ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន បាន​ថ្លែង​តាមរយៈ​វីដេអូ​នៃ​កិច្ចសម្ភាសន៍​មួយ​ថា​ប្រទេស​កម្ពុជា​អាច​បើក​សាលារៀន​ដូច​ធម្មតា​វិញ លុះត្រាតែ​ប្រទេស​ជិត​ខាង​អាច​គ្រប់គ្រង​ការរីករាលដាល​ជំងឺ​កូវីដ​១៩​បាន បើ​មិន​បាន​ ១០០ ​ភាគរយ​ក៏​បាន​ពី​ ៩០-៩៥ ​ភាគរយ​ដែរ​។ នេះ​បើ​តាម​ការផ្សព្វផ្សាយ​របស់​ក្រសួង​កាលពី​ថ្ងៃទី​ ៩ ខែ​ឧសភា​។

ឆ្លើយតប​នឹង​សំណួរ​សួរថា​មាន​អ្នកជំងឺ​កូវីដ​១៩​នៅ​សល់​តែ ២ ​នាក់ ខណៈ​អ្នកជំងឺ​ ១២០ ​នាក់​បាន​ព្យាបាល​ជាសះស្បើយ​​ហេតុអ្វី​បាន​ជា​ក្រសួង​មិន​បើក​សាលារៀន​ឡើងវិញ​? ​លោក​​រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បាន​ពន្យល់​ថា គោលដៅ​ដែល​ក្រសួង​អប់រំ គិតគូរ​មាន​ ២ ​សំខាន់​គឺ​ទី​ ១ ​សុវត្ថិភាព​របស់​សិស្ស និង​ទី​ ២ ​គឺ​ការបន្ត​ការសិក្សា​របស់​សិស្ស​។ ​ប៉ុន្ដែ​តម្រូវការ​ទាំងអស់​​នេះ​ទាល់​តែមាន​តម្រូវការ​ទី​ ១ ​គឺ​តម្រូវការ​រស់រាន​មាន​ជីវិត​សិន​ទើប​អាច​ឈានទៅ​សម្រេចបាន​តម្រូវការ​ផ្សេងទៀត​។ ដូច្នេះ​ពេលខ្លះ​អាច​ជ្រើសរើស​តម្រូវការ​បានតែ​ ១ ​ទេ​ប៉ុណ្ណោះ​។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​បើ​យើង​បើក​សាលារៀន​វិញ​ហើយ​ប្រឈម​នឹង​គ្រោះថ្នាក់​ឆ្លង​ជំងឺ​កូវីដ​១៩ ព្រោះតែ​ព្រំដែន​ប្រទេស​យើង​នៅ​បើកចំហ​នៅឡើយ លំហូរ​មនុស្ស​នៅ​បើកចំហ​នៅឡើយ​។ ដូច្នេះ​ប្រសិន​បើ​ស្ថានភាព​នៅតាម​ប្រទេស​ជិតខាង​នៅ​មិនទាន់​មាន​ភាពល្អប្រសើរ​ក៏​យើង​មិនអាច​ធានាបាន​ ១០០ ភាគរយ​ទេ​។ ដូចជា​នៅ​ប្រទេស​ សិង្ហបុរី ម៉ាឡេស៊ី គឺ​នៅ​ប្រឈម​នៅឡើយ​។ ដូច្នេះ​ទាល់តែ​យើង​ធានាថា ប្រទេស​ជិតខាង​របស់​យើង​ក្នុង​តំបន់​អាច​គ្រប់គ្រង​ការរីករាលដាល​ជំងឺ​កូវីដ​១៩ នេះ​បានដែរ ទើប​យើង​អាច​ប្រកាស​បាន​ថា យើង​មាន​សុវត្ថិភាព​»​។

