
ក្មេងប្រុសម្នាក់កំពុងចងព្យួរអាវបន្លាចចាបកុំឱ្យស៊ីស្រូវប្រាំងនៅក្នុងស្រុកល្វាឯមពីថ្ងៃទី ១០ មករា។ ហេង ជីវ័ន
ភ្នំពេញៈ ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងខែកុម្ភៈ ឆ្នាំ ២០២១ សម្រេចបានលើសផែនការដល់ ១៣៧,៣៩% ដែលស្មើនឹងជាង ៦ សែនហិកតា ខណៈផែនការដែលគ្រោងទុកមានចំនួនជាង ៤ សែនហិកតា។
គិតមកដល់ពេលនេះ ការប្រមូលផលស្រូវប្រាំងបានជាង ២ សែនហិកតា ទទួលបរិមាណសរុបចំនួន ១ លានតោន ដោយទិន្នផលគិតជាមធ្យម ៤,៤១ តោនក្នុង ១ ហិកតា។ នេះបើតាមរបាយការណ៍ប្រចាំខែកុម្ភៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃអង្គារ។
ក្នុងរបាយការណ៍ចុះថ្ងៃទី ៥ ខែមីនា បានសរសេរថា មកទល់ពេលនេះការបង្កបង្កើនផលស្រូវប្រាំងសម្រេចបាន ៦៣០ ៨៨៣ ហិកតា ស្មើ ១៣៧,៣៩% នៃផែនការចំនួន ៤៥៩ ២០០ ហិកតា ដោយការប្រមូលផលស្រូវប្រាំងបានចំនួន ២៤៧ ០៨៩ ហិកតា ទទួលបរិមាណសរុបចំនួន ១ ០៩០ ៣៣៤ តោន និងទទួលបានទិន្នផលគិតជាមធ្យម ៤,៤១ តោន ក្នុង ១ ហិកតា។
របាយការណ៍បានបញ្ជាក់ថា៖ «ផលិតកម្មដំណាំស្រូវរដូវប្រាំងមានផ្ទៃដីភ្ជួររាស់សម្រេចបានចំនួន ៦៣០ ៩៦៤ ហិកតា ក្នុងនោះភ្ជួររាស់ដោយគោ ក្របី មានចំនួន ៤ ២៥៧ ហិកតា ស្មើនឹង ០,៦៧% និងដោយគ្រឿងយន្តចំនួន ៦២៦ ៧០៧ ហិកតា ស្មើនឹង ៩៩,៣៣%។ ផ្ទៃដីសាបព្រោះសម្រេចបាន ២៦ ហិកតា។
រីឯផ្ទៃដីស្ទូង និងព្រោះសម្រេចបានចំនួន ៦៣០ ៨៨៣ ហិកតា ស្មើនឹង ១៣៧,៣៩% នៃផែនការចំនួន ៤៥៩ ២០០ ហិកតា លើសឆ្នាំមុន ៣៣ ៣៧៥ ហិកតា»។ ជាមួយគ្នានេះ ក្រសួងកសិកម្មបានជំរុញដល់គ្រប់អង្គភាពជំនាញទាំងអស់ឱ្យយកចិត្តទុកដាក់ គិតគូរទៅលើការចុះអន្តរាគមន៍ទាន់ពេលវេលាក្នុងការស្តារការប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ ការរាតត្បាតដោយសត្វល្អិតចង្រៃ ការកើតជំងឺផ្សេងៗលើដំណាំកសិកម្ម និងការត្រៀមលក្ខណៈនៅពេលកសិករទទួលរងនូវផលប៉ះពាល់ផ្សេងៗជាយថាហេតុ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានសរសេរលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ៥ ខែមីនាថា ទោះជាព្រះរាជាណាចក្រកម្ពុជាក៏ដូចជាបណ្តាប្រទេសស្ថិតនៅក្នុងអាងទន្លេមេគង្គបានជួបបញ្ហាប្រឈមនឹងកម្រិតកម្ពស់ទឹកទន្លេមេគង្គនៅក្នុងរដូវវស្សាឆ្នាំ ២០២០ កន្លងទៅយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែមានខេត្តមួយចំនួនអាចដាំដុះបានច្រើន។
លោកបញ្ជាក់ថា៖ «មន្ត្រីជំនាញបានពិនិត្យឃើញថា មានខេត្តចំនួន ៥ ក្នុងចំណោម ២៥ រាជធានី-ខេត្ត បានធ្វើការដាំដុះលើផ្ទៃដីស្រូវរដូវប្រាំងច្រើនជាងគេ»។ ខេត្តទាំងនោះមាន ខេត្តព្រៃវែង សម្រេចបាន ១១១ ២៧៩ ហិកតាខេត្តតាកែវ សម្រេចបាន ១០៧ ៣៧៧ ហិកតា ខេត្តកំពង់ធំ សម្រេចបាន ៧៦ ៩៥៦ ហិកតា ខេត្តកណ្តាលសម្រេចបាន ៥៥ ០៤៧ ហិកតា និងខេត្តបន្ទាយមានជ័យ សម្រេចបាន ៥០ ៥១១ ហិកតា»។
យោងតាមការព្យាកររបស់អគ្គនាយកដ្ឋានកសិកម្ម ការប្រមូលផលស្រូវរដូវប្រាំងឆ្នាំនេះអាចមានចំនួនជាង ២,៦ លានតោន។
លោក យ៉ង សាំងកុមារ អ្នកជំនាញផ្នែកកសិកម្មថ្លែងថា ការធ្វើស្រូវប្រាំងរបស់ប្រជាពលរដ្ឋកម្ពុជាមានបញ្ហាប្រឈមធំ ៣ ដូចជាបញ្ហាខ្វះទឹក បញ្ហាតម្លៃ និងបញ្ហាការចំណាយលើការផលិតអស់ដើមទុនច្រើន។
លោកបញ្ជាក់ថា៖ «តាមការអង្កេតរបស់ខ្ញុំ ទី១ គឺបញ្ហាទឹកចង់និយាយថា ពេលខ្លះគាត់មានទឹកគ្រប់គ្រាន់ ពេលខ្លះក៏អត់ទៅដោយនៅតំបន់ ១ ចំនួនអាងស្តុកទឹកមានកម្រិត។ បញ្ហាទី២ គឺរឿងតម្លៃ តម្លៃហ្នឹងវាមានបញ្ហាជាប្រព័ន្ធ ចង់និយាយថា គាត់ច្រូតភ្លាម ត្រូវការសម្រុកលក់ភ្លាម អ៊ីចឹងវាពិបាកប្រមូលផ្តុំ ហើយបញ្ហាទី ៣ វាទាក់ទងរឿង ការចំណាយលើការផលិត ខ្ញុំឃើញចំណាយច្រើនណាស់»៕