
ទិដ្ឋភាពគំនរសំរាមនៅក្រុងព្រះសីហនុថ្មីៗនេះ។ ភ្នំពេញ ប៉ុសិ៍្ត
ព្រះសីហនុៈ ពលរដ្ឋ និងសង្គមស៊ីវិលមួយចំនួននៅក្រុងព្រះសីហនុបានត្អូញត្អែរពីរឿងកកស្ទះសំរាមដែលចេះតែបន្ដកើតមានដោយមិនឃើញក្រុមហ៊ុនមកប្រមូលទាន់ពេលធ្វើឲ្យមានក្លិនស្អុយ និងប៉ះពាល់បរិស្ថានខណៈលោកអភិបាលក្រុងថាករណីនេះដោយសារបុគ្គលិកប្រមូលសំរាមឈប់ច្រើន ប៉ុន្តែលោកថា រឿងនេះដោះស្រាយរួចហើយ។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ឥឡូវនេះជិតចូលឆ្នាំខ្មែរហើយ ប៉ុន្ដែបញ្ហាសំរាមមិនទាន់ដោះស្រាយបានដោយនៅតែស្ទះតាមចិញ្ចើមថ្នល់ស្ទើរគ្រប់កន្លែងធ្វើឲ្យមានក្លិនស្អុយប៉ះពាល់សុខភាព និងបរិស្ថានក៏ដូចអារម្មណ៍ភ្ញៀវទេសចរផងដែរ។
លោកបានបន្ដថា៖ «យើងទទួលស្គាល់ថារឿងទឹកកខ្វក់បង្ហូរចូលសមុទ្រ ឥឡូវបានដោះស្រាយហើយ ប៉ុន្ដែបញ្ហាសំរាមនេះនៅតែមិនទាន់អាចដោះស្រាយ។ខ្ញុំសូមឲ្យស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហានេះឲ្យបាន»។
លោក សុខុម បានឲ្យដឹងថា កន្លងមកមានការសំណូមពរឲ្យខេត្ដផ្លាស់ប្ដូរក្រុមហ៊ុនប្រមូលសំរាមក្នុងខេត្ដព្រះសីហនុចេញព្រោះមិនអាចដោះស្រាយបញ្ហាសំរាមបាន ដោយចេះតែទុកឲ្យស្ទះដដែលៗជាយូរមកហើយ។
លោកស្រី ជៀប សុធារី តំណាងសមាគមអាដហុកប្រចាំខេត្ដព្រះសីហនុ បានលើកឡើងដែរថា ការកកស្ទះសំរាមនេះបានកើតមានក្នុងអំឡុងខែមីនា កន្លងមកនេះ ដោយកន្លែងខ្លះគរទុករហូត ១ សប្ដាហ៍ក៏មានដែលធ្វើឲ្យក្លិនស្អុយ និងហៀរទឹកស្អុយគ្រប់កន្លែង។
លោកស្រីបន្ដថា៖ «ពេលសំរាមនៅកកស្ទះយូរបែបនេះ ដល់ពេលមកប្រមូលចេញក៏មិនស្អាតដែរ ក្លិនស្អុយ និងកាកសំណល់ជាតិទឹកស្អុយដែលហៀរចេញមិនអាចប្រមូលបាននាំឲ្យប៉ះពាល់បរិស្ថាន និងអនាម័យ»។
យ៉ាងណាក្ដី លោកស្រី សុធារី បានទទួលស្គាល់ថា រយៈពេល ២-៣ ខែចុងក្រោយនេះក្រុមហ៊ុនប្រមូលសំរាមបានយករថយន្ដដឹកសំរាមថ្មីៗបន្ថែមដែរ ប៉ុន្ដែនៅតែមិនអាចប្រមូលបានទាន់ពេល។
លោកស្រីបន្ដថា៖ «ខ្ញុំឃើញក្រុមហ៊ុនប្រមូលសំរាមគេទើបតែយកឡានដឹកថ្មីៗមកច្រើនដែរ ប៉ុន្ដែបានតែដំបូង ប្រមូលអស់ ១ កន្លែងនៅ ១ កន្លែងទាល់តែកន្លែងណាយើងស្រែកខ្លាំងទើបមកប្រមូលអស់ បើស្ងាត់ៗសំរាមនៅសល់ច្រើនថ្ងៃមិនមានអ្នកមកប្រមូលទេ។ បើនិយាយទៅ វាពិបាកដែររឿងនេះ ព្រោះតាមមើលពិបាករកកម្មករព្រោះនៅព្រះសីហនុមានការងារច្រើន សូម្បីតែសន្ដិសុខក៏បានប្រាក់ខែ ២០០ ទៅ ៣០០ ដុល្លារដែរ។ អ៊ីចឹងបើប្រាក់ខែតិចពេកក៏គ្មានអ្នកធ្វើដែរ»។
លោក លីម លីនា ជាពលរដ្ឋម្នាក់រស់នៅក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុបានឲ្យដឹងថាពួកគាត់មិនដឹងធ្វើម៉េចទេចំពោះបញ្ហាសំរាមនេះ ខណៈមានមនុស្សមករស់នៅខេត្ដព្រះសីហនុរឹតតែច្រើនឡើង។
លោកបន្ដថា៖ «យើងជាពលរដ្ឋមិនដឹងធ្វើម៉េចទេ យ៉ាងច្រើនយើងបានត្រឹមថតបង្ហោះហ្វេសប៊ុកប៉ុណ្ណោះ»។
តំណាងក្រុមហ៊ុនប្រមូលសំរាម KSWM នៅខេត្ដព្រះសីហនុ លោក ហេង ប៉េងហាក់ មិនអាចសុំអត្ថាធិប្បាយបានទេ ដោយសារមិនមានអ្នកទទួលទូរស័ព្ទកាលពីម្សិលមិញ។ ប៉ុនែ្តលោកធ្លាប់បានលើកឡើងថាសំរាមនៅក្រុងព្រះសីហនុបានកើនពី ១៧០ តោនក្នុង ១ ថ្ងៃ នៅឆ្នាំ ២០១៧ ដល់ជាង ៣០០ តោនក្នុង ១ ថ្ងៃក្នុងឆ្នាំ ២០១៨ ពោលគឺពី ១ ខែទៅ ១ ខែសំរាមបានកើនឡើងជាលំដាប់។
ទាក់ទិននឹងបញ្ហានេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា កន្លែងកំពុងអភិវឌ្ឍខ្លាំង និងកន្លែងផ្សេងបញ្ហាសំរាមមិនខុសគ្នាទេ ខណៈបុគ្គលិកប្រមូលសំរាមមានតិច។
លោកថា៖ «កាលពីអាទិត្យមុន សំរាមត្រូវបានកកស្ទះចាប់ពី ២ ទៅ ៤ ថ្ងៃ ដោយសារបុគ្គលិកក្រុមហ៊ុនប្រមូលសំរាមបានលាឈប់ប្រមាណ ៣០ ទៅ ៤០ នាក់។ក្នុងចំណោមនោះមានអ្នកឈប់សុំច្បាប់ទៅស្រុក និងអ្នកខ្លះទៀតបានលាឈប់ពីការងារតែម្ដង ហេតុនេះទើបសំរាមក្នុងក្រុងព្រះសីហនុកកស្ទះឡើងវិញ»។
លោក សុខឡេង បានឲ្យដឹងថា ខាងក្រុមហ៊ុនប្រមូលសំរាមបានរាយការណ៍មកលោកចំពោះការលំបាករកកម្មករដោយសារបច្ចុប្បន្នខេត្ដនេះមានជម្រើសការងារច្រើនដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែលោកថា ការងារនេះអាចដោះស្រាយបាន។
លោកបន្ដថា៖ «វាកកស្ទះតែប៉ុន្មានថ្ងៃនោះទេ ក្រោយមកឥឡូវ វាលែងអីហើយ ព្រោះក្រុមហ៊ុនបានទិញរថយន្តចូកសំរាម ៤ គ្រឿងបន្ថែម និងដាក់ក្នុង ១ សង្កាត់ ១ គ្រឿងតែម្ដង។
មួយទៀតគេបានទៅយកកម្មករពីក្រុមហ៊ុនចម្ការអំពៅក្នុងខេត្ដព្រះសីហនុនេះព្រោះក្រុមហ៊ុននោះមានកម្មករច្រើនមកប្រមូលសំរាមនេះ»៕