ភ្នំពេញៈ នៅថ្ងៃស្អែកនេះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកដែលធ្វើឡើង ៤ ឆ្នាំម្តងនឹងចាប់ផ្តើមខណៈដែលការបោះឆ្នោតលើកនេះត្រូវបានទាំងប្រជាពលរដ្ឋអាមេរិកជនអន្តោប្រវេសន៍ស្របច្បាប់ជាពិសេសសាស្ត្រាចារ្យមួយចំនួនលើកឡើងស្រដៀងគ្នាថាមានភាពតានតឹងខ្លាំងដែលគួរឲ្យបារម្ភ ឬហៅថា «ឆ្កួតៗ» ដែលខុសប្លែកពីការបោះឆ្នោតកាលពីលើកមុនៗ។
បើតាមទូរទស្សន៍ ABC និងកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បានបង្ហាញពីលទ្ធផលស្ទង់មតិកាលពីម្សិលមិញថាលោកស្រី ហ៊ីឡារី គ្លីនតុន បាននាំមុខលោក ដូណាល់ ត្រាំ ៥ ភាគរយគឺ ៤៨ ទល់នឹង ៤៣ ភាគរយនៅទូទាំងសហរដ្ឋអាមេរិក។
ដោយសារការបោះឆ្នោតលើកនេះមានភាពតានតឹង និងចម្រូងចម្រាសខ្លាំងស្ថានទូតអាមេរិកប្រចាំកម្ពុជាបានចំណាយថវិកាជាច្រើនម៉ឺនដុល្លារសម្រាប់ឱ្យអ្នកសារព័ត៌ខ្មែរចំនួន ១៥ រូបទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិករយៈពេល ១៥ ថ្ងៃដើម្បីស្វែងយល់ពីស្ថានការណ៍ប្រព័ន្ធបោះឆ្នោត និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅអាមរិកខណៈការបោះឆ្នោតឃុំ សង្កាត់ នៅកម្ពុជាក្នុងឆ្នាំ ២០១៧ ក៏កាន់តែខិតជិតមកដល់ផងដែរនោះ។
ក្នុងដំណើរទស្សនកិច្ចនោះអង្គការអន្តរជាតិដើម្បីអ្នកសារព័ត៌មាន (ICFJ) បានរៀបចំឱ្យជួបសម្ភាសន៍ផ្ទាល់ជាមួយសាស្ត្រាចារ្យអ្នកវិភាគនយោបាយជាពិសេសជួបជាមួយមន្ត្រីបម្រើកិច្ចការបោះឆ្នោតនៅទីនោះ។ យ៉ាងណាក៏ដោយពលរដ្ឋអាមេរិក និងជនអន្តោប្រវេសន៍ស្របច្បាប់បានសម្តែងការយល់ឃើញផ្សេងៗគ្នាដោយអ្នកខ្លះគាំទ្រលោក ដូ ណាល់ត្រាំ មកពីគណបក្សសាធារណរដ្ឋ និងអ្នកខ្លះទៀតគាំទ្រលោកស្រី ហ៊ីឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ។
អ្វីដែលគួរមានការព្រួយបារម្ភនោះនៅកិច្ចពិភាក្សា Debate រវាងបេក្ខភាពទាំងពីរនោះនៅពេលអ្នកសម្របសម្រួលសួរថាប្រសិនបើលោក ត្រាំ មកពីគណបក្សសាធារណរដ្ឋចាញ់ឆ្នោត តើលោកនឹងទទួលស្គាល់លទ្ធផលឆ្នោតដែរឬទេ? តែលោក ត្រាំ ហាក់បីដូចជាស្ទាក់ស្ទើរ និងឆ្លើយថាចាំមើលលទ្ធផលជាក់ស្តែងខណៈដែលសាស្ត្រាចារ្យដែលតាមដានព្រឹតិ្តការណ៍នេះសម្តែងការព្រួយបារម្ភថាអាចមានបដិវត្តន៍ ឬមានអ្នកធ្វើឃាតលោកស្រី ហ៊ីឡារីគ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ ប្រសិនបើលោក ត្រាំ ចាញ់ឆ្នោតពិតមែន។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក Charles Nobel បានសម្តែងការព្រួយបារម្ភចំពោះព្រឹត្តិការណ៍បោះឆ្នោតលើកនេះដោយលោកចាត់ទុកថាមានភាពខុសប្លែកពីមុន។ លោកសង្កត់ធ្ងន់ថា៖ «ខ្ញុំបារម្ភមែនទែនពីរឿងហ្នឹងដោយសារតែអ្នកគាំទ្ររបស់លោក ត្រាំ មានកំហឹងភាគច្រើន ពួកគាត់មានកាំភ្លើងច្រើននៅក្នុងសហរដ្ឋអាមេរិកកន្លងមកមានការសម្ភាសជាមួយអ្នកគាំទ្រខ្លាំងៗរបស់ ត្រាំ ថាប្រសិនបើ ត្រាំ ចាញ់អាចមានបដិវត្តន៍ផង»។ «ខ្ញុំគិតថាប្រហែលជាមានអំពើហិង្សាចំណែកការព្រួយបារម្ភរបស់ខ្ញុំអាចមានការធ្វើឃាតលោកស្រី ហ៊ីឡារីគ្លីនតុន ផងដែរ។ ពួកគេគិតថាលោកស្រី គ្លីនតុន ដូចជាបិសាចដែលធ្វើឱ្យគេខ្លាចហើយប្រជាជនមួយចំនួនស្អប់គាត់ដោយគ្មានហេតុផល»។ លោកបន្ថែមថា៖ «លោក ត្រាំ មិនអាចបញ្ឈប់លទ្ធផលនៃបោះឆ្នោតបានទេព្រោះលទ្ធផលនោះនឹងត្រូវបានប្រកាសដោយប្រធានគណៈកម្មការរៀបចំការបោះឆ្នោតនៅក្នុងរដ្ឋនីមួយៗ។ យើងដឹងហើយប្រព័ន្ធបោះឆ្នោតនៅអាមេរិករហូតមកទល់ពេលនេះគឺជាប្រព័ន្ធដែលល្អបំផុតនៅក្នុងពិភពលោក។ ចឹងបើសិនជាលោក ត្រាំ លើកឡើងថាមិនគាំទ្រ ឬមិនទទួលស្គាល់លទ្ធផលវាធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធបោះឆ្នោតនៅសហរដ្ឋអាមេរិក»។
បើទោះជាបេក្ខភាពប្រធានាធិបតីអាមេរិកទាំងពីរបានហែកហួរគ្នាពីរឿងអាស្រូវរៀងៗខ្លួននៅលើវេទិកាសាធារណៈក្តីតែពួកគេមិនត្រូវបានស្ថាប័នតុលាការ ឬ ស្ថាប័នផ្សេងមកគាបសង្កត់ ឬចាប់ដាក់ពន្ធនាគារដោយចោទពីនេះពីនោះទេ។ ចំណែកកម្ពុជាវិញប្រព័ន្ធតុលាការត្រូវបានគេមើលឃើញថាមានភាពលម្អៀងទៅគណបក្សកាន់អំណាចដែលធ្វើឱ្យមានការព្រួយបារម្ភដល់លទ្ធិប្រជាធិបតេយ្យ។ ជាក់ស្តែងប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស និងប្រធានស្តីទីលោក កឹម សុខា កំពុងសម្ងំនៅតែក្នុងទីស្នាក់ការបក្សគេចពីការចាប់ខ្លូនរបស់តុលាការខណៈមន្ត្រី និងសកម្មជនផ្សេងទៀតកំពុងជាប់ពន្ធនាគារ។
អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ ដែលកាន់សញ្ជាតិខ្មែរ អាមេរិកបានទទួលស្គាល់ស្ថានការណ៍នយោបាយនៅសហរដ្ឋអាមេរិកមុនពេលបោះឆ្នោតលើកនេះពិតជាមានភាពតានតឹងតែមិនដូចស្ថានការណ៍នៅកម្ពុជានោះទេដោយសារស្ថាប័នជាតិនានានៅសហរដ្ឋអាមេរិកឈរលើជំហរឯករាជ្យ។ លោកថា៖ «បោះឆ្នោតអាមេរិកលើកនេះខុសប្លែកលើកមុនៗមិនដែលធ្លាប់មានទេហើយការឈ្លោះគ្នាគឺធ្ងន់ធ្ងរជាងរាល់ដង។ លោក ត្រាំ ហាក់ដូចជាដើរឃ្លាតឆ្ងាយបន្តិចប៉ុន្តែមិនទាន់មានអ្វីដែលខុសច្បាប់ទេតែទោះបីជាមានបញ្ហាប្រឈមក៏ដោយ ក៏សហរដ្ឋអាមេរិកមានស្ថាប័នដែលធានានូវដំណើរការប្រជាធិបតេយ្យ»។ «នៅស្រុកគេស្ថាប័នកំពូលៗគឺឯករាជ្យបើស្រុកយើងអត់ឯករាជ្យទេបើនៅស្រុកយើងដើម្បីធានាឲ្យបាននូវសេរីភាពក្នុងការបោះឆ្នោតទាល់តែស្ថាប័នសំខាន់ៗក្រុមប្រឹក្សាធម្មនុញ្ញ គជប យោធា និងស្ថាប័នប៉ូលិសត្រូវតែឯករាជ្យ និងការពាររដ្ឋធម្មនុញ្ញមិនត្រូវការពារគណបក្ស ឬបុគ្គលណាមួយទេ»។ លោកសង្កត់ធ្ងន់ថាប្រសិនបើស្ថាប័នទាំងនេះត្រូវបានធានាថាឯករាជ្យនឹងធ្វើឱ្យកម្ពុជាមានសន្តិភាពយូរអង្វែង។

បើទោះជាការបោះឆ្នោតលើកនេះមានភាពតានតឹងពិតមែនក៏ប៉ុន្តែគេសង្កេតឃើញប្រជាពលរដ្ឋអាមេរិកនៅតែមានភាពក្លាហានក្នុងការបញ្ចេញមតិដោយប្រាប់ពីបេក្ខជនដែលពួកគេនឹងត្រូវបោះឆ្នោតឱ្យ។ តែបើក្រឡេកមើលមកកម្ពុជាវិញពលរដ្ឋមួយចំនួនមិនហ៊ានប្រាប់ថានឹងបោះឆ្នោតឱ្យគណបក្សណានោះទេដោយបារម្ភពីសុវត្ថិភាព ឬខ្លាចការគំរាមកំហែង។
អ្នកគាំទ្រលោក ត្រាំ គឺលោក Mark O'Bannon ថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍នៅពេលអ្នកសារព័ត៌មានបានទៅធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកថាលោកស្រី ហ៊ីឡារី គឺជាមនុស្សគួរឱ្យខ្លាចបំផុតហើយនឹងធ្វើឱ្យសហរដ្ឋអាមេរិកដូចទៅនឹងរបបសម័យខ្មែរក្រហមនៅប្រទេសកម្ពុជាដែរ។ លោកថា៖ «ខ្ញុំមានឪពុកក្មេកជាជនជាតិខ្មែរហើយខ្នងរបស់គាត់មានសុទ្ធតែស្នាមគេវ៉ៃដោយខ្សែតីកាលពីជំនាន់ខ្មែរក្រហមហើយខ្ញុំជឿថារឿងនេះនឹងកើតឡើងនៅសហរដ្ឋអាមេរិកបើហ៊ីឡារីក្លាយជាប្រធានាធិបតីព្រោះគាត់ជាមនុស្សសង្គមនិយមហើយគាត់នឹងធ្វើដូចខ្មែរក្រហមដែរ»។ តែលោកថាអ្នកគាំទ្រលោក ត្រាំ នឹងមិនធ្វើអំពើទៅធ្វើឃាតលោកស្រី ហ៊ីឡារី នោះទេ។ «សហរដ្ឋអាមេរិកមានសិទ្ធិប្រើកាំភ្លើងដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានសមត្ថភាពការពារខ្លួនយើងពីរដ្ឋាភិបាលហើយអ្នកដែលចង់ធ្វើឱ្យមានការកាត់បន្ថយសិទ្ធិកាន់កាំភ្លើងនឹងធ្វើឱ្យពលរដ្ឋយូរៗទៅដូចជាទាសករពោលគឺ ហ៊ីឡារី ប្រឆាំងនឹងសិទ្ធិកាន់កាំភ្លើងអ៊ីចឹងហើយបានថាគាត់ជាមនុស្សគ្រោះថ្នាក់ហើយនេះអាចជាឱកាសចុងក្រោយដើម្បីការពារកុំឱ្យមានរបបផ្តាច់ការនៅអាមេរិកដោយកុំបោះឆ្នោតឱ្យគាត់»។
ចំណែកប្រធានមណ្ឌលស្រុក Los Angeles នៃគណបក្សសាធារណរដ្ឋលោកស្រី Rachel Gunther ជនជាតិហ្វីលីពីនសញ្ជាតិអាមេរិកថ្លែងថាលោកស្រីនឹងចូលរួមធ្វើបាតុកម្មប្រសិនបើថ្នាក់ដឹកនាំរបស់ខ្លួនប្រកាសធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត។ លោកស្រីថា៖ «ពិតណាស់ខ្ញុំនឹងចូលរួមហើយអាចនឹងមានមនុស្សមួយចំនួនទៀតធ្វើបាតុកម្មប្រសិនបើពួកគេមិនពេញចិត្តនឹងលទ្ធផលនោះ»។ ទាក់ទងករណីការលើកឡើងពីការប៉ុនប៉ងធ្វើឃាតលោកស្រី ហ៊ីឡារី គ្លីនតុន វិញលោកស្រីថា៖ «ខ្ញុំអស់សំណើចចំពោះករណីនេះនៅប្រទេសយើងមានសិទ្ធិសេរីភាពក្នុងការកាន់កាំភ្លើងដើម្បីការពារខ្លួនយើងអ៊ីចឹងបើរដ្ឋាភិបាលគាបសង្កត់យើងមានផ្លូវមួយអាចប្រឆាំងជាមួយរដ្ឋាភិបាលតាមរយៈការកាន់កាំភ្លើង»។ មូលហេតុលោកស្រីគាំទ្រលោក ត្រាំ «ខ្ញុំគ្រាន់តែដឹងថាលោក ដូណាល់ ត្រាំ ជាមនុស្សដែលមានការប្តេជ្ញាចិត្តខ្ពស់ជាមនុស្សនិយាយត្រង់មានឧត្តមគតិហើយគាត់ជាអ្នកស្នេហាជាតិអាមេរិកាំងផង ហើយគាត់នឹងធ្វើអ្វីដែលល្អសម្រាប់ប្រទេសជាតិហើយលោក ត្រាំ គឺជាមនុស្សតែម្នាក់គត់ដែលនឹងជួយដោះស្រាយបញ្ហាដែលអាមេរិកកំពុងតែជួបប្រទះ»។
