ភ្នំពេញៈ ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​រៀប​ចំ​ដំណើ​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​បឋម​ភូមិ​ (ឌីប្លូម) តាម​ការ​គ្រោង​ទុក​ក្នុង​រយៈ​ពេ​ល​ ២ ថ្ងៃ​ ចា​ប់ពី​ថ្ងៃ​នេះ​ទៅស្រប​​​តាម​​ការ​ណែ​នាំ​របស់​លោក​នា​យក​រដ្ឋ​មន្រ្តី​និង​គោល​ការណ៍​ប្រតិ​បត្ដិ​ស្ដង់​ដា​ (SOP)​ ខណៈ​បេក្ខ​ជន​ប្រឡង​ទូទាំង​ប្រទេស​មា​នជិត​ ១៦​ ម៉ឺន​នាក់ ​ក្នុង​នោះ​ភាគច្រើ​នជា​សិស្ស​​ស្រីដែល​​មាន​ជាង ៨ ​ម៉ឺន​នាក់​។

លោក​ រស់ សុវាចា ​មន្រ្តី​នាំ​ពាក្យ​ក្រសួង​អប់រំ​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍ ​ពី​ម្សិល​មិញ​ថា​ ការ​ប្រឡង​ឌីប្លូម​សម័យ​ប្រឡង ​៣០ ​​វិច្ឆិកា​ ឆ្នាំ​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ផ្ទាល់​ក្នុង​ ២៥ ​ខេត្ត​-រាជធានី ​ក្នុ​ង​រ​​យៈពេ​ល ២​ ថ្ងៃ​ ចាប់​ពីថ្ងៃ​ ៣០​ វិច្ឆិកា ​ដល់​ថ្ងៃទី ​១ ធ្នូ​។​ បេក្ខ​ជន​ប្រឡង​សរុប​មាន​ចំនួន​ ១៥៨ ៧១៧ នាក់ (នារី ៨៥ ១៣១ ​នាក់) និង​មាន​មណ្ឌល​ប្រឡង​ចំនួន ​១ ៧២៩ ​ស្មើ​នឹង ៧​ ១៤១ ​បន្ទប់​ ប្រឡង​។

លោក​ថ្លែង​ថា​៖ «​ការ​ប្រឡង​ឌីប្លូម​នៅ​ថ្ងៃទី​ ៣០ ខែ​វិច្ឆិកា នេះ គឺ​ប្រព្រឹត្ដទៅ​តាម​ការ​គ្រោង​ទុក​ដោយ​ប្រតិ​បត្តិ​វិធាន​ការ​សុខា​ភិបាល​ខ្ជាប់​ខ្ជួន​ដូច​មាន​ចែង​ក្នុង​ គោល​ការណ៍​ប្រតិ​បត្ដិ​ស្ដង់ដា​  Standard Operating Procedures (SOP) របស់​ក្រ​សួង​អប់រំ​ ចុះ​កាល​ថ្ងៃទី ៤ ខែ​សីហា​ ឆ្នាំ​នេះ​»​។

លោក ​សុវាចា​ បញ្ជាក់​ថា ក្រសួង​អប់រំ​អនុ​វត្ត​តាម​ការណែនាំ​របស់​លោក​នាយក​រដ្ឋ​មន្រ្ដី​ [ហ៊ុន សែន]​ ដូច​មាន​ក្នុង​សារ​នេះ ​(សារ​​របស់​លោក​នាយក​រដ្ឋ​ ហ៊ុន សែន ​ថ្លែង​កាល​ពីយប់​ថ្ងៃទី ​២៨​ ខែវិច្ឆិកា ​បន្ទាប់​ពី​ក្រសួង​សុខា​ភិបាល​បាន​ប្រកាស​រក​ឃើញ​ករណី​វិជ្ជ​មាន​កូវីដ​ ១៩​ លើ​ស្រ្តី​ជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​ជាភ​រិយា​អគ្គ​នាយក​ពន្ធ​នាគារ​)​។

លោក​ថ្លែង​ថា​៖ «គ្រឹះ​ស្ថាន​សិក្សា​ជា​អ្នក​រៀប​ចំគ្រប់​ដំណាក់​កាល​នៃការ​ប្រឡង​ឌីប្លូម​ដូច​ឆ្នាំ​មុន​ដែរ ​ក្រោម​កិច្ច​សហ​ការ​ជា​មួយ​ក្រ​សួង​អប់រំ ​និង​កីឡា​និង​មន្ទី​រអប់រំ ​ទាំង​ ២៥ ​ខេត្ត-រាជ​ធានី ​តាម​ការ​ចាំបាច់​»។

