ភ្នំពេញៈ ក្មេងប្រុស​តូច​ម្នាក់​កំពុង​ឈរ​តោង​ក​អាវ​ម្តាយ​របស់​គាត់ ហើយ​មើល​ទៅ​ក្មេងប្រុស​នោះ​មាន​ច្រមុះ​ និង​ផ្នែក​ពណ៌​ត្នោត​កាត់​ទៅ​រក​ម្តាយ​របស់​គាត់​តែម្តង​។ បន្ទាប់មក​អ្នកស្រី​ ចាន់ សុភា ក៏​បាន​លើក​បី​កូន​ប្រុស​អាយុ​ ៨ ​ខែ​របស់​គាត់​មក​បំបៅ​ដោះ​របស់​គាត់​។ នេះ​គឺជា​កូន​ទី​ ៤ របស់​អ្នកស្រី​ សុភា​។

អ្នកស្រី​ សុភា ​អាយុ​ ២៧ ​ឆ្នាំ​គឺជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ប្រជាជន​ខ្មែរ​រាប់ពាន់​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​នៅក្នុង​ «​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​» ​របស់​រដ្ឋាភិបាល ហើយ​ការបង្ក្រាប​នេះ​នាំ​ឱ្យ​មាន​មនុស្ស​ជាច្រើន​ត្រូវ​បាន​ចាប់ខ្លួន ដែល​ក្នុង​ចំណោម​នោះ​ក៏​មាន​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ដែល​មាន​កូនតូចៗ​ផង​ដែរ​។

កាលពី​ឆ្នាំ​ ២០១៥ ​គឺ​ធ្លាប់​មាន​ការលើកលែង​ទោស​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ និង​ស្ត្រី​ដែល​មាន​កូនតូចៗ​ដែល​មាន​ទោស​ជាប់ឃុំ​ក្នុង​ពន្ធនាការ​។ នៅពេល​នោះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​មាន​ការលើកលែង​ទោស​បន្ទាប់ពី​មាន​របាយការណ៍​ពី​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ដែល​លើកឡើង​អំពី​បញ្ហា​ប្រឈម​របស់​ស្ត្រី ដែល​ជាប់​ពន្ធនាគារ​ដែល​មាន​កូន ហើយ​ចំណាត់ការ​នោះ​ក៏​ជា​ជំហាន​ដំបូង ដែល​ដើរ​នៅ​លើ​ផ្លូវ​មួយ ដើម្បី​ធានា​ថា​កុមារ​ទាំងនោះ​នឹង​មិន​រស់​ធំធាត់​នៅក្នុង​ពន្ធនាគារ​ឡើយ​។

យោង​តាម​ស្ថិតិ​របស់​អង្គការ​លីកាដូ​ពី​ពន្ធនាគារ​ចំនួន ១៣ នៅ​ទូទាំង​ប្រទេស​បាន​ឱ្យ​ដឹង​ថា បន្ទាប់ពី​ការលើកលែង​ទោស​នោះ​រួច​មក​គឺ​មាន​ទារក​ និង​កុមារ​តូចៗ នៅ​សេសសល់​តែ​ចំនួន ៣០ ​នាក់​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​ ២០១៥​។

នៅក្នុង​ឆ្នាំ ២០១៧ បន្ទាប់ពី​មាន​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​រួចមក​គេ​សង្កេត​ឃើញ​ថា​មាន​កុមារ​សរុប​ចំនួន​ ១៧៩ នាក់​រស់នៅ​ក្នុង​ពន្ធនាគារ​គឺ​កើនឡើង​ជិត​ ៦ ​ដង​។

ប៉ុន្តែ​និន្នាការ​នោះ​ទំនង​នៅ​តែ​បន្ត ខណៈ​ដែល​មាន​កុមារ​តូចៗ​ចំនួន​ ១៤៣ នាក់ និង​ម្ដាយ​របស់​ពួកគេ​កំពុង​ជាប់​ពន្ធនាគារ​នៅ​ឡើយ​គឺ​នៅក្នុង​រយៈពេល ៣ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​​ ២០១៨ នេះ​។

អ្នកស្រី​ សុភា ​កំពុង​អង្គុយ​នៅក្នុង​បន្ទប់​មួយ​ដែល​មាន​ឆ្មាំ​គុក​ជា​ស្ត្រី​បាន​រៀបរាប់​ថា​អ្នកស្រី​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​មករា​ឆ្នាំ​មុន​គឺ​ពេល​រដ្ឋាភិបាល​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ដ៏ក្តៅគគុក​។ ការចាប់​ខ្លួន​អ្នកស្រី​គឺ​បានកើតឡើង​នៅពេល​ប៉ូលិស​ឆ្មក់​ចូល​ផ្ទះ​មួយ​នៅ​ម្តុំ​បឹងកក់​។ អ្នកស្រី​អះអាង​ថា​ថ្នាំញៀន​នោះ​មិនមែន​ជា​របស់​អ្នកស្រី​ទេ អ្នកស្រី​គ្រាន់​តែ​ទៅ​កាន់​ទី​នោះ នៅពេល​ដែល​ប៉ូលិស​ចុះ​ទៅ​បង្ក្រាប​ប៉ុណ្ណោះ​។ អ្នកស្រី​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​កាន់កាប់​ម៉ា​ទឹកកក​តិច​ជាង​ ១,៥ ​ក្រាម​ និង​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥ ​ឆ្នាំ​។

អ្នកស្រី សុភា ត្រូវ​បាន​គេ​យក​មក​ដាក់​នៅក្នុង​មណ្ឌល​អប់រំ​កែប្រែ ២(CC2) ​នៃ​ពន្ធនាគារ​ព្រៃស​ក្នុង​រាជធានី​ភ្នំពេញ​ជាមួយ​នឹង​ស្ត្រី​រាប់រយ​នាក់​ផ្សេង​ទៀត​។

អ្នកស្រី​ថ្លែង​ថា​៖ «​ពីដំបូង​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​មាន​ផ្ទៃពោះ​ទេ​។ វា​ពិតជា​ភ្ញាក់ផ្អើល​ណាស់​...​នៅពេល​ដែល​ខ្ញុំ​ដឹង​ថា​ខ្ញុំ​មាន​ផ្ទៃពោះ​។ មាន​គេ​ប្រាប់​ខ្ញុំ​ថា អ្នក​មាន​ផ្ទៃពោះ​នៅក្នុង​ពន្ធនាគារ​នឹង​ជួប​ការលំបាក​ខ្លាំង​ណាស់​។ ពេល​នោះ​ខ្ញុំ​ពិត​ជា​ព្រួយបារម្ភ​ខ្លាំង​ណាស់​អំពី​រឿង​នេះ​»​។

អ្នកស្រី​ សុភា ពុំ​មាន​អាហារ​ដែល​អ្នកស្រី​ចង់​ញុំ​បាន​គ្រប់គ្រាន់​នោះ​ទេ​។ ជាង​នេះ​ទៅ​ទៀត​គឺ​អ្នកស្រី​ចង់​ញុំ​ផ្លែ​ឪឡឹក​ណាស់​។ ជា​ញឹកញាប់ អ្នកស្រី​តែងតែ​សុំ​បបរ​ពី​អ្នក​ជាប់​ឃុំ​ជាមួយ​គ្នា​ឲ្យ​កូន​របស់​អ្នកស្រី​ញុំា​ពីព្រោះ​ពួកគេ​មាន​លុយ​ទិញ​ម្ហូបអាហារ​ផ្សេង​ទៀត​ញ៉ាំ​បាន​។

កូនពៅ​របស់​អ្នកស្រី សុភា មាន​ទម្ងន់​ធ្ងន់​ជាង​គេ​ក្នុង​ចំណោម​កូន​ទាំង ៤ របស់​អ្នកស្រី ប៉ុន្តែ​ពេល​សម្រាល អ្នកស្រី​ស្ទើរ​តែ​ស្លាប់​ទៅ​ហើយ​។ «​ជីវិត​របស់​ខ្ញុំ​ត្រូវ​បាន​គំរាមកំហែង​ដោយសារ​តែ​ការ​ផ្តល់​កំណើត​ឲ្យ​កូន​នេះ​...​ខ្ញុំ​ត្រូវ​ដាក់​ខ្យល់​អុកស៊ីសែន​ពីព្រោះ​ខ្ញុំ​ខ្សោយ​ពេក​»​។ អ្នកស្រី​បន្ត​ថា​៖ «​វា​ថ្លោស​ណាស់​ហើយ​ដោយសារ​តែ​ខ្ញុំ​មិនមាន​អាហារ​បរិភោគ​គ្រប់គ្រាន់ ទើប​ខ្ញុំ​គ្មាន​កម្លាំង​សម្រាល​»​។

ពេល​នោះ​កូនប្រុស​ពៅ​របស់​អ្នកស្រី​យក​ដៃ​លូក​មាត់​អ្នកស្រី​ សុភា ហើយ​អ្នកស្រី​ក៏​ឱន​ថើប​កូនប្រុស​របស់​អ្នកស្រី​។

អ្នកស្រី​បន្ថែម​ថា​៖ «​វា​ចំណាយ​ពេល​យូរណាស់ ដើម្បី​រៀន​ឈរ​។ ខ្ញុំ​ពិត​ជា​ភ័យខ្លាច​ណាស់ ពីព្រោះ​ក្មេងៗ​ដែល​កើត​នៅ​ទី​នេះ​មិន​ងាយ​ចេះ​និយាយ​ទេ​កូនៗ​របស់​ខ្ញុំ​ផ្សេង​ទៀត​ពួកគេ​មាន​សេរីភាព​ច្រើន​ជាង​ពួកយើង​នៅ​ទី​នេះ​ពួកគេ​មាន​អាហារ​ញ៉ាំ​គ្រប់គ្រាន់​»​។

ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​អ្នកទោស​ចំនួន ១០ នាក់​នៅ​ក្នុង​បន្ទប់​នៃ​ពន្ធនាគារ​មួយ​ដែល​មាន​អ្នកទោស​ជា​ស្ត្រី​ច្រើន​ជាង​គេ​ និង​មាន​ឆ្មាំគុក​ជា​ស្ត្រី ខណៈ​ដែល​ឃើញ​មាន​កុមារ​តូចៗ​កំពុង​វារ​លេង​លើ​គ្រឿងសង្ហារិម​ជ័រប្លាស្ទិក​ហើយ​សម្លឹង​ទៅ​កញ្ចក់​ឆ្លុះ​មុខ​។

ស្ត្រី​ជាច្រើន​គិត​ថា​ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​ត្រូវ​បាន​ដាក់ទោស​ធ្ងន់ធ្ងរ​ហួសហេតុ​ពី​បទ​កាន់កាប់​ថ្នាំ​ប្រភេទ​មេតំហ្វេតាមីន​តិចតួច​។

អ្នកស្រី ឆាយ ស្រីខួច អាយុ ២៧ ឆ្នាំ​រៀបរាប់​ថា​៖ «​មិត្តភក្តិ​របស់​ខ្ញុំ​បាន​បង្ខំ​ឱ្យ​ខ្ញុំ កាន់​ម៉ាទឹកកក​មួយ​កញ្ចប់​ដែល​មាន​ទម្ងន់​មួយ​ក្រាម ហើយ​ខ្ញុំ​ក៏​ធ្វើ​តាម​ការបង្ខំ​របស់​មិត្តភក្តិ​»​។ អ្នកស្រី​ ខួច ត្រូវ​បាន​ចាប់ខ្លួន និង​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ២ ឆ្នាំ​។ អ្នកស្រី​បាន​សម្រាល​កូន​បន្ទាប់ពី​ជាប់​ពន្ធនាគារ​បាន​ ៦ ​ខែ​។

ប៉ុន្តែ​នៅពេល​សម្ភាស​កាលពី​ពេល​ថ្មីៗ​នេះ​អ្នកស្រី ស្រីខួច ហាក់​មាន​ពន្លឺ​ជីវិត​ឡើង​វិញ​ហើយ ពីព្រោះ​អ្នកស្រី​បាន​ពន្យល់​ថា​អ្នកស្រី​នឹង​ចេញ​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​បន្ទាប់​។

អ្នកស្រី​រៀបរាប់​ថា​៖ «​ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​ខ្លាំងណាស់​ដែល​ពេល​នេះ​ខ្ញុំ​អាច​ចាកចេញ​បាន​។ នៅ​ទីនេះ​វា​មិន​ស្រួល​ទេ ប៉ុន្តែ​គ្មាន​នរណា​ធ្វើ​បាប ឬ​រំលោភបំពាន​ខ្ញុំ​ទេ​»​។ ឥឡូវ​នេះ​អ្នកស្រី​គ្រាន់តែ​ចង់​មើល​ថែទាំ​កូនប្រុស​របស់​អ្នកស្រី​ឲ្យ​បាន​ល្អ​ដើម្បី​ឱ្យ​គាត់​មាន​សុខភាព​ល្អ​នឹង​រឹងមាំ​។

ក្នុង​ប្រទេស​កម្ពុជា​កុមារ​ដែល​កើត​ចំ​ពេល​ម្តាយ​ជាប់​ពន្ធនាគារ​គឺ​ពួកគេ​អាច​រស់នៅ​ជាមួយ​ម្តាយ​ក្នុង​ពន្ធនាគារ​បាន​រហូត​ដល់​ពួកគេ​មាន​អាយុ ៣ ឆ្នាំ​។

អ្នកស្រី ឡាច សុជាតិ អាយុ ៣៥ ​ឆ្នាំ​កំពុង​ចង​ខ្សែ​ក្រណាត់​រូប​សេះ​តូច​មួយ​ឲ្យ​កូន​របស់​អ្នកស្រី គឺជា​ស្ត្រី​តែ​ម្នាក់​គត់​ដែល​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ដែល​ស្ត្រី​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ មិនមែន​ដោយសារ​គ្រឿងញៀន ប៉ុន្តែ​ទាក់ទង​នឹង​ការជួញដូរ​មនុស្ស​។

អ្នកស្រី​ត្រូវ​បាន​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ១៥ ឆ្នាំ​ហើយ​អ្នកស្រី​មាន​ផ្ទៃពោះ​មួយ​សប្តាហ៍ នៅ​ពេល​ដែល​អ្នកស្រី​បម្រុង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ក៏​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​។ «​បន្ទាប់ពី​ខ្ញុំ​សម្រាល​កូន​រួច​ខ្ញុំ​នៅ​តែ​បន្ដ​ធ្លាក់​ឈាម​រយៈពេល​មួយ​ខែ​»​។

កូនប្រុស​របស់​អ្នកស្រី​មាន​អាយុ​ ២ ​ឆ្នាំ​ហើយ​នៅ​ឆ្នាំ​ក្រោយ​កូនប្រុស​របស់​អ្នកស្រី​នឹង​ត្រូវ​ចាកចេញ​ពី​អ្នកស្រី​។ អ្នកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ពីព្រោះ​ខ្ញុំ​មិន​ដឹង​ថា​កូនប្រុស​របស់​ខ្ញុំ​ទៅ​ទីណា​ហើយ​អ្នកណា​នឹង​មើលថែ​វា​ទេ​...​ខ្ញុំ​ពិតជា​អាណិត​កូនប្រុស​ខ្ញុំ​ខ្លាំង​ណាស់​។ ប៉ុន្តែ​តើ​ខ្ញុំ​អាច​ធ្វើអ្វី​បាន​?»​។

គិត​ត្រឹម​ថ្ងៃទី ៩ ខែ​មេសា​មណ្ឌល​អប់រំ​កែប្រែ​ទី​ ២-(CC2) មាន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ១០ នាក់ និង​កុមារ​ចំនួន ៦១ នាក់​។ យោង​តាម​លោក ហង់ សំណាង ប្រធាន​ពន្ធនាគារ​បាន​ឱ្យ​ដឹង​ថា​នៅ​ឆ្នាំ ២០១៥ មាន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៥ នាក់ និង​កុមារ​ចំនួន ១០ នាក់​រស់នៅ​ជាមួយ​ម្តាយ​របស់​ពួកគេ​នៅក្នុង​ពន្ធនាគារ​នេះ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​វា​ពិតជា​បន្ទុក​ដ៏ធំ​មួយ​សម្រាប់​ពន្ធនាគារ ប៉ុន្តែ​ក៏​ជា​បន្ទុក​មួយ​សម្រាប់​ស្ត្រី​ផង​ដែរ​»​។ វា​គ្រាន់តែ​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​ផ្នែក​ជាច្រើន​ទៀត​ដែល​បច្ចុប្បន្ន​ចំនួន​នេះ​បាន​កើនឡើង​ ៣ ​ដង​នៃ​សមត្ថភាព​ផ្ទុក​របស់​វា​ចំនួន ៥០០ នាក់​។ «​ឥឡូវ​នេះ​យើង​មាន​ចំនួន ​១៥៩០ ​នាក់​។ ដូច្នេះ​អ្នក​អាច​ស្រមៃ​មើល​ថា​តើ​យើង​មាន​បន្ទុក​ធ្ងន់​ប៉ុនណា​?»​។

