ភ្នំពេញៈ ការសិក្សាថ្មីមួយបានធ្វើទឡ្ហីករណ៍ថាការប្រើប្រាស់វិធីសាស្ត្រផ្សេងៗសម្រាប់ការគាំពារសង្គមតាមរយៈការផ្តល់ឲ្យនូវឧបករណ៍កសិកម្ម ឬបសុសត្វ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការផ្តល់ប្រាក់ទៅពលរដ្ឋក្រីក្រខ្លាំងនៅតាមជនបទ មិនត្រឹមតែអាចកាត់បន្ថយភាពក្រីក្រនោះទេ ប៉ុន្តែថែមទាំងជំរុញសេដ្ឋកិច្ចផងដែរ។
កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិកាលពីចុងសប្តាហ៍មុនបានចេញរបាយការណ៍ដែលប្រើប្រាស់រូបមន្តពិសេសមួយដែលបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវដើម្បីជំរុញផលនៃការផ្តល់ «កញ្ចប់ការពារសង្គម» ទៅប្រជាពលរដ្ឋកម្ពុជាប្រមាណមួយលាននាក់ដែលក្រីក្រខ្លាំង។
លោកស្រី Stephanie Levy ដែលជាអ្នកស្រាវជ្រាវនៅសាលាសេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយទីក្រុងឡុងដ៍ និងជាអ្នកស្រាវជ្រាវម្នាក់ក្នុងចំណោមអ្នកស្រាវជ្រាវទាំងនោះថ្លែងថាលទ្ធផលរកឃើញនេះបង្ហាញថាសេវាទាំងនេះអាចធ្វើឲ្យអ្នកចូលរួមចាកចេញផុតពីភាពក្រីក្រអចិន្រៃ្តយ៍ និងលែងពឹងផ្អែកលើការគាំពារសង្គមទៀត។
លោកស្រីថ្លែងថា៖ «ភ័ស្តុតាងពីការស្រាវជ្រាវនេះបង្ហាញថាមានអត្ថប្រយោជន៍ពិសេសពីវិធីសាស្ត្រនេះដែលរួមបញ្ចូលផលប៉ះពាល់នៃភាពក្រីក្ររួមជាមួយនឹងផលប៉ះពាល់សេដ្ឋកិច្ចរយៈពេលវែង»។
លោក Richard Marshall អ្នកសេដ្ឋកិច្ចប្រចាំប្រទេសសម្រាប់ UNDP ប្រចាំកម្ពុជាថា៖ «កញ្ចប់ទាំងនេះមានគោលបំណងចំណាយសម្រាប់ពួកគេខ្លួនឯង»។
លោកស្រី Levy បន្ថែមថាទោះយ៉ាងណាក្តីអ្នកស្រាវជ្រាវមិនទាន់អាចប៉ាន់ប្រមាណថា តើវានឹងចំណាយរយៈពេលប៉ុន្មានសម្រាប់កម្មវិធីទាំងនេះដើម្បីចំណាយសម្រាប់ពួកគេខ្លួនឯង ខណៈពួកគេត្រូវបានឃើញថាជាផលកើតចេញពីការវិនិយោគដែលត្រូវបានវាស់វែងដោយកំណើននៅក្នុង GDP និងផលិតភាពកសិកម្ម។
របាយការណ៍នៃការសិក្សានោះបញ្ជាក់ថាលទ្ធផលនៃការធ្វើពិសោធក៏បង្ហាញផងដែរ អំពីផលប៉ះពាល់ទាំងលើភាពក្រីក្រនឹងកំណើនសេដ្ឋកិច្ចនៅអំឡុងពេលនៃការអនុវត្ដកម្មវិធីនោះ។
ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថាមានភ័ស្តុតាងដែលគាំទ្រដល់កំណើននៃការទទួលស្គាល់លើប្រភេទវិធីសាស្ត្របែបនេះថាជាឧបករណ៍មួយដ៏មានប្រសិទ្ធភាពដើម្បីលុបបំបាត់ភាពក្រីក្រ ប៉ុន្តែពេលខ្លះយន្តការបញ្ចប់ភាពទីទាល់ក្រដែលផ្អែកលើកិច្ចគាំពារសង្គមតែមួយគឺមិនអាចសម្រេចបាននោះទេ។
លោកស្រី Maki Kato ប្រធានផ្នែកគោលនយោបាយសង្គមរបស់អង្គការ UNICEF ប្រចាំកម្ពុជាថ្លែងថា៖ «បទពិសោធនៃយន្តការបញ្ចប់ភាពទីទាល់ក្រ ដែលផ្អែកលើកិច្ចគាំពារសង្គមដែលត្រូវបានអនុវត្តនៅតាមបណ្តាប្រទេសដទៃទៀតក៏បានបង្ហាញផងដែរថា ប្រសិនបើកម្មវិធីនេះត្រូវបានរៀបចំបានត្រឹមត្រូវ...នោះយន្តការបញ្ចប់ភាពទីទាល់ក្រដែលផ្អែកលើកិច្ចគាំពារសង្គមនឹងផ្តល់ផលជាវិជ្ជមានទៅលើលទ្ធផលនៃការអភិវឌ្ឍមនុស្ស»។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាល (NGO Forum) ថ្លែងថាវិធីសាស្ត្របែបនេះអាចល្អ ប៉ុន្តែនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីឱ្យកសិករកាន់តែមានទីផ្សារច្រើនទៀត។
លោកស្រី Levy បានថ្លែងថាក្តីសង្ឃឹមគឺថាការសិក្សានេះអាចចាប់ផ្តើមការជជែកវែកញែកបានខណៈដែលកម្ពុជាបានដាក់ចេញនូវគោលនយោបាយគាំពារសង្គមថ្នាក់ជាតិរបស់ខ្លួន ដែលត្រូវបានអនុម័តកាលពីឆ្នាំមុន។
លោក Marshall បានថ្លែងថាជំហានបន្ទាប់គឺអភិវឌ្ឍគម្រោងសាកល្បងដើម្បីឆ្លើយសំណួរអំពីការអនុវត្តជាក់ស្តែង និងអ្នកដែលមានលក្ខណៈសមស្របក្នុងការអនុវត្តនូវកម្មវិធីនោះ៕ NS/PS