លោក​នាយក​រដ្ឋ​មន្រ្ដី​ ហ៊ុន ​សែន​ បាន​ថ្លែង​តាម​រយៈ​សារជា​សំឡេង​បន្ទាប់​ពី​ក្រសួង​សុខា​ភិបាល​បាន​ប្រកាស​រក​ឃើញ​ករណី​វិជ្ជ​មាន​កូវីដ ​១៩ ​លើ​ស្រ្តីជន​ជាតិ​ខ្មែរ​ ដែល​ជាភ​រិយា​អគ្គ​នាយក​ពន្ធនា​គារ​ លោក ឆែម សាវុធ កាល​ពី​យប់​ថ្ងៃទី​ ២៨ ​ខែ​វិច្ឆិកា ​ដោយ​ឱ្យ​ពលរដ្ឋ​កុំ​​ប្រ​មូល​ផ្ដុំ​គ្នា និង​អនុវត្ដ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិ​បាល​ ក៏ប៉ុន្ដែ​មិនបាន​​ឱ្យ​​បិទ​​សាលា​រៀន​​ឡើយ។

លោក​ថ្លែង​ថា​៖ «ខ្ញុំ​មិន​មាន​ការ​អំពាវនាវ​ដើម្បី​បិទ​សាលា​រៀន​នៅទី​ក្រុង​ភ្នំពេញ នៅ​ខេត្ដ​សៀមរាប ឬខេត្ដ​ដែល​មាន​ការ​ពាក់​ព័ន្ធ​​(កូវីដ​ ១៩ )ទេ​។ អ្វីដែល​ជា​ការ​ចាំ​បាច់​នៅពេលនេះ គឺ​តម្រូវ​ការ​នូវ​ការ​ពាក់​ម៉ាស់ ការ​លាង​ដៃ ការ​រក្សា​គម្លាត​សុវត្ថិភាព​តែ​ប៉ុណ្ណោះ​។ យើង​ត្រូវ​ទុក​ឱ្យ​ដំណើរ​ការ​ប្រព្រឹត្ដ​ទៅ​ធ​ម្មតា​តាម​កន្លង​ថ្មី ដែល​រាប់ទាំង​សាលា​រៀន​ផងដែរ»​។

រដ្ឋ​លេខាធិ​ការ និង​អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិ​បាល​លោក​ស្រី ឱ វណ្ណឌីន​ ថ្លែង​ប្រាប់​អ្នក​សារព័ត៌​មាន​​ពីម្សិល​មិញ​ដែរថា​ ក្រសួង​សុខា​ភិបាល​បាន​រៀប​ចំ​ទីតាំង​សម្រាប់​ធ្វើ​តេស្តដល់សិស្សា​នុសិស្ស ​និង​លោក​គ្រូ​អ្នក​គ្រូ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ស្ត្រី​ភរិ​យា​អគ្គ​នា​យក​ពន្ធ​នាគារ​ដែល​រក​ឃើញ​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ​នៅ​ក្នុង​បរិវេណ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​។ លោក​ស្រី​បាន​អំពាវ​នាវ​សិស្សានុ​សិស្ស​ និង​លោក​គ្រូ​អ្នក​គ្រូ​ដែល​ពាក់​ព័ន្ធ​ករណី​ខាង​លើ​ទៅ​ធ្វើតេស្ត​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ផង​ដែរ​។

ដោយ​សារ​បញ្ហា​កូវីដ​ ១៩ នេះ ក្រសួង​អប់រំ យុ​វជន និងកីឡា បាន​អនុញ្ញាត​គ្រឹះស្ថា​ន​សិក្សាឯ​កជ​នរៀប​ចំកា​រប្រឡង​ឌីប្លូ​ម សម័យ​ប្រឡង​ ៣ សីហា ​២០២០ ដែល​ពេល​នោះ​មាន​សាលា​ឯក​ជន​នៅ​តាម ​១៣ ខេ​ត្ត-រាជ​ធានី​ បាន​រៀបចំ​ការ​ប្រឡង​នេះ​ដោយ​មាន​បេក្ខ​ជន​ចុះ​ឈ្មោះប្រ​ឡង​ ៨​ ១០៣ ​នាក់ (នារី ៤ ០៣៦ នាក់) ក្នុង​នោះបាន​មកប្រ​ឡង ​៨ ០​១៦​ នាក់ (នារី​ ៣ ​៩៩៩ នាក់)។ ភាគ​រយ​បេក្ខ​ជន​ប្រឡ​ង​ជា​ប់ស​រុប ៩៨,៨១% (នា​រី ៩៩,៤០%)៕