ភ្នំពេញ: សកម្មភាពបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា កំពុងជួបបញ្ហាប្រឈមដោយកង្វះថវិកា និងធនធានមនុស្ស បើទោះបីជាសហរដ្ឋអាមេរិក ទើបតែផ្ដល់ថវិកាឲ្យមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចំនួន ២ លានដុល្លារសម្រាប់បម្រើក្នុងវិស័យនេះក៏ដោយ។ នេះបើតាមលោក លី ធុជ ដែលបានថ្លែងពីម្សិលមិញ។
ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការអាជ្ញាធរមីន លោក លី ធុជ បានថ្លែងបែបនេះបន្ទាប់ពីបញ្ចប់កម្មវិធី «ទិវាអន្តរជាតិ ស្តីពីការយល់ដឹងអំពីមីន និងការផ្តល់ជំនួយក្នុងវិស័យសកម្មភាពមីន» ដើម្បីលើកកម្ពស់ការយល់ដឹងពីមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីសន្តិភាព និងសុវត្ថិភាពរបស់ពលរដ្ឋតាមមូលដ្ឋាន ដែលរៀបចំដោយមជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន (ARMAC) និងមានការចូលរួមពីយុវជនក្នុងតំបន់អាស៊ានសរុបប្រមាណ ៤០០ នាក់នៅមជ្ឈមណ្ឌលមិត្តភាពកម្ពុជា-កូរ៉េ CKCC។
លោក លី ធុជ បានថ្លែងថា សកម្មភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ត្រូវបានរដ្ឋាភិបាលដាក់ចេញនូវផែនការច្បាស់លាស់រួចរាល់អស់ ហើយ ប៉ុន្ដែនៅមានបញ្ហាប្រឈមមួយចំនួន ដូចជា កង្វះថវិកា និងបញ្ហាធនធានមនុស្ស ព្រោះធនធានមនុស្ស ដែលប្រើប្រាស់សព្វថ្ងៃនេះ មន្ត្រីអ្នកដោះមីន មានចំនួន ២ ៥០០ នាក់ ក្នុងនោះមួយចំនួនធំមានវ័យកាន់តែចាស់ និងខ្លះមានជំងឺប្រចាំកាយ ដែលមិនអាចបន្តការងារនេះបានទេ។
លោកបន្តថា ធនធានមនុស្សដែលអាចប្រើប្រាស់ក្នុងវិស័យនេះ គឺត្រូវមានស្មារតីរឹងមាំ កម្លាំងខ្លាំងក្លា និងមានសុខភាពល្អ ព្រោះវាជាការងារមួយប្រកបដោយគ្រោះថ្នាក់បំផុត ហើយបើធ្វើការងារមិនបានប្រុងប្រយ័ត្នខ្ពស់ទេ វាអាចនឹងបង្កជាហានិភ័យដល់ខ្លួនឯង និងមនុស្សជុំវិញខ្លួនផងដែរ។
លោក លី ធុជ បញ្ជាក់ថា៖ «ការងារបោសសម្អាតមីនជាបញ្ហាធំបំផុត គឺលុយហ្នឹងហើយ ព្រោះយើងគិតជាម៉ែត្រការ៉េ ចេញជាតម្លៃតែម្ដង។ ក្នុងនោះ រដ្ឋាភិបាលយើង បានជួយក្នុង ១ ឆ្នាំជិត ១០ លានដុល្លារហើយក៏មានម្ចាស់ជំនួយដូចជា អាមេរិក ជប៉ុន អូស្ដ្រាលី អង់គ្លេស អង្គការសហប្រជាជាតិ និងប្រទេសផ្សេងៗទៀត តែយ៉ាងណា នៅមិនទាន់គ្រប់គ្រាន់នៅឡើយ»។
លោកបន្ថែមថា សព្វថ្ងៃនេះ អាជ្ញាធរមីនកំពុងពិភាក្សាជាមួយមេបញ្ជាការកងទ័ពជើងគោកដែលលោក ហ៊ុន ម៉ាណែត ជាអ្នកគ្រប់គ្រង ដើម្បីស្នើសុំកម្លាំងមួយចំនួនមកសិក្សា និងមកចូលរួមការងារមនុស្សធម៌ផ្នែកបោសសម្អាតមីននេះ។ ក្នុងនោះ អាជ្ញាធរមីនជំរុញឲ្យសិក្សាបង្រួមទីតាំងភូមិសាស្ដ្រមីនឲ្យចំគោលដៅ ដើម្បីដាក់កម្លាំងឲ្យត្រូវមុខសញ្ញាមាន មីន និងត្រូវសម្រួចផែនការឲ្យចប់នៅត្រឹមឆ្នាំ ២០២៥ ខាងមុខ។
