
ក្បួនដង្ហែក្នុងពិធីបុណ្យមាឃបូជាកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ ការប្រារព្ធពិធីបុណ្យមាឃបូជាដែលត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៨ ខែមករានេះ នឹងមានការរឹតបន្តឹងពីចំនួនអ្នកចូលរួម ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ ដោយត្រូវកំណត់ចំនួនព្រះសង្ឃដែលនិមន្តចូលរួមត្រឹមតែ ៨០ អង្គប៉ុណ្ណោះ។
លោក យឹម លាង អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសប្រារព្ធពិធីបុណ្យមាឃបូជា នាព្រឹកថ្ងៃទី ២៦ ខែមករា នៅនាយកដ្ឋានអង្គរក្យថា ការប្រារព្ធពិធីបុណ្យមាឃបូជា ដែលប្រព្រឹត្តទៅនាថ្ងៃទី ២៨ ខែមករា នឹងធ្វើឡើងដោយមានការរឹតបន្តឹងបំផុត ដោយត្រូវកំណត់ចំនួនព្រះសង្ឃ ហើយអ្នកដែលចូលរួមក៏ត្រូវកម្រិតផងដែរ។
លោក លាង ឱ្យដឹងថា៖ «ការប្រារព្ធពិធីបុណ្យមាឃបូជានៅក្នុងបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧដុង្គ) នៅស្រុកពញាឮ ខេត្តកណ្តាលឆ្នាំនេះគឺមិនដូចឆ្នាំកន្លងទៅនោះឡើយ ដោយសារបញ្ហាជំងឺកូវីដ ១៩។ ប៉ុន្តែសម្រាប់កងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់គឺនៅមានការយាមយ៉ាងតឹងរ៉ឹងដដែលបើទោះបីជាអ្នកចូលរួមតម្រូវឱ្យមានកម្រិតក៏ដោយ»។
កងកម្លាំងចម្រុះដែលនឹងត្រូវដាក់ពង្រាយការពារសន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវជាតិ និងអន្តរជាតិរួមនឹងពុទ្ធបរិស័ទក្នុងឱកាសបុណ្យនេះ គឺចាប់ពីរាជធានីភ្នំពេញរហូតទៅដល់បណ្តាខេត្តជាប់នឹងព្រំប្រទល់ខេត្តដែលរៀបចំពិធីនេះ។
លោកបន្តថា៖ «បើទោះបីជាពិធីបុណ្យមាឃបូជានៅឆ្នាំនេះ មានការរឹតបន្តឹងទៅលើចំនួននៃអ្នកចូលរួមយ៉ាងណាក្តីខ្ញុំសុំឱ្យគ្រប់អង្គភាពដែលជាអ្នកយាមការពារទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតចំពោះឥស្សរជន ថ្នាក់ដឹកនាំ និងអង្គទូតនានាដែលនឹងត្រូវចូលរួមក្នុងកម្មវិធីនេះ»។
ជាមួយគ្នានេះដែរ អគ្គស្នងការរងរូបនេះ ក៏បានបញ្ជាដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ក៏ត្រូវធ្វើការតាមដានឱ្យបានហ្មត់ចត់បំផុតចំពោះពួកភេរវករ ពួកឧទ្ទាមក្រៅច្បាប់រួមទាំងក្រុមចោរលួច ឆក់ និងប្លន់ដែលពួកគាត់នៅតែចិញ្ចឹមចិត្តក្នុងការរំខានក្នុងពិធីបុណ្យនេះ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាលោក ឈិត សុខុន ក៏បានធ្វើការណែនាំទៅគ្រប់មន្ទីរធម្មការ និងសាសនារាជធានី-ខេត្តទាំងអស់ទូទាំងប្រទេសដោយត្រូវចាត់វត្តអារាមរៀបចំពិធីបុណ្យមាឃបូជាស្របតាមទំនៀមទម្លាប់ និងប្រពៃណីជាតិ។
លោកបានថ្លែងថា៖ «ត្រូវជ្រើសតាំងវត្តអារាមណាមួយប្រារព្ធពិធីបុណ្យមាឃបូជា ជាផ្លូវការដោយត្រូវអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខាភិបាល និងតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រី»។
លោក ឈិត សុខុន បញ្ជាក់ថាក្រសួងសង្ឃឹម និងជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្តសហការជាមួយព្រះមេគណ ព្រះអនុគណគ្រប់ស្រុក-ខណ្ឌ-ក្រុងព្រះចៅអធិការគ្រប់វត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ។
បើតាមឯកសារ បុណ្យមាឃបូជាគឺជាពិធីបុណ្យមួយ ដែលពុទ្ធសាសនិកជន អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់ប្រទេស តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅរៀងរាល់ថ្ងៃ ១៥ កើត ខែមាឃ ដើម្បីរំឭកទៅដល់ព្រឹត្តិការណ៍ដ៏សំខាន់ចំនួន ២ ដែលបានកើតឡើង នៅក្នុងពេលដែលព្រះពុទ្ធជាម្ចាស់ ទ្រង់នៅមានព្រះជន្មនៅឡើយ។
ព្រឹត្តិការណ៍សំខាន់ទី ១ គឺពេលដែលព្រះអង្គទ្រង់ប្រជុំព្រះភិក្ខុសង្ឃចំនួន ១ ២៥០ អង្គជាការប្រជុំលើកដំបូង ដើម្បីប្រកាសនូវគោលការណ៍មូលដ្ឋាននៃសាសនាដែលហៅថា ឱវាទបាតិមោក្ខ និងព្រឹត្តិការណ៍ទី ២ គឺដើម្បីរំឭកដល់ព្រឹត្តិការណ៍ដែលព្រះពុទ្ធអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារនៅចំពោះមុខមារ៕