ភ្នំពេញៈ ភាគរយនៃការប្ដូរលំនៅឋានរបស់ពលរដ្ឋកម្ពុជាក្នុងរយៈពេលចុងក្រោយនេះបានធ្លាក់ចុះ បើធៀបនឹង ១០ ឆ្នាំមុន ប៉ុន្តែមាននិន្នាការគួរឱ្យកត់សម្គាល់មួយគឺការធ្វើទេសន្តរប្រវេសន៍ភាគច្រើនចេញពីជនបទមកទីក្រុង ជាអ្វីដែលអ្នកឃ្លាំមើលការអភិវឌ្ឍសង្គមយល់ថា និន្នាការនេះដោយសារតែទីក្រុងមានការអភិវឌ្ឍ ខណៈដែលវិស័យកសិកម្មនៅជនបទធ្លាក់ចុះ។
បើតាមសៀវភៅជំរឿនប្រជាជនឆ្នាំ ២០១៩ ដែលត្រូវបានផ្សព្វផ្សាយកាលពីខែមករា បញ្ជាក់ថា បច្ចុប្បន្ននេះការផ្លាស់ប្ដូរលំនៅឋាន ឬទេសន្តរប្រវេសន៍ភាគច្រើនចេញពីទីជនបទមកទីក្រុងដែលមាន ៣៤ ភាគរយ ហើយទេសន្តរប្រវេសន៍ពីទីក្រុង ១ ទៅទីក្រុង ១ ស្ថិតក្នុងលំដាប់ទី២ ដែលមាន ៣០ ភាគរយ។ ចំណែកការប្ដូរទីកន្លែងរស់នៅពីជនបទ ១ ទៅជនបទ ១ មាន ២៩ ភាគរយ ដែលជាការធ្លាក់ចុះពីជិត ៥១ ភាគរយនៅឆ្នាំ ២០០៨។
ការធ្វើទេសន្តរប្រវេសន៍ចុងក្រោយនេះមានការធ្លាក់ចុះពោលគឺមានតែជាង ២០ ភាគរយប៉ុណ្ណោះ ដែលជាពលរដ្ឋទេសន្តរប្រវេសន៍ ចំណែកជិត ៨០ ភាគរយទៀតមិនបានប្ដូរលំនៅឋានទេនៅពេលធ្វើសម្ភាសជំរឿន។ កាលពីឆ្នាំ ២០០៨ ចំនួនជនទេសន្តរប្រវេសន៍មានជាង ៣,៥៥ លាននាក់។ ចំនួននេះធ្លាក់ចុះមកនៅត្រឹម ៣,៣១ លាននាក់នៅឆ្នាំ ២០១៩។ នេះបើយោងតាមលទ្ធផលជំរឿន។
លទ្ធផលជំរឿនបញ្ជាក់ថា៖ «ម្យ៉ាងទៀតចលនាទេសន្តរប្រវេសន៍ដែលកំពុងលេចធ្លោនាបច្ចុប្បន្នគឺរវាងខេត្ត និងខេត្ត។ ទោះជាយ៉ាងណាក៏ដោយជំរឿន ២ លើកមុន បានបង្ហាញថា នៅឆ្នាំ ២០០៨ និងឆ្នាំ ១៩៩៨ ចលនាទេសន្តរប្រវេសន៍ដែលលេចធ្លោជាងគេគឺស្ថិតនៅក្នុងខេត្តធ្វើសម្ភាស ឬជាចលនានៅក្នុងខេត្ត»។
លទ្ធផលជំរឿនសន្និដ្ឋានថា និន្នាការទេសន្តរប្រវេសន៍ឆ្លងពីខេត្ត ១ ទៅខេត្ត ១ នេះ កើតឡើងអាចដោយសារតែដំណើរការនៃការរីកចម្រើននៅតំបន់ទីប្រជុំជន ឬការវិវឌ្ឍខ្លាំងនៃនគរូបនីយកម្មទីក្រុង។ មូលហេតុចម្បងសម្រាប់ទេសន្តរប្រវេសន៍ដែលពលរដ្ឋលើកឡើងក្នុងជំរឿនទាំង ៣ លើក គឺគ្រួសារផ្លាស់លំនៅឋាន។ មូលហេតុផ្សេងទៀត ហើយមានតួលេខខ្ពស់ក្នុងចំណោមមនុស្សប្រុសនោះ គឺការប្ដូរកន្លែងធ្វើការ ការស្វែងរកការងារធ្វើ និងអាពាហ៍ពិពាហ៍។
ប្រជាជនភាគច្រើនធ្វើទេសន្តរប្រវេសន៍ក្នុងអាយុធ្វើការពី ២០ ទៅ ៣៩ ឆ្នាំ។ ជិត ៩០ ភាគរយនៃជនទេសន្តរប្រវេសន៍ស្ថិតក្នុងក្រុមអាយុ ១៥-៦៤ ឆ្នាំ។
លទ្ធផលជំរឿនសរសេរថា «ជនទេសន្តរប្រវេសន៍មានសកម្មភាពសេដ្ឋកិច្ចប្រហាក់ប្រហែលនឹងជនទូទៅដែរ។ បញ្ហានេះមានសារៈសំខាន់ណាស់ព្រោះក្នុងករណីកម្ពុជាហាក់ដូចជាមិនមានសកម្មភាពសេដ្ឋកិច្ចពិសេសណាដែលទាក់ទាញទេសន្តរប្រវេសន៍នៅឡើយ។