លោក ផានីយ៉ារ៉ាក់ ភូលធូប (Panyarak Poolthup) ឯកអគ្គរាជទូត នៃប្រទេសថៃ ប្រចាំកម្ពុជានិងជាប្រធានគណកម្មាធិការអចិន្រៃ្តយ៍របស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) បានថ្លែងថា ARMAC បានខិតខំគាំទ្រ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមសម្រាប់ប្រទេសជាសមាជិកអាស៊ាន ជាពិសេសនៅកម្ពុជា។
លោកបន្តថា ARMAC ជាមជ្ឈមណ្ឌល ត្រូវបានបើកដំណើរការកាលពីខែ ឧសភា ឆ្នាំ ២០១៦ ក្នុងគោល បំណង ដើម្បីដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាសមូហភាពក្នុងទិដ្ឋភាពមនុស្សធម៌តាមរយៈវិធីសាស្ត្ររួម ក្នុងការចែករំលែកបទពិសោធ បណ្តុះបណ្តាលជំនាញ និងសកម្មភាពក្នុងការពង្រឹងសមត្ថភាពផ្សេងទៀត។
លោកបញ្ជាក់ថា៖ «វត្តមានរបស់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាការគំរាមកំហែងដល់សុវត្ថិភាពមនុស្សជាតិ ឧបសគ្គរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជាបញ្ហាសម្រាប់ការងារមនុស្សធម៌ក្នុងតំបន់អាស៊ានទាំងមូល មិនត្រឹមតែកម្ពុជមួយប៉ុណ្ណោះទេ»។
ក្នុងក្ដីកង្វល់នេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានសរសេរលើហ្វេសប៊ុកលោកនៅថ្ងៃទី ៣ មេសា ថា អង្គភាព CMAC និងអង្គការ NPA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ច សហប្រតិបត្តិការជាដៃគូ លើគម្រោងស្រាវជ្រាវព័ត៌មាន និងបោសសម្អាតសំណល់គ្រាប់បែកចង្កោមរួចរាល់ហើយ។
លោកបន្តថា គម្រោងនេះ មានរយ:ពេល ១២ ខែគឺគិតចាប់ពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ដែលមានទឹកប្រាក់ចំនួន ២ លានដុល្លារអាមេរិក ហើយរំដោះផ្ទៃដីគ្រាប់បែកចង្កោមចំនួន ២ ៦០០ ហិកតា ការស្រាវជ្រាវបច្ចេកទេសចំនួន ៣ ២០០ ហិកតា និងឆ្លើយតបបន្ទាន់ចំនួន ២ ០០០ សំណើ។ «ទន្ទឹមនឹងនេះ ចម្ការគ្រាប់បែកចង្កោមដែលយើងបានដឹង និងមិនទាន់បោសសម្អាតនៅឡើយ មានចំនួនជាង ៧៣ ០០០ ហិកតា»។
តាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីនចុះថ្ងៃ ១៥ មីនា បានឲ្យដឹងថា ថ្មីៗនេះ អត្រាគ្រោះថ្នាក់ដែលបណ្ដាលមកពីការផ្ទុះមីន និងគ្រាប់ មានការកើនឡើងគួរឲ្យកត់សម្គាល់។
ចាប់ពីខែមករាដល់ថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៩ មានជនរងគ្រោះស្លាប់ពិការ និងរបួសដោយសារគ្រាប់មីនសរុបចំនួន ៤៤ នាក់ ក្នុងនោះជនរងគ្រោះមាននៅខេត្តឧត្តរមានជ័យ បាត់ដំបង រតនគិរី ត្បូងឃ្មុំនិងខេត្តមួយចំនួនទៀត៕