ភ្នំពេញៈ នៅក្នុងឆ្នាំ ២០១៥ កម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ២០០០ ករណីគឺមានការកើនឡើង ១០០ ភាគរយបើធៀបទៅនឹងឆ្នាំ ២០១៤ ដែលបង្ក្រាបបាន ១ ០០០ ករណី ខណៈដែលសន្ទុះនៃការជួញដូរគ្រឿងញៀនត្រូវបានគេមើលឃើញថាមានសភាពគគ្រឹកគគ្រេង និងរីករាលដាលនៅស្ទើរគ្រប់ច្រកល្ហកសូម្បីតែនៅក្នុងពន្ធនាគារដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភកាន់តែខ្លាំងឡើង។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដែលផ្សាយជាសាធារណៈកាលពីថ្ងៃអង្គារបានលើកឡើងថាឆ្នាំ ២០១៥ កន្លងទៅគឺជាឆ្នាំទី ៦ នៃការអនុវត្តកម្មវិធីភូមិ ឃុំមានសុវត្ថិភាពហើយជាឆ្នាំដែលទទួលបាននូវសមិទ្ធផល និងបទពិសោធបន្ថែមទៀតពីដំណើរការនាពេលកន្លងមក។ ក្នុងរបាយការណ៍ក៏បានលើកឡើងពីភាពជោគជ័យក្នុងការបង្ក្រាបគ្រឿងញៀនផងដែរ។
របាយការណ៍បញ្ជាក់ថា៖ «ការបង្ក្រាបបទល្មើសគ្រឿងញៀនបាន ២៣៦៥ ករណីឃាត់ជនល្មើសបាន ៥០៣២ នាក់ (ស្រី ៥៦៤ នាក់) ក្នុងនោះជនបរទេស ១២៧ នាក់ (ស្រី ៣០ នាក់) និងបង្ក្រាបតាមដីកា ១៥២ នាក់ (ស្រី ១០ នាក់) បញ្ជូនទៅតុលាការផ្តន្ទាទោស។ នៅក្នុងពេលប្រតិបត្តិការរកឃើញម្សៅ TNT ២០០ ក្រាម និងគ្រាប់កាំភ្លើងចំនួន ១២៧ គ្រាប់ និង RPK ២០ កេស ប្រគល់ជូនស៊ីម៉ាក់កម្ទេចចោល។
របាយការណ៍បញ្ជាក់ថាទោះបីជាការបង្ក្រាបគ្រឿងញៀនទទួលបានភាពវិជ្ជមានក្តីតែក្រសួងមហាផ្ទៃកំពុងយកចិត្តទុកដាក់បន្ថែមទៀតលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពង្រឹងវិធានការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។ បើតាមសមត្ថកិច្ចនិន្នាការនៃការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាពិសេសការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀនក្នុងស្រទាប់យុវវ័យជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀតដែលធ្វើឱ្យមានបទល្មើសមានការកើនឡើង។
អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក មាស វីរិទ្ធិ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាតួលេខនៃការបង្ក្រាបគ្រឿងញៀនឆ្នាំនេះជាផលវិជ្ជមានមួយទាំងអ្នកប្រើប្រាស់ និងអ្នកជួញដូរ។ យ៉ាងនេះក្តីលោកថាការប្រើប្រាស់គ្រឿងញៀននៅកម្ពុជានៅតែមានកំណើន។
លោកថា៖ «ប៉ុន្តែយើងទទួលស្គាល់ថាប្រទេសកម្ពុជានៅមានចំនួនប្រើប្រាស់គ្រឿងញៀន និងការជួញដូរមនុស្សកំពុងកើនឡើងផងដែរភាគច្រើនការបង្ក្រាបមាននៅរាជធានីភ្នំពេញខេត្តកណ្តាល បាត់ដំបង និងកំពង់ឆ្នាំង»។
លោកថា បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតបន្ថែម និងវែកមុខអ្នកនៅពីក្រោយខ្នងនៃបញ្ហានេះ។
លោកថា៖ «យើងនឹងចាប់ខ្លួនអ្នកតូចជាមុនដើម្បីស្វែងរកអ្នកធំនៃការជួញដូរប៉ុន្តែយើងមានការលំបាកក្នុងការស្វែងរកឈ្មួញធំនោះ»។
ប្រធានបចេ្ចកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត បានថ្លែងថាតួលេខក្នុងការបង្ក្រាបគ្រឿងញៀនជារឿងល្អមួយផ្នែកតែលោកសង្កត់ធ្ងន់ថាកំណើនបទល្មើសគ្រឿងញៀនដោយសារការអនុវត្តច្បាប់នៅធូររលុងនៅឡើយ និងមិនទាន់មានប្រសិទ្ធភាព។
លោកថា៖ «ការអនុវត្តច្បាប់ និងភូមិឃុំមានសុវត្ថិភាពនាពេលកន្លងមកនៅមានកម្រិតទាំងបទល្មើសចោរលួចប្លន់ជាពិសេសការជួញដូរគ្រឿងញៀននៅតែកើតមានគគ្រឹកគគ្រេងសូម្បីតែនៅក្នុងពន្ធនាគារដែលកើតមានឡើងនាពេលថ្មីៗនេះ»។
លោក មាន សុវណ្ណ ប្រធានសមាគមសង្គ្រោះជនរងគ្រោះដោយគ្រឿងញៀននៅកម្ពុជាបានថ្លែងថាការបង្ក្រាបគ្រឿងញៀនឆ្នាំ ២០១៥ បានច្រើនជាងឆ្នាំ ២០១៤ ដោយសារសមត្ថកិច្ចចុះបង្ក្រាបកើនឡើងតែលោកថាអាជ្ញាធរគ្រប់ថ្នាក់ត្រូវពង្រឹងការងារនេះបន្ថែមទៀត»។
លោកថា៖ «សមត្ថកិច្ចគួរដាក់បណ្តាញឱ្យបានជិតស្និទ្ធទៅនឹងអ្នកប្រើប្រាស់ និងអ្នកជួញដូរគ្រឿងញៀនដើម្បីឈានទៅរកការចាប់មេក្លោងធំៗ»។
ការរីករាលដាលនៃគ្រឿងញៀនបានក្លាយទៅជាក្តីបារម្ភចម្បងមួយសម្រាប់ឪពុកម្តាយ និងអាណាព្យាបាលខណៈដែលក្មេងៗសិស្សសាលាជាច្រើនបានភ្លើតភ្លើនចាញ់កលការបោកបញ្ឆោតរបស់ជនខិលខូច គេចសាលា ទៅផ្តុំគ្នាសេពគ្រឿងញៀន៕