ភ្នំពេញ៖ ក្នុង​រយៈពេល ៤ ខែ​ឆ្នាំ​នេះ​ សមត្ថកិច្ច​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​បាន ២ ៣៨៧ ករណី, ឃាត់​ខ្លួន​មនុស្ស ៥ ៣២៣ នាក់ និង​រឹប​អូស​ថ្នាំញៀន​បាន​ជាង ៦០០ គីឡូក្រាម ប៉ុន្តែ​ចំនួន​នេះ​មាន​ការ​ថយ​ចុះ​ប្រមាណ​ជាង ១០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០២០។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ​ដែល​ ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​នៅ​ថ្ងៃទី ៧ ខែ​ឧសភា ឆ្នាំ​នេះ បាន​ឲ្យ​ដឹង​ថា សម្រាប់ ៤ ខែ​ ដើម​ឆ្នាំ ២០២០ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​បាន​ចំនួន ៣ ៥៧២ ករណី, ឃាត់​ខ្លួន​មនុស្ស​ចំនួន ៧ ០៤១ នាក់ និង​រឹប​អូស​គ្រឿង​ញៀន​ចំនួន ៣៣០ គីឡូក្រាម។

ចំណែក ៤ ខែ​ឆ្នាំ​នេះ សមត្ថកិច្ច​បង្ក្រាប​បាន ២ ៣៨៧ ករណី ឃាត់​ខ្លួន​មនុស្ស ៥ ៣២៣ នាក់ និង​រឹប​អូស​ថ្នាំ​ញៀន​បាន​ជាង ៦០០ គីឡូ ដែល​មាន​ការ​ថយ​ចុះ​ប្រមាណ​ជាង ១០ ភាគរយ ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

លោក អ៊ិន សុង នាយក​រង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ការ​បង្រ្កាប​គ្រឿង​ញៀន​របស់​មន្ត្រី​អនុវត្ត​ច្បាប់​មិន​មាន​ការ​ផ្អាក​សកម្មភាព​នោះ​ទេ បើ​ទោះ​ជា​កម្ពុជា​កំពុង​ជួប​បញ្ហា​ប្រឈម​នឹង​ជំងឺ​កូវីដ ១៩ ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ​មន្ត្រី​អនុវត្ត​ច្បាប់​តែងតែ​ចុះ​ទៅ​បង្រ្កាប​ជានិច្ច​ឱ្យ​តែ​មាន​បទល្មើស​គ្រឿង​ញៀន​កើត​ឡើង។

លោក អ៊ិន សុង បាន​បញ្ជាក់​ថា៖ «សមត្ថកិច្ច​របស់​យើង​តែងតែ​បន្ត​ស៊ើប​អង្កេត​ស្រាវជ្រាវ​តាម​ដាន បង្ក្រាប​បទល្មើស​ដោយ​មិន​មាន​ការ​សម្រាក​ថ្ងៃ​ណា​មួយ​ឡើយ»។

លោក​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​ការ​ធ្លាក់ចុះ​នៃ​បទល្មើស​គ្រឿង​ញៀន​ទាំង​នេះ គឺ​ដោយសារ​មាន​ការ​បិទ​ខ្ទប់​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ជាពិសេស​នៅ​ក្នុង​ខែ​មេសា​កន្លង​ទៅ គឺ​មាន​ការ​ថយ​ចុះ​ជា​ច្រើន ៕