សេដ្ឋកិច្ចទាំងមូលហាក់ដូចជាកំពុងទាមទារកម្លាំងពលកម្មជាពិសេសនៅទីប្រជុំជន»។
លោក សុក កុសល អគ្គនាយករងនៃវិទ្យាស្ថានជាតិស្ថិតិបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការធ្លាក់ចុះនៃការធ្វើទេសន្តរប្រវេសន៍នេះដោយសារពេលនេះលែងមានការធ្វើមាតុភូមិនិវត្តន៍ទៅទីកន្លែងកំណើតដូចពីសម័យក្រោយសង្គ្រាមទៀតហើយ។ អ្នកធ្វើទេសន្តរប្រវេសន៍ភាគច្រើនជាមនុស្សវ័យក្មេងជាពិសេសអ្នកកើតក្រោយឆ្នាំ ១៩៧៩ និង ១៩៨០។
លោកបន្តថា៖ «បើនិយាយទាក់ទងនឹងគោលនយោបាយ ការដែលផ្លាស់ប្តូរមកនៅទីក្រុង ច្បាស់ជាមានផលប៉ះពាល់ហើយទី១ គឺប៉ះពាល់លើជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា ការធ្វើដំណើរគឺធ្វើឱ្យកកស្ទះ និងធ្វើឱ្យតម្លៃផ្ទះសំបែងនៅទីក្រុងកាន់តែកើនខ្ពស់ដោយសារតម្រូវការខ្ពស់»។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា ជំរឿនមិនបានសិក្សាលម្អិតទៅលើផលប៉ះពាល់នៃការធ្វើទេសន្តរប្រវេសន៍ទេ។
លោក មាស នី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមយល់ឃើញថា បច្ចុប្បន្ននេះកសិករមិនតិចជាង ៧០ ភាគរយដែលមានផ្ទៃដីសម្រាប់ដាំដំណាំត្រឹម ១ ហិកតា ឬតិចជាងនេះ ដែលមិនអាចឱ្យគ្រួសារ ១ ស្ថិតនៅកន្លែងតែ ១ បាន។ មូលហេតុនេះបណ្ដាលឱ្យមានការធ្វើចំណាកស្រុក ហើយសកម្មភាពនេះបានក្លាយជាសកម្មភាពធម្មតាដើម្បីឱ្យសមាជិកគ្រួសារអាចរស់បាន។
លោកបន្តថា កាលពីមុនលោកទទួលស្គាល់ថា ការធ្វើចំណាកស្រុកពីជនបទ ១ ទៅជនបទ ១ ដោយសារពេលនោះដំណាំកសិកម្មនៅអាចឱ្យកសិកររស់បានហើយកសិករអាចបំផ្លាស់ទីពីកន្លែង ១ ទៅកន្លែង ១ ដែលមានតម្រូវការកម្លាំងពលកម្មក្នុងវិស័យកសិកម្ម។ ប៉ុន្តែពេលនេះ វិស័យកសិកម្មហាក់ដូចជាធ្លាក់ចុះដោយសារតម្លៃផលិតផលកសិកម្មទាបនៅលើទីផ្សារហើយកសិកម្មធំៗច្រើនតែកាន់កាប់ដោយអ្នកមានមួយចំនួនតូច។
លោកថ្លែងថា៖ «នៅភ្នំពេញ និងខេត្តមួយចំនួនក៏ដូចគ្នាដែរ គឺព្រលឹមឡើងណែនណាន់តាន់តាប់ ស្ទះគ្រប់ច្រកទាំងអស់ ដែលនេះជាសញ្ញាប្រាប់ថា ពលរដ្ឋនៅជនបទចាប់ផ្ដើមសម្រុកទៅរកទីក្រុងដោយសារតែការអភិវឌ្ឍវានៅក្នុងទីក្រុង ហើយជនបទអត់មាន។ ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើវិស័យកសិកម្មនោះហាក់ដូចនៅមានតិចតួចពេកដែលធ្វើឱ្យបាត់តុល្យភាពរវាងការអភវិឌ្ឍនៅទីក្រុង និងទីជនបទ។ នេះជាមេរៀនមួយរបស់រដ្ឋាភិបាលដែលត្រូវពិចារណាឡើងវិញ»។
លោកបន្តថា៖ «អគារដែលខ្ពស់ស្កឹមស្កៃទាំងសង់ហើយ និងសង់មិនទាន់ហើយ ទាំងអស់នេះសុទ្ធតែជាសញ្ញាប្រាប់ថាជាកន្លែងស្រូបយកពលកម្មរាប់ម៉ឺនរាប់សែនអ្នកចេញពីជនបទ»៕