លោក​បន្តថា​៖ «​ប៉ុន្ដែ​មិនអាច​ថា សុវត្ថិភាព ១០០ ​ភាគរយ​ទេ គឺ​អាច​ ៩០-៩៥ ​ភាគរយ​បាន​ហើយ​យើង​អាច​បើក​សាលារៀន​វិញ​បាន​។ ដូច្នេះ​ខ្ញុំ​យល់ឃើញ​ថា បញ្ហា​នេះ​គឺជា​បញ្ហា​ ១ ​ដែល​សំខាន់ ដែល​យើង​ត្រូវ​គិតគូរ​ទាំងអស់​គ្នា​ថា តើ​យើង​មាន​តម្រូវការ​អ្វីខ្លះ ហើយ​គួរ​បើក​សាលារៀន​ទាំង​ប្រថុយប្រថាន​ ឬ​យ៉ាងណា​?...»​។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់ថា សូម្បីតែ​ក្រសួង​សុខាភិបាល​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ជានិច្ច​ដើម្បី​ទប់ទល់នឹង​រលក​ទី​ ២ ​នៃ​ជំងឺ​កូវីដ​ ១៩ ​នេះ ព្រោះ​ប្រវត្ដិ​ជំងឺឆ្លង​បែបនេះ​មានដូចជា ជំងឺ​ផ្ដាសាយ​នៅ​អេស្ប៉េញ​គឺ​ការចម្លង​នូវ​រលក​ទី​ ២ ​ធ្វើឲ្យ​មាន​អ្នកស្លាប់​ច្រើន​ជាង​រលក​ទី​ ១ ​ទៅទៀត​។

លោក​រដ្ឋមន្ដ្រី​បាន​រំឭកថា ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​ការអប់រំ ក្រសួង​អប់រំ​បាន​រៀបចំ​ឲ្យ​មាន​ការសិក្សា​ពី​ចម្ងាយ​ និង​ប្រព័ន្ធ​អប់រំ​តាមបែប​ឌីជីថល គឺ​ការរៀន និង​បង្រៀន​តាម Youtube, Facebook កម្មវិធី E-Learning និង​ការបង្កើត​ការបង្រៀន​តាម​ទូរទស្សន៍​ថែមទៀត​។

លោក​បាន​បញ្ជាក់ថា​៖ «​មិនមែន​យើង​មិន​គិត​អំពី​ការសិក្សា​របស់​សិស្ស​ទេ គឺ​យើង​គិត​ដោយ​ផ្ដល់​ការអប់រំ​ពី​ចម្ងាយ​ដល់​សិស្ស​។ សិស្ស​អាច​ស្វ័យ​សិក្សា​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ យើង​បានប្រែក្លាយ​វិបត្ដិ​នេះ​ឲ្យ​ក្លាយ​ទៅជា​ឱកាស​ដើម្បី​ពង្រឹង​ការអប់រំ​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​។ ​ការអប់រំ​បែប​នេះ ប្រសិន​បើ​សភាពការណ៍​ធម្មតា​មាន​ការលំបាក​អនុវត្ដ​។ ប៉ុន្ដែ​ក្នុង​កាលៈទេសៈ​នេះ​គឺ​យើង​អនុវត្ដ​ទៅ​បាន​ល្អ​ហើយ ជា​ការអប់រំ​តាមបែប​ថ្មី​មួយ​ដែល​សិស្ស​ទាំងអស់​ត្រូវខិតខំ​ប្រឹងប្រែង​»​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បានបញ្ជាក់​បន្ថែម​ពី​ម្សិលមិញ​ថា មាតាបិតា អាណាព្យាបាល​សិស្ស​បាន​គាំទ្រ​សេវា​សិក្សា​ពី​ចម្ងាយ​។

