ភ្នំពេញៈ លោក​ សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ប្រកាស​បង្កើត​ចលនា​ថ្មី​មួយ​ប្រឆាំង​នឹង​ការ​បង្ក្រាប​នយោបាយ​របស់​រដ្ឋាភិបាល ខណៈ​សេចក្តី​សម្រេច​នេះ​ទំនង​នឹង​ធ្វើឲ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​រវាង​ក្រុម​ផ្សេង​គ្នា​ក្នុង​គណបក្ស​សង្គ្រោះជាតិ​។ ​

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​ថា​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល ខណៈ​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​ថ្កោលទោស​ដោយ​សហគមន៍​អន្តរជាតិ​ថា ជា​លេស​ប្រឌិត​ឡើង​ដើម្បី​កម្ចាត់​គូប្រកួត​ប្រជែង​នយោបាយ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នាពេល​ខាង​មុខ​។

លោក កឹម សុខា ប្រធាន​គណបក្ស​នេះ​ក៏​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ផង​ដែរ​ពី​បទ​ក្បត់​ជាតិ​។

ជា​ការ​ឆ្លើយតប ​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ជាច្រើន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​រត់​គេច​ចេញ​ពី​ប្រទេស​ហើយ​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ ប៉ុន្តែ​មិន​ធ្វើការ​ប្រមូល​ផ្តុំ​តវ៉ា​ដោយ​ភ័យ​ខ្លាច​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​រដ្ឋាភិបាល​។

នា​សប្តាហ៍​កន្លង​មក​នេះ​លោក​ សម រង្ស៊ី និង​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត​បាន​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ដែល​ទំនង​ជា​ឆ្ពោះ​ទៅ​រក​ការ​អំពាវនាវ​ឲ្យ​មាន​ការ​តវ៉ា​។

ឯកសារ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក សម រង្ស៊ី និង​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រួម​មាន លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខហួរ និង​តំណាងរាស្ត្រ​ដទៃៗ​ទៀត​បាន​លើក​ឡើង​ថា​៖ «​យើង​ដែល​ជា​អ្នក​ចុះ​ហត្ថលេខា​ខាង​ក្រោម​នេះ​... ជឿ​ថា​ស្ថានភាព​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មិន​អាច​គាំទ្រ​បាន​»​។

លោក សម រង្ស៊ី ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ឌីស៊ី​ថា​៖ «​វា​ជា​ចលនា​បត់បែន​មួយ រីក​រាល​ដាល​ខ្លាំង​ឡើង​។ គ្មាន​នរណា​ម្នាក់​អាច​រំលាយ​វា​បាន​»​។

លោក​បន្ថែម​ថា​៖ «​នៅ​ពេល​យើង​ជា​គណបក្ស យើង​មិន​អាច​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា ឬ​ធ្វើ​បាតុកម្ម​បាន​...​ប្រសិន​បើ​នរណា​ម្នាក់​អំពាវនាវ​ដូច​នោះ នោះ​ពួកគេ​នឹង​រក​រឿង​យើង​យ៉ាង​អាក្រក់​...​ការ​អំពាវនាវ​អ៊ីចឹង​ក្រោម​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ជា​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន ប៉ុន្តែ​ក្នុង​នាម​ជា​ចលនា​មួយ​យើង​អាច​ធ្វើ​បាន​»​។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក កឹម សុខា ដែល​ជា​សម្ព័ន្ធ​មួយ​ដែល​ត្រូវ​បាន​មើល​ឃើញ​ថា​ងាយ​ប្រេះឆា​។

អតីត​មន្ត្រី​គណបក្ស​សិទ្ធិមនុស្ស​ជាច្រើន​បាន​សម្ដែង​អារម្មណ៍​មិន​ពេញ​ចិត្ត ចំពោះ​ការ​បង្កើត​ចលនា​នេះ​ដោយ​មើល​ឃើញ​ថា​វា​ជា​ការ​ធ្វើឲ្យ​ខូច​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ធ្វើឲ្យ​លោក កឹម សុខា ស្ថិត​នៅ​ក្នុង​ភាព​គ្រោះថ្នាក់​។

លោក​ ហ៊ីង សុខសាន អតីត​អគ្គលេខាធិការ​គណបក្ស​សិទ្ធិមនុស្ស​បាន​ហៅ​ចលនា​ថ្មី​នេះ​ថា​ «​គួរ​ឲ្យ​អស់​សំណើច​» ​នៅ​ក្នុង​ការ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​។

លោក​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា​៖ «​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ចំពោះ​ចលនា​នេះ​ទេ​ដោយសារ​ខ្ញុំ​ចង់​ធ្វើការ​តស៊ូ​នយោបាយ តែ​ក្រោម​ឆត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​»​។

លោក សម រង្ស៊ី ក្រោយ​មក​បាន​បង្ហោះ​សេចក្តី​ថ្លែងការណ៍​មួយ​ទៀត​សម្រាប់​ការ​បំភ្លឺ ប៉ុន្តែ​ហាក់បី​ដូចជា​ផ្តាច់​ចលនា​នេះ​ចេញ​ឆ្ងាយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ក៏​បាន​ភ្ជាប់​ទំនាក់​ទំនង​ជិតស្និទ្ធ​រវាង​ចលនា​នេះ​ និង​បក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​។

សេចក្តី​ថ្លែងការណ៍​នេះ​បញ្ជាក់​ថា​៖ «​ចលនា​សង្គ្រោះ​ជាតិ​នឹង​ផ្តល់​ភាព​កក់ក្ដៅ និង​ក្តីសង្ឃឹម​ម្តង​ទៀត​ទៅ​ដល់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​គាំទ្រ​»​។

ការ​បង្ហោះ​នេះ​ក៏​បាន​អះអាង​ផង​ដែរ​ថា​សមាជិក​សង្គម​ស៊ីវិល​អាច​ចូលរួម​ចលនា​នេះ​បាន​ដោយសារ​វា​មិនមែន​ជា​គណបក្ស​នយោបាយ​។

សេចក្តី​ថ្លែងការណ៍​បន្ត​ទៀត​ថា​ នៅ​ពេល​គោលដៅ​របស់​ខ្លួន​បាន​សម្រេច​ចលនា​នេះ​នឹង​រំលាយ​ «​ខ្លួនឯង​» ហើយ​សមាហរណកម្ម​ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក យ៉ែម បុញ្ញាឫទ្ធិ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​មកពី​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ថ្កោលទោស​សេចក្តី​សម្រេច​បង្កើត​ចលនា​នេះ​។

លោក​បាន​ថ្លែង​ពី​ប្រទេស​បារាំង​អម​ទៅ​ដោយ​កូនស្រី លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ថា​៖ «​បុគ្គល​ណា​ក៏ដោយ​មាន​សិទ្ធិ​បង្កើត​សមាគម​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​ចលនា​»​។

ប៉ុន្តែ​លោក បុញ្ញាឫទ្ធិ បារម្ភ​ខ្លាច​ថា​លោក សុខា និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃៗ​ទៀត​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ អាច​នឹង​ទទួល​រង​ការ​ដាក់​ទោស​ទណ្ឌ​ចំពោះ​សកម្មភាព​របស់​ចលនា​នេះ​។ «​យើង​មិន​ទាន់​សួរ​ [​លោក កឹម សុខា​] ​។ នៅ​ក្នុង​ចលនា​សង្គ្រោះជាតិ​មាន​ឈ្មោះ​លោក កឹម សុខា ប៉ុន្តែ​លោក​មិន​ដឹង​។ ប្រសិន​បើ​ពួកគេ​ធ្វើ​សកម្មភាព​ដែល​បង្ក​ឲ្យ​មាន​បញ្ហា លោក កឹម សុខា នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​»​។

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន បាន​ថ្លែង​ថា​វា​ជា​អង្គការ​ «​ខុស​ច្បាប់​» ​ដែល​បង្កើត​ឡើង​ដោយ​ «​ពួក​ឧទ្ទាម​» ​និង​ដឹកនាំ​ដោយ​ទណ្ឌិត​។

លោក ឥសាន ក៏​បាន​បង្ហាញ​ផង​ដែរ​អំពី​ភាព​ទំនង​ជា​បែកបាក់​គ្នា​រវាង​ក្រុម​អ្នក​គាំទ្រ​លោក សម រង្ស៊ី និង​លោក កឹម សុខា​។ «​បើ​ទោះបី​ជា​ពួកគេ​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ពួកគេ​ស្ថិត​នៅ​ក្នុង​ក្រុម​ ២ មួយ​ទឹក និង​មួយ​ទៀត​ប្រេង​បើ​សូម្បី​នៅ​ពេល​ពួកគេ​ព្យាយាម​ដាក់​នៅ​ក្នុង​ដប​តែ​មួយ ពួកគេ​នៅ​តែ​ដាច់​ចេញ​ពី​គ្នា​»​។

អ្នក​វិភាគ​នយោបាយ​លោក មាស នី ថ្លែង​ថា​ចលនា​នេះ​អាច​ជា​លក្ខណៈ​ចិត្តសាស្ត្រ​ក្នុង​គោលបំណង​ធានា​ដល់​អ្នក​គាំទ្រ​។ លោក​បន្ថែម​ថា​៖ «​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្នាក់​មូលដ្ឋាន​បាន​ហៅ​ស្ថានភាព​បែប​នេះ​ថា ដូច​ការ​រស់នៅ​គ្មាន​មេ​»​។ លោក​បន្ថែម​ថា​៖ «​យ៉ាង​ហោច​ណាស់​ពួកគេ​នឹង​ដឹង​ថា​មេដឹកនាំ​របស់​ពួកគេ​មិន​ដេក​»​។

ទោះ​យ៉ាង​ណា​លោក នី មាន​មន្ទិល​សង្ស័យ​ថា​តើ​ការ​តវ៉ា​អាច​នឹង​កើតឡើង​បាន​ឬ​អត់​នៅ​ក្នុង​បរិយាកាស​បច្ចុប្បន្ន ហើយ​មិន​មាន​មេដឹកនាំ​នៅ​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​ សម រង្ស៊ី និង​លោកស្រី មូរ សុខហួរ មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​កាលពី​ម្សិលមិញ​ទេ​៕ PS

រាយការណ៍​បន្ថែម​ដោយ ឆាយ ចាន់នីដា