បញ្ហា​កង្វះ​ទឹកស្អាត​នៅ​ខេត្តកំពត​បាន​ឈានដល់​ទីបញ្ចប់ បន្ទាប់ពី​ជប៉ុន​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ដើម្បី​ផ្គត់ផ្គង់​ទឹកស្អាត មាន​សុវត្ថិភាព និង​មាន​ស្ថិរភាព​សម្រាប់​ប្រជាជន​ក្នុង​តំបន់​។

រដ្ឋាភិបាល​ជប៉ុន​បាន​អនុវត្ត​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ក្នុង​ខេត្តកំពត ចាប់តាំងពី​ខែកក្កដា​ឆ្នាំ​ ២០១៥ រហូតដល់​ខែសីហា ឆ្នាំ​ ២០១៨ ដែលជា​ផ្នែក​មួយ​នៃ​ជំនួយ​ឥតសំណង​សម្រាប់​ប្រទេស​កម្ពុជា​។

ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​រួមទាំង​បណ្តាញ​ចែកចាយ​ទឹក​នៅ​ក្រុង​កំពត​នៃ​ខេត្តកំពត​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៥០ ប៉ុន្តែ​រោងចក្រ​ទឹកស្អាត​នោះ​ត្រូវបាន​បំផ្លាញ​ដោយសារ​សង្គ្រាមស៊ីវិល​។

ដោយមាន​ការគាំទ្រ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) រោងចក្រ​ទឹកស្អាត​ដែល​មាន​ស្រាប់ ត្រូវបាន​ជួសជុល​ និង​សាងសង់​ឡើងវិញ​ទាំងស្រុង​នៅក្នុង​ខេត្តកំពត​។

ប៉ុន្តែ​ទោះបី​មាន​ការខិតខំ​ទាំងនេះ ក៏​នៅ​តែ​ជួប​ប្រទះ​បញ្ហា​នានា​ក្នុង​ការផ្តល់​សេវាកម្ម​ផ្គត់ផ្គង់​ទឹក​ដែលមាន​ដូចជា សមត្ថភាព​ផ្គត់ផ្គង់​ទឹក​របស់​រោងចក្រ​មិន​គ្រប់គ្រាន់ ការខ្វះខាត​នូវ​បណ្តាញ​ចែកចាយ​ទឹក និង​បំពង់​ចែកចាយ​ទឹក​មួយចំនួន​ហួស​អាយុកាល​ប្រើប្រាស់​។

ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​របស់​ខេត្តកំពត​ត្រូវបាន​សាសង់​ឡើង​ដោយ​ជំនួយ​របស់ ADB អាច​ផ្គត់ផ្គង់​ទឹក​ត្រឹមតែ ៦ ០០០ ​ម៉ែត្រគុប​ប៉ុណ្ណោះ​នៅក្នុង​ ១ ​ថ្ងៃ ប៉ុន្តែ​សមត្ថភាព​ផ្គត់ផ្គង់​ទឹក​ក្នុង​ខេត្ត​កំពត​បាន​កើនឡើង​ដល់ ១៣ ៥០០ ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ បន្ទាប់ពី​ការការសាងសង់​រោងចក្រ​ទឹកស្អាត​អូរតូច ដោយ​ជំនួយឥតសំណង​របស់​ជប៉ុន​នៅ​ឆ្នាំ​ ២០១៨​។

តាមរយៈ​រោងចក្រ​ទឹកស្អាត​ថ្មី​នេះ​សមត្ថភាព​ផ្គត់ផ្គង់​ទឹកបាន​កើនឡើង​ក្នុង​បរិមាណ​ចំនួន ៧ ៥០០ ​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​។

