ភ្នំពេញៈ ក្រសួងបរិស្ថាន និង​អង្គការ​ WWF ​កម្ពុជា​សម្រេច​ផ្អាក​ការជួបជុំ​ប្រារព្ធ​ទិវា​ ១ ​ម៉ោង​ សម្រាប់​ភពផែនដី​តាម​ទីសាធារណៈ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​ ២៨ ខែមីនា ខាងមុខនេះ ប៉ុន្តែ​​បាន​បង្វែរ​មក​ប្រារព្ធ​ទិវា​នេះ​តាមរយៈ​អនឡាញ​គេហទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង និង​អង្គការ​ព្រម​ទាំង​ដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិញ ដើម្បី​បញ្ចៀស​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិកា និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ការ​ប្រារព្ធ​ទិវា​ ១ ​ម៉ោង​សម្រាប់​ភពផែនដី​ក្នុងឆ្នាំនេះ គឺ​មិនមាន​ការរៀបចំ​ធ្វើ​នៅតាម​ទីសាធារណៈ​ដូច​ឆ្នាំមុនៗ​ទេ​ប៉ុន្តែ​ត្រូវ​បង្វែរ​ទៅ​ប្រារព្ធ​​ពិធី​តាមរយៈ​អនឡាញ​វិញ​។

លោក​ថ្លែងថា​៖ «​យើង​ធ្វើ​តាមរយៈ​អនឡាញ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម ដោយសារ​តែ​បញ្ហា​នៃ​ការរាតត្បាត​ជំងឺឆ្លង​កូវីដ​១៩ គឺ​យើង​មិនអាច​រៀបចំ​ការជួបជុំ​ណាមួយ​បានទេ​។ ដូច្នេះ​ការធ្វើ​យុទ្ធនាការ​ ១ ​ម៉ោង​សម្រាប់​ភពផែនដី​គឺ​ត្រូវ​ធ្វើ​ដដែល ប៉ុន្ដែ​ធ្វើតាម​អនឡាញ​ដោយ​មិនមាន​ការជួបជុំ​ដើម្បី​មាន​សុវត្ថិភាព​ចំពោះ​ការ​ប្រារព្ធ​ទិវា​នេះ​»​។

យ៉ាងណាក្ដី​លោក ភក្ត្រា បាន​បញ្ជាក់ថា​ទិវា​មួយ​នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះ​ជា​ការ​បណ្ដុះ​ស្មារតី​ឱ្យ​ពលរដ្ឋ​ស្រឡាញ់​ភពផែនដី​តាមរយៈ​​ការដាំ​ដើមឈើ ការបញ្ឈប់​ការបំផ្លាញ​ធនធាន​ធម្មជាតិ ការសន្សំសំចៃ ការប្រើប្រាស់​ថាមពល​អគ្គិសនី ការប្រើប្រាស់​សម្ភារ​ដែល​អាច​សន្សំសំចៃ​ថាមពល​អគ្គិសនី និង​ការបញ្ឈប់​ការប្រើប្រាស់​ប្លាស្ទិក​ជាដើម​។

លោក​បាន​បន្តថា ទោះបី​ការប្រារព្ធ​ទិវា​ ១ ​ម៉ោង​ សម្រាប់​ភពផែនដី​ឆ្នាំនេះ​មិនបាន​ធ្វើឡើង​ដូច​រាល់​ឆ្នាំ​ក្ដី ក៏ប៉ុន្ដែ​ក្រសួង​បរិស្ថាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​ចូលរួម​អនុវត្ដ​ប្រារព្ធ​ទិវា​នេះ​នៅតាម​គេហដ្ឋាន​រៀងខ្លួន​តាមរយៈ​ការបិទ​ចរន្តអគ្គិសនី​រយៈពេល​ ១ ​ម៉ោង​ ចាប់ពី​ម៉ោង​ ៨ កន្លះ​ដល់​ម៉ោង​ ៩ ​កន្លះ​យប់​ដើម្បី​ចូលក្នុង​ទិវា​នេះ​។

