ភ្នំពេញៈ ក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២១ នេះការងារបង្កបង្កើនផល និងការដាំដុះដំណាំនារដូវប្រាំងមានការកើនឡើងគួរឱ្យកត់សម្គាល់ជាពិសេសស្រូវរដូវប្រាំង ប៉ុន្តែការនាំចេញទៅក្រៅប្រទេសគឺមានការធ្លាក់ចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមក្រសួងកសិកម្ម។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ៥ ខែមេសាបានចេញរបាយការណ៍ស្តីពីការបង្កបង្កើនផលដំណាំរដូវប្រាំង ប្រចាំត្រីមាសទី ១ ឆ្នាំ ២០២១ និងទិសដៅអនុវត្តបន្តបានឱ្យដឹងថា ក្នុងរយៈពេល ៣ ខែ ស្រូវរដូវប្រាំងសម្រេចបានប្រមាណ ៦៤៩ ៥៣៩ ហិកតា ក្នុងនោះភ្ជួររាស់ដោយគោក្របីមានចំនួន ៤ ២៥៧ ហិកតា និងដោយគ្រឿងយន្តមានចំនួន ៦៤៥ ៣០៩ ហិកតា ខណៈផ្ទៃដីស្ទូង និងព្រោះសម្រេចបានស្ទើរតែទាំងអស់ដោយលើសឆ្នាំមុនប្រមាណជាង ៣ ម៉ឺនហិកតា បើប្រៀបធៀបរយៈពេលដូចគ្នា។ ចំពោះការប្រមូលផលស្រូវប្រាំង គឺបានចំនួន ៥៣៥ ៣៦៩ ហិកតា ដោយទទួលបានបរិមាណផលសរុបប្រមាណជាង ២ លានតោន ដែលទិន្នផលជាមធ្យមគឺទទួលបាន ៤,៤៧៧ តោនក្នុង ១ ហិកតា។
ចំពោះសាកវប្បកម្ម និងដំណាំឧស្សាហកម្មនារដូវប្រាំងវិញគឺទទួលបានជាង ១៣ ម៉ឺនហិកតា ដែលមានការកើនឡើងជាងឆ្នាំមុនជិត ៦ ម៉ឺនហិកតា បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា។
ក្រសួងបន្តថា ការកើនឡើងនេះក៏ព្រោះតែមានវិធានការនៃការជំរុញផលិតកម្មដំណាំការចិញ្ចឹមសត្វ និងវារីវប្បកម្មត្រូវបានដាក់ចេញ និងអនុវត្តយ៉ាងសកម្មដើម្បីជួយកសិករ។
ក្រសួងបន្តថា៖ «ចំណែកការចុះធ្វើអធិការកិច្ចជី ថ្នាំកសិកម្ម ការជំរុញការងារផ្សព្វផ្សាយកសិកម្ម តាមគ្រប់រូបភាពបានប្រព្រឹត្តទៅក្រោមកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្មទៅតាមភារកិច្ចក្នុងស្មារតីទទួលខុសត្រូវ»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងក្នុងរបាយការណ៍នេះថា បើទោះជាទទួលបានលទ្ធផលបែបនេះ ក៏គោលដៅបន្តក្នុងការដាំដុះនេះក្រសួងនៅតែបន្តវិធានការជំរុញការងារបង្កបង្កើនផលកសិកម្មរដូវប្រាំង ឆ្នាំ ២០២១ ដើម្បីបន្តផលិតកម្មស្បៀងសម្រាប់ឆ្លើយតបទៅនឹងហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ផងដែរ។
លោកបញ្ជាក់ថា៖ «បន្តជំរុញ និងបណ្តុះបណ្តាលបច្ចេកទេសដាំដុះ និងត្រូវត្រៀមលក្ខណៈមានដូចជា ស្រូវពូជ ពូជបន្លែ មធ្យោបាយ និងសម្ភារសម្រាប់អន្តរាគមន៍នៅពេលមានគ្រោះមហន្តរាយជាយថាហេតុ ការទប់ទល់នឹងជំងឺ ឬសត្វល្អិតចង្រៃ បំផ្លាញដំណាំផ្សេងៗ»។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្មដដែល សម្រាប់រយៈពេល ៣ ខែក្នុងត្រីមាសទី១ នេះគឺកម្ពុជាបាននាំចេញអង្ករទៅប្រទេសចំនួន ៤១ ប្រទេសមានប្រមាណជាង ១៥ ម៉ឺនតោន ដោយក្នុងនោះមានការថយចុះជាង ៣ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ គឺមានជាង ២៣ ម៉ឺនតោន។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC Cambodia បានលើកឡើងថា ការដាំដុះរបស់ប្រជាកសិករ នារដូវប្រាំងនៅដើមឆ្នាំ ២០២១ នេះគឺពិតជាទទួលបានលទ្ធផលល្អក៏ព្រោះតែទឹកភ្លៀងនៅតាមតំបន់ជនបទមានគ្រប់គ្រាន់ សម្រាប់បង្កបង្កើនផល។
ចំណែកការធ្លាក់ចុះនៃការនាំចេញក៏ព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩ បានធ្វើឱ្យតម្រូវការស្បៀងមានការថយចុះ ដូច្នេះរដ្ឋាភិបាលត្រូវតែធានាក្នុងការរក្សាទីផ្សារដល់ប្រជាកសិករ និងគាំទ្រដល់ការផ្តល់នូវមធ្យោបាយ សម្រាប់កសិករអាចបន្តការធ្វើកសិកម្មរបស់ពួកគេទៅមុខបាន ជាពិសេសគឺការស្វែងរកទីផ្សារនាំចេញបន្ថែមទៀត។
លោកថា៖ «កម្ពុជាអាចគិតពិចារណាទៅលើទីផ្សារក្នុងស្រុកខ្លួនឯង ជាពិសេសទិន្នផលត្រី សាច់បន្លែ ផ្លែឈើ បើសិនជាប្រជាជនអាចដាំដុះផ្គត់ផ្គង់ក្នុងស្រុកខ្លួនឯងបាន គួរតែកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។ ការធ្វើបានបែបនេះគឺជាការទុកឱកាស និងងាកមកគាំទ្រផលិតផលក្នុងស្រុក ហើយបើមិនមានទីផ្សារ រដ្ឋក៏ត្រូវធានាដល់ការកែច្នៃផលិតផលទាំងនោះជាការវេចខ្ចប់យ៉ាងណាឱ្យរក្សាបានក្នុងរយៈពេលយូរ»។
ជាមួយគ្នានេះលោក ថេង សាវឿន មើលឃើញថា រដ្ឋាភិបាលគួរតែចូលរួមឱ្យបានកាន់តែច្រើនទៀតពាក់ព័ន្ធបញ្ហាថវិកា ធនធានមនុស្ស និងការកែច្នៃ ព្រោះបញ្ហាទាំងនេះនៅមានការខ្វះខាតនៅឡើយ បើទោះបីជាក្នុងពេលបច្ចុប្បន្ននេះរដ្ឋាភិបាលបានចូលរួមចំណែកក្នុងការលើកកម្ពស់ផ្នែកគោលនយោបាយរួចមកហើយក៏ដោយ៕