ស្ទឹងត្រែងៈ ចាប់តាំងពីដើមសប្តាហ៍មុនមកកាកបាទក្រហមកម្ពុជា បានដំឡើងតង់ចំនួន ៣ ទីតាំង ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង និង ១ ទីតាំងទៀត ស្ថិតនៅខាងក្រៅមន្ទីរពេទ្យខណៈមានការផ្ទុះឡើងនៃជំងឺ គ្រុនឈាម ដែលធ្វើឱ្យមន្ទីរពេទ្យខេត្តនេះខ្វះគ្រែឱ្យអ្នកជំងឺសម្រាកព្យាបាល។
លោក ម៉ែន គុង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បានឲ្យដឹងកាលពីថ្ងៃអង្គារថា ពលរដ្ឋដែលមានកូនធ្លាក់ខ្លួនឈឺ គឺពុំបានបញ្ជូនកូនទៅព្យាបាលនៅតាមមណ្ឌលសុខភាព ឬក៏តាមគ្លីនិកឯកជនឡើយ ប៉ុន្តែពួកគាត់បាននាំគ្នាសម្រុកយកកូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ទើបធ្វើឱ្យមន្ទីរពេទ្យខេត្ត ត្រូវខ្វះគ្រែសម្រាប់ទទួលអ្នកជំងឺ និងត្រូវដំឡើងតង់ធ្វើជាបន្ទប់សម្រាប់សង្គ្រោះជំនួសវិញ។
លោកបន្តថា ប្រសិនបើសភាពការណ៍ជំងឺគ្រុនឈាម នៅតែផ្ទុះឡើងយ៉ាងគំហុកបន្តទៀត អាជ្ញាធរ នឹងអាចដាក់ពង្រាយគ្រូពេទ្យជំនាញពីខេត្តទៅប្រចាំការបណ្ដោះអាសន្នតាមមណ្ឌលសុខភាព ឬសាងសង់តង់នៅមណ្ឌលសុខភាព និងការដាក់ពង្រាយគ្រូពេទ្យ ដើម្បីពិនិត្យសុខភាព និងព្យាបាលចល័តជាដើម។
លោកថា៖ «នៅមន្ទីរពេទ្យ នៅមានព្យាបាលជំងឺច្រើនប្រភេទទៀត ដូចជាការសង្គ្រោះបន្ទាន់ ដល់អ៊ីចឹងនៅពេលជំងឺគ្រុនឈាមកើនឡើងមក យើងមិនអាចទៅយកអ្នកជំងឺទាំងនោះចេញមកបានទេ អ៊ីចឹងយើងត្រូវតែរៀបចំកន្លែងផ្សេងដើម្បីទទួលព្យាបាលពួកគាត់»។
ជាមួយគ្នានេះ លោក ស៊ុយ សុភាព ប្រធានមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅតាមតង់នីមួយៗត្រូវបានគេតភ្លើង និងមានកង្ហារ ខណៈក្នុង ១ តង់ អាចដាក់កុមារដែលសម្រាកព្យាបាលដោយសារគ្រុនឈាមចាប់ពី ៧ ទៅ ៨ នាក់។
លោកបន្តថា គិតត្រឹមថ្ងៃទី ១ ខែ កក្កដា គឺមានអ្នកជំងឺសរុបដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរបង្អែកចំនួន ២៧៨ នាក់ ក្នុងនោះគឺមានអ្នកឈឺដោយសារជំងឺគ្រុនឈាមចំនួន ៦០ នាក់ ហើយអ្នកជំងឺជាកុមារគឺមានចំនួន ១៤០ នាក់ ខណៈដែលមន្ទីរពេទ្យមានគ្រែសម្រាប់ទទួលព្យាបាលកុមារតែចំនួន ២០ គ្រែ។
លោកថា៖ «ប៉ុន្តែយើងមិនអាចថាខ្វះទេ ព្រោះវាជាការផ្ទុះឡើងនៃជំងឺគ្រុនឈាម បើថាខ្វះគឺវាខ្វះប្រចាំថ្ងៃហ្មង ព្រោះអានេះវាដូចជាគ្រោះមហន្តរាយកើតឡើងអ៊ឹចឹងណាហើយប្រហែល ១០ ឆ្នាំមកនេះ យើងអត់ជួបប្រទះអ៊ីចឹងទេ»។
ភ្នំពេញប៉ុស្ដិ៍មិនអាចទាក់ទងលោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង និងលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលដើម្បីសុំអធិប្បាយបានទេ។
រយៈពេល ៦ ខែ ឆ្នាំ ២០១៩ នេះ ប្រទេសកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមកើនឡើង ២៤ នាក់ ខណៈអ្នកឈឺបានកើនដល់ ១ ម៉ឺន ៣ ពាន់នាក់ដែលតួលេខនេះបានកើនឡើង ៥ ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨៕