The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការបង្ក្រាប​គ្រឿងញៀន​រយៈពេល ៦ ខែនៅ​ឆ្នាំ​នេះ​ មាន​ការ​កើន​ឡើង

ការបង្ក្រាប​គ្រឿងញៀន​រយៈពេល ៦ ខែនៅ​ឆ្នាំ​នេះ​ មាន​ការ​កើន​ឡើង

Content image - Phnom Penh Post
កិច្ចប្រជុំទាក់ទងនឹងលទ្ធផលត្រួតពិនិត្យគ្រឿងញៀននៅក្រសួងមហាផ្ទៃ កាលពីម្សិលមិញ។ NACD

ការបង្ក្រាប​គ្រឿងញៀន​រយៈពេល ៦ ខែនៅ​ឆ្នាំ​នេះ​ មាន​ការ​កើន​ឡើង

ភ្នំពេញៈ ក្នុង​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ​នេះ ស​មត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​បាន​ចំនួន ៤ ១៧៥ ករណី​ ដែល​មាន​ការ​កើន​ឡើង​ ៩ ភាគរយ​ និង​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ ៨​ ៩១១ ​នាក់​ គឺ​កើន​ឡើង​ ១៧ ​ភាគ​រយ​ ខណៈ​ការ​រឹប​អូ​សគ្រឿង​ញៀន​បា​ន​ចំនួន​ ៣៤១ ​​គីឡូ​ កើន​ឡើង​ ១៣៥​ ភាគរ​យ​ បើ​ប្រៀប​ធៀប​​រយៈពេល​​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​តាម​របាយ​ការណ៍​អាជ្ញា​ធរ​ជា​តិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​។

របាយ​ការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា​ សមត្ថ​កិច្ច​បាន​បង្ក្រាបបទ​ល្មើស​គ្រឿង​ញៀនសរុប​បាន​ចំនួន​ ៤ ​១៧៥ ​ករណី​ បើ​ធៀបនឹង​ឆមាស​ទី១ ​កាលពី​ឆ្នាំ​ ២០១៨​ មាន ​៣ ៨៣៨ ​ករណី​ ដែល​កើនឡើង​ចំនួន​ ៣៣៧ ករណី ​ស្មើនឹ​ង ៩ ភាគ​រយ ​ក្នុង​នោះ អំពើ​ជួញដូ​រ រក្សាទុក​គ្រឿងញៀន​មាន​ចំនួន ២​ ៥៣១ ករណី ​ការប្រើ​ប្រាស់​គ្រឿង​ញៀនមាន​ចំនួន​ ១​ ៦២៤ ករណី​ ការ​ដាំ​ដុះ​មាន​ចំនួន​ ១៩​ ករណី​ និង​ការ​ផលិត​កែ​ច្នៃ​មាន​ចំនួន​ ១ ​ករណី ។

របាយ​ការណ៍​បាន​បន្ត​ថា ​សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​សរុ​ប​ មាន​ចំនួន​ ៨​ ៩១១​ នាក់​ បើ​ធៀប​នឹង​ឆមាស​ទី១ ​កាល​ពី​ ២០១៨​ មានចំនួន​ ៧​ ៥៨០​ នាក់ ​កើន​លើស​ ១ ៣០៤​ នាក់ ​ស្មើនឹង​ ១៧​ ភាគ​រយ​ ​ក្នុង​នោះ​មានជន​សង្ស័យ​ក្នុង​ករណី​ជួញដូរ រក្សាទុក​មាន​ចំនួន ​៤​ ៧៩៥​ នាក់ ជន​សង្ស័យ​ក្នុង​ករណី​ប្រើ​ប្រាស់​គ្រឿង​ញៀនមាន​ចំនួន​ ៤ ១១២ ​នាក់ ជន​សង្ស័យ​ក្នុង​ករ​ណឺ​ដាំ​ដុះមាន​​ ៤ នា​ក់ ​ហើយ​ចាប់​​រឹបអូស​​គ្រឿង​ញៀន​បានចំនួន​ ៣៤១ ​គីឡូ​ បើ​ធៀបកាលពី​ឆ្នាំ ២០១៨ ចាប់​យកបាន​ចំនួន ​១៤៥ ​គីឡូ​ កើន​ឡើង​ទ្វេ​ដង​គឺ​ ១៩៦ ​គីឡូ​ដែល​ស្មើ​នឹង​ ១៣៥ ​ភាគ​រយ​។