ចំណែកពលរដ្ឋខ្មែរអាមេរិកាំងដែលរស់នៅសហរដ្ឋអាមេរិកជាង ៣០ ឆ្នាំមកហើយគឺអ្នកស្រី Stacey Ke ដែលត្រៀមខ្លួនជាស្រេចសម្រាប់បោះឆ្នោតឱ្យបេក្ខភាពលោកស្រី ហ៊ីឡារីគ្លីនតុន បានថ្លែងចំអកឱ្យលោក ត្រាំ ថាជាមនុស្សមិនគិតដល់ពលរដ្ឋក្រីក្រ និងប្រកាន់ពូជសាសន៍។ លោកស្រីថា៖ «លោក ត្រាំ ភាគច្រើនគាត់រើសអើងហើយចូលចិត្តសាសន៍ស្បែកស ហើយអ្វីដែលគាត់និយាយមកដូចអត់ចង់ទទួលយកជនភៀសខ្លួនចូលមកក្នុងស្រុកអាមេរិកទៀតទេ។ ខ្ញុំក៏អ្នកភៀសខ្លួនដែរអ៊ីចឹងមិនបោះឆ្នោតឱ្យគាត់ទេ»។ ចំណែកលោកស្រី គ្លីនតុន «ជួយអ្នកក្រ មិនប្រកាន់ពូជសាសន៍ ដូចជាពលរដ្ឋខ្មែរដែលមករស់នៅអាមេរិកភាគច្រើនខាងបក្សប្រជាធិបតេយ្យជាអ្នកយកមក»។
ទាក់ទងនឹងស្រុកខ្មែរវិញអ្នកស្រី Stacey Ke បានថ្លែងថាអ្នកស្រីចង់ឱ្យមានការផ្លាស់ប្តូរអ្នកដឹកនាំដូចនៅអាមេរិកដែរ។ «ខ្ញុំឆ្ងល់ហេតុអ្វីបាននៅកម្ពុជាដូចជាមិនដែលដូរមេដឹកនាំហ្នឹង (លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន) សោះជាប់ ៥ អាណត្តិមកហើយមិនដូចស្រុកអាមេរិកគេប្តូររើសអ្នកដឹកនាំថ្មីរហូត»។
ពលរដ្ឋអាមេរិកដែលបានទៅបោះឆ្នោតឱ្យលោកស្រី ហ៊ីឡារី គ្លីនតុន មុនកាលកំណត់នៅរដ្ឋ Ohio អ្នកស្រី Rosie George អាយុ ៦០ ឆ្នាំថ្លែងថាលោក ត្រាំ ជាមនុស្សមិនគ្រប់ទឹក និងមិនសមជាអ្នកដឹកនាំប្រទេសឡើយ។ អ្នកស្រីសង្កត់ធ្ងន់ថា៖ «គាត់ដូចជាមនុស្សវិកលចរិតអ៊ីចឹងព្រោះគាត់មានគំនិតរឹតត្បិតសាសន៍ដទៃមិនឱ្យចូលអាមេរិកផ្ទុយទៅវិញប្រទេសយើងជាកន្លែងជ្រកកោនដល់អ្នកត្រូវបានគេគាបសង្កត់»។ ចំណែកលោកស្រី គ្លីនតុន វិញ «គ្លីនតុន គាត់ចង់ឱ្យប្រជាជនរួបរួមគ្នាជាអ្វីដែលខ្ញុំចង់បានហើយគោលនយោបាយគាត់ផ្តល់សេរីភាព និងយុត្តិធម៌ច្រើនដល់មនុស្សទូទៅ»។
អ្នកសម្របសម្រួលការផ្សព្វផ្សាយនៅសហគមន៍នៅរដ្ឋ OhiO លោកស្រី Cathy Bajic ថ្លែងថាប្រព័ន្ធការបោះឆ្នោតនៅអាមេរិកត្រូវបានធានាដោយយុត្តិធម៌ជាយូរណាស់មកហើយ។ លោកស្រីថាតែបើក្នុងករណីពលរដ្ឋណាគិតថាមានភាពមិនប្រក្រតីកើតឡើងមន្ត្រីធ្វើកិច្ចការបោះឆ្នោតនឹងបើកឱ្យមើលជាក់ស្តែង។
លោកស្រីថា៖ «អ៊ីចឹងហើយបានជាយើងត្រូវធានាថាការបោះឆ្នោតពិតជាត្រឹមត្រូវដើម្បីឱ្យការបោះឆ្នោតមិនមានការលួចបន្លំសន្លឹកឆ្នោតបើសិនជាករណីចាំបាច់ត្រូវរាប់សន្លឹកឆ្នោតឡើងវិញគឺយើងអាចធ្វើបានដោយសារតែយើងរាប់តាមអេឡិចត្រូនិកតែបើចាំបាច់ថាត្រូវតែរាប់ដោយដៃគឺយើងក៏ត្រូវធ្វើដែរបើសិនជាចាំបាច់ខ្លាំង»។ តែលោកស្រីថា៖ «ជាទូទៅប្រព័ន្ធបោះឆ្នោតរបស់យើងគឺថាល្អឥតខ្ចោះតែម្តងព្រោះថាមុននឹងអនុញ្ញាតឱ្យបោះឆ្នោតបានពួកគេត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណរបស់ពួកគេហើយត្រូវមានវិធីផ្សេងទៀតដើម្បីពិនិត្យ»។
