការធ្វើ​តេស្ដ​ទឹកនោម​រក​សារ​ធាតុ​ញៀន​ពេល​ខាង​មុខ​នេះ គឺជា​ឱកាស​មួ​យស​ម្រាប់​មន្ត្រីន​គរបាល​ដើម្បី​បង្ហាញ​ពី​ភាពត្រឹ​មត្រូវ​និង​ដើម្បី​ធ្វើ​គំរូ​ល្អ​ដល់​ពលរដ្ឋ។ លោក​ថារ​យៈ​ពេល​ចុង​ក្រោ​យ​នេះគេ​សង្កេត​ឃើញ​ អ្នក​ប្រើប្រា​ស់​គ្រឿង​គឺមា​ន​ទាំង​មន្ត្រី​មាន​សមត្ថកិច្ច​និង​ព្រះសង្ឃ ១​ ចំនួន​ផងដែរ។

លោក​បានប​ញ្ជាក់​ថា៖​ «ពាក្យ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន មាន​ ២ ​ប្រភេទ​ដែល​យើង​មើល​ឃើញ ទី១ ហៅថា​មនុស្ស​ហ្នឹង​ប្រើ ទី២ គឺពាក់​ព័ន្ធ​នឹង​ជួញដូរ​គ្រឿង​ញៀន​ហ្នឹង​ដែរ»។

ជា​មួយ​គ្នា​នេះ លោក​ បោ​ន ប៊ិន មេបញ្ជា​ការកង​រាជ​អាវុ​ធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​​ថា ខេត្ត​របស់​លោក​គឺ​បាន​ធ្វើ​តេស្ដ​ទឹក​នោម​រក​សារធាតុ​ញៀន​លើ​មន្ត្រី​កង​រាជអា​វុធ​ហ​ត្ថ​អស់​រយៈ​ពេល​ជាង​ ១០ ​ឆ្នាំ​មក​ហើ​យ ​ហើយ​ចំពោះ​មន្ត្រី​ដែល​បាន​រកឃើ​ញ​សារធា​តុ​ញៀ​ន គឺ​តែង​ត្រូ​វបាន​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ជា​បន្ត​បន្ទាប់។​

លោក​ថា៖ «​មន្ត្រី​អាវុធ​ហត្ថ ឱ្យតែ​រក​ឃើញ ​(សារ​ធាតុ​ញៀន) អត់​មាន​អប់រំ​អី​ទេ គឺ​ត្រូវ​កាត់​ចោល​តែម្ដ​ង (លុប​ឈ្មោះ​​ចេញ​ពី​​ក្របខ័ណ្ឌ)»។​

ជុំវិ​ញ​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក​ អេង ហ៊ី មន្ត្រី​នាំពាក្យ​កងរា​ជ​អាវុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ទេ​ កាលពី​ថ្ងៃ​ម្សិលមិញ៕