
ការនាំចូលជ្រូកពីក្រៅប្រទេសត្រូវបានរឹតបន្តឹង ក្រោយពីរកឃើញជ្រូកនាំចូលពីក្រៅដោយខុសច្បាប់មានជំងឺប៉េស្ត។ ហេង ជីវ័ន
ភ្នំពេញៈ មន្ត្រីជំនាញក្រសួងកសិកម្មកំពុងរឹតបន្តឹង និងត្រួតពិនិត្យការនាំចូលជ្រូកខុសច្បាប់មកពីក្រៅប្រទេស ក្រោយពីសត្វជ្រូក ៣០ ក្បាល ត្រូវបាននាំចូលមកពីប្រទេសថៃ ដោយខុសច្បាប់ និងរកឃើញមានជំងឺប៉េស្តជ្រូក កាលពីចុងសប្តាហ៍ដែលនឹងត្រូវកម្ទេចចោលនៅថ្ងៃសុក្រនេះ។
សេចក្តីប្រកាសព័ត៌មានពីថ្ងៃទី ១០ កុម្ភៈ ឱ្យដឹងថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់តាំងក្រុមការងារចុះសហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញផលិតកម្ម និងបសុព្យាបាលតាមបណ្តារាជធានី-ខេត្ត ដើម្បីពិនិត្យ និងបង្ក្រាបបទល្មើសចលនាសត្វខុសច្បាប់។ នៅថ្ងៃទី ៧ កុម្ភៈ មន្ត្រីជំនាញចាប់បានជ្រូក ៣០ ក្បាលនាំចូលមកពីប្រទេសថៃដោយខុសច្បាប់ ហើយបានយកសំណាកឈាមជ្រូកទៅពិនិត្យទើបឃើញថា មានជំងឺប៉េស្តជ្រូកនៅថ្ងៃទី ៩ ខែកុម្ភៈ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ឈ្មួញតែងរកគ្រប់វិធីដើម្បីធ្វើយ៉ាងណានាំមកនូវការចំណេញ។ ប៉ុន្តែមន្ត្រីជំនាញក៏មិនបណ្តោយដែរ គឺនៅតែបន្តធ្វើការងារតាមតួនាទីដើម្បីការពារកុំឱ្យមានការនាំជ្រូកដែលមានជំងឺឆ្លងពីខាងក្រៅ ដែលនាំឱ្យមានផលប៉ះពាល់ដល់ជីវភាព ពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចជាតិ។
លោកថ្លែងថា៖ «ខ្ញុំនៅតែធ្វើការងារ តាមជំនាញ ទោះបីមានកម្លាំងតិចក៏ដោយ ទី១ គឺត្រួតពិនិត្យតាមដងផ្លូវ ទី២ តាមសត្តឃាតដ្ឋាន។ អ៊ីចឹងជាលទ្ធផលរយៈពេលពង្រឹងការអនុវត្តកិច្ចការងារឃើញថា ទាំងការនាំចូល ទាំងអីហ្នឹង គឺថាស្ទើរតែបាត់ទាំងស្រុង»។
បើតាមលោក ទូច ជ្រូកដែលចាប់បានចំនួន ៣០ ក្បាលនោះ នឹងធ្វើការកម្ទេចចោលនៅថ្ងៃសុក្រនេះ ព្រោះបានធ្វើការសុំឯកភាពពីព្រះរាជអាជ្ញារួចហើយ។
លោកបញ្ជាក់ថា៖ «យើងនឹងដុតកម្ទេចចោលជ្រូកទាំងនោះនៅមន្ទីរកសិកម្ម ហើយទាក់ទិនជ្រូកហ្នឹងកាលពីម្សិលមិញ [ថ្ងៃ ១០ កុម្ភៈ] វាងាប់អស់ ៣ ក្បាលហើយ។ អ៊ីចឹងយើងបានអនុវត្តវិធានបសុពេទ្យ ដោយកប់ចោល និងហាមមិនឱ្យទៅបរិវេណហ្នឹងទេ ហើយបានបាញ់ថ្នាំរម្ងាប់មេរោគរួចអស់ហើយ»។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជាថ្លែងថា មន្ត្រីជំនាញបានធ្វើការទប់ស្កាត់បានល្អក្នុងកិច្ចការពារការនាំចូលនេះ។ ព្រោះបើសិនជាមិនទប់ស្កាត់បាននឹងមានការរីករាលដាល ពេញប្រទេសដែលនាំឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋពោលគឺអ្នកចិញ្ចឹមជ្រូក។
លោកថ្លែងថា៖ «ជាសំណាងមួយដែរ ដែលខាងក្រសួងជំនាញពាក់ព័ន្ធបានធ្វើការទប់ស្កាត់ទាន់ពេលវេលា ព្រោះជំងឺប៉េស្តជ្រូក នេះយើងដឹងហើយថា ទី១ អត់វ៉ាក់សាំង ទី២ ពុំមានថ្នាំណាព្យាបាលវាបានទេហ្នឹង ហើយដែលជាបញ្ហា។ ជំងឺនេះធ្ងន់ធ្ងរណាស់ បើក្នុងហ្នឹងមានតែ ១ គឺទាំងអស់ហ្មង ១ ពាន់ក្បាល ៥ ពាន់ក្បាលក៏ទៅទាំងអស់ដែរ»។
បើតាមសេចក្តីប្រកាសព័ត៌មាន ករណីទី១ រថយន្ត ១ គ្រឿងដឹកជ្រូក រស់ចំនួន ២០ ក្បាល ចេញពីប្រទេសថៃតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ និងករណីទី២ គោយន្ត ១ គ្រឿងដឹកជ្រូករស់ចំនួន ១០ ក្បាល ចេញពីប្រទេសថៃ តាមច្រកចំការគ ស្រុកស្វាយចេក ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំវត្ថុតាង និងបទល្មើសទាំង ២ ខាងលើទៅរក្សាទុកនៅមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យដើម្បីចាត់ការទៅតាមនីតិវិធី។
ករណីនេះក្រសួងកសិកម្មបានចេញវិធានការបន្ទាន់នៅថ្ងៃទី ១០ កុម្ភៈដោយបញ្ជាក់ថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនឹងចុះសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីកម្ទេចវត្ថុតាង បទល្មើសជាក់ស្តែងទៅតាមវិធានការបសុព្យាបាល។
សម្រាប់ការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលរាជធានី-ខេត្តត្រូវពង្រឹងការគ្រប់គ្រង ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសចលនាសត្វខុសច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់។ កសិករ និងពាណិជ្ជករជាអ្នកចិញ្ចឹមជ្រូកត្រូវមានវិធានការជីវសុវត្ថិភាពកន្លែងចិញ្ចឹមសត្វជាប្រចាំ ដើម្បីចៀសវាងការចម្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺផ្សេងៗទៀត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មបញ្ជាក់ថា គ្រប់សត្តឃាតទូទាំងរាជធានី-ខេត្ត ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចធ្វើជីវសុវត្ថិភាពជាប្រចាំ និងត្រូវទិញជ្រូករស់ពីក្រុមហ៊ុនស្របច្បាប់ដែលចេញដោយក្រសួងកសិកម្ម មកធ្វើការពិឃាតតែប៉ុណ្ណោះ៕