លោក ទី គាន ប្រធាន​រដ្ឋាករទឹក​ស្អាត​ខេត្តកំពត​មាន​ប្រសាសន៍​ថា​៖ «​ក្នុង​ឆ្នាំ​ ២០២០ យើង​បាន​ផ្គត់ផ្គង់​ទឹក​ដល់ ៣៤ ភូមិ​ក្នុង ១១ ឃុំ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​ ២០២១ យើង​បាន​ពង្រីក​តំបន់​សេវា​នេះ​ដល់ ៤១ ភូមិ​ក្នុង ១២ ឃុំ ហើយ​ជាមួយគ្នានេះ យើង​ក៏​រំពឹង​ដែរ​ថា​នឹង​អាច​ផ្គត់ផ្គង់​ទឹក​ ១៨ ៥០០ ​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​ដោយ​ការបង្កើន​បន្ថែម​លើ​សមត្ថភាព​ផ្គត់ផ្គង់​ដែលមាន​ក្នុងពេល​បច្ចុប្បន្ន​ឱ្យបាន​កើនឡើង​ដល់ ៥ ០០០ ​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​ថែមទៀត​នា​ថ្ងៃ​ខាងមុខ​»​។

លោក ទី គាន ប្រធាន​រដ្ឋាករ​ទឹកស្អាត​ខេត្តកំពត​។

លោក​បន្ថែមថា​៖ «​គិត​ត្រឹម​ខែមករា ឆ្នាំ​ ២០២១ អត្រា​ផ្គត់ផ្គង់​គឺ ៧៦,១៤% យើង​នឹង​ខិតខំ​សម្រេច​ឱ្យបាន​ ១០០% នាពេល​អនាគត​។ ខេត្តកំពត​សម្បូរ​ទៅដោយ​ធម្មជាតិ និង​មាន​ប្រភពទឹក​ច្រើន​មែន ប៉ុន្តែ​ទឹក​ក្រោម​ដី​មិនអាច​ប្រើប្រាស់​ជា​ទឹកស្អាត​បានទេ​ដោយសារ​ឥទ្ធិពល​នៃ​ទឹកសមុទ្រ​»​។

លើសពីនេះ​ទៀត ដោយសារ​តែ​ទីក្រុង​នេះ​មាន​ទីតាំង​នៅជាប់​សមុទ្រ ដូច្នេះ​ដី​មួយចំនួន​មិន​សមស្រប​ក្នុង​ការផលិត​ទឹក​សម្រាប់​ផឹក ទើប​ប្រជាជន​ជាច្រើន​មិនអាច​ប្រើប្រាស់​អណ្តូង​ទឹកបាន​។

«​ដូច្នេះ​មាន​គ្រួសារ​ជាច្រើន​ធ្លាប់​យក​ទឹក​ពី​ទឹកភ្លៀង ទឹកទន្លេ និង​ទឹកស្រះ​។ ហើយ​ក៏មាន​ហេតុផល​ដែល​ថា រដ្ឋាករទឹក​ក៏​គ្មាន​លទ្ធភាព​បូមទឹក​ដោយសារ​ខ្វះ​បរិក្ខារ​ដែល​មកពី​កង្វះ​ថវិកា​ដែរ​។ ខ្ញុំ​ពិតជា​អរគុណ​ដែល​បរិមាណ​នៃ​ការផ្គត់ផ្គង់​ទឹកបាន​កើនឡើង​ទ្វេដង​ជាមួយ​នឹង​ជំនួយ​ឥតសំណង​របស់​ជប៉ុន​»​។

រោងចក្រ​ទឹកស្អាត​អូរតូច​បាន​នាំមក​នូវ​ការផ្លាស់ប្តូរ​យ៉ាងច្រើន​សម្រាប់​ប្រជាជន​ក្នុង​ខេត្ត ដែល​ធ្លាប់តែ​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​។ ពេលនេះ​អ្នកភូមិ​រីករាយ​ណាស់​នៅពេល​ពួកគេ​ទទួលបាន​ការផ្គត់ផ្គង់​ទឹកស្អាត​មាន​ស្ថិរភាព​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​។ អ្នកស្រី ម៉េង ចន្ធូ អ្នកលក់​បង្អែម​ក្នុងភូមិ​ស្នំប្រាំពីរ​បាន​ថ្លែងថា​៖ «​ខ្ញុំ​ធ្លាប់​ទិញ​ទឹក​ពី​អ្នកលក់ ប៉ុន្តែ​មាន​បញ្ហា អនាម័យ​ដូចជា ទឹក​មាន​ស្លឹកឈើ និង​សំរាម​លាយ​។ ហើយ​វា​កាន់តែ​ពិបាក​ក្នុងការ​ទទួល​ទឹក​នៅ​រដូវប្រាំង​ដោយសារ​តែ​កង្វះខាត​ទឹក​»​។

«​នៅ​ឆ្នាំ​ ២០១៨ ខ្ញុំ​សុំ​គេ​ដាក់​ប្រព័ន្ធ​ទឹកស្អាត​នៅ​បរិវេណ​ផ្ទះ ហើយ​ខ្ញុំ​ក៏​សុខចិត្ត​ចំណាយ​ផ្ទាល់ខ្លួន​សម្រាប់​ដាក់​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​នៅផ្ទះ​បាយ​ និង​បន្ទប់ទឹក​ពី​បណ្តាញ​របស់​រដ្ឋ​។ ធៀប​នឹង​ពេលមុន​ខ្ញុំ​អាច​ទទួល​បាន​ទឹកស្អាត​ជាប្រចាំ ហើយ​ជីវិត​ខ្ញុំ​ប្រសើរ​ជាង​មុន​»​។

«​បច្ចុប្បន្ននេះ ខ្ញុំ​កំពុង​ប្រើ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ដើម្បី​ដាំ​ផ្លែឈើ​ដូចជា ចេក និង​ផ្លែ​ស្រកានាគ ជាដើម​។ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការផ្គត់ផ្គង់​ទឹកស្អាត​នេះ​»​។

ប្តី​ប្រពន្ធ​ដែលជា​ប្រជានេសាទ លោក សើ ឡេះ និង​អ្នកស្រី ហ្វា មុំ ជា​គ្រួសារ​ក្រីក្រ​រស់នៅ​ក្នុង​ភូមិ ទ្វី​ខាងជើង​អ្នក​ទាំង​ ២ ​បាន​ឱ្យ​ដឹងថា​៖ «​ការផ្គត់ផ្គង់​ទឹកស្អាត​នេះ​បាន​ធ្វើឱ្យ​ប្រសើរ​ឡើង​ផ្នែកអនាម័យ​»​។

«​កាលពីមុន​យើង​ត្រូវ​ទៅ​កន្លែង​ឆ្ងាយ​ដើម្បី​ទិញ​ទឹក​ដោយ​រ៉ឺម៉ក ហើយ​មាន​ថ្ងៃ​ខ្លះ​យើង​មិនអាច​ទិញ​បាន​ទៀត​ដោយសារ​ខ្វះ​ថវិកា​។ កូនប្រសា​របស់ខ្ញុំ​ដែល​ធ្វើការ​ផ្នែក​សំណង់​ជារឿយៗ​មិនអាច​លាង​សម្អាត​ស្នាម​ប្រឡាក់​ស៊ីម៉ងត៍​នៅលើ​ខ្លួន​គាត់​បាន​ភ្លាមៗ​ទេ ហើយ​វា​បានធ្វើឱ្យ​គាត់​ងាយ​នឹង​កើត​ជំងឺ​រមាស់​នៅលើ​ស្បែក​»​។

រោងចក្រ​ទឹកស្អាត​អូរតូច​អាច​ផ្គត់ផ្គង់​ទឹក​កើន​ដល់ ៧ ៥០០ ​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​។

ពួកគាត់​ថ្លែង​ទាំង​ស្នាមញញឹម​ថា​៖ «​ពិតជា​រីករាយ​ណាស់​! បន្ទាប់ពី​ការផ្គត់ផ្គង់​ទឹកស្អាត​ត្រូវបាន​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០១៨ គាត់​អាច​លាងខ្លួន​ជាមួយ​ទឹកបាន​ភ្លាមៗ ហើយ​រោគសញ្ញា​នៃ​ជំងឺ​ស្បែក​ក៏បាន​បាត់ទៅ​វិញ​ដែរ​។ ឥឡូវនេះ​មានតែ​រឿង​ល្អ​ទេ​ដែល​មានទឹក​អនាម័យ​ប្រើប្រាស់​គ្រប់ពេល​»​។