របាយ​ការណ៍​បាន​បញ្ជាក់​​ថា៖ ​«តាម​រយៈ​កិច្ច​សហ​ការ​ផ្តល់​ព័ត៌​មាន​រហ័ស​ឲ្យ​គ្នា​ទៅវិ​ញទៅ​មក​ជា​មួយ​ប្រទេស​ជិត​ខាង​និង​ស្ថា​ប័ន​អន្តរជាតិ​បាន​ល្អ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​បានច្រើន​ករណី​ធំៗ​។កា​រអនុវ​ត្ត​ផែន​ការ​យុទ្ធ​នា​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​របស់​រាជ​រដ្ឋាភិ​បាលបាន​ជះ​ឥទ្ធិ​ពល​ជាវិជ្ជ​មាន​ធ្វើ​ឲ្យ​បទល្មើស​ទូទៅ​មាន​ការ​ថយ​ចុះ ជា​ពិ​សេស​បទ​ល្មើស​ព្រហ្មទណ្ឌ»។​

របា​យកា​រណ៍​បាន​បន្តថា​ ការបើក​កិច្ច​ប្រតិ​បត្តិ​ការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ជា​ទ្រង់​ទ្រាយ​ធំ​នៅតាម​ក្លិប​កម្សាន្ត​ និង​ទីកន្លែង​សប្បាយ​​បាន​ផ្តល់​នូវ​បទ​ពិសោធ​ល្អៗ​ក្នុង​ការ​បង្រួម​ទីផ្សារ​ជួញដូរ និង​ប្រើប្រា​ស់​គ្រឿង​ញៀ​ន​នៅ​ផ្ទៃ​ក្នុង​ប្រទេស ហើយក៏​ជា​សក្ខី​កម្ម​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​មុត​ស្រួច​របស់​ កម្លាំង​អនុវត្ត​ច្បាប់​ និង​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពីពល​រដ្ឋ​។

ថ្លែងនៅក្នុងកិច្ច​ប្រជុំ​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តី​ព្រាង​របា​យកា​​រណ៍​ស្តី​ពី​លទ្ធ​ផល​ត្រួតពិនិត្យ​គ្រឿង​ញៀនប្រចាំឆ​មាសទី១ ​និង​លើក​ទិស​ដៅឆ​មា​ស​ទី​២​ ឆ្នាំ​ ២០​១៩​ នៅក្រសួងមហាផ្ទៃ​កាល​ពីម្សិល​មិញ​ លោក​ឧបនា​យក​រ​ដ្ឋ​មន្ត្រី​ លោក​ កែ គឹមយ៉ាន​ ប្រធាន​អាជ្ញាធរ​ជាតិប្រយុទ្ធ​ប្រ​ឆាំង​គ្រឿង​ញៀន​បាន​លើក​ឡើង​ថា​ ក្នុង​រ​យៈពេល​ ៦​ ខែ កន្ល​ងមក​នេះ អាជ្ញាធរ​បាន​អនុវត្ត​សកម្ម​ភាព​ការ​ងារ ដោយ​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទ​នៈ ក្នុង​ប្រយុទ្ធ​ប្រ​ឆាំង​គ្រឿង​ញៀន​។

លោក​បានបញ្ជាក់​ថា៖ «ការអ​នុវត្ត​ប្រកប​ដោយ​ការទ​ទួល​ខុស​ត្រូ​វ​ខ្ពស់នូវ​គោល​ន​យោបា​យ​​ភូ​មិ-ឃុំ​ មានសុវត្ថិ​ភាពបាន​ធ្វើ​ឱ្យមា​ន​ការ​ថយ​ចុះ​ផង​ដែរ​នូវ​បញ្ហា​ ក៏​ដូច​ជា​បទ​ល្មើស​ផ្សេងៗ​ទៀត​នៅ​តាម​​មូល​ដ្ឋា​ន ដោយ​រួមទាំង​អំពើ​ចោរ​ក​ម្ម ​លួច ឆក់ប្លន់» ។