លោក សំណាង ស្វាគមន៍​ចំពោះ​ការធានា​ឲ្យ​នៅក្រៅ​ឃុំ​ជា​ជម្រើស​មួយ​ជំនួស​ឱ្យ​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន ប៉ុន្តែ​នេះ​ជា​បញ្ហា​របស់​តុលាការ​។

លោក​បញ្ជាក់​ថា​៖ «​មេធាវី​គួរ​តែ​ដាក់ពាក្យ​ស្នើ​ធានា​នៅ​ក្រៅ​ឃុំ​។ ប្រសិន​បើ​ពួកគេ​អាច​នៅ​ខាង​ក្រៅ​បាន​នោះ​វា​ល្អ​សម្រាប់​ពួកគេ​ និង​មណ្ឌល​របស់​ខ្ញុំ​។ ប៉ុន្តែ​ទាំងអស់​នេះ​គឺ​វា​អាស្រ័យ​លើ​តុលាការ​» ។

អ្នក​នាំពាក្យ​ក្រសួង​យុតិ្តធម៌​លោក​ ជិន ម៉ាលីន បាន​ថ្លែង​ថា​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ «​ដំណោះស្រាយ​ចុងក្រោយ​» បើ​ទោះបី​ជា​វា​ត្រូវ​បាន​គេ​ប្រើ​ជាទូទៅ​សូម្បី​តែ​បទល្មើស​តូចតាច​ក៏ដោយ​។ លោក​ក៏​បាន​បដិសេធ​ចំពោះ​ការអះអាង​របស់​ស្ត្រី​នៅក្នុង​បទសម្ភាស​ដែល​ថា​ពួកគេ​មិន​ទទួល​បាន​តំណាង​ផ្នែក​ច្បាប់​គ្រប់គ្រាន់ និង​មាន​ប្រសិទ្ធភាព​។ លោក​ថ្លែង​ថា​៖ «​ពួកគេ​អាច​ត្រូវ​បាន​ទុក​នៅ​ខាង​ក្រៅ​ប្រសិន​បើ​មិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការស៊ើបអង្កេត​ ឬ​សង្គម​»​។

លោក​ សំណាង ក៏​បាន​លើកឡើង​អំពី​គំនិត​នៃ​ការលើកលែង​ទោស​ផង​ដែរ ដោយ​បាន​លើកឡើង​ថា​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ស្រាល​​ និង​ស្ត្រី​មាន​ផ្ទៃពោះ ពួកគេ​អាច​ទាញ​យក​ប្រយោជន៍​អំពី​ស្ថានភាព​របស់​ពួកគេ​។

លោក​បន្ត​ថា​៖ «​នៅពេល​ពួកគេ​មាន​ផ្ទៃពោះ ពួកគេ​ទៅ​ប្រព្រឹត្ត​បទល្មើស ពីព្រោះ​ពួកគេ​ជឿ​ថា​នឹង​មិន​មាន​អ្នកណា​ហ៊ាន​មក​ជិត​វាយដំ​ ឬ​ចាប់​ខ្លួន​ពួកគេ​នោះ​ទេ​»​។

មិន​មាន​សេវាកម្ម​ច្រើន​សម្រាប់​ម្តាយ​ និង​កូនៗ​ពួកគេ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ ២ (CC2) ទេ​។

លោក​ សំណាង ថ្លែង​ថា​ចំណាយ ២៨០០ រៀល ឬ​ប្រមាណ ៧០ សេន​សម្រាប់​មនុស្ស​ម្នាក់ៗ​ជា​រៀងរាល់​ថ្ងៃ​ហើយ​ចំនួន​ពាក់កណ្តាល​ត្រូវ​ចំណាយ​សម្រាប់​កុមារ​ម្នាក់​។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ដែល​មាន​កូន​មាន​ការ​ផ្តល់​អាហារ និង​សម្ភារ​អនាម័យ​បន្ថែម​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដូចជា​អង្គការ​លីកាដូ និង​កាកបាទ​ក្រហម​អន្តរជាតិ​ប្រចាំ​កម្ពុជា​ជាដើម​។

