ភ្នំពេញៈ ក្រសួង​មុខងារ​សាធារណៈ​កាលពី​ថ្ងៃ​ទី​ ២៥ ​ឧសភា​ បាន​សម្រេច​ឲ្យ​ប្រធាន​មន្ទីរ​មុខងារ​សាធារណៈ​តាម​រាជធានី​ខេត្ត​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការបើកប្រាក់​កម្រៃ​ម៉ោង​បន្ថែម​របស់​គ្រូ​ដែល​ត្រូវបាន​ចាត់តាំង​ឲ្យ​ទៅ​បង្រៀន ដូចជា​ការបង្រៀន​ ២ ​ថ្នាក់​ ២ ​វេន ការបង្រៀន​គួប​គ្រប់​កម្រិត និង​ការបង្រៀន​ម៉ោង​បន្ថែម​។

យោង​តាម​លិខិត​កាលពី​ថ្ងៃទី​ ២៥ ខែឧសភា ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក ព្រុំ សុខា រដ្ឋមន្ដ្រីក្រសួង​មុខងារ​សាធារណៈ​បាន​ឲ្យ​ដឹងថា ការផ្អាក​ការផ្ដល់​ទិដ្ឋាការ​ជា​បណ្ដោះអាសន្ន​សម្រាប់​ការផ្ដល់​ប្រាក់កម្រៃ​គ្រូបង្រៀន ដែល​បាន​ដាក់​ទៅ​ប្រធាន​មន្ទីរ​មុខងារ​សាធារណៈ​រាជធានី ខេត្ដ នោះ​ធ្វើ​ឡើង​ស្របតាម​ស្ថានភាព​ដែល​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ត្រូវ​បាន​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃទី​ ១៦ ខែ​មីនា ឆ្នាំ​ ២០២០ ​ដោយសារ​ជំងឺ​កូវីដ​ ១៩​។

លោក សុខា បាន​អះអាង​ថា​៖ «​ការផ្អាក​នេះ​ក៏​ធ្វើឡើង​ដើម្បី​គ្រប់គ្រង​ការបើក​ផ្ដល់​ប្រាក់កម្រៃ​គ្រូបង្រៀន​ ២ ​ថ្នាក់​ ២ ​វេន គ្រូបង្រៀន​ថ្នាក់​គួប​គ្រប់​កម្រិត និង​គ្រូបង្រៀន​របប​ម៉ោង​បន្ថែម​សមស្រប​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល​ស្ដីពី​ការធ្វើ​វិចារណកម្ម និង​ការពង្រឹង​ប្រសិទ្ធភាព​ចំណាយ​»​។

យោងតាម​សេចក្ដី​នៅក្នុង​លិខិត​ដដែល​នោះ​លោក សុខា បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​មុខងារ​សាធារណៈ រាជធានី ខេត្ដ ទាំងអស់ ១- ផ្អាក​ការផ្ដល់​ទិដ្ឋាការ​ប្រាក់កម្រៃ​ប្រចាំខែ​គ្រូបង្រៀន​ពី​ថ្នាក់​ ២ ​វេន គ្រូបង្រៀន​ថ្នាក់​គួប​គ្រប់​កម្រិត និង​គ្រូបង្រៀន​របប​ម៉ោង​បន្ថែម​ចាប់ពី​ពេល​នេះ​តទៅ​រហូត​មាន​ការជូនដំណឹង​ជាថ្មី​។ ២-​ក្នុងករណី​ដែលមាន​ការបើក​ផ្ដល់ប្រាក់​កម្រៃ​ជូន​គ្រូបង្រៀន​ខាងលើ​នាពេល​កន្លងមក​ក្រសួង​មុខងារ​សាធារណៈ​នឹង​ពិភាក្សា​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រក​ដំណោះស្រាយ​ក្នុង​ការទូទាត់​ថវិកា​នេះ​វិញ​។

លោក ឈឿន ប៊ុណ្ណារ័ត្ន អ្នក​នាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ការផ្អាក​ការផ្តល់​ទិដ្ឋាការ​នេះ​គឺ​មាន​ន័យថា មន្ទីរ​មុខងារ​សាធារណៈ​រាជធានី ខេត្ដ​ត្រូវ​ផ្អាក​ផ្តល់​ការឯកភាព​ចំពោះ​សំណុំ​ឯកសារ​ស្នើសុំ​បើកប្រាក់​កម្រៃ (​ម៉ោង​បន្ថែម​) ប្រចាំខែ​។