យ៉ាង​ណា​ក្ដី លោក​ កែ​ គឹម​យ៉ាន បាន​បង្ហាញ​ក្ដីបារ​ម្ភថា ការប្រើ​ប្រាស់​​គ្រឿង​ញៀន​ខុសច្បា​ប់​នៅ​តែ​បន្ត​កើន​ឡើង​ ពិសេស​កញ្ឆា​នៅ​តែ​បន្ត​មាន​ដាំដុះ​ផលិត ​និង​ប្រើ​ប្រាស់​ច្រើន​ជាង​គេរួមទាំង​ការ​ចរាចរ​ និង​ការ​ប្រើ​ប្រា​ស់សារ​ធាតុ​ញៀន​ប្រ​ភេទ​ថ្មី​ដែល​ប៉ះ​ពាល់​ប្រព័ន្ធ​សរសៃ​ប្រ​សាទ​បាន​ និង​កំពុង​រីក​រាល​ដាល​គួរ​ឱ្យ​បារម្ភ​ផ​ងដែរ​​។

លោក​​ ស៊ឹ​ង​ សែន​ករុណា​ អ្នកនាំ​ពា​ក្យ​សមា​គម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុ​ក​បានថ្លែ​ងថា ​នៅពេលការបង្ក្រាបគ្រឿងញៀន​កើន​ឡើ​ង វាបង្ហា​ញ​ថាបញ្ហា​គ្រឿ​ង​ញៀនបា​ន​ និង​កំ​ពុ​ងរីក​រា​ល​ដាលខ្លាំង​ ហើយវា​ក៏ប​ង្ហាញ​ថា កា​រប​ង្ក្រា​បនៅ​មានកម្រិ​តផ​ង​ដែ​រ​។

​លោក​​ថា៖​ «​កា​រកើ​ន​ឡើ​ង​បែប​នេះ​វាបង្ហា​ញ​ថា ការ​ប​ង្ក្រាប​នា​ពេលក​ន្លងម​ក នៅមិ​នទាន់​ចំគោលដៅ​ ពិសេស​អ្ន​កជួ​ញ​ដូ​រគ្រឿង​ញៀន​ធំ ដូច្នេះ​វាធ្វើឲ្យប​ទ​ល្មើស​នៅ​តែ​បន្ត​កើ​ត​ឡើង និង​រី​ករា​ល​ដាល ដូ​ច្នេះ​សមត្ថ​កិច្ច​ត្រូវ​មាន​វិធី​ក្នុង​ការ​បង្ក្រាប​អ្នក​ជួញដូ​រ​គ្រឿង​ញៀន​ធំៗ​»។

កាល​ពីថ្ងៃ​ទី​ ១៧ ​ខែ កក្ក​ដា ឆ្នាំ ២​០១​៩ ឧប​នាយក​រដ្ឋមន្ត្រី ស ខេង ​រដ្ឋ​មន្ត្រី​ក្រ​សួង​ម​ហាផ្ទៃនិង​ជាប្រ​ធា​នយុ​ទ្ធ​នា​ការ​ប្រយុ​ទ្ធប្រ​ឆាំង​គ្រឿងញៀ​ន បាន​បញ្ជា​ឲ្យស​មត្ថកិ​ច្ចពាក់​ព័​ន្ធទាំ​ង​អស់​មិន​ត្រូ​វបន្ធូរដៃចំពោះ​កា​រ​ងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ​ន​នោះទេ គឺត្រូ​វតែ​ប្រឹងប្រែង​យ​ក​ចិត្តទុក​ដាក់​ប្រ​យុទ្ធ​ប្រ​ឆាំង​ឲ្យ​បាន​ខ្លាំ​ងក្លា​ឡើ​ងប​ន្ថែ​ម​ទៀត​។​

លោក​បា​នបញ្ជាក់​ថា​៖ «ជាទូទៅ​ប្រ​ជាព​ល​រ​ដ្ឋលោ​ក​កំ​ពុង​តែអ​ប​អរ​សា​ទរសប្បាយ​រីករាយចំពោះ​លទ្ធ​ផ​លនៃ​កា​រប្រ​យុ​ទ្ធ​ប្រឆាំ​ង​គ្រឿង​ញៀ​ន​របស់​យើង​ អ៊ីចឹង​យើ​ង​មិន​អា​ចបន្ធូរ​បានទេ​។ ​ជាពិ​សេស​ត្រូ​វអ​នុ​វ​ត្ត​ឱ្យ​ខា​ង​តែ​បាននូ​វ​ការ​ប្តេ​ជ្ញា​ចិត្តរ​បស់​យើង​ គឺការ​បោស​សម្អាត ​ការ​ប្រើ​ប្រាស់​ ការ​ចែ​កចា​យ នៅ​តា​មក្លិប​ក​ម្សាន្ត​នានា​ នៅ​ចុង​ឆ្នាំ ​២០​១៩ ​នេះ»​៕

អត្ថបទគួរចាប់អារម្មណ៍