លោកស្រី Naly Pilorge មន្ត្រី​អង្គការ​លីកាដូ​ថ្លែង​ថា​ម្ហូបអាហារ ទឹក សេវាកម្ម​វេជ្ជសាស្ត្រ តំណាង​ផ្នែក​ច្បាប់ និង សម្ភារ​អនាម័យ​គឺ​មាន​ការខ្វះខាត​យ៉ាង​ខ្លាំង នៅក្នុង​ពន្ធនាគារ​ភាគច្រើន​ហើយ​សំណូក​ត្រូវ​បាន​ទាមទារ​សម្រាប់​សេវាកម្ម​ផ្សេងៗ​ដូចជា​ការផ្តល់​សំណូក​ដើម្បី​ទទួល​បាន​អាហារ​បន្ថែម ឬ​កន្លែង​គេង​ឱ្យ​បាន​ល្អ​ប្រសើរ​ជាដើម ហើយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចង់​ឃើញ​ករណី​ពាក់ព័ន្ធ​នឹង​ស្ត្រី​មាន​ផ្ទៃពោះ​ជា​ករណី​អាទិភាព​មួយ​នៅក្នុ​ង​ប្រព័ន្ធ​តុលាការ​។

លោកស្រី​បញ្ជាក់​ក្នុង​សារ​មួយ​ថា​៖ «​រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​ផ្តល់​ឱ្យ​ស្ត្រី និង​កុមារ​ជំនាន់​ក្រោយ​នូវ​លទ្ធភាព​ដែល​អាច​ទទួល​បាន​សេវា​សង្គម មិនមែន​ឃុំឃាំង​ពួកគេ​នោះ​ទេ​»​។ លោកស្រី​បន្ត​ថា​៖ «​យើង​កំពុង​អំពាវនាវ​ឱ្យ​មាន​ការធានា​ឲ្យ​នៅក្រៅ​ឃុំ និង​ជម្រើស​ផ្សេង​ទៀត​ជា​ជាង​ការឃុំ​ខ្លួន​បណ្តោះអាសន្ន​ចំពោះ​បទល្មើស​ស្រាល​ដែល​មិនមែន​ជា​ករណី​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ប្រើប្រាស់​អំពើ​ហិង្សា​»​។

អ្នកស្រី​ សុភា ព្រួយបារម្ភ​អំពី​ការពន្យារពេល​អាច​នៅ​តែ​បន្ត​ចំណែកឯ​អ្នកទោស​ផ្សេង​ទៀត​ក៏​មាន​ការ​ព្រួយបាម្ភ​ស្រដៀង​គ្នា​នេះ​ដែរ​។ ចំណែក​លោកស្រី Maggie Eno សហនាយិកា​អង្គការ MlopTapang ដែល​ជា​អង្គការ​មួយ ធ្វើការ​ជាមួយ​យុវជន​ក្មេងៗ​ដែល​មាន​ជម្លោះ​ជាមួយ​ច្បាប់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ក៏​សម្តែង​ការព្រួយបារម្ភ​អំពី​បញ្ហា​នេះ​ដែរ​។

លោកស្រី លើក​ឡើង​ដោយ​សំដៅ​ទៅ​លើ​បញ្ហា​អាហារូបត្ថម្ភ និង​អនាម័យ​ថា​៖ «​តាម​ការយល់​ឃើញ​របស់​យើង​គឺ​វា​ជា​ការ​ព្រួយបារម្ភ​មួយ​ដែល​វា​មិនមែន​កើតឡើង​ដូច​នៅក្នុង​ក្រុមគ្រួសារ​ធម្មតា​នោះ​ទេ​គឺ​វា​ប៉ះពាល់​ដល់​ការវិវឌ្ឍ​ដំបូង​របស់​ទារក ហើយ​ការដាក់​មនុស្ស​ច្រើន​ពេក​នៅក្នុង​បន្ទប់​ឃុំឃាំង​គឺ​វា​មិន​អាច​អនុញ្ញាត​ឲ្យ​ស្ត្រី​ជា​ម្តាយ​មាន​កន្លែង​ដែល​មាន​សុវត្ថិភាព​ដើម្បី​ថែទាំ​កូន​របស់​គាត់​បាន​ទេ​»​។

លោកស្រី Eno បន្ត​ថា​៖ «​កង្វះ​ភាព​កក់ក្តៅ និង​អវត្តមាន​សមាជិក​ក្រុម​គ្រួសារ​ដទៃ​នៅ​ជិត​ពួកគេ​ក្នុង​អំឡុង​ឆ្នាំ​ដំបូង វា​អាច​មាន​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ពួកគេ​ផង​ដែរ​»​។