ទាក់ទងនឹងការបោះឆ្នោតនៅអាមេរិកនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៣ ខែវិច្ឆិកាបានថ្លែងប្រកាសពីជំហររបស់លោកថាលោកចង់ឱ្យលោក ត្រាំ ជាប់ជាប្រធានាធិបតីអាមេរិកដោយរំពឹងថាសភាពការណ៍នឹងប្រែប្រួល។ លោកនិយាយថា៖ «សម្រាប់ខ្ញុំនិយាយដោយត្រង់ខ្ញុំចង់ឲ្យ ត្រាំ ឈ្នះខ្លាំងណាស់បើ ត្រាំ ឈ្នះពិភពលោកអាចនឹងមានការប្រែប្រួលហើយអាចមានសភាពការណ៍ល្អផងដោយសារ ត្រាំ ជាអ្នករកស៊ី អ្នករកស៊ីដូច ត្រាំ មិនចង់ធ្វើសង្គ្រាមទេ»។ លោក ហ៊ុន សែន បញ្ជាក់ថា៖ «នរណាឈ្នះ ឬចាញ់ជារឿងរបស់អាមេរិកក៏ប៉ុន្តែវាទាក់ទងជាមួយយើង យើងគ្រាន់តែឃើញបញ្ហានយោបាយមិនត្រូវគ្នាពេលប្រពន្ធ គ្លីនតុន ធ្វើរដ្ឋមន្ត្រីការបរទេសនៅពេលដែលគាត់សរសេរសៀវភៅចេញគាត់បានជូនយោបល់ទៅឲ្យ អូបាម៉ា វ៉ៃស៊ីរី តែម្ដងបើដូច្នេះគឺនៅពេលដែលគណបក្សប្រជាធិបតេយ្យជាប់ឆ្នោតសភាពការណ៍នឹងមិនងាយស្រួលពេកប៉ុន្មានទេទំនាក់ទំនងរវាងចិន និងអាមេរិកអាចគ្រប់គ្រងបានប៉ុន្តែទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីនឹងមានការលំបាកប៉ុន្តែបើសិនជា ត្រាំ ឈ្នះវាអាចទៅជាមិត្តភក្ដិរវាង ត្រាំ និង ពូទីន...»។
ចំណែកប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា «សម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំគាំទ្រនូវលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋអាមេរិក។ ខ្ញុំយល់ឃើញថាទោះបីជាបេក្ខជនណាក៏ដោយជាប់ឆ្នោតជាប្រធានាធិបតីនៃប្រទេសមហាអំណាចមួយនេះក្នុងនាមស្ថាប័នរដ្ឋក៏ដូចជាក្នុងនាមគណបក្សនយោបាយយើងគួរបន្ដកិច្ចសហប្រតិបត្ដិការជាមួយគ្នាឲ្យកាន់តែល្អប្រសើរឡើងដើម្បីផលប្រយោជន៍ប្រទេសប្រជាពលរដ្ឋខ្មែរ និងផលប្រយោជន៍ពិភពលោក»។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារទី ៨ ខែវិច្ឆិកាស្អែកនេះ៕