ភ្នំពេញៈ ការបង្ក្រាប​បទល្មើស​ទាក់ទង​នឹង​វិស័យ​កសិកម្ម​ទាំង​មូល​មាន​ការ​កើនឡើង​ ២១៣ ករណី ស្មើ​នឹង​​ ៤ ​ភាគរយ​ក្នុង​​ឆ្នាំ​ ២០១៧ ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៦ តែ​ដោយ​ឡែក​ចំពោះ​ការបង្ក្រាប​បទល្មើស​ទាក់ទង​នឹង​ព្រៃឈើ និង​សត្វព្រៃ​បាន​ថយចុះ ខណៈ​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា បទល្មើស​ទាំង​នេះ​នៅ​តែ​បន្ត​​កើត​មាន​ច្រើន​។

នៅក្នុង​ឆ្នាំ​ ២០១៧ ​កន្លង​មក​ក្រសួង​កសិកម្ម​បាន​បង្ក្រាប​បទល្មើស​សរុប​ចំនួន ៥៣៥៣ ​ករណី​ដែល​ក្នុង​នោះ​រួមមាន​​បទល្មើស​ជលផល​បាន​ចំនួន​ ៣៩២៥ ​ករណី និង​ព្រៃឈើ សត្វព្រៃ និង​ការកាប់​ទន្ទ្រាន​យក​ដី​ចំនួន​ ១៤២៨ ​ករណី​។ វត្ថុតាង​ដែល​ត្រូវ​រឹបអូស និង​ប្រមូល​ពី​បទល្មើស​ជលផល​ ៣៧២៣ ​ករណី​ត្រូវ​បាន​បំផ្លាញ​ចោល​, ពិន័យ​អន្តរកាល​ចំនួន​ ១១៦ ​ករណី និង​បញ្ជូន​ទៅ​តុលាការ​ចំនួន​ ៨៦ ​ករណី ។ នេះ​បើ​តាម​​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​​ក្រសួង​កសិកម្ម​ដែល​បាន​ធ្វើ​ពិធី​​សរុប​កាលពី​រសៀល​ថ្ងៃ​ពុធ ក្រោម​អធិបតីភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

ចំនួន​នៃ​ការបង្ក្រាប​នេះ​មាន​ការ​កើនឡើង​ ២១៣ ​ករណី​ដែល​ស្មើនឹង​ ៤,១៤ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦ ដែល​មាន​សរុប​ចំនួន ៥១៤០ ករណី​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​របាយការណ៍​ថា ការទប់ស្កាត់ និង​បាន​បង្ក្រាប​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​ការកាប់​រាន​ដីព្រៃ​ទាំង ១៤២៨ ​ករណី​នោះ រដ្ឋបាល​ព្រៃឈើ​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈកម្មការ​ជាតិ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។ ក្នុង​ឆ្នាំ​ ២០១៦ ​មាន​ការ​បង្ក្រាប​បាន​ចំនួន​ ១៤៩០ ​ករណី ហើយ​ធៀប​នឹង​ឆ្នាំ​ ២០១៧ ​នេះ​ថយ​ចុះ​​ ៦២ ​ករណី​ដែល​ស្មើ​នឹង ​៤,១៦ ​ភាគរយ​។ ក្នុង​នោះ​សំណុំ​រឿង​បទល្មើស​ព្រៃឈើ​ត្រូវ​ពិន័យ​អន្តរកាល​មាន​ចំនួន​ ៦៥០ ​ករណី​បញ្ជូន​ទៅ​តុលាការ​ចំនួន​ ៧៧៨ ​ករណី​។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​​ថា រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​បាន​និង​កំពុង​បង្ការ​ទប់ស្កាត់​ក្នុង​ការចូលរួម​បង្ក្រាប​បទល្មើស​នានា ព្រម​ទាំង​បាន​ចូលរួម​អនុវត្ត​ «​យ៉ាង​សកម្ម​» ​ជាមួយ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​​បទល្មើស​ព្រៃឈើ សំដៅ​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ «​អនាធិបតេយ្យ​» កាប់​ឈើ ការ​​នាំ​ចេញ​ឈើ​ខុស​ច្បាប់ និង​បទល្មើស​នានា​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ថា​សមិទ្ធផល​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​មាន​ «​ភាព​ល្អ​ប្រសើរ​»​។ ទោះ​យ៉ាង​ណា​លោក​បាន​គូសបញ្ជាក់​នៅ​ចំពោះ​ប្រមុខ​រដ្ឋាភិបាល​ថា​៖ «​កិច្ចសហការ​ពី​សំណាក់​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ទាន់​បាន​​រលូន​នៅ​ឡើយ​ទេ ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ជលផល ការ​នាំ​ចេញ​ជ័រ និង​ឈើ​កៅស៊ូ​មិន​ទាន់​កែច្នៃ ការ​នាំ​ចូល​សត្វ​ និង​សម្ភារ​កសិកម្ម​ខុស​ច្បាប់​រួមទាំង​ការត្រួតពិនិត្យ​ និង​គុណភាព​អនាម័យ​នៅ​តាម​តំបន់​តាម​ច្រកព្រំដែន​នៅ​មាន​កម្រិត​»​។

ក្នុង​ឱកាស​នោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ដល់​ក្រសួង​កសិកម្ម​ឲ្យ​បន្ត​សហការ​ជាមួយ​នឹង​ស្ថាប័ន​​ពាក់ព័ន្ធ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស និង​បោះបង្គោល​កំណត់​ព្រំដី​ព្រៃ​លិច​ទឹក​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​ឲ្យ​បាន​ជា​អតិបរមា​នូវ​ការរំលោភបំពាន​លើ​ដី​ព្រៃ​លិច​ទឹក និង​ដី​ព្រៃឈើ​ជាដើម​។

លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​៖ «​ត្រូវ​បន្ត​ប្រើប្រាស់​កម្លាំង​សរុប​ចុះ​ស្រាវជ្រាវ​រុករក និង​បង្ក្រាប​បទល្មើស​ជលផល និង​ការកាប់​រាន​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​យក​ធ្វើ​ជា​កម្មសិទ្ធិ​តាម​គ្រប់​រូបភាព​»​។ ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​ដាស់តឿន​ដល់​អាជ្ញាធរ​ខេត្ត​ត្រូវ​ចូលរួម​សហការ​គ្នា ដើម្បី​ស្រាវជ្រាវ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ជលផល​ឲ្យ​មាន​ប្រសិទ្ធភាព​។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី​របស់​អង្គការ​អាដហុក​បាន​យល់​ឃើញ​ថា​ចំនួន​នៃ​ការបង្ក្រាប​មាន​ការ​កើនឡើង​នេះ​គឺ​បង្ហាញ​ថា បទល្មើស​នៅតែ​មាន​ច្រើន​ដដែល ដែល​វា​ស្រប​ទៅ​នឹង​ស្ថានភាព​ជាក់ស្តែង​នៃ​បទល្មើស​​ដែល​កំពុង​តែ​កើត​មាន​។

លើស​ពី​នោះ​ទៀត​លោក​បាន​​កត់សម្គាល់​ឃើញ​ថា ការបង្ក្រាប​ទាំង​នោះ​គឺ​ធ្វើ​បាន​តែ​បទល្មើស​​តូចតាច​ដែល​ដឹក​តាម​ម៉ូតូ និង​គោយន្ត​ប៉ុណ្ណោះ​។ ប៉ុន្តែ​បទល្មើស​ដែល​ដឹក​តាម​រថយន្ត​ធំៗ​របស់​អ្នក​មាន​លុយ អំណាច ក្រុម​ឧកញ៉ា និង​ក្រុមមន្ត្រី​គ្រាក់ៗ​គឺ​កម្រ​នឹង​បង្ក្រាប​បាន​ណាស់ បើ​ទោះបី​ជា​មាន​សារព័ត៌មាន​បាន​ចុះផ្សាយ​យ៉ាង​ច្បាស់​យ៉ាង​ណា​ក៏ដោយ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ការ​មិន​បង្ក្រាប​វា​ជះ​គំរូ​អាក្រក់ និង​បង្ហាញ​ថា​ឧកញ៉ា និង​មន្ត្រី​ធំៗ​មិន​ខ្លាច​ច្បាប់​ទេ និង​ធ្វើឲ្យ​មន្ត្រី​តូចតាច​មួយ​ចំនួន​រកស៊ី​អាហ្នឹង​ដែរ​។ បទល្មើស​មិន​អស់​ទេ គឺ​វា​នៅ​ច្រើន​ជាង​ហ្នឹង​ទៀត​។ បើ​ធៀប​ការ​កាប់​ខ្ទេចខ្ទី ទៅ​នឹង​ចំនួន​នៃ​ការបង្ក្រាប​នេះ​ឃើញ​ថា​វា​មិន​មាន​ជោគជ័យ​លើ​ការបង្ក្រាប​ទេ​»​។

កន្លងមក​លោក ប៊ុណ្ណារ៍ និង​សហគមន៍​បាន​ដាក់​បណ្តឹង​បរិហារ​ចំនួន​ ១១ ទៅ​តុលាការ​ប្រឆាំង​ទៅ​នឹង​ក្រុម​ឧកញ៉ា មន្ត្រី​អាជ្ញាធរ និង​អ្នក​មាន​លុយ​ និង​អំណាច​មួយ​ចំនួន​ពី​ការរំលោភ​ទន្ទ្រាន​យក​ដី​រដ្ឋ និង​ធនធាន​ធម្មជាតិ​ដទៃ​ទៀត​។ ជា​លទ្ធភាព​តុលាការ​បាន​និង​កំពុង​ដំណើរការ​លើ​បណ្តឹង​ទាំង​នោះ​ជា​បន្តបន្ទាប់​៕