លោក​ នុត សាវណា អ្នក​នាំពាក្យ​នាយកដ្ឋាន​ពន្ធនាគារ​ក៏​បាន​សម្តែង​ការព្រួយបារម្ភ​ផង​ដែរ​ចំពោះ​បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់​ទារក​ដែល​កើត​មក នៅក្នុង​ពន្ធនាគារ​ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​លោក​អះអាង​ថា​ទីកន្លែង​កំណើត​មិន​ត្រូវ​បាន​បញ្ជាក់​នៅ​លើ​សំបុត្រ​កំណើត​ទេ គឺ​ដើម្បី​ការពារ​ការរើសអើង​នាពេល​អនាគត​។ លោក​បន្ថែម​ថា​៖ «​នៅពេល​ដែល​ពួកគេ​ដឹង​ថា ម្តាយ​របស់​ពួកគេ​ជាប់​ពន្ធនាគារ​...​វា​ងាយ​នឹង​ធ្វើឲ្យ​អ្នក​ដ៏ទៃ​សើច​ចំអក​ឱ្យ​ពួកគេ​។ ចំណុច​នេះ​វា​ពិតជា​ធ្វើឱ្យ​ពួកគេ​ឈឺចាប់​ណាស់​...​ភាគច្រើន ពួកគេ​មិន​ប្រាប់​កុមារ​ទាំង​នោះ​ទេ​»​។

ខណៈ​ដែល​មាន​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​កុមារ​តូចៗ​នៅ​ក្នុង​បរិយាកាស​ពន្ធនាគារ​នោះ គេ​ក៏​បារម្ភ​អំពី​បញ្ហា​ទំនាក់ទំនង និង​ទំនុក​ចិត្ត​ក្នុង​ចំណោម​អ្នក​ជាប់​ពន្ធនាគារ​ដូចគ្នា​ផង​ដែរ​។

អនុប្រធាន​ប្រតិបត្តិ​មណ្ឌល​អប់រំ​កែប្រែ​ (CC2) ​លោកស្រី ខ្លូត កន្និការ ​ក៏​បាន​បង្ហាញ​នូវ​ការប្រាស្រ័យ​ទាក់ទង​ល្អ​ជាមួយ​ស្ត្រី​ដែល​ស្ថិត​នៅ​ក្រោម​ការថែទាំ​របស់​លោកស្រី​ផង​ដែរ​។

លោកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​អាណិត​ពួកគេ​ណាស់ ដោយសារ​តែ​ពួកគេ​ក្រីក្រ ពួកគេ​រកស៊ី​ចិញ្ចឹម​ជិវិត​ដូចនេះ [​ជួញដូរ​ថ្នាំញៀន​] ហើយ​ពួកគេ​មិន​បាន​រៀនសូត្រ​ទេ​។ ខ្ញុំ​ក៏​មាន​អារម្មណ៍​សោកស្តាយ​ចំពោះ​កូនៗ​របស់​ពួកគេ​ដែរ ប៉ុន្តែ​តើ​យើង​អាច​ធ្វើអ្វី​បាន​? ហើយ​ប្រសិន​បើ​ពួកគេ​គ្មាន​សាច់ញាតិ​បងប្អូន នៅពេល​ចាប់​ខ្លួន​ម្ដាយ​សួរ​ថា​តើ​កូន​នោះ​នឹង​ទៅ​ឯណា​?»​។

លោកស្រី​ថ្លែង​ថា​ទោះបី​ជា​កុមារ​ទាំង​នោះ​មិន​ទទួល​បាន​ម្ហូបអាហារ​ច្រើន​ដូច​ពួកគេ​រស់នៅ​ខាង​ក្រៅ​ក្តី​ក៏​ពួកគេ​អាច​ចាប់ផ្តើម​ទទួល​បាន​ការអប់រំ និង​ទៅ​មណ្ឌល​ថែទាំ​កុមារ​នៅពេល​ពួកគេ​ចេះ​ដើរ​។