លោក​ថ្លែង​ថា​៖ «​បច្ចុប្បន្ន​ក្រសួង​មុខងារ​សាធារណៈ​បាន​ផ្អាក​ទិដ្ឋាការ​តែ​គ្រូបង្រៀន​ទាំង ៣ ប្រភេទ​នេះ​ទេ (​គ្រូបង្រៀន​ ២ ​ថ្នាក់ ២ ​វេន គ្រូបង្រៀន​ថ្នាក់​គួប​គ្រប់​កម្រិត និង​គ្រូបង្រៀន​របប​ម៉ោង​បន្ថែម​)​។ ឯ​ប្រាក់បៀវត្សរ៍ ប្រចាំខែ (​គ្រូបង្រៀន​) នៅ​បន្ត​បើក​ផ្តល់​តាម​ធម្មតា​»​។

អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា (CITA) ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការផ្អាក​បណ្ដោះអាសន្ន​នូវ​ការផ្ដល់ប្រាក់​កម្រៃ​ដល់​គ្រូបង្រៀន​ទាំង ៣ កម្រិត​ជា​ការមិន​សមរម្យ​ព្រោះ​គ្រូបង្រៀន​មិនមែន​ជា​អ្នកមាន​ចេតនា​ក្នុង​ការផ្អាក​ការបង្រៀន​នោះទេ ប៉ុន្ដែ​ជា​វិធាន​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩​។

អ្នកស្រី​ថ្លែងថា​៖ «​ធម្មតា​គ្រូៗ​ជា​អ្នក​បង្រៀន​ដោយផ្ទាល់ ដូច្នេះ​អ្វី​ដែល​ជា​ពលកម្ម​របស់​គ្រូ​គួរតែ​ទទួល​បាន​កម្រៃ​ឲ្យ​ស័ក្តិសម​។ ប៉ុន្ដែ​នេះ​ដោយសារ​តែ​បញ្ហា​ជំងឺ​កូវីដ​មិនមែន​ជា​ចេតនា​របស់​គ្រូបង្រៀន​ក្នុង​ការឈប់​បង្រៀន​នោះទេ គឺ​ក្រសួង ក៏ដូចជា​រាជរដ្ឋាភិបាល​ជា​អ្នក​ចេញ​ការណែនាំ​ឲ្យ​ពួកគាត់​ឈប់​បង្រៀន​បែបនេះ​»​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង អប់រំ យុវជន និង​កីឡា​បាន​ថ្លែងថា ការផ្អាក​ផ្ដល់​ទិដ្ឋាការ​ជា​បណ្ដោះអាសន្ន គឺជា​ការផ្អាក​ជា​បណ្តោះអាសន្ន​នៃ​ការផ្ដល់​ប្រាក់កម្រៃ (​ប្រាក់​ឧបត្ថម្ភ​បន្ថែម​) ​គ្រូបង្រៀន ២ ​ថ្នាក់​ ២ ​វេន គ្រូបង្រៀន​ថ្នាក់​គួប​គ្រប់​កម្រិត និង​គ្រូបង្រៀន​របប​ម៉ោង​បន្ថែម ប៉ុន្តែ​ចំពោះ​ប្រាក់ខែ​អចិន្រៃ្តយ៍​នៅតែ​បន្ត​បើក​ជូន​គ្រូបង្រៀន​ក្របខ័ណ្ឌ​ទាំងអស់​ក្នុង​និន្នាការ​កូវីដ​១៩​។

លោក សុវាចា បាន​ថ្លែង​ឲ្យ​ដឹងថា​៖ «​ចំពោះ​ការផ្អាក​នេះ​គឺ​ស្រប​ពេល​ដែល​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ប្រកាស​វិស្សមកាល​តូច និង​ការឈប់​សម្រាក​មុនពេល​កំណត់ និង​ការប្រកាស​ពន្យារពេល​ចូលរៀន​ឡើងវិញ​។ សម្រាប់​ចន្លោះ​ពេលនេះ​គ្រូបង្រៀន​ពាក់ព័ន្ធ​ទាំងអស់​នោះ​ក៏​ពុំមាន​ថ្នាក់​បន្ថែម​ដែរ​។ ​កត្តា​នេះ​ជា​ការឆ្លើយតប​សមស្រប​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការធ្វើ​វិចារណកម្ម និង​ការពង្រឹង​ប្រសិទ្ធភាព​ចំណាយ​»៕