ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​ស្ថាបនិក​កិត្តិយស​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​បាន​ផ្ញើលិខិត​អបអរសាទរ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ACC លើក​ទី​២ កាលពី​ថ្ងៃទី​ ១៩ ខែមីនា ឆ្នាំ​ ២០២១ ដោយ​លោក​លើកឡើង​ថា ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល ទាមទារ​ឱ្យ​មាន​សាមគ្គីភាព និង​ភាពជា​ដៃគូ​អន្តរជាតិ​។

ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) និង​សន្និសីទ​អន្តរជាតិ​នៃ​បណ្ដា​គណបក្ស​នយោបាយ​នៅ​អាស៊ី​ (ICAPP) ​បាន​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​លើក​ទី​២ ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្រោម​ប្រធានបទ​ស្តីពី​ «​ការលើក​កម្ពស់​វប្បធម៌ និង​នវានុវត្តន៍​សម្រាប់​វិបុលភាព​រួម​ក្នុង​អំឡុងពេល និង​ក្រោយ​កូវីដ ​១៩»​។

លោក​ ហ៊ុន សែន បាន​លើកឡើង​តាមរយៈ​សារលិខិត​ថា៖ «​ខ្ញុំ​សូម​ថ្លែង​អំណរគុណ ចំពោះ​គណៈប្រតិភូ​ទាំងអស់​សម្រាប់​ការចូលរួម​កិច្ចប្រជុំ​លើក​ទី​២ ​របស់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) ​ហើយ​ការជ្រើសរើស​យក​ប្រធានបទ​នេះ គឺ​ពិតជា​ប្រធានបទ​ដ៏ល្អ​ និង​មាន​ទំនាក់ទំនង​ខ្លាំងណាស់ ជាមួយ​ស្ថានភាព​បច្ចុប្បន្ន​របស់​ពិភពលោក​»​។

អស់​រយៈពេល​ ២ ​ឆ្នាំ​ហើយ​ដែល ACC ត្រូវបាន​បង្កើត និង​ប្រកាស​នៅ​ខេត្តសៀមរាប​ក្នុង​គោលបំណង​លើកកម្ពស់​ការតភ្ជាប់​រវាង​វប្បធម៌​ និង​សន្តិភាព ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ទំនាក់ទំនង​រវាង​មនុស្សជាតិ និង​នវានុវត្តន៍​។

លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​ការប្តេជ្ញាចិត្ត​ផ្នែក​នយោបាយ​របស់​ពួកយើង​គឺ​ច្បាស់លាស់ យើង​ធ្វើការ​រួមគ្នា​ដើម្បី​ជំរុញ​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​ជា​អន្តរជាតិ​លើ​ការអភិវឌ្ឍ​ និង​នវានុវត្តន៍​ដោយមាន​វប្បធម៌​ជា​ចលករ ដើម្បី​សម្រេច​ឱ្យបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​»​។

លោក​ថា ការផ្សារភ្ជាប់​រវាង​មនុស្ស ចំណេះដឹង និង​សកម្មភាព​សុទ្ធតែជា​យុទ្ធសាស្ត្រ​អន្តរាគមន៍​សំខាន់​ដើម្បី​នាំ​មកនូវ​លទ្ធផល​ជាក់ស្តែង​ជូន​ប្រជាជន​។ ផ្សារភ្ជាប់​ជាមួយ​គ្នា​នេះ កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ដោយ​យក​ប្រជាជន​ជា​ស្នូល​គឺជា​វិធីសាស្ត្រ​សំខាន់​។