ប៉ុន្តែ​លោក​មិនបាន​បង្ហាញ​ចំនួន​សិស្ស​នៅ​ជនបទ ដែល​មិន​ទទួលបាន​ការអប់រំ​នោះទេ​។

លោក​ថា​៖ «​ជាទូទៅ មាតាបិតា សិស្សានុសិស្ស និង​គ្រប់ភាគី​ពាក់ព័ន្ធ​មាន​ការស្វាគមន៍​...​ជាពិសេស​ការផ្សាយ​តាមរយៈ​ទូរទស្សន៍​ (​ទទក​២) ​ដែល​អាច​បន្ត​ឲ្យ​មាន​ការរៀន និង​បង្រៀន​នៅ​ទីក្រុង និង​ជនបទ​ទូទាំង​ ២៥ ​ខេត្ត-រាជធានី​ក្នុងឱកាស​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​​កូវីដ​១៩​។ គ្រួសារ​ដែល​មិនទាន់​មាន​ទូរទស្សន៍​អាច​រៀន​តាម​ទូរទស្សន៍​ជាមួយ​អ្នកជិតខាង​មិន​ឲ្យ​លើសពី​ ១០ ​នាក់​ដោយ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ និង​អនុវត្ត​គោលការណ៍​វេជ្ជសាស្ត្រ​តាម​ការណែនាំ​ពី​ក្រសួង​សុខាភិបាល​»​។

អង្គការ​សម្ព័ន្ធ​សិទ្ធិ​កុមារ (​ស.ស.ក​) ​ដែល​មាន​សមាជិក​ទាំង​ជាតិ និង​អន្តរជាតិ​ចំនួន​ ៥៨ មាន​បេសកកម្ម​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​កុមារ​នៅ​កម្ពុជា​ និង​ធានា​ឲ្យ​មានការ​គាំទ្រ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​បានចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ ១ ​កាលពី​ថ្ងៃទី​ ៨ ឧសភា​​ដោយ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ការពារ​ការរាតត្បាត​ជំងឺ​កូវីដ​១៩​។

ស.ស.ក បាន​លើកឡើង​ថា​​ក្រសួង​អប់រំ​កម្ពុជា​បានចាប់ផ្ដើម​វិស្សមកាល​តូច មុន​កំណត់ និង​បាន​បង្កើត​ជម្រើស​សិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

ស.ស.ក បញ្ជាក់ថា​៖ «​យើងខ្ញុំ​សូម​បង្ហាញ​ការគាំទ្រ​ពេញទំហឹង ចំពោះ​វិធានការ​ទាំងនេះ​។ ​ទន្ទឹមនឹងនោះ​យើងខ្ញុំ​បាន​ពិគ្រោះ​យោបល់​ជាមួយ​កុមារ​ប្រមាណ ៥៣៩ ​នាក់ និង​ឪពុកម្ដាយ អាណាព្យាបាល​ប្រមាណ ៣៧២ ​នាក់ ដោយ​បារម្ភ​ផងដែរ ចំពោះ​កុមារ​ដែល​ជា​ក្រុម​ងាយ​រងគ្រោះ​ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​ និង​បន្ទាប់ពី​វិបត្ដិ​នេះ​»​។

ប៉ុន្តែ ស.ស.ក បារម្ភ​ថា ខណៈ​អាណាព្យាបាល​សិស្ស​កំពុង​ជួប​វិបត្ដិ​ហិរញ្ញវត្ថុ និង​ការបាត់បង់​ការងារ សាលា​ឯកជន​ខ្លះ​នៅតែ​តម្រូវ​ឲ្យ​បង់​ពេញ​ថ្លៃ ទោះបីជា​ប្ដូរ​មក​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្ដី​។ ​កុមារ​ខ្លះ​ប្រឈម​នឹង​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដោយសារ​គ្រូ​មិនបាន​បង្ហាញ​ច្បាស់ និង​អាណាព្យាបាល​មិនមាន​ពេល​គ្រប់គ្រាន់​សម្រាប់​បង្ហាត់បង្ហាញ ឬ​មិនអាច​ប្រើប្រាស់​បច្ចេកវិទ្យា​បាន ជាដើម​៕