លោក​ សាវណា បាន​ថ្លែង​ការពារ​ស្ថានភាព​នៃ​ពន្ធនាគារ​ថា​ «​មិនមែន​ជា​រឿង​អស់​សង្ឃឹម​» ​នោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​យើង​ដឹងថា​ការជាប់​ពន្ធនាគារ​គឺ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ផ្លូវ​ចិត្ត​ខ្លាំង​ចំពោះ​ពួកគេ​ ប៉ុន្តែ​មាន​កូនៗ​រស់នៅ​ក្បែរ វា​អាច​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ល្អប្រសើរ​មួយ​កម្រិត​ដែរ​។ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្ញុំ ខ្ញុំ​មិន​ចង់​ឃើញ​ពួកគេ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នេះ​ទេ​។ ប្រសិន​បើ​គ្រួសារ​ពួកគេ អាច​មាន​លទ្ធភាព​នាំ​ក្មេងៗ​ទាំង​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​យក​ទៅ​ចិញ្ចឹម​បីបាច់ ខណៈ​ម្តាយ​កំពុង​ជាប់​ពន្ធនាគារ នោះ​ពួកគេ​អាច​មាន​អារម្មណ៍​ស្រួល​ល្អ​»​។

សម្រាប់​អ្នកស្រី កែវ ណៃ ដែល​ទើប​តែ​មាន​អាយុ ១៨ ឆ្នាំ និង​ប្រហែល​ជា​ត្រូវ​សម្រាល​កូន​នៅ​ក្រោយ​ចូលឆ្នាំ​ខ្មែរ​បាន​និយាយ​ថា​៖ «​ម្តាយ​របស់​ខ្ញុំ​នឹង​មក​យក​កូនប្រុស​របស់​ខ្ញុំ​ទៅ​ចិញ្ចឹម​នៅ​ខាង​ក្រៅ ម្យ៉ាង​វិញ​ទៀត​នេះ​គឺជា​ចៅប្រុស​ដំបូង​របស់​គាត់​»​។

អ្នកស្រី​ ណៃ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ជា​អ្វី​ដែល​អ្នកស្រី​ពិពណ៌នា​ថា​ជា​ការ​រៀបចំ​ឡើង​។ អតីត​មិត្តប្រុស​របស់​អ្នកស្រី​ ណៃ ដែល​មិនមែន​ជា​ឪពុក​របស់​កូន​ក្នុង​ផ្ទៃ​បាន​សួរ​អ្នកស្រី​ ណៃ​ ថា តើ​អ្នកស្រី​ ណៃ មាន​ស្គាល់​នរណា​ម្នាក់​ដែល​អាច​លក់​ថ្នាំញៀន​បាន​ទេ​។ អ្នកស្រី​គឺជា​អ្នក​ប្រើប្រាស់ ប៉ុន្តែ​មិនមែន​ជា​អ្នក​ជួញដូរ​ថ្នាំញៀន​ទេ ដូច្នេះ​ហើយ​ពេល​នោះ​អ្នកស្រី​ ណៃ ក៏​បាន​និយាយ​តប​ទៅវិញ​ថា​ចាំ​អ្នកស្រី​ប្រាប់​បងប្រុស​របស់​អ្នកស្រី​អំពី​រឿង​នេះ​។

តាមពិត​ទៅ​អតីត​មិត្តប្រុស​របស់​អ្នកស្រី​ ណៃ គឺជា​ភ្នាក់ងារ​សម្ងាត់​របស់​ប៉ូលិស ហើយ​អ្នកស្រី​ ណៃ និង​បងប្រុស​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​។ នៅពេល​នោះ​អ្នកស្រី​ ណៃ​ មាន​ផ្ទៃពោះ​ ៥ ​ខែ​រួច​ទៅ​ហើយ​។

ការប្រគល់​កូន​ជា​ទីស្រឡាញ់​របស់​ខ្លួន​ឲ្យ​ទៅ​រស់នៅ​ឆ្ងាយ​ពី​ខ្លួន​ប្រហែល​ជា​រឿង​មួយ​ដ៏​លំបាក​បំផុត​សម្រាប់​ស្ត្រី​ទូទៅ ប៉ុន្តែ​អ្នកស្រី ​ណៃ គិត​ពី​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​កូនប្រុស​របស់​ខ្លួន​។ អ្នកស្រី​ ណៃ រៀបរាប់​ថា​៖ «​បើ​ចិញ្ចឹម​គាត់​នៅ​ទី​នេះ​គឺ​វា​នឹង​ពិបាក​ណាស់ ហើយ​ខ្ញុំ​មិន​ចេះ​មើល​ថែ​កូនក្មេង​ទេ​...»៕ NS