លោក ភក្ត្រា បាន​បន្ថែមថា​៖ «​ទិវា​នេះ​គឺជា​ការចូលរួម​បណ្ដុះ​ស្មារតី​របស់​ប្រជាពលរដ្ឋ​ឱ្យ​ស្រឡាញ់​ភពផែនដី ចូលរួម​ការពារ​ភពផែនដី កុំ​បំពុល​បរិស្ថាន​តាមរយៈ​សំណល់​ប្លាស្ទិក និង​ចូលរួម​កាត់បន្ថយ​ការបំពុល​បរិស្ថាន​អាកាសធាតុ​។ ដូច្នេះ​ការងារ​ទាំងនេះ​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​នឹង​បន្តធ្វើ​យុទ្ធនាការ​នេះ​តាមរយៈ​​អនឡាញ និង​តាម​បណ្ដាញ​​សង្គម​ផ្សេងៗ​ទៀត​»​។

លោក ទេព អស្នារិទ្ធ ប្រធាន​កិច្ចការ​សាធារណៈ​នៃ​អង្គការ WWF ​កម្ពុជា​បាន​ឱ្យដឹង​កាលពី​ម្សិលមិញ​ដែរ​ថា ទិវា​ ១ ​ម៉ោង​ សម្រាប់​ភពផែនដី​ជា​ព្រឹត្តិការណ៍ សង្គម​បរិស្ថាន​មួយ​ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើជា​រៀងរាល់​ឆ្នាំ​ដោយ​មាន​មនុស្ស​រាប់លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ចូលរួម​ក្នុងនោះ​ក៏មាន​ពលរដ្ឋ​កម្ពុជា​នៅ​គ្រប់​ស្រទាប់​ក្នុងសង្គម​ផងដែរ​។

លោក​បន្តថា​៖ «​ទិវា​នេះ​វា​​គឺជា​ឱកាស​មួយ​ដែល​សាមញ្ញជន​ទាំងអស់​ប្រារព្ធ និង​អបអរ​នូវ​ក្តីស្រឡាញ់​របស់​ពួកគេ​ចំពោះ​បរិស្ថាន និង​ធម្មជាតិ​ព្រមទាំង​ប្រារព្ធ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការធ្វើសកម្មភាព​ដែលនាំឱ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​។ ទិវា​ ១ ​ម៉ោង​សម្រាប់​ភពផែនដី បង្រួបបង្រួម​មនុស្ស​ទាំងអស់ ដើម្បី​ការពារ​ភពផែនដី​របស់​យើង​»​។

លោក ទេព អស្នារិទ្ធ បានឱ្យ​ដឹងថា ដោយសារ​តែ​ការ​ប្រារព្ធ​ទិវា​ឆ្នាំនេះ​ធ្វើ​តាមរយៈ​អនឡាញ ដូច្នេះ​អង្គការ​ WWF ​កម្ពុជា​បាន​​ជ្រើសរើស​យក​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន​ជា​គោល​ក្នុង​ការផ្សព្វផ្សាយ​សកម្មភាព​នានា​នៃ​យុទ្ធនាការ​នេះ និង​មាន​ការចូលរួម​ផ្សព្វផ្សាយ ចែករំលែក​ដោយ​ក្រសួងបរិស្ថាន និង​​ដៃគូ​សហការ​មួយចំនួន​ទៀត​​ផងដែរ​។

លោក សេង ទៀក នាយក​អង្គការ WWF ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​តាមរយៈ​វីដេអូ​ឃ្លីប​មួយ​មាន​រយៈពេល​ជិត​ ៤ ​នាទី​ថា ទិវា​ ១ ​ម៉ោង ​សម្រាប់​ភពផែនដី​គឺជា​ចលនា​បរិស្ថាន​សកល​ដ៏ធំ​មួយ​ដែល​រៀបចំ​ដំបូង​កាលពី​ឆ្នាំ​ ២០០៧ ​នៅ​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ដ្រាលី​។ បន្ទាប់មក​មាន​ប្រទេស​ចំនួន​ ១៨០ ​នៅក្នុង​ពិភពលោក​បានរៀបចំ​ប្រារព្ធ​ទិវា​នេះ​ជា​រៀងរាល់ឆ្នាំ​នៅតាម​បណ្ដា​ទីក្រុង​ចំនួន​ជាង ៧ ០០០​។

លោក​បាន​បញ្ជាក់ថា​៖ «​ទិវា​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ទឹកចិត្ដ​ប្រជាពលរដ្ឋ​ទូទៅ និស្សិត យុវជន សហគ្រាស​ឯកជន អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល និង​ស្ថាប័នរដ្ឋ​នានា​ដើម្បី​ធ្វើ​សកម្មភាព​អ្វីមួយ​ជា​វិជ្ជមាន​សម្រាប់​ភពផែនដី​»៕