អ្នកនាង សុវណ្ណា គុន្ធិកា មេក្រុម​គិលានុបដ្ឋាយិកា​នៅ​មណ្ឌល​សុខភាព​កំពង់ក្រែង​ក៏​បាន​លើកឡើង​ស្រដៀង​គ្នា​នេះដែរ​។ អ្នកនាង​បាន​ថ្លែងថា​៖ «​មណ្ឌល​សុខភាព​របស់ខ្ញុំ​ត្រូវបាន​ផ្គត់ផ្គង់​ទឹកស្អាត​តាំងពី​ឆ្នាំ​ ២០១៤ ដូច្នេះ​មិនមាន​បញ្ហា​ខ្វះខាត​ទឹក​នោះទេ ប៉ុន្តែ​អ្នកជំងឺ​មួយចំនួន​នៅក្នុង​ភូមិ​ដែលមាន​ចម្ងាយ​ប្រហែល ១៣ គីឡូម៉ែត្រ មិន​ត្រូវបាន​ផ្គត់ផ្គង់​ទឹកស្អាត​រហូតដល់​ឆ្នាំ​ ២០១៨»​។

«​ដោយសារ​បញ្ហា​អនាម័យ មនុស្ស​ជាច្រើន​បាន​ទទួលរង​ជំងឺឆ្លង​ពី​មូស​ដែល​មាន​ដូចជា ជំងឺគ្រុនឈាម និង​គ្រុនចាញ់​។ នាង​ខ្ញុំ​គិតថា ចំនួន​អ្នកជំងឺ​ដែលមាន​ជំងឺឆ្លង​បាន​ថយចុះ​ចាប់​តាំងពី​ឆ្នាំ​ ២០១៨»​។

អ្នកនាង​បន្តថា​៖ «​ទឹក​ដែល​ពួកគេ​បាន​ទិញ​ពីមុន មិនមាន​ស្ថិរភាព​ទេ ពីព្រោះ​ក្លិន​របស់​ថ្នាំ​សម្លាប់​មេរោគ គឺ​ខ្លាំង ហើយ​ជួនកាល​ទឹក​មាន​ពណ៌​ស ប៉ុន្តែ​បន្ទាប់ពី​ការផ្គត់ផ្គង់​ទឹកស្អាត​បាន​មក​ដល់ វា​ធ្វើឱ្យ​ជីវិត​របស់​ពួកគេ​កាន់តែ​ងាយស្រួល ហើយ​ពួកគេ​ពិតជា​រីករាយ​ណាស់​ដោយ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ជាង​មុន​ឆ្ងាយ​»​។

ការទទួល​បាន​ទឹកស្អាត​ប្រើប្រាស់​គឺមាន​សារៈសំខាន់​ណាស់ ជាពិសេស​សម្រាប់​អ្នកភូមិ​ដែល​ប្រឈម​នឹង​ហានិភ័យ​ផ្នែក​បរិស្ថាន ក៏ដូចជា​ភាពរាំងស្ងួត និង​គ្រោះទឹកជំនន់​ដ៏អូសបន្លាយ​។

ការពង្រីក​ និង​កែលម្អ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ក្រុង​កំពត​ដែល​ត្រូវបាន​អនុវត្ត​ដោយ​ជំនួយ​ឥតសំណង​របស់​ប្រទេស​ជប៉ុន​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​មាន​ទឹកស្អាត​ប្រើប្រាស់​មាន​សុវត្ថិភាព និង​មាន​ស្ថិរភាព​ព្រមទាំង​ធ្វើឱ្យ​ការរស់នៅ​របស់​ពួកគេ​កាន់តែ​មាន​ភាពល្អប្រសើរ​៕