លោក​ ហ៊ុន សែន ​បាន​ថ្លែងថា៖ «​យើង​មាន​គោលបំណង​រួម​ក្នុង​ការគាំទ្រ ACC ឱ្យ​ក្លាយ​ជា​ស្ថាប័ន​មួយ​ដ៏សំខាន់​នៅ​អាស៊ី​ក្នុងការ​លើកកម្ពស់​សន្តិភាព​បរិយាប័ន្ន ចីរភាព និង​ភាពធន់​របស់​សង្គម​។ ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកល​ទាមទារ​ឱ្យមាន​សាមគ្គីភាព និង​ភាពជា​ដៃគូ​អន្តរជាតិ​។ គ្មាន​ប្រទេស​ ឬ​សង្គម​ណាមួយ​មាន​សុវត្ថិភាព​ទេ បើ​យើង​ទាំងអស់​គ្នា​មិនមាន​សុវត្ថិភាព​នោះ​»​។

កិច្ចប្រជុំ​នេះ​បាន​ប្រារព្ធ​ធ្វើឡើង ក្រោម​អធិបតីភាព​របស់​លោក ចូហ្សេ ដឺវេណេស្សា (Hon. Jose de Venecia) ប្រធាន​ស្ថាបនិក​អង្គការ ICAPP និង​ជា​សហប្រធាន​ស្ថាបនិក ACC និង​លោកស្រី ឃួន សុដារី អនុប្រធាន​ទី​ ២ ​នៃ​រដ្ឋសភា និង​ជា​អនុប្រធាន ICAPP ថែមទាំង​ក៏ជា​ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ដោយ​មាន​ការចូលរួម​ពី​គណៈប្រតិភូ​ជាន់ខ្ពស់​នៅក្នុង​ទ្វីបអាស៊ី និង​តំណាង​គណបក្ស នយោបាយ​សំខាន់ៗ​ក្នុង​ក្របខ័ណ្ឌ ICAPP រួមជាមួយ​អ្នកសង្កេតការណ៍​មកពី​ការិយាល័យ​អង្គការសហប្រជាជាតិ សម្រាប់​សេវា​គម្រោង (UNOPS) វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ​និង​ស្ថាប័ន​ដទៃទៀត​ផង​ដែរ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​លទ្ធផល​លើ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​វប្បធម៌​លើក​ទី​ ២ ​នេះ សេចក្តី​ថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ត្រូវបាន​អនុម័ត​ដោយ​ផ្តោតលើ​ចំណុច​សំខាន់​ ៣ ​គឺ ការប្តេជ្ញា​របស់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ក្នុង​ការកៀរគរ​ធនធាន​ដើម្បី​បង្កើន​ភាពសម្បូរ​បែប​នៃ​វប្បធម៌​ធ្វើជា​ចលករ ដើម្បី​កសាង​សេដ្ឋកិច្ច​ឡើងវិញ​ឱ្យ​កាន់តែ​រឹងមាំ ក្រោយ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

ចំណុច​ទី​២ ​គឺ​ការទទួលស្គាល់​នូវ​ភាពចាំបាច់​ដើម្បី​ជំរុញ​ការវិនិយោគ​បន្ថែមទៀត​ទៅលើ​ការច្នៃប្រឌិត និង​ការអភិវឌ្ឍ​ដែល​ជំរុញ​ដោយ​វប្បធម៌​រួមទាំង​កិច្ចសហការ​អន្តរជាតិ​ដើម្បី​ជំរុញ​វិស័យ​ច្នៃប្រឌិត​វប្បធម៌​ដើម្បី​ភាពរុងរឿង​រួមគ្នា​។

ចំណែក​ចំណុច​ទី​៣ គឺ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការប្រារព្ធ​ព្រឹត្តិការណ៍​វប្បធម៌​ជា​សាធារណៈ​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ការជួបគ្នា​ដោយផ្ទាល់​ដោយ​ផ្តោតលើ​គំនិត​ផ្តួចផ្តើម​វប្បធម៌ រួមមាន​ការរត់​ម៉ារ៉ាតុង​វប្បធម៌ គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ គម្រោង​ផ្លូវ​សូត្រ​របស់​អង្គការ​យូណេស្កូ និង​គម្រោង​ដទៃទៀត​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក ដើម្បី​លើកកម្ពស់​សន្តិភាព​យូរអង្វែង ភាពសុខដុម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​៕